បើទោះបីជាគណបក្សសង្គ្រោះជាតិនៅតែបដិសេធមិនទទួលយកអាសនៈទាំង៥៥របស់ខ្លួនក៏ដោយ ក៏រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គនៅក្នុងថ្ងៃព្រហស្បតិ៍នេះជាលើកដំបូង ចាប់តាំងពីសមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជន បានបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា និងប្រធានគណៈកម្មាធិការទាំងប្រាំបួនរបស់ស្ថាប័ននេះ កាលពីខែមុនមក។
ប្រធាននៃគណៈកម្មាធិការទាំងប្រាំបួន ដែលរួមបញ្ចូលគ្នាបង្កើតបានជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ហើយត្រូវបានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ដោយសមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញានេះ ក៏នឹងបើកកិច្ចប្រជុំដំបូងរបស់ខ្លួននៅថ្ងៃស្អែកនេះផងដែរ។
លោក ឈាង វុន ជាអ្នកនាំពាក្យរដ្ឋសភា និងជាសមាជិកសភានៃគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា “គណៈកម្មាធិការអចិន្ត្រៃយ៍នឹងបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៨ ខែតុលា នាពេលរសៀល ចំណែកសម័យប្រជុំពេញអង្គនៃរដ្ឋសភា នឹងធ្វើនៅពេលក្រោយ” ដោយបានបញ្ជាក់ថា សម័យប្រជុំពេញអង្គនឹងធ្វើនៅថ្ងៃព្រហស្បតិ៍។
ទាំងលោក ឈាង វុន និងលោក គាំ កុសល នាយកខុទ្ទកាល័យរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាបានបដិសេធមិនប្រាប់អំពីរបៀបវារៈនៃសម័យប្រជុំនេះទេ។
គេហទំព័រព័ត៌មាន CEN បានដកស្រង់សម្ដីលោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃសុក្រថា រដ្ឋសភានឹងបោះឆ្នោតសម្រេចលើសមាជិកភាព នៃគណៈកម្មាធិការទាំងប្រាំបួន ដែលគណៈកម្មាធិការទាំងនេះ មានសមាជិកយ៉ាងតិចប្រាំពីររូប។ លោក ជាម យៀប ត្រូវបានស្រង់សម្ដីថា “សម័យប្រជុំពេញអង្គដំបូង នឹងត្រូវបើកនៅថ្ងៃទី១០ ខែតុលា ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកសមាជិកានៃគណៈកម្មាធិការជំនាញទាំងប្រាំបួនរបស់រដ្ឋសភា”។
កាលពីថ្ងៃទី២៣ ខែកញ្ញា សមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បានបើកសម័យប្រជុំសភាលើកដំបូងចាប់តាំងពីមានការបោះឆ្នោតជាតិដ៏សែនចម្រូងចម្រាសកាលពីខែកក្កដា ដែលគណបក្សប្រឆាំងនៅតែអះអាងថា ខ្លួនជាអ្នកទទួលបានជ័យជម្នះមក។ អំឡុងសម័យប្រជុំសភាដំបូងនោះ សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតជ្រើសតាំងលោក ហេង សំរិន ធ្វើជាប្រធានរដ្ឋសភាមួយអាណត្តិទៀត និងបានបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណៈកម្មាធិការជំនាញទាំងប្រាំបួន និងបានអនុម័តលើការបង្កើតគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនាយករដ្ឋ ហ៊ុន សែន នៅថ្ងៃបន្ទាប់។ គណបក្សសង្គ្រោះជាតិបានចាត់ទុករដ្ឋសភាឯកបក្សបច្ចុប្បន្ន ដែលមានតែគណបក្សប្រជាជនកម្ពុជាទទួលយកអាសនៈរបស់ខ្លួនថា ជាសភាមិនស្របតាមរដ្ឋធម្មនុញ្ញ និងមិនស្របទៅតាមច្បាប់។
លោក យឹម សុវណ្ណ សមាជិកសភាជាប់ឆ្នោត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រឆាំង មិនត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងការជ្រើសតាំងសមាជិកសមាជិកានៃគណៈកម្មាធិការទាំងប្រាំបួនរបស់រដ្ឋសភា នេះទេ ហើយបានបដិសេធមិនទទួលស្គាល់សម័យប្រជុំនាពេលខាងមុខនេះឡើយ។
លោកបានមានប្រសាសន៍ថា “យើងមិនយកចិត្តទុកដាក់នឹងរឿងនេះទេ ហើយម្ចាស់ឆ្នោតក៏មិនយកចិត្តទុកដាក់នឹងរឿងនេះ ដែរ ព្រោះរាជរដ្ឋាភិបាលដែលបង្កើតឡើងក្រោយថ្ងៃទី២៣ ខែកញ្ញា គឺមិនស្របច្បាប់ ទេហើយរដ្ឋសភាក៏មិនស្របច្បាប់ដែរ”។ លោកបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាគួររង់ចាំរហូតដល់គណបក្សទាំងពីររកឃើញដំណោះស្រាយមួយតាមរយៈការចរចាសម្រាប់ជម្លោះជុំវិញការបោះឆ្នោត និងចាំឲ្យគណបក្សប្រឆាំងទទួលយកអាសនៈរបស់ខ្លួនសិន មុននឹងបំពេញតំណែងក្នុងជួរគណៈកម្មាធិការទាំងនេះ។
ការចរចារវាងគណបក្សទាំងពីរបានបរាជ័យចាប់តាំងពីការចរចាបិទទ្វាររយៈពេលពីរថ្ងៃរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានជាប់គាំងកាលពីពាក់កណ្ដាលខែកញ្ញាមក។ ក្រោយមក លោក ហ៊ុន សែន អះអាងថា លោកព្រមផ្ដល់តំណែងប្រធានគណៈកម្មាធិការចំនួនបួនក្នុងចំណោមគណៈកម្មាធិការជំនាញទាំងប្រាំបួនរបស់រដ្ឋសភា ប៉ុន្តែបានច្រានចោលការទាមទារតំណែងប្រធានសភារបស់គណបក្សសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការផ្ដល់ជូនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬការទាមទាររបស់គណបក្សប្រឆាំង អំឡុងការចរចានោះទេ។ លោកបានមានប្រសាសន៍ដោយមិនបរិយាយលម្អិតថា “យើងចង់បានតុល្យភាពអំណាច… ដើម្បីធ្វើការផ្លាស់ប្ដូរឲ្យបានឆាប់រហ័ស”។ លោកក៏បានឲ្យដឹងផងដែរថា គណបក្សសង្គ្រោះជាតិមិនទាន់មានគម្រោងចូលរួមប្រជុំសភានៅឡើយទេ ហើយថា គណបក្សទាំងពីរក៏មិនទាន់មើលឃើញសញ្ញានៃការវិលទៅកាន់តុចរចាវិញនាពេលឆាប់ៗដែរ៕
(រាយការណ៍បន្ថែមដោយ Zsombor Peter)
ប្រែសម្រួលដោយ អ៊ូច សូនី