35 C
Phnom Penh

សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជា​ជាតិ​ស្តីពី​ជំហរ​របស់ប្រទេស​​កម្ពុជា​ពាក់​ព័ន្ធ​​បញ្ហា​សិទ្ធិមនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជា​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​​អនុម័ត​សេចក្តីសម្រេចមួយ​កាល​ពី​ថ្ងៃ​សុក្រ​ដែល​មានការលើកឡើង​​ជា​ច្រើន​អំពី​ថា តើ​ប្រទេស​កម្ពុជា​អាច​ធ្វើ​ឲ្យប្រវត្តិ​សិទ្ធិ​​​មនុស្ស​​ប្រសើរ​ឡើង​ឬ​យ៉ាង​ណា​ ប៉ុន្តែ​​​អង្គ​​​ការ​​​​សិទ្ធិ​មនុស្ស​មួយ​បាន​លើ​ក​​ឡើង​ថា ខ្លួន​ខក​ខាន​មិន​បានធ្វើ​ឲ្យ​ប្រទេស​នេះ​ទទួល​ខុស​ត្រូវ​ឲ្យ​បាន​ត្រឹម​ត្រូវ​​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នា​ពេល​កន្លង​មក​ឡើយ។

សេចក្តី​សម្រេច​ដែល​ព្រាង​​ដោយ​ប្រទេស​​​​​​​​​​អូទ្រីស ប្រទេស​ដាណឺម៉ាក ប្រទេស​អាល្លឺម៉ង់ ​​​​​​ប្រទេស​ក្រិក​ ប្រទេស​ហុងគ្រី ប្រទេស​ជប៉ុន ប្រទេស​លុចសំបួ ប្រទេស​ស្លូវេនី និង​ប្រទេស​​​​​​​ស៊ុយអែត ត្រូវ​គេ​រំពឹង​ថា នឹង​អនុម័ត​ដោយ​មិន​មាន​ការ​​ពិភាក្សា​ដេញ​ដោល​ច្រើន​ឡើយ​នៅ​សម័យ​ប្រជំុ​លើក​ទី​២៤​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស រយៈ​ពេល​បី​ថ្ងៃ​បន្ទាប់​ពី​លោក សុរិយា ស៊ូបេឌី ប្រេសិត​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​នេះ​ថា ប្រទេស​កម្ពុជា​​ស្ថិត​នៅ​ក្នុង​​លទ្ធិ​ប្រជា​ធិបតេយ្យ​មិន​ច្បាស់​លាស់​​។

សំណៅ​ព្រាង​នៃ​សេចក្តី​សម្រេច​ដែល​ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ និង​អង្គការ​សហ​ប្រជា​ជាតិ​ពិនិត្យ​មើល​​នីតិ​វិធី​នៅ​សាលាក្តី​ខ្មែរ​ក្រហម​​ “ ​ដើម្បី​​ឲ្យ​បន្ត​​ដោយ​​ត្រឹម​ត្រូវ មាន​ប្រសិទ្ធភាព​ និង​ឆាប់​រហ័ស”។ ប៉ុន្តែប្រទេស​ជាច្រើន​​បាន​សម្តែង​ “ ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជំុ​វិញ​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​” នៅ​សាលា​ក្តី​នេះ។

បើ​ទោះ​ណា​ជាកា​រទទួលខុសត្រូវ​ផ្លូវ​ច្បាប់​គឺ​ជា​បន្ទុក​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​បើក​ប្រាក់​ខែ​ឲ្យ​​ភាគី​ជាតិ​ដែល​បាន​ជួប​ប្រទះ​នូវ​ការ​ខ្វះ​មូល​និធិ​ធ្ងន់​ធ្ងរ​ក៏​ដោយ ក៏​សេចក្តី​សម្រេច​នេះ​គ្រាន់​តែ “ សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ និង​សហ​គមន៍​អន្តរ​ជាតិ​ក្នុង​ការ​ផ្តល់​ជំនួយ​សម​ស្រប​​ទាំង​អស់​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែរ”។
ខណៈ​ដែល​របាយការណ៍​របស់​លោក សុរិយា ស៊ូបេឌី ​ដាក់​ជូន​ទៅ​​ក្រុម​ប្រឹក្សា​នេះ​បង្ហាញ​ពី​ការ​រិះ​គន់​ផ្ទាល់​​ប្រឆាំង​នឹង​រូប​លោក​ដោយ​​មន្ត្រី​រដ្ឋា​ភិបាល​ ដែល​បាន​រារាំង​​រូប​លោក​អំឡុង​ការ​មក​បំពេញ​បេសកកម្ម​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១២ក៏ដោយ ក៏​​សេចក្តី​ព្រាង​សេចក្តី​សម្រេច​​​នេះ​មិន​បាន​លើក​ឡើង​​ពី​បញ្ហា​ទាំង​នេះ​ដែរ​។

