មេភូមិម្នាក់ក្នុងឃុំទន្លេបិទខេត្តកំពង់ចាម កាលពីម្សិលមិញបានចោទប្រកាន់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិថា មិនបានផ្តល់ជំនួយបន្ទាន់ទៅឲ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាឡើយ អំឡុងពេលចុះផ្ដល់ជំនួយកាលពីថ្ងៃអង្គារ។
លោក សា បូរ៉ា មេភូមិព្រែកតូច បានលើកឡើងថា លោក កឹម សុខា បានផ្តល់ជំនួយទៅឲ្យប្រជាពលរដ្ឋចំនួន១២០គ្រួសារនៅក្នុងភូមិក្បែរនោះ គឺភូមិ យាយស ប៉ុន្តែលោកបានផ្តល់ទៅឲ្យតែអ្នកដែលគាំទ្រគណបក្សសង្គ្រោះតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “ គណបក្សនេះបានផ្តល់ជំនួយទៅឲ្យអ្នកដែលគាំទ្រខ្លួនតែប៉ុណ្ណោះ មិនមែនសម្រាប់ជនរងគ្រោះទូទៅនោះទេ”។
លោក បូរ៉ា បានលើកឡើងថា សមាជិកមួយក្រុមមកពីគណបក្សប្រជាជនកម្ពុជាបានទៅដល់កន្លែងមានសុវត្ថិភាពក្បែរភូមិយាយស តាមក្រោយកាលពីថ្ងៃអង្គារ ហើយបានផ្តល់ជំនួយអង្ករដោយគ្មានការរើសអើងទៅឲ្យប្រជាពលរដ្ឋចំនួន១០២គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។
លោកបានបន្ថែមថា អង្គការផ្តល់ជំនួយកាតូលិក ការីតាស់ ក៏បានផ្តល់ជំនួយទៅឲ្យប្រជាពលរដ្ឋជាង១០០គ្រួសារនៅទីនោះផងដែរ ប៉ុន្តែ អង្គការផ្តល់ជំនួយផ្សេងៗទៀតនៅមិនទាន់ឃើញទៅផ្តល់ជំនួយឡើយ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនទាន់ឃើញអង្គការណាមួយក្រៅពីអង្គការការីតាសមកផ្តល់ជំនួយនេះឡើយ ចាប់តាំងពីខ្ញុំបានមកនៅកន្លែងមានសុវត្ថិភាពនេះ”។
លោក ម៉ៅ មុនីវណ្ណ ដែលបានមកជាមួយលោក កឹម សុខា និងដែលត្រូវបានជ្រើសរើសជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិនៅមណ្ឌលកំពង់ចាម នៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា បានបញ្ជាក់ថា លោក កឹម សុខា បានមកសួរសុខទុក្ខនៅតំបន់មានសុវត្ថិភាពនេះកាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែ បានបដិសេធថា មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះមិនមែនផ្ដល់ជំនួយទៅឲ្យតែអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះទេ។
លោក មុនីវណ្ណ បានលើកឡើងថា លោក កឹម សុខា បានចែកអង្ករចំនួន២០គីឡូក្រាម មីមួយកេះ ទឹកស៊ីអុីវមួយដប និងថ្នាំផ្តាសាយចំនួន២០គ្រាប់ ទៅឲ្យប្រជាពលរដ្ឋជាង១៥០គ្រួសារដែលមកពីភូមិយាយស ដោយមិនប្រកាន់អ្នកគាំទ្រគណបក្សនយោបាយណាមួយឡើយ។
លោកបានមានប្រសាសន៍ថា “ យើងបាននាំជំនួយដែលអ្នកមានចិត្តសប្បុរសនៅសហរដ្ឋអាមេរិក និងអូស្ត្រាលីបានផ្តល់យកទៅជួយជនរងគ្រោះដោយសារទឹកជំនន់។ យើងបានផ្តល់ជំនួយទៅឲ្យជនរងគ្រោះទូទៅដោយមិនប្រកាន់អ្នកគាំទ្រគណបក្សនយោបាយណាមួយឡើយ ដូចជានៅភូមិព្រែកតូច ដែលលោកមេភូមិបានចោទប្រកាន់ជាដើម។
លោក មុនីវណ្ណ បានបន្ថែមថា លោក កឹម សុខា ក៏បានផ្តល់ជំនួយស្រដៀងគ្នានេះទៅឲ្យប្រជាពលរដ្ឋជាង១០០គ្រួសារនៅក្នុងស្រុកកោះសូទិន ក៏ដូចជាប្រជាពលរដ្ឋ១៣០គ្រួសារទៀតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង នៅក្នុងថ្ងៃតែមួយនោះផងដែរ។
លោកបានលើកឡើងថា “ នេះគឺជាលើកទី១ ហើយដែលលោក កឹម សុខា អនុប្រធានគណបក្សបានមកសួរសុខទុក្ខជនរងគ្រោះនៅតំបន់មានទឹកជំនន់ក្នុងខេត្តកំពង់ចាម និងខេត្តព្រៃវែង ហើយក៏មានគម្រោងចុះទៅសួរសុខទុក្ខតំបន់មានទឹកជំនន់ផ្សេងៗទៀត បន្ទាប់ពីរដូវបុណ្យភ្ជុំបិណ្ឌផងដែរ”។
គណបក្សសង្គ្រោះជាតិកាលពីថ្ងៃអង្គារ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសបន្តផ្តល់ជំនួយជាសម្ភារផ្សេងៗ និងលុយដល់ជនរងគ្រោះដោយសារទឹកជំនន់បន្តទៀត៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង