33 C
Phnom Penh

អ្នកធ្វើដំណើរត្រឡប់​មករាជធានី​ភ្នំពេញ​បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​​ជួប​​នឹង​ការ​បិទផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្តកណ្តាល​និង​ខេត្តតាកែវ-​​នគរ​បាល​និង​កង​រាជអាវុធហត្ថ​បាន​ដាក់​​រនាំង​​បិទ​ផ្លូវ​នៅ​តាម​ផ្លូវ​ធំៗ​ចូល​មក​រាជធានីភ្នំពេញ​កាលពី​ម្សិលមិញ ការដាក់រនាំង​​បិទ​ផ្លូវ​នេះចាប់តាំងពី​គណបក្ស​ប្រឆាំងបាន​ធ្វើការជួប​ជុំ​គ្នា​ជា​លើក​ដំបូង​នៅ​​ក្នុង​រាជធានីមកម៉្លេះ​ ហើយ​គណបក្ស​នេះ​បាន​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​សភាកាលពី​ខែ​មុន​ ដើម្បី​តវ៉ា​នឹង​លទ្ធ​ផល​បោះ​ឆ្នោត​។

មន្ត្រី​មួយ​ចំនួន​ដែល​ឈរ​យាម​​រនាំង​​បិទ​​ផ្លូវ​ទាំង​នោះ​​បាន​និយាយ​ថា ការ​បិទ​ផ្លូវ​ទាំង​នេះ​គឺ​ដើម្បី​រារាំង​មិន​ឲ្យ​អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​ដែល​ដឹក​មនុស្ស​ហួស​ចំណុះ​ត្រឡប់​ចូល​មក​រាជ​ធានី​បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ រីឯ​អ្នក​ផ្សេង​ទៀត​បាន​និយាយ​ថា ពួកគេ​ត្រូវ​បាន​បញ្ជា​ឲ្យ​ឆែក​ឆេ​រក​អាវុធ​ និង​គ្រឿង​ផ្ទុះ​។

​នៅ​ចំណុច​ត្រួតពិនិត្យ​មួយ​កន្លែង​តាម​ផ្លូវ​ជាតិ​លេខ​១ ដែល​មាន​មន្ត្រី​កង​រាជអាវុធ​ហត្ថ និង​មន្ត្រី​នគរ​បាល​ស្រុក នៅ​ត្រង់​​ព្រំ​ប្រទល់​​រាជ​ធានី​​ភ្នំពេញ និង​ខេត្ត​កណ្ដាល លោក ហុង សុវណ្ណ មេបញ្ជាការរង​​កង​រាជអាវុធហ​ត្ថ​ខណ្ឌ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា ​ការ​ដាក់​កង​កម្លាំង​សន្តិ​សុខ​នេះ​គឺ​ដើម្បី​គ្រប់​គ្រង​ការ​ធ្វើ​ដំណើរ​វិល​ត្រឡប់​​របស់​ប្រជាពល​រដ្ឋ​មក​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​វិញ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​​​មក​​ឈរ​ជើង​នៅទីនេះ​តាំ​ងពី​ល្ងាច​ម្សិលមិញ ដើម្បី​ឆែក​ឆេរ​រក​គ្រឿង​ផ្ទុះ​ និង​ជួយ​សម្រួល​ចរាចរណ៍”។

នៅ​ពេល​រសៀល​នៅ​ក្នុង​ស្រុក​សំរោង​ ខេត្ត​តាកែវ មន្ត្រី​នគរ​បាល​ស្រុក​ឈ្មោះ មឿង សារុន ​បាន​និយាយ​ថា ការ​បិទ​​ផ្លូវ​នេះ​គឺ​ដើម្បី​រារាំង​អ្នក​បើក​បរ​តាក់​ស៊ី​ដែល​ដឹក​មនុស្ស​លើស​ចំណុះ​ចូល​មក​រាជធានីភ្នំពេញ ហើយ​ថា មាន​ការ​ដាក់​​រនាំង​បិទ​​ផ្លូវ​​ត្រួ​ត​ពិនិត្យ​ស្រដៀង​គ្នា​​នេះ​នៅ​តាម​ស្រុក​នីមួយៗ​នៃ​ខេត្ត​នេះ​ផង​ដែរ​។

លោក​បាន​និយាយ​ថា “អ្នក​បើក​តាក់​ស៊ីចង់​បាន​លុយ​ច្រើន​ ដូច្នេះ​ពួកគេ​បាន​ដាក់​មនុស្ស​លើស​ចំនួន​ នោះហើយ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​​ឃា​ត​់​ពួកគេ​” ។ គាត់​បាន​មាន​ប្រសា​សន៍​​បន្ថែម​ថា “ យើង​មិន​ដឹង​ច្រើន​អំពី​ការ​ធ្វើ​បាតុកម្ម​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ឆែក​ឆេរ​រក​អាវុធ​ដើម្បី​សន្តិសុខ​សាធា​រណៈ​ផង​ដែរ​”។

អ្នក​​​ធ្វើ​​​ដំណើរ​​​មួយ​​​ចំនួន​​​ដែល​​​វិល​​​ត្រឡប់​​​មក​​​រាជធានីភ្នំពេញវិញ​​​ក្រោយ​​​ពិធី​​​បុណ្យ​​​ភ្ជុំ​​​បិណ្ឌ​​​រយៈ​​​ពេល​​​បីថ្ងៃ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​ត្រូ​​​វ​​​បាន​​​បង្ខំ​​​ឲ្យ​​​រង់​​​ចាំ​​​រយៈ​​​ពេល​​​មួយ​​​ម៉ោង​​​នៅ​​​កន្លែង​​​ត្រួតពិនិត្យ​​​ ដោយ​​​អ្នក​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​នៅ​​​ពេល​​​ព្រឹក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​បាន​​​ជួប​​​បញ្ហា​​​ច្រើន​​​ជាង​​​អ្នក​​​វិល​​​មក​​​វិញ​​​នៅក្នុង​​​​​​ពេល​​​រសៀល​​​។
អ្នកស្រី ជុំ ស្រីនីម អាយុ​​​៣០​​​ឆ្នាំ​​​ ដែល​​​វិល​​​មកពីការ​​​អប​​​អរ​​​ពិធី​​​បុណ្យ​​​ភ្ជុំ​​​បិណ្ឌ​​​នៅ​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​តាកែវ នៅ​​​វេលា​​​ម៉ោង​​​១១​​​ព្រឹក បាន​​​និយាយ​​​ថា “ ពួកគេ​​​ត្រួត​​​ពិនិត្យ​​​រថយន្ត​​​យូរ​​​ណាស់​​​។ ពួកគេ​​​ឲ្យ​​​ទៅ​​​តែ​​​ឡាន​​​ទទេ​​​ប៉ុណ្ណោះ”។

នៅ​ព្រំប្រទល់​​​ខេត្ត​​​កណ្ដាល​​​ និង​​​ខេត្ត​​​តាកែវ តាម​​​បណ្ដោយ​​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​២ លោក ខុម ស៊ីណាត ជា​​​អ្នក​​​បើក​​​រ៉ឺម៉ក​​​ម៉ូតូ​​​ក្នុង​​​វ័យ​​​៣០​​​ឆ្នាំ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​បាន​​​ខក​​​ពេល​​​ទៅ​​​ទទួល​​​ភ្ញៀវ​​​ម្នាក់​​​ពី​​​ស្រុក​​​កំណើត​​​របស់​​​នាង​​​នៅពេល​​​ព្រឹក​​​ព្រលឹម​​​ ប៉ុន្តែនៅ​​​ពេល​​​ថ្ងៃ​​​គឺ​​​មិន​​​សូវ​​​មាន​​​បញ្ហា​​​ទេ។ លោក​​​បាន​​​និយាយ​ប្រាប់​អ្នក​​យក​ព័ត៌​មាន​​​ថា “ពួកគេ​​​ឃាត់​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ដើម្បី​​​ឆែក​​​រក​​​អាវុធ។ ពួកគេ​​​បាន​​​បិទ​​​ផ្លូវ​​​នៅ​​​ម៉ោង​​​៦​​​ព្រឹក​​​ ដោយ​​​បាន​​​ដាក់​​​រនាំង​​​​​​បិទ​​​ផ្លូវ​​​ឃាត់រថយន្ត​​​នានា​​​។ ចាប់​​​ពី​​​ម៉ោង៦ ព្រឹក​​​ដល់​​​ម៉ោង១០​​​ព្រឹក​​​​​​ ផ្លូវ​​​នេះ​​​ត្រូវ​​​​​​បាន​​​បិទ​​​មិន​​ឲ្យ​​ធ្វើ​​​ដំណើរ​​​ទេ។ ឥឡូវ​​​ពួកគេ​​​បើក​​​វិញ​​​ហើយ​​​ ប៉ុន្តែ​​​ពួកគេ​​​នៅ​​​តែ​​​ត្រួត​​​ពិនិត្យ​​​រថយន្ត​​​មួយ​​​ចំនួន និង​​​ឃាត់​​​ម៉ូតូ​​​មួយ​​​ចំនួន​​​។ ខ្ញុំ​​​គិត​​​ថា ពួកគេ​​​​​​ខ្លាច​​​ប្រជា​​ពល​​​រដ្ឋ​​​​​​ទៅ​​​ចូល​​​រួម​​​ធ្វើ​​​បាតុកម្ម​​​ហើយ​​​”។

លោក ខេង ទីតូ អ្នក​​​នាំពាក្យ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ បាន​​​បដិសេធ​​​​​​ថា មិន​​​បាន​​​ព្យាយាម​​​គ្រប់​​​គ្រង​​​រំហូរ​​​របស់​​​បាតុករ​​​ទៅ​​​ទីលាន​​​ប្រជា​​​ធិប​​​តេយ្យ​​​ឡើយ។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​ហាម​​​ឃាត់​​​ប្រជា​​​ជន​​​មិន​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ចូល​​​ក្នុង​​​រាជធានីទេ។ យើង​​​គ្រាន់​​​តែ​​​ការ​​​ពារ​​​​​​សន្តិ​​​សុខ​​​សាធារណៈ និង​​​ត្រួត​​​ពិនិត្យ​​​រក​​​អាវុធ​​​ជាតិ​​​ផ្ទុះ​​​ប៉ុណ្ណោះ”៕​​​

ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស