31 C
Phnom Penh

​មជ្ឈដ្ឋាន​ទូទៅ​មាន​មន្ទិល​ចំពោះ​ហេតុ​ផលរដ្ឋា​ភិបាល​​លុប​ចោល​ពិធី​បុណ្យ​អុំទូក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈដ្ឋាន​​​ទូទៅ​​​នៅ​​​​រាជ​ធានី​ភ្នំពេញ​ចាប់​​ពី​ថ្នាក់​​​​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ រហូត​​​ដល់​​​​អាជីវ​ករ​លក់​ដូរ​នៅ​តាម​ដង​ផ្លូវ​​​​ ​​​​សុទ្ធតែ​​​បាន​​​សម្តែង​ក្តី​​​មន្ទិល​​​​​​ចំពោះ​​​ការ​​​លើក​​​ហេតុផល​​​របស់​លោក​នាយក​​​​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​​​ការ​​លុប​ចោល​ពិធី​បុណ្យ​អុំទូក​ ​​​ក្នុង​​​​នោះ​​​​​​ទឹក​​​​​​ជំនន់​​​​​នៅ​តាម​បណ្តា​ខេត្ត​​​​នា​ពេល​ថ្មីៗ​នេះ ​​​ក៏​​​ត្រូវ​​​បាន​​​យក​​​មក​​​ធ្វើ​​​ជា​​​ហេតុផល​​​ផងដែរ​​​​​ ។

តាមរយៈ​​​សារាចរ​​​របស់​រដ្ឋា​ភិបាល​កាល​ពី​​​ថ្ងៃ​អាទិត្យ​ លោក ហ៊ុន សែន​ លើកឡើង​​​ថា ភូមិ​​​​​​ ឃុំរង​ការ​លិច​លង់​ ដែល​ជា​ធម្មតា​តែង​​​​​​បញ្ជូន​ក្រុម​​​​​ប្រណាំង​​​​ទូក​​​របស់​ខ្លួន​មក​​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចូល​រួមនៅ​​​​​​ក្នុង​​​ពិធី​បុណ្យ​អុំទូក ​​​​​​​ព្រមទាំង​​​ប្រជា​ពល​រដ្ឋ​ពី​​​១លាន​ទៅ​២​លាន​នាក់​ដែល​​​តែង​​​​មក​ទស្សនា​ពិធី​បុណ្យនេះ​​​​​​​​​​​​ គួរ​តែ​​​​​​​ផ្តោត​​​​​លើ​ការ​ស្តារ​​​​ឡើង​វិញ​​​​នូវ​​​ការ​​​ខាតបង់​​​​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​​នេះវិញ​​​។

ប៉ុន្តែ ដោយ​សារ​រាជ​ធានី​ភ្នំពេញនៅ​​ជាប់​គាំង​ដោយ​សារ​ភាព​ទាល់​ច្រក​​​​ផ្នែក​​​នយោ​បាយ​ទាក់​​ទង​នឹង​ការ​បោះ​ឆ្នោត​ដ៏​​​​​​​ចម្រូង​​​​​​ចម្រាស​កាល​ពី​ខែ​កក្កដា​​​​ ហើយ​គណ​​​​​បក្ស​ប្រឆាំង​​​នៅ​​​​តែ​​​អាច​​​កៀងគរ​អ្នក​គាំទ្រ​រាប់​ម៉ឺន​​​​​នាក់​ឲ្យ​មក​ចូលរួមនៅ​​​​​​ក្នុង​​​ការ​​​ជួប​ជុំគ្នា​នោះ​បក្ស​សង្គ្រោះ​​​​​ជាតិ​​លើក​ឡើង​ថា ការ​ពន្យល់​របស់​លោក ហ៊ុន សែន គ្រាន់​តែ​ជា​​​​លេស​​​​ប៉ុណ្ណោះ។

