នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនមិនទាន់កំណត់បានអត្តសញ្ញាណជនសង្ស័យណាម្នាក់ក្នុងករណីប្លន់ប្រដាប់អាវុធពីរលើកនៅរាជធានីភ្នំពេញកាលពីចុងខែមុន ដែលបណ្តាលឲ្យភ្ញៀវទេសចរជនជាតិអាមេរិកម្នាក់ និងជនជាតិជប៉ុនម្នាក់រងរបួសទេ។
គួររំឭកថា នៅវេលាម៉ោងប្រហែល៧យប់ ថ្ងៃទី២៧ ខែកញ្ញា លោក មូរីស ឡ (Maurice Law) អាយុ៥៧ឆ្នាំ ជាអ្នកពិគ្រោះយោបល់ផ្នែកសំណង់ជនជាតិអាមេរិក និងអ្នកស្រី ឌែបប៊ី (Debbie) ជាប្រពន្ធរបស់លោកបានដើរសំដៅទៅផ្ទះរបស់ខ្លួនក្នុងខណ្ឌចំការមន ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងមកក្បែរ ហើយដកកាំភ្លើងភ្ជង់ក្នុងបំណងប្លន់ រួចបានបាញ់លោក ឡ ចំក្រលៀន មុនពេលជិះម៉ូតូគេចខ្លួន។
នៅល្ងាចថ្ងៃបន្ទាប់ វេលាម៉ោងប្រហែល៨យប់ អ្នកស្រី សាគិកូ តាកាយ៉ាណាគី (Sakiko Takayanagi) ជាភ្ញៀវទេសចរជនជាតិជប៉ុនត្រូវចោរប្លន់បាញ់មួយគ្រាប់ចំជើងនៅពេលអ្នកស្រីតដៃជាមួយពួកវា ដែលមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿង ខណៈអ្នកស្រីកំពុងដើរនៅជិតផ្សាររាត្រីក្នុងខណ្ឌដូនពេញ។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍ថា “ចាប់តាំងពីមានអំពើប្លន់ប្រដាប់អាវុធនេះមក កងរាជអាវុធហត្ថបានសហការជាមួយនគរបាលរាជធានីដើម្បីវែកមុខជនសង្ស័យ… ប៉ុន្តែ ខ្មាន់កាំភ្លើងនៅមិនទាន់ចាប់ខ្លួនបានទេ”។
លោក អ៊ុច សុខុន អធិការនគរបាលខណ្ឌចំការមនមានប្រសាសន៍ថា “ យើងកំពុងបន្តពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ប៉ុន្តែ នៅមិនទាន់ដឹងច្បាស់ថា តើជនសង្ស័យជានរណាទេ”។ លោក អ៊ុច សុខុន បានបន្ថែមថា “ប្រសិនបើយើងរកពួកគេឃើញ យើងនឹងប្រកាសជាសាធារណៈ”។
ទាំងឧត្តមសេនីយ៍ត្រី ខេង ទីតូ និងលោក អ៊ុច សុខុន មិនបានផ្តល់ព័ត៌មានលម្អិតពីការស៊ើបអង្កេតនេះឡើយ ហើយ បានបដិសេធមិននិយាយថា តើនគរបាលសង្ស័យថា អំពើប្លន់ទាំងពីរករណីនេះត្រូវបានប្រព្រឹត្តដោយជនល្មើសតែមួយក្រុម ឬជនល្មើសមួយក្រុមផ្សេងទៀតឬយ៉ាងណាទេ។ ក្រោយមានករណីបាញ់ប្រហារ លោក ឡ និងអ្នកស្រី តាកាយ៉ាណាគី នេះ តំណាងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា លោក គូម៉ាម៉ារូ យូជី (Kummaru Yuji) ឯកអគ្គរាជទូតជប៉ុន នឹងជួបជាមួយមន្ត្រីនគរបាលជាន់ខ្ពស់ ដើម្បីលើកឡើងពីកង្វល់របស់ខ្លួនចំពោះសុវត្ថិភាពរបស់ជនជាតិជប៉ុននៅក្នុងប្រទេសកម្ពុជា។
លោក យ៉ូស៊ីហ៊ីរ៉ូ អាបេ (Yoshihiro Abe) លេខាទី២ នៅស្ថានទូតជប៉ុនបានឲ្យដឹងកាលពីម្សិលមិញថា លោក យូជី មិនទាន់បានជួបជាមួយមន្ត្រីនគរបាលនៅឡើយទេ ប៉ុន្តែថា លោកនៅតែមានបំណងធ្វើដូច្នេះនៅពេលណាមួយ។ លោក អាបេ បានបដិសេធមិនបញ្ជាក់ពីស្ថានភាពរបួស ឬកន្លែងស្នាក់នៅរបស់អ្នកស្រី តាកាយ៉ាណាគី ឡើយ។
លោក ឡ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចាប់តាំងពីពេលវះកាត់នៅយប់ដែលលោករងរបួសដោយគ្រាប់កាំភ្លើងនោះ បានបញ្ជាក់ឲ្យដឹងកាលពីម្សិលមិញថា របួសបួនកន្លែងត្រង់ក្រលៀននិងត្រង់ភ្លៅខាងឆ្វេងរបស់លោកជិតជាសះស្បើយហើយ។ លោក ឡ បានមានប្រសាសន៍ថា “ យើងមិនអីទេ” ដោយបានបន្ថែមថា លោកមិនទាន់ប្រាកដថា តើខ្លួននឹងចេញពីមន្ទីរពេទ្យនៅពេលណាឡើយ៕
ប្រែសម្រួលដោយ សោម សារុន