29 C
Phnom Penh

WWF ៖ ត្រូវ​មាន​កិច្ច​ប្រជុំ​បន្ទាន់​​ពី​ទំនប់​វារីអគ្គិសនី​របស់​ឡាវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ផែ្នក​បរិស្ថាន​អន្តរជាតិ​ WWF បាន​ស្នើ​ឲ្យ​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) កោះ​ប្រជុំ​ជា​បន្ទាន់​ ដើម្បី​ពិភាក្សា​អំពី​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន​ ដែល​អាច​កើត​មាន​ឡើង​ដោយ​សារ​ទំនប់​វារី​អគ្គិសនី​ដូន​សាហុង​ នៅ​ក្នុង​ប្រទេស​ឡាវ​  ដែល​គេ​រំពឹង​ថា ការ​សាង​សង់​​​ទំនប់​នេះ​​នឹង​ចាប់​ផ្តើ​ម​នៅ​ខែ​ក្រោយ​។

លោក ជីម លីប (Jim Leape) អគ្គនាយក​អង្គការ​ WWF បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា គណៈកម្មការ​ទន្លេមេគង្គ​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​ ដែល​មាន​សមាស​ភាព​មន្ត្រី​មក​ពី​ប្រទេស​កម្ពុជា​ ឡាវ ថៃ និង​វៀត​ណាម​ នោះ​ នឹង​ត្រូវ​គេ​បំពាន​ ប្រសិន​​​បើ​​​មាន​​​ការ​​​សាង​សង់​ទំនប់​វារីអគ្គិសនី​ដូន​​​សា​​​ហុង ​ដោយ​គ្មាន​កិច្ច​ពិភាក្សា​ជាមុន​ទេ​នោះ។

លោក លីប បាន​មាន​ប្រសាសន៍​សំដៅ​ដល់​ទំនប់​វារីអគ្គិសនី​សាយាប៊ូរីកម្លាំង​១.២៨៥​មេហ្គាវ៉ាត់ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន​ ថ្វី​បើ​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​កម្ពុជា​ និង​វៀតណាម​ក៏​ដោយ​នោះ​​ថា “គណៈកម្មការ​ទន្លេមេគង្គ​ត្រូវ​បាន​គេ​បំពាន​​បាន​ជោគ​ជ័យ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន នៅ​ពេល​ដែល​ប្រទេស​ឡាវ​សម្រេច​ជា​ឯក​តោ​ភាគី​​​​ ដើម្បី​​​ដំណើរ​ការ​សាង់​សង់​ទំនប់​វារី​អគ្គិសនី​សាយាប៊ូរី​ដ៏​ចម្រូង​ចម្រាស​នេះ​ ​ផ្ទុយ​ពី​គោល​បំណងរបស់​​វៀតណាម ​និង​កម្ពុជា​​”។

លោក​បាន​បន្ថែម​ថា “ប្រទេស​បួននៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម​ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ជា​បន្ទាន់​នូវ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ដើម​របស់​គណៈកម្មការ​ទន្លេមេគង្គ​ ហើយ​ត្រូវ​ជួប​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​របស់​ខ្លួន ព្រម​ទាំង​ធ្វើការ​ពិគ្រោះ​យោបល់​មុន​ពេល​ពិចារណា​ពី​គម្រោង​សាង​សង់​ទំនប់​ផ្សេង​ទៀត​”។

លោក លីប ក៏​ស្នើ​ឲ្យ​ប្រទេស​វៀតណាម កម្ពុជា និង​ថៃ បង្ហាញ​​កង្វល់​របស់​​ខ្លួន​ជា​សាធារណៈ​ផង​ដែរ​​អំពី​ការ​ដែល​ប្រទេស​ឡាវ​មិន​គោរព​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ពិគ្រោះ​យោបល់​”។ លោក​បាន​មាន​ប្រសាសន៍​ថា “បើ​គ្មាន​កិច្ច​សហ​ប្រតិបត្តិការ​ឆ្លង​ដែន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ទេ​នោះ ជីវភាពរស់​នៅ និង​សន្តិសុខ​ស្បៀង​អាហារ​របស់​ប្រជាពលរដ្ឋ​៦០លាន​នាក់​​ត្រូវ​រង​ផល​ប៉ះ​ពាល់​”។

កាលពី​សប្តាហ៍​មុន ប្រទេស​ឡាវ​បាន​ជូន​ដំណឹង​​ទៅ​គណៈកម្មការ​ទន្លេមេគង្គ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​គ្រប់​គ្រង​អាង​ទន្លេ​មេគង្គ​​ក្រោម​ថា ខ្លួន​គ្រោង​​សាងសង់​ទំនប់​វារី​អគ្គិសនី​ដូន​សាហុង​នៅ​ពេល​ឆាប់​ៗនេះ​ ហើយ​ការ​សាង​សង់​​នឹង​បញ្ចប់​ត្រឹម​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។

អ្នក​រិះ​គន់​បាន​ចាត់​ទុក​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ​ថា ជា​ការ​បំពាន​កិច្ច​ព្រម​​ព្រៀង​ស្តី​អំពី​​ទន្លេមេគង្គ​ឆ្នាំ​១៩៩៥ ដែល​ចែង​ថា ការ​អភិវឌ្ឍន៍​នៅ​តាម​ដង​ទន្លេមេគង្គ​​ខាង​លើ​ទាំង​អស់​អាច​ដំណើរ​ការ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​ព្រម​ព្រៀង​​ពី​ប្រទេស​ទាំង​បួន​។ ទោះ​ជា​យ៉ាង​ណា​ មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​ទាំង​បួន​អំពី​ការបក​ស្រាយ​​កិច្ច​ព្រម​ព្រៀង​នេះ។