លោក សុន ឆ័យ ​​​ជា​​​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​​​គណ​បក្ស​សង្គ្រោះជាតិ​ ថ្លែងថា តាម​​ពិត​ លោក ហ៊ុន​​​ សែន​​​​​​​ ខ្លាច​​មនុស្ស​រាប់លាន​​​នាក់​​​​មក​​​ចូល​រួម​​​​ក្នុង​​​ព្រឹត្តិការ​ណ៍​​​​​​​នេះ​​​​​​​​​​។ លោក​​​​​​​បាន​​​ថ្លែង​​​​​​​ថា “រដ្ឋា​ភិបាល​ខ្លាច​​​​​​ពួក​​​គាត់​​​ខ្លាំង​​​ណាស់​​​” ដោយ​លោក​​​បាន​​​សំដៅ​​​លើ​​​ប្រជា​ពល​រដ្ឋ​​​​នៅ​​​តំបន់​ជន​បទ​ដែល​ទំនងជា​នឹង​​សម្រុក​ចូល​មក​រាជ​ធានី​ភ្នំពេញ​ អំឡុង​ពិធី​បុណ្យ​អុំទូក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ១៧​ និង​១៨ ខែ​វិច្ឆិកា។ លោក​បាន​មាន​ប្រសា​សន៍​ថា “នៅ​ពេល​ប្រជា​ពល​រដ្ឋ​មក​ជួប​ជុំគ្នា វា​គឺ​​​ជា​ការ​គំរាម​កំហែង​ដល់​រដ្ឋា​ភិបាល”។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា វា​ច្បាស់​​​ណាស់​​​។ សេចក្តី​សម្រេច​នេះ​គឺ​ផ្អែក​​ទៅ​​​លើ​ការ​ព្រួយ​បារម្ភ​របស់​គាត់​អំ​​​ពី​ការ​ធ្វើ​បាតុកម្ម​​​​របស់​​គណ​​​បក្ស​ប្រឆាំង​។ ឥឡូវ​នេះ​ខ្ញុំជឿថា គាត់​ពិត​ជា​ព្រួយ​បារម្ភ​​​​អំពី​រឿង​នេះ​​​ មែន​​​។ គាត់​​​​រារាំង​ប្រជា​ពល​រដ្ឋ​មិន​​​ឲ្យ​ចូល​​មក​រាជ​ធានី​ភ្នំពេញ​ ខណៈ​ស្ថាន​ភាព​នយោ​​បាយ មិន​​​​​​​​ទាន់​ដោះ​ស្រាយ​​រួច​​​​​នៅ​ឡើយ”។

លោក​ កែម ឡី អ្នក​វិភាគ​នយោ​បាយ​បាន​​យល់​ស្រប​ដូច្នេះ​ដែរ។ លោក​មាន​ប្រសា​សន៍​​ថា “រៀង​រាល់​ឆ្នាំ​ ប្រជា​ពល​រដ្ឋ​យ៉ាង​ហោច​ណាស់​ពីរលាន​នាក់​​​​នាំគ្នា​​​​មក​​​​​រាជ​ធានី ហើយ​​ឥឡូវ​នេះ ប្រជា​ពល​រដ្ឋ​​​​​ភាគ​ច្រើន​​​​​​​​​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដូច្នេះ​​​​ប្រសិន​បើ​មនុស្ស​​ច្រើន​ពេក​​​ចូល​មក​រាជ​ធានី​ភ្នំ​ពេញ​​​​ វា​ជា​បញ្ហា​ដ៏​ធំ​​​​មួយ​​​សម្រាប់​គណ​​បក្ស​ប្រជា​ជន​កម្ពុជា”។

ខណៈ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​​គឺ​​​ជា​​​អ្នក​​​ទទួល​​​ជ័យ​​​ជម្នះ​​​​ផ្លូវ​ការនោះ ​គណ​​បក្ស​ប្រឆាំង​​​​ចោទ​ប្រកាន់​ថា មាន​ការ​លួច​បន្លំ​​​​ជាទូទៅ​​​ និង​​​​អះអាង​​​ថា ខ្លួន​ទើប​​​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ។

លោក កែម ឡី ​​​​ បន្ត​​​​ថា  សេចក្តី​សម្រេច​ក្នុងការ​​​លុប​ចោល​ពិធី​បុណ្យ​អុំទូក​នេះ​​​ទំនង​ជា​ធ្វើ​ឲ្យ​អាជីវករ​​​​​មិ​ន​សប្បាយ​ចិត្ត​​​ទេ ​​​​ព្រោះ​​​ពួក​​​គាត់​ភាគ​ច្រើន​ពឹងផ្អែក​​​លើ​​​ចំនួន​​​អ្នក​​​មក​​​ចូលរួម​​​​​​ក្នុង​​​ពិធី​​​​​​នេះ ​​​ដើម្បី​​​ប្រាក់​​​ចំណូល​​​។

លោក សុន​ ឆ័យ បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​ក៏​​​ទំនង​ជា​ព្រួយ​បារម្ភ​ផង​ដែរ​ថា ខ្លួន​ប្រហែល​ជា​មិន​អាច​ទប់​ស្កាត់​មិន​​​ឲ្យ​មាន​ហេតុការណ៍​​​អកុសល​​​កើត​ឡើង​ដូចក្នុង​​ពិធី​បុណ្យ​អុំ​ទូក​​​ឆ្នាំ​២០១០ ពេល​​​មនុស្ស​៣៥៣​​នាក់​ ​​​​រត់​ជាន់់​គ្នា​ស្លាប់ បន្ទាប់​ពី​អ្នក​រៀប​ចំពិធី​បុណ្យ​​​​នេះ​​​បណ្តោយ​​​​ឲ្យ​មនុស្ស​ឆ្លង​កាត់​ស្ពាន​​​​​​​កោះ​ពេជ្រ​​​​ ច្រើន​​​ពេក​​​។​ លោក​​​​​បា​​​ន​​​ថ្លែង​​​​ថា “ប្រព័ន្ធ​​​​​​​គ្រប់គ្រង​​​​​​ពុក​រលួយ​​​ណាស់​​​ ​គ្មាន​​​ការ​​​ចាប់​​​នរណា​ម្នាក់​​​​​​ឲ្យ​​​មក​​​​​ទទួល​ខុស​ត្រូវ​ឡើយ​​​​​​​​​។​​​ លុះ​ត្រា​​​តែ​មាន​ប្រព័ន្ធ​​​​​​​​​​គ្រប់គ្រង​​​គួរ​ឲ្យ​ទុក​ចិត្ត​ បើ​មិន​ដូច្នេះ​​​​ទេ​​​ ​​​យើង​មិន​អាច​គ្រប់​គ្រង​​មនុស្ស​​ដ៏​​​ច្រើន​​​បាន​ទេ​​​”។

រដ្ឋា​ភិបាល​បាន​លុប​ចោល​ពិធី​បុណ្យ​អុំទូក​កាល​ពី​ឆ្នាំ​មុន ដើម្បីសម្តែងការ​​គោរព​​​​​ព្រះ​​​បរម​​​សព​​​សម្តេចឪ នរោត្តម សីហនុ ដែល​បាន​សោយ​ទិវង្គត​​​​ដោយ​សារ​គាំង​បេះ​ដូង​​ក្នុង​ព្រះ​ជន្មាយុ​​៩០​​​​ព្រះ​វស្សា​កាល​ពី​ខែ​តុលា។ ពិធី​បុណ្យ​អុំទូក​នេះ​​​ក៏​ត្រូវ​បាន​លុប​ចោល​ដែរ​​​​​​ក្នុង​​​​ឆ្នាំ​២០១១ ដោយ​សារ​គ្រោះ​ទឹក​ជំនន់​​​​ដ៏​​​ធំ​​​។ ប៉ុន្តែ​​​ ទឹក​ជំនន់​​​​​ឆ្នាំ​នេះ​​​​​​​មិន​​សូវធ្ងន់​​​​ដូច​ឆ្នាំ​២០១១​ទេ​​​ ហើយ​​​ក៏​​​តូច​​​ជាង​​​​ឆ្នាំ​២០០៩ដែរ​​​។​​​ពេល​​​​​​​នោះ​​​រដ្ឋាភិបាល​​​បាន​​​រៀបចំ​​​ពិធី​បុណ្យ​អុំ​ទូក​​​​​​ជា​​​ធម្មតា​​​។

ក្នុង​​​ឆ្នាំ​២០០៩ និងឆ្នាំ​​​​២០១១ ប្រជាជន​​​ជាង​៤០.០០០​គ្រួសារ​ត្រូវ​​​​​​​​ជម្លៀស​​​ចេញ​​​។ ក្នុង​​​​​​​ឆ្នាំ​២០១១ ​​​​ទឹក​ជំនន់​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​២៥០​នាក់​ស្លាប់ និងបាន​​​​​​ធ្វើ​​​ឲ្យ​​​​​ដី​ស្រែ​​​​ជាង​១៦០.០០០​ហិក​តា​​​​ លិច​លង់​ផង​ដែរ។ ខណៈ​​​​​​​​កម្រិត​ទឹក​បាន​ស្រក​​​​​ក្នុង​​តំបន់​​​​មួយ​​​ចំនួន​​​​ទៅ​​​ហើយនោះទឹក​ជំនន់​​​​​ឆ្នាំ​នេះ​បាន​​​ឆក់​​​​​​​យក​​​ជីវិត​​​មនុស្ស​៨៣​នាក់​​​ ហើយ​​​​ប្រជា​ពល​​រដ្ឋ​ប្រហែល​១០.០០០ ទៅ​១២.០០០​គ្រួសារ​​ត្រូវ​​​​ បាន​​​ជម្លៀស​​​ចេញ​​​​​​។

លោក អ៊ែនឌ្រូ ម័រ (Andrew Moore) នាយក​​​​ប្រចាំ​ប្រទេស​​​​នៃ​​​អង្គការ​សង្គ្រោះ​កុមារ​ ដែល​​​​បាន​​និង​កំពុង​ឃ្លាំ​មើល​ស្ថាន​ភាព​នៅ​តំបន់​​​​ភាគ​​​ខាង​កើត​​​ជា​​​ពិសេស​​​នោះ​​ ​​​បាន​​​លើកឡើង​​​​​​​ថា ទឹក​ជំនន់​​​​​​ឆ្នាំ​នេះបាន​កើតមាន​ និង​ស្រក​ទៅ​វិញ​លឿន​ជាង​​​​​កាល​ពី​ពីរ​ឆ្នាំ​មុន។ លោក​បាន​ថ្លែងថា “ប្រជា​ពល​រដ្ឋ​​​​មិន​​​​​​​បាន​​​​រង​ការ​​​​ប៉ះ​ពាល់ និង​​​ជម្លៀស​​​ចេញ​​​ក្នុង​​​ចំនួន​​​ច្រើន​ដូច​ឆ្នាំ២០១១ឡើយ​​​​​​​​​។ វា​មិន​ធំ​​​ដូច​ទឹក​ជំនន់​កាលពីឆ្នាំ​២០១១​ទេ”។

ប៉ុន្តែ​​​ កាលពី​ម្សិល​មិញ​ មន្ត្រី​​រដ្ឋា​ភិបាល​បាន​បន្ត​បដិសេធ​​​ការ​​​លើក​​​​ហេតុ​​​​​ផល​​​ផ្សេង​​​ក្នុង​ការ​លុប​ចោល​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែងថា “លោក​​​សរសេរ​​​​​​តាម​​​សារាចរ​​​រដ្ឋា​ភិបាល​​​​ទៅ​​​ ​​​ព្រោះ​​គ្មាន​​​ហេតុ​ផល​ផ្សេង​​​​ក្រៅ​ពី​​​​​នេះ​​​ឡើយ​។ ប្រជា​ពល​រដ្ឋ​អាច​​​​និយាយ​​​អ្វី​​​តាម​​​ចិត្ត​​​ចង់​​​​”៕

ប្រែ​សម្រួល​ដោយ សោម សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស