ប្រជាពលរដ្ឋមួយចំនួនបានបួងសួងសុំឲ្យរបររកស៊ីទទួលទានរបស់ខ្លួនរីកចម្រើន និងឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិផ្សះផ្សាគ្នា រីឯអ្នកខ្លះទៀតបួងសួងសុំសន្តិភាពនិងការអភិវឌ្ឍ។

ការបួងសួងទាំងនេះ និងសេចក្តីប្រាថ្នាផ្សេងៗទៀតបានកើតមានឡើងនៅតាមវត្តអារាមនានាទូទាំងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសកាលពីម្សិលមិញ នៅពេលពិធីបុណ្យភ្ជុំបិណ្ឌចាប់ផ្តើម។
ពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃនេះគឺជាពេលញាតការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ មកទទួលកុសលផលបុណ្យដែលសាច់ញាតិនៅរស់ឧទ្ទិសជូន។
បន្ទាប់ពីការសូត្រធម៌ឧទ្ទិសកុសលផលបុណ្យនៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ព្រះសង្ឃបានគង់ចុះដើម្បីឆាន់ចង្ហាន់យ៉ាងច្រើននៅក្នុងព្រះវិហារនៃវត្តនេះ។នៅច្រកចូលមួយ មានប្រអប់ដ៏ធំមួយពេញទៅដោយអង្ករនិងក្រដាសប្រាក់រយរៀល តំណាងឲ្យសំពៅមួយដែលអ្នកគោរពបូជាជឿថា នឹងនាំបុព្វការីជនរបស់ខ្លួនទៅកាន់ជាតិកំណើតដ៏ប្រសើរ។
លោកយាយ នូ ចាន់សុធា អាយុ៦៣ឆ្នាំ ក្នុងចំណោមដូនជីប្រាំនាក់ ដែលទើបនឹងប្រគេនចង្ហាន់ព្រះសង្ឃរួចនិយាយថា នេះគឺជាវត្តទី៥ហើយដែលគាត់បានយកចង្ហាន់មកប្រគេនព្រះសង្ឃ ចាប់តាំងពីពិធីបុណ្យភ្ជុំបិណ្ឌចាប់ផ្ដើមកាលពីថ្ងៃទី១ ខែតុលាមក ដើម្បីសាងកុសលសម្រាប់ជាតិខាងមុខ។
លោកយាយបាននិយាយថា “យើងមកវត្តនេះដើម្បីបួងសួងសុំឲ្យការរកស៊ីទទួលទានរបស់យើងចម្រុងចម្រើន និងដើម្បីសាងកុសលសម្រាប់ជាតិមុខ។ យើងមកទីនេះដើម្បីបួងសួងសុំសន្តិភាព និងសុំឲ្យគណបក្សទាំងពីររួបរួមគ្នាដើម្បីអភិវឌ្ឍប្រទេស”។
អ្នកស្រី ចាន់ សុភ័ណ្ឌ អាយុ៥០ឆ្នាំ ដែលកំពុងរង់ចាំជាមួយកូនប្រុស និងកូនស្រីរបស់គាត់ ខណៈពេលពួកគាត់ត្រៀមចង្ហាន់សម្រាប់ព្រះសង្ឃ បាននិយាយថា អ្នកស្រីមានគម្រោងចេញទៅស្រុកកំណើតរបស់អ្នកស្រីនៅតាមខេត្តនៅពេលពិធីនេះចប់។
អ្នកស្រីនិយាយថា “ យើងឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធបុព្វការីរបស់យើងដែលបានលាចាកលោកនេះ សុំឲ្យពួកគាត់នាំសេចក្ដីសុខដល់យើង ហើយយើងក៏បួងសួងសុំឲ្យមេដឹកនាំទាំងអស់រួបរួមគ្នាដើម្បីកសាងប្រទេសជាតិរបស់យើងផងដែរ ពីព្រោះកាលពីអតីតកាល ប្រទេសរបស់យើងបានជួបប្រទះសង្គ្រាមជាច្រើន ហើយប្រជាពលរដ្ឋធុញទ្រាន់ និងនឿយណាយណាស់ចំពោះសង្គ្រាម”។
គួរបញ្ជាក់ថា គណបក្សប្រជាជនកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ បានជាប់គាំងផ្នែកនយោបាយ ចាប់តាំងពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែកក្កដាមក។
យុវជន ហ៊ិន សិលា អាយុ១៨ឆ្នាំនិយាយថា រូបគេចាត់ទុកពិធីបុណ្យភ្ជុំបិណ្ឌជាវិធីមួយដើម្បីជំរុញឲ្យកូនចៅជំនាន់ក្រោយសិក្សាស្វែងយល់ពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសកម្ពុជា។
យុវជនរូបនេះនិយាយទៀតថា នៅពេលពួកគេមកទីនេះ ពួកគេអាចសិក្សាអំពីវប្បធម៌និងប្រពៃណី ហើយពេលនោះពួកគេនឹងអាចអភិរក្សវាបាន”។
គង់ឈរនៅក្នុងកុដិដ៏ធំមួយដែលទើបសាងសង់ហើយថ្មីៗក្នុងវត្តបទុម ព្រះតេជគុណ សាន ភារ៉េត ព្រះជន្ម២៩វស្សាមានសង្ឃដីកាថា ពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះមិនអ៊ូអរដូចឆ្នាំមុនៗទេ ហើយព្រះអង្គបានសន្មតថា វាបណ្តាមកពីបរិយាកាសក្រោយការបោះឆ្នោត។
ព្រះអង្គបានមានសង្ឃដីកាទៀតថា “ ឆ្នាំនេះមានពុទ្ធបរិស័ទតិច ដោយសារតែកម្មករ នយោជិតនិងនិស្សិតនាំគ្នាទៅស្រុកកំណើត ហើយពួកគាត់មួយចំនួនព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេស”៕
(រាយការណ៍បន្ថែមដោយ Lauren Crothers)
ប្រែសម្រួលដោយ តែម សុខុម