អំឡុង​កិច្ច​ប្រជុំ​ចុង​ក្រោយ​របស់​គណៈ​កម្ម​ការ​​​ទន្លេមេគង្គ​ កាលពី​ខែ​មករា លោក វីរ៉ា​​​ផុញ វីរ៉ាវង្ស អនុរដ្ឋមន្ត្រី​ក្រសួង​ថាមពល​ និង​រ៉ែ របស់​ប្រទេស​ឡាវ​ បាន​និយាយ​ថា ដំណើរ​ការ​ពិគ្រោះ​យោបល់​របស់​គណៈ​កម្មការ​ទន្លេមេគង្គ​មាន​រយៈ​ពេល​​តែ​ប្រាំមួយ​​ខែ​ប៉ុណ្ណោះ​ ហើយ​មិន​តម្រូវ​ឲ្យ​មាន​​ការ​ព្រម​ព្រៀង​គ្នា​ទេ​។
លោក ស៊ីន នីនី អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ទន្លេមេគង្គជាតិ​កម្ពុជា​ មិន​​យល់​ស្រប​​ទេ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ហើយ​បាន​លើក​ឡើង​ពី​យោបល់​របស់​លោក​ថា ប្រទេស​ទាំង​អស់​ត្រូវ​មាន​ការ​ព្រម​ព្រៀង​គ្នា​មុន​ពេល​អនុវត្ត​គម្រោង​​នៅ​​តាម​ដង​ទន្លេ​មេគង្គ​​ខាង​លើ​។

អ្នក​ជំនាញ​​បរិស្ថាន​បាន​និយាយថា ដោយ​រំពឹង​ថាផលិត​អគ្គិសនី​បាន​ប្រហែល​២៤០​មេហ្គាវ៉ាត់​នោះ ទំនប់​ដូន​សាហុង ស្ថិត​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​ឈ្មោះ​ថា ទឹក​ធ្លាក់​ឃុន (Khone Falls)ជា​កន្លែង​ដែល​មាន​​ទឹក​ហូរ​​ត្របាញ់​​ចូល​គ្នា​​នៅ​​​ក្នុង​​ទន្លេមេគង្គ​​ខាង​លើ​នេះ។ ទំនប់​ដែល​ស្ថិត​នៅ​មិន​ដល់​១គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​កម្ពុជា​នេះអាច​នាំ​ឲ្យ​ផុត​ពូជ​ត្រី​ផ្សោត​ និង​ត្រី​រាជ​​នៅ​ក្នុង​ទន្លេមេគង្គ​ព្រម​ទាំង​បិទ​ផ្លូវ​បំលាស់​ទី​របស់​ត្រី​ដ៏​សំបូរ​បែប​នៅ​ក្នុង​ទន្លេនេះ។

លោក វ៉ាត់ បុត្រ​កុសល អគ្គលេខា​ធិការ​រងនៃ​គណៈកម្មាធិការ​ទន្លេមេគង្គជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​​​​​​​ដឹង​ថា ប្រទេស​ឡាវ​បាន​ជូន​ដំណឹង​ទៅ​​​គណៈ​​​​​​​​​​​​កម្មការ​ទន្លេមេគង្គ​អំពី​ផែន​ការ​​របស់​ខ្លួន​ក្នុង​ការ​សាង​សង់​ទំនប់​នេះ ប៉ុន្តែ លោក​មិន​ដឹង​ច្បាស់​ថា តើ​ភាគី​កម្ពុជា​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ព័ត៌មាន​នេះ​ទេ។

លោក បុត្រ​កុសល បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​ទំនប់​នេះ​ស្ថិត​នៅ​ជិត​​ព្រំ​ដែន​កម្ពុជានោះ​ ប្រទេស​ជិត​ខាង​ទាំង​បួន​គួរ​តែ​ពិភាក្សា​អំពី​ទំនប់​នេះ​ភ្លាម​ៗ។
លោក​បាន​មាន​ប្រសាសន៍​ថា “ តាម​ទស្សន​​ខ្ញុំ​ ទំនប់​នេះ​ស្ថិត​នៅ​កៀក​ព្រំ​ដែន​កម្ពុជា​។ ទំនប់​ដូន​សាហុង គឺ​ជា​ទំនប់​​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​ ដូច្នេះ ប្រទេស​ផ្សេង​ទៀតត្រូវ​តែ​ពិភាក្សា​គ្នា​អំពី​ផល​ប៉ះ​ពាល់​អវិជ្ជមាន​”។ ​លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ នឹង​ពិភាក្សា​អំពី​ប្រតិកម្ម​។

ក្រុម​ហ៊ុន​ដែល​ទទួល​បាន​កិច្ច​សន្យា​សាង​សង់​ទំនប់​នេះ​ គឺ​ក្រុម​ហ៊ុន​ម៉ាឡេស៊ី Mega First Corporation Berhad ដែល​មិន​ធ្លាប់​សាង​សង់​ទំនប់​​វារី​អគ្គិសនី​ពី​មុន​។ ថ្វី​បើ​មាន​កង្វល់​ពី​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​​ខាង​ក្រោម​ និង​អ្នក​​ជំនាញ​បរិស្ថាន ​​​​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​ឡាវ​បាន​លើក​ឡើង​ថា ទំនប់​នេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​ជល​ផល​ដែរ​ ព្រោះ​ត្រី​អាច​ផ្លាស់​ទី​តាម​ចរន្ត​ទឹក​ផ្សេង​ទៀត​ជុំ​វិញ​តំបន់​ទឹក​ធ្លាក់​​ឃុន នៅ​កោះ​ទំហំ​៤.០០០គីឡូម៉ែត្រ​ក្រឡា​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ​​នេះ​៕

(រាយការណ៍​បន្ថែម​ដោយ ឆន ចាន់ស៊ី)
ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស