ការធ្វើពហិកាមិនចូលរួមប្រជុំសភា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសនៅចំពោះមុខក្រុមអ្នកគាំទ្រប្រហែល១០.០០០នាក់ ដែលបានប្រមូលផ្ដុំគ្នានៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញពីផែនការបណ្ដោះអាសន្នរបស់ខ្លួនក្នុងការជំរុញឲ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ស៊ើបអង្កេតអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីខែកក្កដា និងឲ្យអនុម័តកំណែទម្រង់ស៊ីជម្រៅ។

ខណៈភ្លៀងធ្លាក់អំឡុង “សមាជមហាជន” រយៈពេលពីរម៉ោងនៅឯទីលានប្រជាធិបតេយ្យ អ្នកគាំទ្រគណបក្សប្រឆាំងដែលពាក់អាវភ្លៀង និងកាន់ឆ័ត្រចម្រុះពណ៌នេះបានលើកដៃសម្ដែងនូវការគាំទ្រចំពោះការទាមទារ១០ចំណុចដែលសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សនេះនិយាយថា ខ្លួននឹងជំរុញឲ្យធ្វើឲ្យបានជាដាច់ខាតមុនពេលចូលរួមប្រជុំសភា។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ដល់ក្រុមអ្នកចូលរួមថា “ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ ព្រោះកន្លងមកគ្មាននរណាម្នាក់ហ៊ានរៀបចំសមាជមហាជនដូចយើងទេ។ គណបក្សសង្គ្រោះជាតិ ត្រូវតែរៀបចំសមាជនេះដើម្បីសា្ដប់យោបល់របស់ប្រជាជនដែលយើងនឹងអនុវត្តតាម”។
លោក ប៉ុល ហំម សមាជិកសភាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអានការទាមទារ១០ចំណុចរបស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងកំណែទម្រង់ ដោយផ្អាកមួយភ្លែត បន្ទាប់ពីអានចប់ចំណុចនីមួយៗដើម្បីទុកពេលឲ្យលោក កឹម សុខា សួរក្រុមអ្នកចូលរួមថា តើពួកគាត់យល់ព្រមឬអត់។ ចំណុចនីមួយៗបានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រុមអ្នកចូលរួម ដែលមានអារម្មណ៍ពុះកញ្ជ្រោលក្រៃលែង។
បន្ថែមពីលើការទាមទារឲ្យមានការបង្កើតគណៈកម្មាធិការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ គណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវឲ្យមានការបង្កើតរដ្ឋាភិបាលស្រមោលមួយ ការចេញអាជ្ញាប័ណ្ណបង្កើតស្ថានីយទូរទស្សន៍ និងវិទ្យុសង្គ្រោះជាតិ ការបញ្ចប់សម្បទានដីសេដ្ឋកិច្ច និងការកាប់បំផ្លាញព្រៃឈើ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការពិនិត្យឡើងវិញនូវបង្គោលព្រំដែនរបស់កម្ពុជា ការអនុម័តច្បាប់ថ្មីដែលតម្រូវឲ្យមេភូមិឆ្លងកាត់ការបោះឆ្នោតដោយប្រជាជនក្នុងភូមិ ការធ្វើឲ្យតុលាការមានភាពឯករាជ្យទាំងស្រុង និងការដោះលែងសកម្មជនសិទ្ធិមនុស្ស និងអ្នកទោសនយោបាយពីពន្ធនាគារជាបន្ទាន់។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានប្រកាសផងដែរថា ថ្ងៃនេះលោក នឹងចាកចេញពីប្រទេសកម្ពុជាក្នុងដំណើរជុំវិញពិភពលោករយៈពេលពីរសប្ដាហ៍ ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលបរទេសកុំឲ្យទទួលស្គាល់រដ្ឋសភាឯកបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈលោក កឹម សុខា អនុប្រធានគណបក្សនេះ បន្តស្ថិតនៅក្នុងប្រទេសដើម្បីប្រមែប្រមូលការគាំទ្រឲ្យមានមហាបាតុកម្មមួយទៀត ដែលគ្រោងធ្វើនៅក្នុងខែនេះ។
លោក សម រង្ស៊ី បានប្រាប់ក្រុមអ្នកចូលរួមថា “ឥឡូវនេះយើងកំពុងធ្វើការជាមួយប្រទេសប្រជាធិបតេយ្យចំនួន២៨នៅក្នុងពិភពលោក ហើយខ្ញុំនឹងទៅរដ្ឋធានីវ៉ាស៊ីនតោន ទីក្រុងព្រុចសែល ប្រទេសអ៊ីតាលី និងបារំាងនៅថ្ងៃស្អែករយៈពេលពីរសប្ដាហ៍ដើម្បីបញ្ចុះបញ្ចូលប្រទេសទាំងនោះកុំឲ្យទទួលស្គាល់កម្ពុជា ព្រោះរដ្ឋាភិបាល និងរដ្ឋសភាជាតិត្រូវបានបង្កើតឡើងដោយមិនស្របច្បាប់ទេ”។
លោក កឹម សុខា ក៏បានអំពាវនាវឲ្យក្រុមអ្នកចូលរួមក្នុងសមាជនេះជួយប្រមូលស្នាមមេដៃឲ្យបាន៣លាន ដើម្បីធ្វើញត្តិអំពាវនាវឲ្យអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ក្នុងវិវាទក្រោយការបោះឆ្នោតនៅកម្ពុជាផងដែរ ដែលញត្តិនេះនឹងត្រូវបានផ្ញើទៅតំណាងអង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាក្នុងថ្ងៃតែមួយនៃការធ្វើមហាបាតុកម្មនៅថ្ងៃទី២៣ ខែតុលា។កាលបរិច្ឆេទធ្វើបាតុកម្មនេះត្រូវបានជ្រើសរើសឲ្យចំថ្ងៃខួបលើកទី២២ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។
លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ជាក់ថា ប្រសិនបើបាតុកម្មនៅថ្ងៃទី២៣ ខែតុលា និងយុទ្ធនាការអន្តរជាតិរបស់គណបក្សសង្គ្រោះជាតិ មិនបានទទួលផ្លែផ្កាទេនោះ គណបក្សនេះនឹងចាប់ផ្ដើមរៀបចំយុទ្ធនាការមិនគោរពច្បាប់រដ្ឋដោយមហាជន ដោយសន្តិវិធីនៅទូទាំងប្រទេស។ ក្នុងករណីគណបក្សប្រជាជនមិនយល់ព្រមតាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ ក្រោយការធ្វើបាតុកម្មថ្ងៃទី២៣ ខែតុលា ទេនោះ លោក កឹម សុខា នឹងអំពាវនាវឲ្យ “មន្ត្រីរាជការស៊ីវិល និងកម្មករ កម្មការិនីរោងចក្រកាត់ដេរទាំងអស់ធ្វើកូដកម្មមិនចូលធ្វើការ និងឲ្យឈ្មួញនានាបិទទីផ្សារ ហើយខ្ញុំជឿថា រដ្ឋាភិបាលនេះនឹងដួលរលំ”។
ព្រះតេជគុណ សំ សុវ៉ាឌី មេដឹកនាំចលនាព្រះសង្ឃដែលតែងបង្ហាញមុខអំឡុងការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងចំណោមអ្នកចូលរួមប្រហែល១២នាក់ ដែលគណបក្សសង្គ្រោះជាតិ បានជ្រើសរើសឲ្យថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួន។ ព្រះតេជគុណអង្គនេះមានសង្ឃដីកាថា “អាត្មាសូមស្នើទៅថ្នាក់ដឹកនាំគណបក្សទាំងពីរកុំឲ្យធ្វើការចរចាដោយសម្ងាត់។ តាមរយៈការបើកចំហកិច្ចចរចានេះឲ្យសាធារណៈជនបានដឹងឮ ប្រជាពលរដ្ឋទាំងអស់នឹងបានដឹងការពិត” ដោយព្រះអង្គបានស្នើថា កិច្ចចរចានៅថ្ងៃអនាគតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវមានការចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិ។
លោកស្រី មួរ សុខហួរ សមាជិកសភាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សនេះនឹងអំពាវនាវឲ្យមានកិច្ចចរចាមួយជុំទៀតជាមួយគណបក្សប្រជាជនកម្ពុជា ទោះបីជាមានការបញ្ជាក់ច្បាស់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គណបក្សកាន់អំណាចនឹងចូលរួមចរចាតែក្នុងករណីគណបក្សប្រឆាំងព្រមទទួលយកអាសនៈរបស់ខ្លួននៅរដ្ឋសភាជាតិក៏ដោយ។
លោកស្រីបានមានប្រសាសន៍ថា “ យើងត្រូវតែស្នើឲ្យមានការបន្តកិច្ចចរចា” ដោយបានបន្ថែមថា គណបក្សសង្គ្រោះជាតិ នឹងបន្តជួបជុំគ្នាជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួនក្រោយកិច្ចចរចានីមួយៗដើម្បីស្ទាបស្ទង់មតិរបស់សាធារណជន។ លោកស្រីបានមានប្រសាសន៍ថា “យើងមាន១០ចំណុច។ ក្រោយជុំនីមួយៗ យើងប្រហែលជាអាចទទួលបានបីឬបួនចំណុច។ យើងនឹងវិលទៅរកពួកគាត់ [ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ] ហើយសួរពួកគាត់ថា តើវាគ្រប់គ្រាន់ឬនៅ”។
ទោះជាយ៉ាងណា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្សនេះនៅតែទទូចឲ្យមានការធ្វើកំណែទម្រង់ មិនមែនគ្រាន់តែចរចាគ្នាពីចំណុចនេះឡើយ។ លោកបានមានប្រសាសន៍ថា “នេះមិនមែនជាការចរចាទេ វាជាការទាមទារចាំបាច់សម្រាប់ស្ថាប័នប្រជាធិបតេយ្យ។ ប្រសិនបើគ្មានកំណែទម្រង់ទេនោះ យើងសុខចិត្តធ្វើការងារតាមផ្លូវជាមួយប្រជាជនប្រសើរជាង [ចូលធ្វើការក្នុងសភា ] ”៕
ប្រែសម្រួលដោយ កង សុធា