ផ្ទុយ​ទៅ​វិញ​លោក ស៊ូបេឌី ត្រូវ​បាន​គេ​ប្រាប់​ “ ឲ្យ​រក្សា​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ជិតស្និទ្ធ​ និង​ប្រកប​ដោយ​ការ​គោរព​” ជាមួយ​រដ្ឋា​ភិបាល​​។ប្រទេស​ជាច្រើន​​ក៏​បាន​ស្នើ​ឲ្យ​បន្ត​អាណត្តិ​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​ដល់​រូប​លោក​​ផង​ដែរ។

ប្រទេស​​​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​​នេះ​​​ប្រកាន់​​​​ជំហរ​ទន់ភ្លន់​​ផងដែរ​ចំពោះ​​​ការ​បោះ​ឆ្នោត​នាពេល​បច្ចុប្ប​ន្ន និង​បរិយាកាសហិង្សា​កើត​ឡើង​ក្រោយ​កា​រ​បោះ​ឆ្នោត​ដែល​បាន​បណ្តាល​​​​​​​​​​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​ទៀត​រង​របួស​។គណបក្ស​សង្គ្រោះ​ជាតិ​រួមជាមួយ​នឹង​អ្នក​សង្កេត​ការ​ណ៍បោះ​ឆ្នោត​អះ​អាង​ថា ការ​បោះ​ឆ្នោត​នេះ​មិន​យុត្តិធម៌ ហើយ​ឥឡូវ​នេះ​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ទទួល​យក​​អាសនៈចំនួន​៥៥ដែល​ខ្លួន​ទទួល​បាន​នៅ​ក្នុង​រដ្ឋ​សភា។

សេចក្តីសម្រេច​ព្រាង​នេះ​“ ស្វាគ​មន៍​ហេតុ​​​​​​​ផល​ដែល​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រកាលពី​ថ្ងៃ​ទី​២៨ខែ​កក្កដា ឆ្នាំ​២០០៨ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រលូន​ និ​ងដោយ​សន្តិវិធី ប៉ុន្តែ​គេ​ស​ង្កេត​ឃើញ​​មានការ​​តវ៉ា​ប​ន្ទាប់​ពីការ​បោះ​ឆ្នោត​នេះ ​ព្រមទាំង​សេចក្តីប្រកាស​រួម​រវាង​គណបក្ស​កាន់​អំណាច និង​គណ​បក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ទី​១៦ខែ​កញ្ញា​ទាក់​ទង​នឹង​កំណែទម្រង់​ការ​បោះ​ឆ្នោត”​។

ប៉ុន្តែលោក នីកូឡាស អាហ្គោស្ទីនី គណៈ​ប្រតិភូ​អង្គការ​សហប្រជា​ជាតិរបស់​សហព័ន្ធ​អន្តរជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍ថា សេចក្តី​សម្រេច​នេះ​គឺនៅ​មាន​ “ ភាព​ទន់ខ្សោយ​នៅឡើយ”ពីព្រោះ​សេចក្តី​សម្រេចនេះ​មិន​បាន​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​​​ខុសត្រូវ​ចំពោះ​​ការ​រំលោភ​សិទ្ធិមនុស្ស​ ហើយ​​​​​​​​លើក​ឡើង​ថា គេគ្រាន់​​តែ​ “ សង្កេត​ឃើញ” មាន​ការ​តវ៉ា និង​អំពើ​ហិង្សា​ដែល​បង្កឡើង​ដោយ​ការ​បោះ​ឆ្នោតប៉ុណ្ណោះ​​ ដោយ​មិន​បាន​​​​​​​ថ្កោល​ទោសដល់សកម្ម​ភាព​ទាំង​នេះ​ឡើយ។

លោក អាហ្គោស្ទីនី​ បាន​មាន​ប្រសា​សន៍​ថា “ តាមរយៈ​ការអនុម័ត​​សេចក្តី​សម្រេច​ដ៏ទន់ខ្សោយ​នេះ​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​ទទួលរង​ការ​រិះគន់​ពី​ប្រទេស​កម្ពុជានៅ​ចំពោះ​​​​​​មុខ​​អង្គ​ការ​សហប្រជាជាតិ​”។

“ គេធ្វើមិន​ដឹង​មិន​ឮចំពោះការ​រំលោភ​សិទ្ធមនុស្ស​ធ្ងន់ធ្ងរ​ ជា​លក្ខណៈ​ប្រព័ន្ធ​ និង​ចំពោះ​កង្វះ​កិច្ច​សហប្រតិបត្តិ​ការ​ពី​ខាង​រដ្ឋា​​​ភិបាល​កម្ពុជា​ ដែល​មាន​ចេត​នា​​និយាយបង្ខូច​ឈ្មោះលោក ស៊ូ​បេ​ឌី​ ដោយ​ចោទ​សួរ​ពី​ឯក​​​រាជ​​​​ភាពនិង​​វិជ្ជា​ជីវៈ​របស់​លោក”។

ភាគច្រើន​នៃ​ប្រទេស​ដែល​មាន​ការ​ព្រួយ​​​​​​​បារម្ភ​នោះ​បាន​ថ្លឹង​ថ្លែង​ពី​ការ​វាយ​តម្លៃ​ជា​​​លាយលក្ខណ៍អក្ស​រ និង​ដោយ​ផ្ទាល់​មាត់​អំពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំ​ពី​ការ​បរាជ័យ​របស់​ប្រទេស​នេះ​ក្នុង​​ការ​អនុម័ត​ច្បាប់​សំខាន់​ៗ​ចំនួន​​បី​ស្តីពី​ប្រព័ន្ធ​តុលា​​​​​​ការ​ ដែល​លោក ស៊ូបេឌី​ លើក​​​ឡើង​​​​​​​ដដែល​ៗ​​​​​​ថា  មាន​​ចែង​នៅ​ក្នុង​​ច្បាប់​រដ្ឋធម្ម​នុញ្ញ។

លោក អាហ្គោស្ទីនី បាន​មាន​ប្រសាសន៍​​​ថា​ ឥឡូវនេះ​រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​អនុវត្ត​តាមការ​សន្យារបស់ខ្លួន​ក្នុង​ការ​អនុម័ត​ច្បាប់​​​ថ្មីស្តីពី​​លក្ខខន្តិកៈ​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា ស្តីពី​ការ​រៀបចំ​​ប្រព័ន្ធ​តុលាការ​ និង​កំណែ​ទម្រង់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម។

លោក អាហ្គោស្ទីនី​ បាន​មាន​ប្រសាសន៍​​​ថា “ រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​អនុម័ត​ច្បាប់​​សំខាន់​ៗ​ទាំង​បី​នេះ​ទាក់​ទង​ទៅ​នឹង​ប្រព័ន្ធតុលា​ការ​ ដែលអូសបន្លាយ​ពេល​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ឥឡូវនេះ​ រដ្ឋា​​​ភិបាល​ត្រូវ​​ចាត់​វិធាន​ការ​ដើម្បី​បង្ហាញថា ​ការ​ប្តេជ្ញា​​របស់​ខ្លួន​មាន​ពិត​ប្រាកដ ​មិន​​មែន​ជា​ល្បិចកលដើម្បី បិទ​បាំង​​អំពើ​អាក្រក់​​ផ្នែក​​សិទ្ធិ​មនុស្ស​ និង​ដើម្បី​បំពេញ​ចិត្ត​​អ្នក​រិះ​គន់​នៅពេល​បោះ​ឆ្នោត​​នោះទេ​”៕

ប្រែសម្រួលដោយ សោម សារុន​
   

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស