អាជ្ញាធរមូលដ្ឋានបាននិយាយកាលពីម្សិលមិញថា ខណៈពេលដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួនដោយសារតែទឹកជំនន់នោះ កាកបាទក្រហមកម្ពុជា ជាអង្គការមនុស្សធម៌ធំបំផុត និងដែលទទួលបានមូលនិធិច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា មិនទាន់ផ្ដល់ជំនួយគ្រោះទឹកជំនន់ដល់សហគមន៍ជាច្រើនដែលកំពុងជួបការលំបាកនៅឡើយទេ។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងគ្រោះធ្ងន់បំផុតមួយចំនួនបានលើកឡើងថា ពួកគាត់កំពុងរង់ចាំកាកបាទក្រហមកម្ពុជាបង្ហាញមុខ ខណៈពេលដែលអង្គការផ្ដល់ជំនួយបរទេសនានាដូចជា អង្គការការីតាស និងអង្គការអក់ហ្វាម បានផ្ដល់ជំនួយជាគ្រឿងឧបភោគនិងបរិភោគដូចជាទឹកស្អាត និងអង្ករជាដើមដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីផ្ទះសំបែង។
លោក គង់ យេន ប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ចាម ទីដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព បានមានប្រសាសន៍ថា លោកមិនទាន់បានជួយជនរងគ្រោះដោយសារទឹកជំនន់ណាម្នាក់នៅឡើយទេនៅក្នុងតំបន់នេះ ដោយសារតែប៉ុន្មានថ្ងៃថ្មីនេះ ជាពិធីបុណ្យភ្ជុំបិណ្ឌ។
លោកបានមានប្រសាសន៍ថា “យើងមិនធ្វើការទេអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ពីព្រោះយើងឈប់សម្រាក”។ លោកបានលើកឡើងទៀតថា លោកបានផ្ញើលិខិតមួយច្បាប់មកទីស្នាក់ការកណ្ដាលរបស់កាកបាទក្រហមកម្ពុជានៅក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំជំនួយបន្ថែមទៀតកាលពីមួយសប្ដាហ៍មុន។
លោកមានប្រសាសន៍ថា “យើងបានផ្ញើលិខិតមួយច្បាប់ទៅកាកបាទក្រហមកម្ពុជា [ទីស្នាក់ការកណ្ដាល] ដើម្បីស្នើសុំអំណោយសម្រាប់ជួយជនរង្គ្រោះដោយសារទឹកជំនន់ ប៉ុន្តែកាកបាទក្រហមមិនទាន់ឆ្លើយតបនឹងសំណើរបស់យើងនៅឡើយទេ”។
លោក គង់ យេន បានមានប្រសាសន៍ទៀតថា ការិយាល័យរបស់លោកបានត្រៀមអង្ករចំនួន៤០តោន ប៉ុន្តែមិនទាន់ចែកជូនជនរងគ្រោះដោយសារទឹកជំនន់នៅឡើយទេ ពីព្រោះលោកមិនទាន់ដឹងច្បាស់ថា តើត្រូវយកអំណាយទាំងនោះពីកន្លែងណា។
លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាប្រធានអង្គការកាកបាទក្រហមកម្ពុជា ដែលមានសាខានៅគ្រប់ខេត្តទាំងអស់ទូទាំងប្រទេសនិងដែលទទួលបានប្រាក់បរិច្ចាគរាប់លានដុល្លារក្នុងមួយឆ្នាំៗ។
លោកស្រី ម៉ែន នារីសុភ័ក្រ អនុប្រធានកាកបាទក្រហមកម្ពុជាបានបដិសេធការអះអាងរបស់លោក គង់ យេន ដោយមានប្រសាសន៍ថា អង្គការរបស់លោកស្រីមិនទាន់ទទួលបានសំណើសុំជំនួយណាមួយពីសាខាកាកបាទក្រហមកម្ពុជានៅក្នុងខេត្តកំពង់ចាមនៅឡើយទេ។
យោងតាមលោកស្រី ម៉ែន នារីសុភ័ក្រ បានឲ្យដឹងថា កាកបាទក្រហមកម្ពុជាបានជួយជម្លៀសប្រជាពលរដ្ឋចំនួន១៣.០០០គ្រួសារនៅទូទាំងប្រទេស ហើយបានផ្ដល់ជំនួយជាគ្រឿងឧបភោគ និងបរិភោគដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន៨.៩០២គ្រួសារ។ លោកស្រីបានមានប្រសាសន៍ថា “យើងបានជួយជាស្បៀងអាហារដល់ពួកគាត់ ជាពិសេសអង្ករ ហើយសម្រាប់ប្រជាពលរដ្ឋខ្លះ យើងផ្ដល់ជាជម្រកដល់ពួកគាត់”។
តែទោះជាយ៉ាងណា លោក គង់ សោភ័ណ្ឌ អភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលជាតំបន់រងគ្រោះធ្ងន់មួយទៀត បានមានប្រសាសន៍ថា កាកបាទក្រហមមិនទាន់បានផ្ដល់ជំនួយដល់ជនរងគ្រោះណាមួយនៅឡើយទេ។ លោកបានមានប្រសាសន៍ថា “យើងមិនទាន់ទទួលបានអំណោយពីអង្គការណាមួយនៅឡើយទេ ហើយសូម្បីតែកាកបាទក្រហមកម្ពុជាក៏មិនទាន់បានផ្ដល់អំណោយដល់ជនរងគ្រោះ ដោយសារទឹកជំនន់នៅឡើយដែរ…។ ខ្ញុំមិនដឹងថា មូលហេតុអ្វីទេ។ យើងក៏បានផ្ដល់ថ្នាំពេទ្យដល់កុមារមួយចំនួន ដើម្បីបញ្ឈប់ការរាករូសផងដែរ”។
លោក ឃឹម ចាន់គិរី អភិបាលស្រុកស្អាងខេត្តកណ្ដាលបានមានប្រសាសន៍ថា ទោះបីជាលោកបានស្នើសុំជំនួយដោយផ្ទាល់ពីកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញចំនួន៥៤០គ្រួសារនៅក្នុងស្រុកនេះក្ដី ក៏លោកមិនទាន់ឃើញអំណោយណាមួយនៅឡើយទេ។
លោកបានមានប្រសាសន៍ថា “យើងបានផ្ញើរបាយការណ៍មួយ ដែលមានចំនួនជនរងគ្រោះដោយសារទឹកជំនន់ទៅអង្គការកាកបាទក្រហមកម្ពុជារួចហើយ ចាប់តាំងពីតំបន់នេះបានជន់លិចកាលពីពីរសប្ដាហ៍មុនម៉្លេះ ប៉ុន្តែយើងមិនទាន់ទទួលបានអំណោយនៅឡើយទេ”។
នៅក្នុងខេត្តបាត់ដំបង ទីដែលទឹកជំនន់បានហ៊ុមព័ទ្ធតំបន់ជាច្រើននៃចំណុចកណ្ដាលក្រុងបាត់ដំបង កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋចំនួន២៨០គ្រួសារមកពីសង្កាត់ចំនួនបួនត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នេះបើតាមប្រសាសន៍របស់លោក ទឹម ដារ៉េត អភិបាលស្រុកបវេល។ ប៉ុន្តែស្រុកនេះកំពុងរង់ចាំជំនួយនៅឡើយ។
លោកបានមានប្រសាសន៍ថា “ស្រុករបស់ខ្ញុំបានចែកអង្ករពីរ ទៅប្រាំគីឡូក្រាមដល់គ្រួសារនីមួយៗ វាជាអំណោយសង្គ្រោះបន្ទាន់សម្រាប់គ្រួសារក្រីក្របំផុត ហើយយើងនឹងស្នើសុំអំណោយពីកាកបាទក្រហម [ថ្ងៃនេះ]”។ លោកបានបកស្រាយថា អំណោយនេះមិនមែនកាកបាទក្រហមកម្ពុជាជាអ្នកផ្ដល់ទេ គឺអាជ្ញាធរមូលដ្ឋានជាអ្នកផ្ដល់។
លោកស្រី ម៉ែន នារីសុភ័ក្រ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាបានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់ផ្សេងៗទៀតទូទាំងប្រទេស ដោយខ្លួនបានផ្ដល់គ្រឿងឧបគោគ និងបរិភោគដូចជា មី និងត្រីខកំប៉ុងជាដើមដល់ជនរងគ្រោះដោយទឹកជំនន់។ លោកស្រីបានមានប្រសាសន៍ថា “យើងបានជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ រតនគិរី ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កណ្ដាល និងកំពង់ចាម”។
លោកស្រីបានមានប្រសាសន៍ថា ប្រសិនបើសហគមន៍នានាមិនទទួលបានជំនួយទេ ពួកគេគួរតែទូរស័ព្ទមកកាកបាទក្រហមកម្ពុជា ដើម្បីសុំជំនួយ។ លោកស្រីមានប្រសាសន៍ថា “យើងមិនអាចទៅដល់គ្រប់កន្លែងទេ ហើយយើងក៏គ្មានភ្នែកទិព្វមើលឃើញកន្លែងណាប្រជាពលរដ្ឋត្រូវការជំនួយនោះដែរ”។ លោកស្រីបានលើកឡើងទៀតថា កាកបាទក្រហមកម្ពុជាមិនសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទេក្នុងពេលបែបនេះ។
លោកស្រីបានមានប្រសាសន៍ថា “ ខ្ញុំមិនធ្វើការជាមួយពួកគេ [គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ] ទេ ខ្ញុំមិនដឹងថា ពួកគេធ្វើអ្វីខ្លះទេ យើងមិនត្រូវការឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់យើងឡើយ យើងមានបណ្ដាញគ្រប់គ្រងផ្ទាល់របស់យើង ហើយពួកគេមកជួបយើងដោយផ្ទាល់។ ជារៀងរាល់ព្រឹក និងរៀងរាល់ល្ងាច យើងប្រមូលព័ត៌មានពីសាខានានារបស់យើង”។
ទោះជាយ៉ាងណា លោក សា បូរ៉ា ប្រធានភូមិព្រែកតូច ក្នុងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមបានមានប្រសាសន៍ថា ប្រជាពលរដ្ឋប្រមាណ១.២៦០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពកាលពី ប្រហែលពីរសប្ដាហ៍មុន ហើយមិនទាន់មាននរណាម្នាក់ទទួលបានជំនួយពីកាកបាទក្រហមកម្ពុជានៅឡើយទេ។
លោក សា បូរ៉ា បានមានប្រសាសន៍ថា “ខ្ញុំមិនទាន់ឃើញកាកបាទក្រហមកម្ពុជាបញ្ជូនអំណោយមកជួយជនរងគ្រោះដោយសារទឹកជំនន់ ដែលខ្ញុំត្រូវទទួលខុសត្រូវនៅឡើយទេ ហើយខ្ញុំមិនដឹងថា ហេតុអ្វីបានជាពួកគេមិនបញ្ជូនអំណោយមកឡើយ”។ លោកបានលើកឡើងទៀតថា អង្ករនិងគ្រឿងបរិក្ខារអនាម័យ ដែលអង្គការការីតាស ជាអង្គការសាសនាកាតូលិកបានចែកកាលពីសប្ដាហ៍មុននោះ ជិតអស់ទៅហើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវទៅកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាមេត្តាផ្ដល់ស្បៀងអាហារ ដើម្បីជួយជនរងគ្រោះ ដោយសារទឹកជំនន់ ពីព្រោះពួកគាត់កំពុងតែប្រឈមនឹងកង្វះស្បៀង ហើយអំណោយពីអង្គការការីតាសជួយមិនបានយូរទេ”។
លោកស្រី ម៉ែន នារីសុភ័ក្រ បដិសេធមិនលើកឡើងថា តើថវិកាប៉ុន្មានត្រូវបានលៃទុកសម្រាប់ឆ្លើយតបទៅនឹងកិច្ចប្រឹងប្រែងផ្ដល់ជំនួយទឹកជំនន់នាពេលបច្ចុប្បន្នទេ ប៉ុន្តែលោកស្រីបានមានប្រសាសន៍ថា ថវិកាប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជាមានចន្លោះពី៣លាន ទៅ៥លានដុល្លារ។ កាលពី ខែឧសភា កាកបាទក្រហមកម្ពុជារៃអង្គាសបាន១៤លានដុល្លារ គ្រាន់តែក្នុងរយៈពេលមួយថ្ងៃ។
អង្គការការីតាសកម្ពុជា ដែលបានចាប់ផ្ដើមចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះរាប់ពាន់គ្រួសារកាលពីសប្ដាហ៍មុន បានលើកឡើងថា ខ្លួនមិនបានសហការជាមួយកាកបាទក្រហមកម្ពុជាទេពាក់ព័ន្ធនឹងការចែកគ្រឿងបរិក្ខារសង្គ្រោះបន្ទាន់របស់អង្គការនេះទៅដល់ប្រជាពលរដ្ឋប្រមាណ៣.០០០គ្រួសារ។
លោក សុខ សាខុន ដែលជាអ្នកទទួលបន្ទុកកម្មវិធីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃអង្គការការីតាស បានមានប្រសាសន៍ថា “ ខ្ញុំមិនបានឃើញកាកបាទក្រហមទេ ពីព្រោះពេលនេះ ជាពេលឈប់សម្រាកដូច្នេះពួកគេមិនធ្វើការទេ”។
ពេលស្នើសុំឲ្យបកស្រាយពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ថា សាខាកាកបាទក្រហមកម្ពុជានៅខេត្តកំពង់ចាមមិនធ្វើការអំឡុងពីធីបុណ្យភ្ជុំបិណ្ឌនោះ លោកស្រី ម៉ែន នារីសុភ័ក្រ បានមានប្រសាសន៍ថា “វាអាស្រ័យលើពួកគេ ថា តើពួកគេចង់ធ្វើការឬអត់ ប្រហែលជាពួកគេមិនធ្វើការតែថ្ងៃនេះទេមើលទៅ”៕
ប្រែសម្រួលដោយ តែម សុខុម