ច្រកទ្វារភាគខាងជើងនៃប្រាសាទព្រះខាន់នៅក្នុងឧទ្យានបុរាណវត្ថុវិទ្យា បានរងការខូចខាតកាលពីថ្ងៃសុក្រ ដោយសារដើមឈើកម្ពស់៣០ម៉ែត្រមួយដើមបានរលើងឫស ហើយបានដួលរលំមកលើប្រាសាទនេះ ដែលបានកសាងតាំងពីសតវត្សទី១២មកម៉្លេះ។

លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងប្រាសាទនៅក្នុងបរិវេណឧទ្យានបុរាណវត្ថុវិទ្យា បានមានប្រសាសន៍ថា ដើមឈើនេះ បានបាក់ទ្រោបលើថ្មធំចំនួនប្រាំបីដែលទ្រមាត់ច្រកទ្វារមួយក្នុងចំណោមមាត់ច្រកទ្វារសំខាន់របស់ប្រាសាទបុរាណនេះ។ គ្មាននរណាម្នាក់រងរបួសដោយសារដើមឈើដែលដួលរលំនេះទេ។
លោក ណារិទ្ធ បានមានប្រសាសន៍ថា “ដើមឈើធំមួយដើមបានដួលរលំកាលពីថ្ងៃសុក្រនៅវេលាម៉ោង១១និង៣០នាទីយប់ដោយសារខ្យល់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលជាហេតុបណ្តាលឲ្យមានការខូចខាតដល់ប្រាសាទព្រះខាន់នៅច្រកទ្វារខាងមុខនៃ ច្រកចូលប្រាសាទភាគខាងជើង ធ្វើឲ្យបាក់បែកថ្មជាច្រើន”។
អាជ្ញាធរអប្សរា ពេលនេះកំពុងតែធ្វើការស្ទូចយកដើមឈើនេះចេញ ដែលដើមរបស់វាដួលលើកំពូលដំបូលប្រាសាទ គិតមកដល់ម្សិលមិញនេះ។ លោក ណារិទ្ធ បានថ្លែងថា “យើងត្រូវកាត់ដើមវា ដើម្បីយកវាចេញពីប្រាសាទ ប៉ុន្តែវាមានការលំបាកក្នុងការកាប់វា ដោយសារតែទឹកជំនន់ពីភ្លៀង”។ លោកបានបន្ថែមថា “មានទឹកច្រើនណាស់ ហើយវាធ្វើឲ្យឫសដើមឈើដ៏ធំនេះឆាប់រលើង”។
មានទីតាំងនៅចំកណ្តាលតំបន់នៃទីកន្លែងបេតិកភណ្ឌពិភពលោកដែលមានការការពារបំផុត ប្រាសាទព្រះខាន់ ត្រូវបានសាងសង់ដោយព្រះមហាក្សត្រ ជ័យវរ័ន្មទី៧ ដើម្បីជាការរំឭកដល់ព្រះបិតារបស់ព្រះអង្គ។ ប្រាសាទដែលកាលពីដើមឡើយត្រូវបានគេហៅថា ណាហ្គារ៉ាចាយាស្រ៊ី ឬទីក្រុងជ័យជម្នះដ៏ពិសិដ្ឋនេះមានទីសក្ការៈច្រើន និងសាលអន្តរាគមន៍ព័ទ្ធដោយស្នាមភ្លោះ និងជញ្ជាំងដ៏មាំ។ នៅអមច្រកទ្វារបួនចូលទៅក្នុងមណ្ឌលសំខាន់របស់ប្រាសាទនេះ មានសំណាកព្រះអទិទេព និងរូបយក្សកាន់នាគស័ក្ដិសិទ្ធិ។
លោក អ៊ឹម សុខឫទ្ធី ប្រធាននាយកដ្ឋានព័ត៌មាននៅអាជ្ញាធរអប្សរា បានឲ្យដឹងថា ប្រាសាទព្រះខាន់ មានភាពល្បីល្បាញដោយសារតែមានព្រះអាទិទេពចម្រុះនៅក្នុងជញ្ជាំងប្រាសាទ។ ប្រាសាទដ៏សំខាន់នេះត្រូវបានឧទ្ទិសដល់ព្រះពុទ្ធសាសនា ចំណែកឯប្រាសាទ មួយទៀតត្រូវបានកសាងដើម្បីគោរពព្រះនៃសាសនាហ៊ិនឌូ គឺព្រះវិស៊្នុ។
នៅផ្នែកខាងជើងនៃប្រាសាទនេះ ដែលរងខូចខាតដោយសារដើមឈើនេះ ត្រូវបានកសាងដើម្បីគោរពបូជាព្រះសេវៈ ជាព្រះហ៊ិនឌូ ដែលមានតួនាទីបំផ្លាញពិភពលោក ដើម្បីឲ្យពិភពលោកអាចត្រូវបានបង្កើតឡើងវិញ។ ផ្ទុយពីលោក ណាឫទ្ធិ លោក សុខឫទ្ធី បានលើកឡើងថា ការខូចខាតប្រាសាទនេះមិនសូវជាអាក្រក់នោះទេ ហើយ វានឹងត្រូវបានជួសជុលពេញលេញឡើងវិញ។ លោកមានប្រសាសន៍ថា “យើងមានក្រុមការងារមួយ[ដែលធ្វើការយកដើមឈើនេះចេញ]…។ យើងបានប្រមូលថ្មទាំងអស់ ហើយបន្ទាប់មកយើងនឹងដំឡើងវាវិញ”។
ក៏ដូចជាប្រាសាទតាព្រហ្មសតវត្សទី១២ផងដែរ ដែលព្រះបាទជ័យវរ័ន្មទី៧បានកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះមាតារបស់ព្រះអង្គ ប្រាសាទព្រះខាន់ព័ទ្ធជុំវិញដោយរុក្ខជាតិ និងដើមឈើធំៗ ដែលឫសនិងដើមរបស់វាបានចាក់លើជញ្ជាំងមួយចំនួននៃប្រាសាទនេះ។
លោក យឹម សូវ៉ាត អនុប្រធាននាយកដ្ឋានបរិស្ថានព្រៃឈើនិងទេសភាព នៃអាជ្ញាធរអប្សរា បានឲ្យដឹងថា ដើមឈើជាង១០ដើម បានរលើងនៅក្នុងឧទ្យានបុរាណវត្ថុវិទ្យាអង្គរ អំឡុងពេលមានព្យុះភ្លៀងកាលពីថ្ងៃសុក្រ ក៏ប៉ុន្តែមានតែប្រាសាទព្រះខាន់ប៉ុណ្ណោះបានរងការខូចខាត។ លោក សូវាត បានមានប្រសាសន៍ថា “ប្រាសាទអង្គរធំ ក៏មានការបាក់ដើមឈើមួយដើមដែរ ហើយវារលំលើក្បាលរូបតោធំមួយ ប៉ុន្តែវាមិនខូចខាតទេ”។ លោកបានបន្ថែមថា ដើមឈើនេះ បានរលំចូលទៅក្នុងស្នាមភ្លោះនៅជុំវិញប្រាសាទអង្គរ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី