បន្ទាប់ពីការធ្វើបត្យាប័នពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញកាលពីថ្ងៃពុធ ជនជាតិអង់គ្លេសដែលជាជនរួមភេទជាមួយកុមារ ដេវីដ ផ្លិចឈ័រ អាយុ៦៧ឆ្នាំ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទចាប់រំលោភក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ កាលពីឆ្នាំ២០០៩។
លោក ហ៊ិន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា “ នៅព្រឹកមិញនេះ ជនជាតិអង់គ្លេសជាជនរួមភេទជាមួយកុមាររូបនេះ ត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែ១នៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញហើយ”។ លោក ហ៊ិន សុផល បានមានប្រសាសន៍ថា ផ្លិចឈ័រ បានឆ្លងដែនពីប្រទេសថៃចូលក្នុងប្រទេសកម្ពុជាតាមច្រកព្រំដែនប៉ោយប៉ែត កាលពីល្ងាចថ្ងៃពុធ ហើយត្រូវបានឃុំខ្លួនមួយយប់នៅពន្ធនាគារខេត្ត។
លោកឧត្តមសេនីយ៍ឯក កែវ វណ្ណថន ប្រធានការិយាល័យនគរបាលអាំងទែប៉ូល ក្នុងប្រទេសកម្ពុជាបានអះអាងកាលពីល្ងាចថ្ងៃម្សិលមិញថា ឥឡូវនេះលោក ផ្លិចឈ័រ ត្រូវឃំុខ្លួននៅពន្ធនាគារព្រៃស។
កាលពីខែឧសភា ឆ្នាំ២០១១ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោស ផ្លិចឈ័រ កំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទចាប់រំលោភក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ កាលពីឆ្នាំ២០០៩។ ផ្លិចឈ័រ ដែលធ្លាប់គ្រប់គ្រងអង្គការមនុស្សធម៌ដែលមិនបានចុះបញ្ជីត្រឹមត្រូវ និងភោជនីយដ្ឋានមួយនៅតាមមាត់ទន្លេ ក្នុងរាជធានីភ្នំពេញនោះ បានគេចខ្លួនទៅប្រទេសថៃ កាលពីឆ្នាំ២០១០ បន្ទាប់ពីកាសែតអង់គ្លេសមួយបានអះអាងថា គាត់បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលនេះ ដើម្បីធ្វើការបណ្តុះបណ្តាលជនរងគ្រោះជាអនីតិជនទុកសម្រាប់រួមភេទ។
នៅពេល ផ្លិចឈ័រ ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ អាជ្ញាធរកម្ពុជាបានស្នើសំុធ្វើបត្យាប័នជននេះ ប៉ុន្តែ ផ្លិចឈ័រ បានប្តឹងឧទ្ធរណ៍។ កាលពីខែកក្កដា សាលាឧទ្ធរណ៍ថៃបានធ្វើតាមសំណើរបស់ប្រទេសកម្ពុជា ហើយបញ្ជូនជនរួមភេទជាមួយកុមារនេះមកប្រទេសកម្ពុជា។
ប៊ីរូនី ម៉ាតធ្យូ (Byrony Mathew) អនុប្រធានបេសកកម្មនៅស្ថានទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍ថា ស្ថានទូតបានដឹងថា ផ្លិចឈ័រ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ហើយស្ថានទូតនឹងផ្តល់ “ជំនួយផ្នែកកុងស៊ុល”។
លោក សំលៀង សិលា នាយកប្រចាំប្រទេសនៃអង្គការសកម្មភាពដើម្បីកុមារ ជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារបានសរសើរអាជ្ញាធរដែលបានធ្វើតាមសំណើរបស់ខ្លួន សំុឲ្យធ្វើបត្យាប័នបុរសឈ្មោះ ផ្លិចឈ័រ នេះ។ លោក សំលៀង សិលា បានមានប្រសាសន៍ថា “ យើងពេញចិត្តចំពោះការធ្វើបត្យាប័ននេះណាស់។ បើទោះណាជាវាស៊ីពេលច្រើនក៏ដោយ ក៏យើងសប្បាយចិត្តដែរ”។
ផ្លិចឈ័រ គឺជាជនរួមភេទជាមួយកុមារដំបូង ដែលត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញដើម្បីអនុវត្តទោស។ លោក អេនឌ្រូ ឌ្រុមម៉ុន (Andrew Drummond) អ្នកកាសែតជនជាតិអង់គ្លេសដែលមិនជាប់កិច្ចសន្យានៅទីក្រុងបាងកក បានធ្វើដំណើរមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ ដើម្បីស៊ើបអង្កេតករណីរបស់ ផ្លិចឈ័រ ហើយបន្ទាប់មកបានបើក “ គម្រោងចាក់សំរាម” ដែលបានចិញ្ចឹមបីបាច់ និងផ្តល់ទីជម្រកដល់កុមារដែលរស់នៅតាមតំបន់ចាក់សំរាម នៅស្ទឹងមានជ័យ កាលពីម្សិលមិញបានរៀបរាប់ថា បានជួបជនរួមភេទកុមាររូបនេះនៅក្នុងរាជធានីភ្នំពេញ។
លោក ឌ្រុមម៉ុន បានមានប្រសាសន៍តាមទូរស័ព្ទពីប្រទេសថៃថា ផ្លិចឈ័រ ហាក់ដូចជា “ មានសុខភាពមិនល្អសោះ ប៉ុន្តែរៀបចំគម្រោងសម្ងាត់ឆ្លាតណាស់”។ នៅក្នុងអត្ថបទដែលលោកបានសរសេរចុះផ្សាយក្នុងកាសែត British Sunday Mirror លោក ឌ្រុមម៉ុន បានចោទប្រកាន់ ផ្លិចឈ័រ ថា បានប្រើប្រាស់អង្គការមនុស្សធម៌របស់ខ្លួន ដើម្បីបណ្តុះបណ្តាលក្មេងស្រី និងជួយដល់ក្រុមគ្រួសាររបស់ពួកគេ ដើម្បីគោលបំណងរំលោភផ្លូវភេទ ហើយកាលពីឆ្នាំ១៩៩៧ ជននេះត្រូវបានតុលាការចក្រភពអង់គ្លេសផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែពីបទរំលោភក្មេងស្រីអាយុ១៥ឆ្នាំម្នាក់។
អត្ថបទដកស្រង់សម្តីរបស់ម្តាយក្មេងស្រីរងគ្រោះម្នាក់ដែលបានសារភាពថា គាត់បានប្រគល់កូនស្រីរបស់ខ្លួនទៅឲ្យ ផ្លិចឈ័រ ជាថ្នូរនឹងប្រាក់ ២០០ដុល្លារ “ ដើម្បីដោះបំណុលរបស់គាត់”។ បន្ទាប់ពីអត្ថបទនេះត្រូវបានចុះផ្សាយ លោក ឌ្រុមម៉ុន បានមានប្រសាសន៍ថា “ ខ្ញុំបានទទួលការហៅទូរស័ព្ទពីជនរងគ្រោះបីនាក់ ក្នុងចំណោមជនរងគ្រោះជាច្រើនទៀត។ពួកគេក្តុកក្តួលចិត្តខ្លាំងណាស់”៕
ប្រែសម្រួលដោយ សោម សារុន