27 C
Phnom Penh

លោក​ សម រង្ស៊ី ចុះ​ឈ្មោះ​ក្នុងបញ្ជី​បេក្ខជន​ឈរឈ្មោះនៅ គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ សម​ រង្ស៊ី មេដឹក​នាំគណបក្ស​ប្រឆាំង​​បាន​​ចុះ​ឈ្មោះ​របស់​លោក​នៅក្នុង​បញ្ជី​ឈ្មោះ​បេក្ខជនឈរឈ្មោះបោះ​ឆ្នោត​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត ​(គ.ជ.ប.) ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ម្សិល​មិញ​ ជាការបើកផ្លូវ​ឲ្យ​ឈ្មោះលោកចូលក្នុង​បញ្ជី​រាយ​នាម​នៃសមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​។

ឈ្មោះ​របស់​លោក សម រង្ស៊ី ត្រូវបាន​ដក​ចេញពី​បញ្ជី​បេក្ខ​ជន​ឈរឈ្មោះ​​​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២​ ដោយ​សារ​តែ​លោកជាប់ទោស​។ បន្ទាប់​ពីលោក​បាន​ទទួល​ព្រះ​រាជ​លើក​លែង​ទោស​មួយ​ និង​បាន​ត្រឡប់​មក​កាន់​ប្រទេស​វិញ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ថ្ងៃ​ទី​​​២៨​​ខែ​កក្កដា  ទាំង​គណៈ​កម្មាធិការ​ជាតិ​រៀប​​​ចំការ​បោះឆ្នោត​ និង​រដ្ឋ​សភាបាន​លើក​ឡើង​ថា វា​យឺត​ពេល​ហើយ​សម្រាប់​លោក​ ដែល​ងាក​មក​រក​ចុះ​បញ្ជី​បេក្ខ​ជន​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នោះ​។

សេចក្តី​សម្រេច​នេះ​​បានផ្តល់​​លទ្ធ​ភាព​ឲ្យ​លោក​ សម រង្ស៊ី ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ម្នាក់​សម្រាប់​រដ្ឋ​សភា​ បើ​ទោះជាលោក​ជា​ប្រធាន​​គណបក្ស​ប្រឆាំង​ក៏​ដោយ​។ លោក​ សុន​ ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា ដោយចុះ​ឈ្មោះ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ម្នាក់​កាល​ពី​ម្សិល​មិញ​ លោក សម រង្ស៊ី នឹង​ក្លាយ​ជា​សមា​ជិក​​សភា​ម្នាក់​។

លោក​ សុន ឆ័យ​ បា​ន​មាន​ប្រសាសន៍​ថា “លោក​​គ្មាន​ឱកាស​ឈរឈ្មោះ​បោះ​ឆ្នោត​ទេ​ ដូច្នេះ​យើង​កំពុង​តែ​ស្វែង​រក​ច្រក​​ដែល​អាច​ឲ្យ​យើង​​ដាក់​​ឈ្មោះ​របស់គាត់​នៅ​ក្នុង​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​ឲ្យ​គាត់​ក្លាយ​ជា​សមា​ជិក​សភា​”។ លោក​ សុន ឆ័យ បន្ត​ថា “ដោយ​សារតែ​លោក​ត្រូវ​បាន​ចុះ​ឈ្មោះ​​ក្នុ​ង​រាជធានី​ភ្នំពេញ​ អាចនិយាយ​បាន​​​ថា ប្រសិន​​ផែន​ការ​នេះ​នឹង​បន្ត​ទៅ​មុខ​ ពេល​​អនាគត​ណាមួយ លោក​នឹង​ក្លាយ​ជា​សមា​ជិក​​​សភា​​​ក្នុង​​​រាជធានី​​​ភ្នំពេញ”។

យោង​តាម​ច្បាប់​បោះ​ឆ្នោត លោក សម រង្ស៊ី អាច​មាន​សិទ្ធិ​ទទួលបាន​អាសនៈ​មួយ​នៅ​ក្នុង​សភា​ ប្រសិនបើ​សមាជិក​​ជាប់​ឆ្នោត របស់ គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​​មណ្ឌលណា​មួយ ដែលមាន​​បេក្ខ​ជន​បម្រុង​នៅ​ក្នុង​មណ្ឌល​បោះ ​ឆ្នោត​នោះ​ ត្រូវ​ចុះ​ចេញ​​ពី​តួនាទី​របស់​ខ្លួន​​។

កា​រ​​ចុះ​ឈ្មោះ​​​ដែល​មានរយៈ​ពេល​២០​ថ្ងៃ​សម្រាប់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី១​ ខែ​តុលា។ កាល​ពីដើម​ខែ​នេះ​ គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​បាន​ប្រកាសថា មាន​ឈ្មោះ​ស្ទួន​ចំនួន​២៧០.០០០ ​​នាក់​ នៅ​ក្នុង​បញ្ជីប្រើ​ប្រាស់នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​តម្រូវ​ឲ្យ​លុប​ចេញបញ្ជី​ឈ្មោះថ្មី​។

