30 C
Phnom Penh

ធនាគារ​ឈាម​ឥឡូវនេះ​នៅសល់ឈាម​​តែ​ចំនួន​១០ប្លោក​ប៉ុណ្ណោះ ចំពេល​មាន​រដូ​វ​បុណ្យទាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​​កាល​​ពី​ម្សិល​មិញ​ថា​​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ នៅសល់​ឈាម​តិច​បំផុត​នៅក្នុង​ឆ្នាំ​នេះ​ ដោយមាន​ឈាម​នៅសល់​តែ​១០ប្លោក​ប៉ុណ្ណោះ​​​ក្នុង​ស្តុក​ ហើយ​​គ្រូ​​​ពេទ្យ​​​​​ត្រូវ​ពឹង​ផ្អែក​​​​​លើ​មិត្តភក្តិ​និង​សមាជិក​​​ក្រុម​គ្រួសារ​អ្នក​ជំងឺ ដើម្បី​ផ្តល់​ឈាម​​នៅ​ពេល​សង្គ្រោះ​​​​បន្ទាន់។

លោក​ វិជ្ជ​បណ្ឌិត​ ហុក គីម​ចេង​ ប្រធាន​មជ្ឈ​​​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​មាន​ប្រសាសន៍​ថា ធនាគារ​ឈាម​ត្រូវការ​ឈាម​មក​បំពេញ​ស្តុក​វិញ​ជាចំបាច់​ ហើយ​ឈាម​នៅសល់​ក្នុង​ស្តុក​ គឺវា​មិនគ្រប់​គ្រាន់​​សម្រាប់តម្រូវ​ការ​បន្ទាន់​​​នោះទេ។

លោក វិជ្ជបណ្ឌិត​ គីម​ចេង​ បាន​លើក​ឡើង​​ថា “ យើង​បាន​ជួប​ប្រទះ​នឹង​ការ​ខ្វះខាត​ឈាម​​​ខ្លាំងបំផុត​ ហើយ​ឈាម​គឺ​ត្រូវ​ការជាចំបាច់​”។​​លោកបាន​បន្តថា​ “ យើង​នៅ​សល់ឈាម​តែ​១០ប្លោកប៉ុណ្ណោះ​។​ យើង​នៅសល់​ទឹក​រងៃ​ច្រើន​ ប៉ុន្តែ​​យើង​ត្រូវ​ការ​កោសិកា​ឈាម​ក្រហម​ជាចំបាច់។ អ្នក​ជំងឺនៅក្នុង​មន្ទីរពេទ្យ​​ ត្រូវការ​ឈាម​ប្រហែល​ពី​៦០​ទៅ​៨០​ប្លោក​ជារៀង​រាល់​ថ្ងៃ។​​​​ នៅពេល​អ្នក​ជំងឺ​ត្រូវការ​ឈាម​ គឺ​យើង​ត្រូវការ​ក្រុម​គ្រួសារ​របស់ពួក​​គាត់​​មកផ្តល់ឈាម”។

ចំនួន​ឈាមដែល​មាន​នៅក្នុង​ធនាគារ​ឈាម​​សព្វ​ថ្ងៃ បាន​ធ្លាក់ចុះ​គួរ​ឲ្យកត់​សម្គាល់​ចាប់​តាំងពី​ខែមករា​ ដែលពេល​នោះ​យើង​មានឈាមប្រហែល​១.០០០​ប្លោក​។​

ធ​នាគារ​ឈាម​ចំបាច់​ត្រូវ​តែមាន​ឈាម​យ៉ាង​តិច​ណាស់​ក៏​៣.០០០​ប្លោកនៅក្នុង​ស្តុក​​ដែ​រ​ដើម្បី​បំពេញ​តម្រូវ​ការ។​តែទោះ​ជា​យ៉ាង​​​​ណា ឈាម​បម្រុង​ទុក​​​​បាន​​​ធ្លាក់​​​ចុះ​​​យ៉ាង​​​ខ្លាំង​​​ នៅ​ប៉ុន្មាន​សប្តាហ៍ចុង​ក្រោយនេះ ហើយ​​នៅ​ដំណាច់​ខែសីហា​ ឈាម​​​​​​​នៅក្នុង​ស្តុក​បានធ្លាក់​ចុះ​មកនៅ​សល់​ត្រឹមតែ​២០០​ប្លោក​ប៉ុណ្ណោះ​ ដោយ​សារ​សិស្ស​ និស្សិត​ ដែល​ជា​ប្រភពផ្តល់​ឈាម​ដ៏សំខាន់​ បាន​ត្រឡប់​​ទៅ​ស្រុក​កំណើត​អំឡុង​រដូវ​បុណ្យទាន។​

ដោយ​មិនសូវ​ជាមាន​សង្ឃឹម​ក្នុង​ការ​ស្វែង​​រកឈាម​មក​បំពេញ​ស្តុក លោក​ វិជ្ជ​បណ្ឌិត​ គីម​​​ចេង​ បាន​ធ្វើការ​អំពាវនាវ​តាម​ទំព័រ​ហ្វេស​​​ប៊ុក​របស់លោក​ និង​តាម​វិទ្យុ​ឲ្យ​ប្រជាពល​រដ្ឋ​ស្ម័គ្រ​​​ចិត្ត​​​មក​ផ្តល់​ឈាម​ ប៉ុន្តែ​លោកបាន​​​​​មាន​ប្រសាសន៍​​​ថា​​ វាលំបាក​ណាស់​ក្នុង​ការ​អំពាវ​​​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​មក​​ផ្តល់​ឈាម​ ​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​បែប​​​នេះ។​

លោក​ វិជ្ជបណ្ឌិត​ មាន​ប្រសាសន៍ថា​ “ វា​លំបាក​ណាស់​។​ យើង​មិន​អាច​រៀបចំ​ឲ្យ​មាន​កន្លែង​ផ្តល់​ឈាម​ចល័តបានទេ​ក្នុង​ពេល​ឥឡូវ​​នេះ​ ពីព្រោះ​វាជា​រដូវ​បុណ្យ​ទាន​ដ៏សំខាន់។​ប៉ុន្តែ យើងមាន​ផែនការ​បង្កើន​ឈាម​នៅក្នុង​ស្តុក​ឡើង​វិញ​នៅ​​ដំណាច់​ខែនេះ”។​

យោងតាមលោ​ក​ វិជ្ជបណ្ឌិត​ សេក​ ម៉ារ៉ាឌី​ មន្ត្រី​ជំនាញផ្នែក​សុវត្ថិភាព​ឈាម​ នៅអង្គការ​សុខភាព​ពិភពលោក​ឲ្យដឹងថា ប្រព័ន្ធ​ប្តូរ​ឈាម​​មាន​សុវត្ថិ​ភាព​សម្រាប់​ការ​ផ្តល់​ឈាម​​​​ដែល​​​​​​​​​បាន​មកពី​សមាជិក​​គ្រួសារ​និង​មិត្ត​ភក្តិ​​ក្នុង​​​ស្ថាន​​​ភាព​​​បន្ទាន់​​​នោះ​ គឺវាមិនសូវជាល្អ​នោះទេ។​

លោក​បានមាន​ប្រសាសន៍ថា “ សូម្បី​តែ​នៅពេល​យើង​​មាន​ឈាម​គ្រប់​គ្រាន់​នៅ​ក្នុង​ស្តុក​ក៏ដោយ ក៏យើង​នៅតែ​ត្រូវការ​សមាជិក​គ្រួសារនិង​មិត្តភក្តិ​របស់​អ្នក​ជំងឺ​ស្ម័គ្រចិត្ត​ផ្តល់​ឈាមដដែល។ប៉ុន្តែ​ដើម្បី​ឲ្យ​អ្នក​ជំងឺ​ទទួល​បាន​ឈាម​ដែល​មាន​សុវត្ថិភាព​ អ្នកផ្តល់​ឈាម​​ចំបាច់​ត្រូវ​តែ​ឆ្លងកាត់​ការ​ពិនិត្យ​ឈាម​ឲ្យបាន​ត្រឹម​ត្រូវ”។​

លោកបានមាន​ប្រសាស​ន៍​បន្តថា​ “ ប៉ុន្តែ​ឥឡូវនេះ​​ ឈាម​នៅក្នុង​ស្តុក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។វាលំបាកណាស់​សម្រាប់អ្នកជំងឺ​។​វា​ត្រូវ​ចំណាយ​ពេល​ដើម្បី​ពិនិត្យ​ឈាម​រប​ស់​អ្នកផ្តល់​​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ថា ឈាម​ពិតជាមាន​សុវត្ថិភាព​ដល់​អ្នកជំងឺ​ ហេតុ​ដូច្នេះ​អ្នក​ជំងឺ​មិនអាច​ទទួល​បាន​ឈាម​ទាន់​ពេល​វេលា​នោះទេ”។​

ទាំង​លោក​វិជ្ជ​បណ្ឌិត គីមចេង​ និង​លោក​វិជ្ជបណ្ឌិត​ ម៉ារ៉ាឌី​ សុទ្ធតែ​បាន​លើកឡើងថា ការខ្វះខាត​ឈាម​ពិតជា​លំបាក​ខ្លាំង​ណាស់​ ព្រោះឲ្យតែដល់​រដូវភ្ជុំ​បិណ្ឌ​​ចំនួន​នៃការ​គ្រោះថ្នាក់​ចរាចរណ៍​តែង​តែកើន​ឡើង​ ព្រោះ​​​​ប្រជាពលរដ្ឋ​រាប់ម៉ឺននាក់​បាននាំគ្នា​ទៅស្រុកកំណើត។​

​​​​​​​​​​​​​​រីឯលោកវិជ្ជបណ្ឌិត​ ឈឿង យ៉ាវ​យេន​ អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​វិញ​បានមានប្រសាសន៍ថា​ មន្ទីរពេទ្យ​របស់​លោក​មា​នឈាម​គ្រប់​គ្រាន់​នៅក្នុងស្តុក​ក្នុង​ពេល​ឥឡូវ ប៉ុន្តែនៅតែ​ត្រូវ​ការ​សមាជិក​គ្រួសារ​អ្នកជំងឺ​មក​ផ្តល់​ឈាម។​
លោកមានប្រសាសន៍បន្តថា “ ប្រសិន​បើ​អ្នក​ជំងឺត្រូវការឈាម​ យើងបាន​ស្នើ​ឲ្យ​សាច់​ញាតិ​របស់​ពួកគាត់​ជួយផ្តល់​ឈាម​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស