ទឹកជំនន់បានលាតសន្ធឹងកាន់តែខ្លាំងឡើងៗកាលពីចុងសប្តាហ៍មុន ខណៈពេលមានខ្យល់ព្យុះបានបក់បោកក្នុងប្រទេស ជាហេតុបណ្តាលឲ្យខេត្តសៀមរាប បាត់ដំបង និងខេត្តប៉ៃលិន បានក្លាយជាខេត្តថ្មីបន្ថែមលើខេត្តផ្សេងៗទៀត ដែលរងគ្រោះដោយសារទឹកជំនន់ឡើងខ្លាំងនាពេលកន្លងមក។
លោក នួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងខេត្តនេះ ទឹកទន្លេបានឡើងផុតចំណុចកម្ពស់ទឹកប្រកាសអាសន្នប្រាំបីសង់ទីម៉ែត្រ ដល់ចំណុច១៣,០៨ម៉ែត្រ កាលពីម្សិលមិញ។ មន្ត្រីនានាក្នុងខេត្តសៀមរាបក៏បានរាយការណ៍ផ្សេងៗគ្នាផងដែរ ទាក់ទងនឹងទំនប់តាកៅ ដែលស្ថិតនៅក្បែរបរិវេណប្រាសាទអង្គរវត្ត ពោលគឺមិនដឹងថា តើទំនប់នេះបានបាក់ដោយផ្នែកឬយ៉ាងណាទេ។
លោក គ្រឹស្នា បានមានប្រសាសន៍ថា “កាលពីយប់ថ្ងៃសៅរ៍ នៅវេលាម៉ោង៩និង៣០នាទីយប់ ភ្លៀងបានធ្លាក់ខ្លាំង ជាហេតុបណ្តាលឲ្យមានទឹកហូរកាន់តែច្រើនឡើងៗទៅកាន់ភ្នំគូលេន ហើយទឹកនៅទំនប់តាកៅក៏បានឡើងពេញ ហើយបន្ទាប់មកទំនប់នេះ ក៏បាក់ ជាហេតុបណ្តាលឲ្យលំនៅដ្ឋាន និងផ្លូវថ្នល់នានា ដែលនៅព័ទ្ធជុំវិញទំនប់នេះ ត្រូវបានទឹកជន់លិច ហើយបង្កផលប៉ះពាល់ដល់ប្រជាជនជាច្រើនពាន់គ្រួសារ”។
លោកបានឲ្យដឹងបន្ថែមទៀតថា អាជ្ញាធរខេត្តបានបង្គាប់អាជ្ញាធរអប្សរា ដែលគ្រប់គ្រងទំនប់ និងអាងស្តុកទឹកនានា ដែលនៅជុំវិញប្រាសាទអង្គរវត្ត ឲ្យបើកទ្វារទំនប់នេះ ដើម្បីឲ្យទឹកអាចហូរចូលក្នុងអាងស្តុកទឹកបារាយណ៍ខាងលិច។ នៅចំកណ្តាលអាងស្តុកទឹកនេះ មានប្រាសាទមេបុណ្យសតវត្សទី១១ ដែលបច្ចុប្បន្ននេះកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់។
លោក យឹម ផល្លី ចៅសង្កាត់រងសង្កាត់គោកចាក់ បានឲ្យដឹងថា ប្រជាជនជាង៣០០គ្រួសារនៅក្នុងសង្កាត់នេះ ត្រូវតែត្រូវបានជម្លៀសចេញ ដោយសារតែទំនប់តាកៅ បាក់ដោយកន្លែង ខណៈដែលលំនៅដ្ឋាន២.០០០ខ្នងត្រូវបានទឹកជន់លិច។ លោកបានមានប្រសាសន៍ថា “យើងបានប្រាប់អាជ្ញាធរឲ្យបើកទ្វារទំនប់តាកៅ ក៏ប៉ុន្តែ ពួកគេបានបើកតែបន្តិចប៉ុណ្ណោះ ហើយពួកគេបាននិយាយថា គេត្រូវការការពារប្រាសាទមេបុណ្យជាមុនសិន ហើយបង្ហូរទឹកចូលក្នុងទីក្រុង។ ប្រសិនបើអាជ្ញាធរអប្សរាបើកទ្វារទំនប់មុនថ្ងៃសៅរ៍ ទំនប់នោះប្រហែលជាមិនបាក់ទេ”។
ក៏ប៉ុន្តែ លោក ហេង ប៉ៅ អគ្គនាយករងអាជ្ញាធរអប្សរា បានលើកឡើងថា សេចក្តីរាយការណ៍ដែលថា ទំនប់តាកៅបានបាក់នោះ មិនពិតនោះទេ ហើយផ្អែកលើការយល់ច្រឡំអំពីប្រភពនៃទឹកជំនន់។ លោកបានមានប្រសាសន៍ថា “ប្រសិនបើទំនប់នេះពិតជាបានបាក់មែននោះ ប្រជាជនជាច្រើនប្រហែលជាបានស្លាប់លឿនណាស់។ ទឹកជំនន់នេះពិតជាហូរពីស្នាមភ្លោះ និងប្រាសាទអង្គរធំនៅខាងលិចប្រាសាទអង្គរវត្ត ដែលមានកម្ពស់ទឹកខ្ពស់ ហើយបានដាក់សម្ពាធ ដែលធ្វើឲ្យបាក់ដងផ្លូវ”។ លោកលើកឡើងបន្ថែមទៀតថា អាងស្តុកទឹកបារាយណ៍ខាងលិច ពេញដោយទឹករួចទៅហើយ ដូច្នេះមិនមានទឹកបន្ថែមទៀតអាចទៅដល់ទីនោះបានទេ។
លោកស្រី ម៉ែន នារីសុភ័ក្រ អ្នកនាំពាក្យកាកបាទក្រហមកម្ពុជាបានឲ្យដឹងថា ស្ថាប័ននេះកំពុងសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន នៅតាមតំបន់ថ្មីៗដែលត្រូវបានទឹកជន់លិច ក្នុងខេត្តសៀមរាប ក៏ដូចជា ខេត្តប៉ៃលិន និងខេត្តបាត់ដំបងផងដែរ ដើម្បីជួយជម្លៀសប្រជាជន និងផ្តល់ជំនួយដល់ពួកគាត់។
លោកស្រីបានមានប្រសាសន៍ថា “ក្នុងថ្ងៃនេះ នៅខេត្តសៀមរាប ប្រធានប្រចាំនៅទីនោះ បានរៀបចំក្រុមផ្តល់ជំនួយដល់ប្រជាជន២០០គ្រួសារ ដែលស្ថិតនៅភាគខាងលិចនៃបរិវេណប្រាសាទអង្គរវត្ត និងបានយកថ្នាំក្លរ៉ាមីន ទឹកបរិសុទ្ធ នំបុ័ង អង្ករ និងមី ឲ្យប្រជាជនទាំងនោះ”។ លោកស្រីបានឲ្យដឹងបន្ថែមទៀតថា គិតពីថ្ងៃទី១ ខែកញ្ញា រហូតមកដល់ថ្ងៃទី៣ ខែតុលា កាកបាទក្រហមបានជួយប្រជាជន៨.៩០២គ្រួសារនៅទូទាំង១០ខេត្តក្នុងប្រទេសកម្ពុជា។ ទឹកជំនន់បានឆក់យកជីវិតរបស់ប្រជាជនយ៉ាងតិច៣៩នាក់ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ហើយប្រជាជនជាច្រើនពាន់នាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន៕
ប្រែសម្រួលដោយ កង សុធា