បន្ទាប់​ពីការ​ចុះ​ឈ្មោះ​នៅ​ឯការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បណ្តោះអាសន្ន​មួយ​នៅ​វត្ត​មួយ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​កាល​ពីម្សិល​មិញ​ លោក​ សម រង្ស៊ី បាន​​រំឭក​អ្នក​យក​ព័ត៌មាន​ថា អ្នក​បោះឆ្នោ​តជាង​១លាន​នាក់​ដែលក្រុម​អ្នក​សង្កេត​ការណ៍​ការបោះ​ឆ្នោត​បាន​ប៉ាន់ ប្រមាណ​ថា ត្រូវ​បា​ន​ដកសិទ្ធិបោះ​ឆ្នោត​អំឡុង​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ បន្ទាប់​ពីឈ្មោះ​របស់​ពួក​គេ​ត្រូវ​បាន​លុប​ចេញ ឬ​បញ្ចូលខុសក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​។

​ លោក​បាន​មាន​ប្រសាសន៍សំដៅ​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថា “ខ្ញុំ​សង្ឃឹម​ថា ឈ្មោះ​របស់​ខ្ញុំ​នឹង​មិន​ត្រូវ​បាន​គេលួច​ ឬ​ក៏​លុបចោល​ ដូចដែល​ពួក​គេ​លុប​ឈ្មោះ​ប្រជា​ជន​​ជាង​១,២លាន​នាក់ទេ។​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​បាន​លុប​ឈ្មោះ​​ប្រជាជន​ជាង​១,២លាន​នាក់​ ពីព្រោះ​ពួក​គេ​សង្ស័យ​ ឬ​ស្គាល់អ្នក​ដែល​គាំទ្រ​គណ​បក្ស​ប្រឆាំង​”។

លោក​ សម រង្ស៊ី ​បាន​លើកឡើង​បន្ថែម​ទៀតថា លោក​បាន​ចុះ​ឈ្មោះ ដើម្បី បំពេញ កាតព្វ​កិច្ច​របស់​​លោក​ជាពល​រដ្ឋម្នាក់​ ក៏​ប៉ុន្តែ លោក​​មិន​បា​ន​អត្ថាធិ​ប្បាយ​ថា តើ​លោក​មាន​ផែនការ​ចុះ​ឈ្មោះក្នុង​បញ្ជី​រាយ​នាម​សមាជិក​សភាកែប្រែ​ថ្មី​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តែ​ត្រូវបាន​បញ្ជូន​ចេញ​យ៉ាង​យូរ​នៅ​​​ចុង​ឆ្នាំ​នេះ​ដែរ​ ឬ​យ៉ាង​ណា​ទេ​។

ទោះ​ជាអ្នក​សង្កេត​ការណ៍​ការបោះ​ឆ្នោត​បាន​សន្និដ្ឋាន​ជា​ឯកច្ឆន្ទថា ការ​បោះឆ្នោត​​ថ្ងៃ​ទី​២៨​ ខែកក្កដា មាន​កំហុស​ឆ្គង​ និង​មិន​យុត្តិ​ធម៌​ក៏​ដោយ​ ក៏​គ្មាន​ភ័ស្តុ​តាង​បង្ហាញថា ភាព​មិន​​ប្រក្រតីបា​ន​​ធ្វើ​ឲ្យលទ្ធផលឆ្នោត​​​មា​ន​លម្អៀង​​ទៅ​​រក​គណបក្ស​ប្រជា​ជន​កម្ពុជាដែរ​។ការ​អះអាង​របស់​លោក​ សម រង្ស៊ី ​នា​ពេល​កន្លង​មក​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៦៣​អាសនៈ ក្នុង​ការ​បោះឆ្នោត​ ក៏​មិន​ទាន់​ដឹង​ថា ទៅ​ជាយ៉ាង​ណា​ផងដែរ​។

អ្នក​សង្កេត​ការណ៍​ការ​បោះឆ្នោត លើក ឡើង​ថា ប្រសិ​ន​បើ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​មិន​ត្រូវ​បាន​បង្ខំ​​ឲ្យ​​បញ្ចេញ​ឯក​សារនានា​​ រាប់​ទាំង​អត្ត​សញ្ញណ ប័ណ្ណសម្រាប់​ការ​បោះឆ្នោត និង​ទម្រង់​១១០២ដើម ដែលត្រូវ​បាន​ប្រើ​​ក្នុងការ​ផ្ទៀង​ផ្ទាត់​សន្លឹក​ឆ្នោត​នៅ​ឯ​មណ្ឌល​បោះឆ្នោត​ទេ​​ ប្រតិ​បត្តិ​ការ​​ស៊ើប​អង្កេត​​​បញ្ជាក់​ភាព​ដាច់​ស្រេច​​​មួយ​ អំពីផល​ប៉ះពាល់​នៃ​ភាព​មិន​ប្រ​​​ក្រតី​ទាំង​ឡាយដែល​ត្រូវ​បាន​គេ​រាយ ការណ៍​​​នោះ ក៏មិន​អាច​ត្រូវ​បាន​អនុវត្ត​បាន​ដែរ​៕

(រាយការណ៍​បន្ថែម​ដោយ​ Colin Meyn)
ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស