ក្រុមន្ត្រីបានឲ្យដឹង កាលពីម្សិលមិញថា ក្រឡាបញ្ជីម្នាក់នៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងស្ត្រីអ្នកសមគំនិតមិនស្គាល់ឈ្មោះម្នាក់ ត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រ ពីបទអំពើពុករលួយ និងទទួលសំណូក ហើយត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នរងចំាការកាត់ទោសនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ។
លោក ស្រ៊ុន លាង ប្រធានពន្ធនាគារព្រៃស មានប្រសាសន៍ថា “យើងបានទទួលក្រឡាបញ្ជីរូបនេះ កាលពីថ្ងៃសុក្រនៅវេលាម៉ោង២រសៀល ហើយពេលនេះគាត់កំពុងតែត្រូវបានឃុំខ្លួននៅពន្ធនាគារ”។
លោក តេង ប៊ុនធី ប្រធានមណ្ឌលកែប្រែ២ នៅពន្ធនាគារព្រៃស បានឲ្យដឹងថា ស្ត្រីម្នាក់ដែលគេមិនស្គាល់ឈ្មោះ ក៏ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ កាលពីថ្ងៃសុក្រផងដែរ ដោយសារពាក់ព័ន្ធក្នុងករណីដូចគ្នានេះ។ លោក សេង ហៃ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់កាលពីម្សិលមិញថា ស្ត្រីម្នាក់ត្រូវបានសាកសួរ ក្នុងពេលជាមួយលោក សុខ ហេង។
លោក ហៃ បានថ្លែងថា “ខ្ញុំបានឃើញថា ជនសង្ស័យទាំងពីរនាក់ត្រូវបានសាកសួរ គឺបុរសម្នាក់ និងស្ត្រីម្នាក់”។ កាលពីថ្ងៃអង្គារ នគរបាល និងមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួន ឈ្មាះសួង សុខហេង អាយុ២០ឆ្នាំ ក្រឡាបញ្ជីផ្ទាល់របស់លោក ផន វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមតុលាការខេត្ត។ លោក សុខហេង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសាកសួរកាលពីថ្ងៃព្រហស្បតិ៍។
លោក អាង មាលតី ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងពីមូលហេតុគេចាប់ខ្លួនគាត់ គឺដោយសារតែអង្គភាពប្រឆាំងពុករលួយបាននិងកំពុងតែធ្វើការលើករណីនេះ”។ លោក ចាន់ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីសប្តាហ៍មុនថា លោក សុខហេង ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក ជាថ្នូរនឹងការបញ្ចេញរថយន្ត ដែលត្រូវបានឃាត់ទុក និងការដឹកឈើខុសច្បាប់៕
ប្រែសម្រួលដោយ ចេវ ប៊ុននី