38 C
Phnom Penh

ធនាគារ​ពិភព​លោក​ព្យាករថា ​​សេដ្ឋកិច្ច​រប​ស់​កម្ពុជា​ នឹង​កើន​ឡើង​៧ភាគរយ​សម្រាប់​ឆ្នាំ​​២០១៣​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារពិភព​លោក (World Bank, ឬ​ហៅ​កាត់​ថា WB​) ​បាន​ឲ្យដឹង​កាលពី​ម្សិ​ល​មិញថា ​​កំណើន​សេដ្ឋកិច្ច​របស់​ប្រ​ទេស​កម្ពុជា​ នៅ​តែ​ស្ថិត​នៅ​អត្រា​​ខ្ពស់​ និង​ទំនង​ជា​កើន​ឡើ​ង​៧ភាគរយ​សម្រាប់ឆ្នាំនេះ​ ក៏​ដូ​ច​ជា​ឆ្នាំ​ក្រោយ​ ក៏ប៉ុន្តែ ​ហានិភ័យ​ដូចជា​​ស្ថា​នភាពមិន​ប្រាកដ​ប្រជា​​ក្រោយ​ពេល​​បោះ​ឆ្នោត​​ និង​កំណើន​សេដ្ឋ​​​​កិច្ច​ទន់ខ្សោយ​នៅ​ក្រៅប្រទេស​ ​ជា​ដើម​ ​នៅ​តែ​​អាច​ជំរុញ​ឲ្យ​អត្រា​កំណើន​នេះ​​ប្រែ​ប្រួល​។

ធនាគារ​ពិភព​លោក ​បាន​លើកឡើង​​នៅ​ក្នុង​របាយការណ៍​ប្រចាំឆមាស​ ស្តី​ពី​ស្ថា​នភាព​ប​ច្ចុប្បន្ន​ នៃ​សេដ្ឋកិច្ច​ក្នុងតំ​បន់​អា​ស៊ី​បូព៌ានិង​ប៉ាស៊ី​ហ្វិក​របស់ខ្លួន​ថា ​ជាទូទៅ​​ សេ​ដ្ឋកិច្ច​រ​ប​ស់​ប្រទេស​កម្ពុជា​ “​នៅ​តែ​ស្ថិ​ត​​ក្នុងតំបន់​សញ្ញា​វិជ្ជមាន​” ​ដោយ​កំណើន​ភា​គ​ច្រើន​បំផុត​កើតឡើង​ នៅ​ក្នុង​វិស័យ​កសិ​កម្ម ​កាត់​ដេរ ​សំណង់ ​និង​វិស័យ​ទេស​ចរ​ណ៍​។ ​របាយ​ការណ៍​នេះមានខ្លឹមសារថា “​ទិ​ដ្ឋភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ជាទូទៅ ​នៅ​មាន​សញ្ញាវិជ្ជមាន​… ​កំណើន​[​ផលិត​ផល​ក្នុង​ស្រុ​ក​សរុ​ប​] កើន​ឡើង​ដោយសារ​មានកម្លាំ​ង​គាំទ្រ​ពី​កំណើនដ៏ខ្លាំង​​នៃវិស័យ​កសិកម្ម ​វិ​​ស័យ​នាំចេញ​ ​ដែលបាន​​​កើនឡើង​លឿន​ឡើង​វិញ ​សកម្មភាព​សាង​សង់​​ដែល​បាន​ស្ទុះ​ឡើងវិញ​ផងដែរ និង​វិស័យ​ទេស​ចរ​ណ៍​ដែល​នៅតែ​កំណើន​ខ្ពស់​”។​

​របាយ​ការណ៍​ដដែល​មានខ្លឹម​សារ​ប​ន្ត​​ទៀត​ថា “ទោះ​ជាយ៉ាង​ណាក៏ដោយ​ ទិដ្ឋ​ភា​ព​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ប្រ​ឈម​​នឹង​ហានិភ័យ​មួយចំនួន​។ ​ស្ថានភាព​ន​យោ​បាយ​​ក្រោយ​ពេល​បោះឆ្នោត​ មាន​ផល​ប៉ះ​ពាល់​ក្នុង​កម្រិត​មិន​ច្បាស់​លាស់​ ទៅ​លើ​វិនិយោគ​ផ្ទាល់​ពីបរទេស​ ​និង​កំណើន​សេដ្ឋកិច្ច​”។​ យោង​​តាម​ធនាគារ​ពិភព​លោ​ក​ ​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា ​សមត្ថភាព​នៃ​វិស័យ​មួយចំនួន​ ក្នុង​ការ​​សម្រប​ខ្លួនទៅ​នឹ​ង​ស្ថានភាព​តម្រូវការ​នៅ​លើ​ទីផ្សារ​ក្រៅ​ប្រ​ទេស​ បាន​ត្រួស​ត្រាយ​​ផ្លូវ​ សម្រាប់​កំណើន​ជាប់​លាប់នៅប្រទេស​កម្ពុជា​។​

របាយ​ការណ៍​របស់​ធនាគារ​ពិភ​ព​លោក​ បាន​បង្ហាញ​ទៀត​ថា ​ជាក់​ស្តែង​​ វិ​ស័យ​នាំ​​​ចេញ​ផ​​​លិត​ផល​សម្លៀក​បំពាក់​ បា​ន​សម្រប​ខ្លួន ​តាម​ស្ថានភាព​ទី​ផ្សារ​ក្រៅប្រ​ទេ​ស​​ដោយ​ “ ​ផ្តោត​សំខាន់​ទៅ​លើ​ការ​​​ផលិត​ស​ម្លៀក​បំពាក់​គុណ​​​ភាព​​​អន់​​​​​​​ជាង​មុ​ន​ ស​ម្រា​ប់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ និ​ង​ផ​លិត​ផ​ល​​​គុណភាព​ខ្ពស់​ ​សម្រាប​​​់​ទីផ្សារ​សហភាព​អឺរ៉ុប​ (Eur​opean​ Union, ឬ EU​)។

ស្រដៀងគ្នា​នេះដែរ ​យុទ្ធ​សាស្ត្រ​ពិ​ពិ​ត​កម្ម (ការធ្វើ​ឲ្យ​មាន​​​​ភាព​​​ចម្រុះ​មុខ​)​ លើ​វិ​ស័​យ​ទេស​ចរណ៍​របស់​ប្រទេស​កម្ពុជា​ ដើ​ម្បី​ទាក់ទាញ​ភ្ញៀវទេស​ចរ​ ពីតំបន់​អឺរ៉ុ​ប ​អា​ស៊ីបូព៌ា​និង​តំបន់​ប៉ាស៊ីហ្វិក​ ​ក៏​បាន​ជួយ​ជំរុ​ញ​កំណើន​ទីផ្សារ​ កាល​​​ពីដើម​ឆ្នាំ​នេះផង​ដែរ​។ របាយ​ការណ៍​ដដែល​ខ្លឹម​សារ​ថា​ “អំ​ឡុង​រយៈ​ពេល​ប្រាំ​​​មួយខែ​ដើម​ឆ្នាំ​២០១៣​ បរិមាណ​នាំចេញ​​សម្លៀកបំពាក់​ បាន​កើន​ឡើង​កាន់តែ​ច្រើន​ ពោលគឺ​បាន​កើនឡើ​ង​១៨ភាគរយ បើធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​ ខណៈ​ដែល​វិស័យ​ទេស​ចរ​ណ៍​នៅតែ​បន្ត​ចលនារបស់ខ្លួន​ ​លើ​គន្លង​និន្នាការ​កើនឡើង​ខ្ពស់​ដដែល​ ដោយ​​​សារ​តែ​អត្រា​កំណើន​នៃ​ចំនួន​ភ្ញៀវ​ទេស​ចរ​ ​បា​ន​កើន​ឡើង​​១៩ភាគរយ​ [បើ​ធៀប​នឹង​រយ​ៈ​​​​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​]​​”។

​យោង​តាម​របាយ​ការណ៍របស់​ធនាគា​រ​ពិភព​លោក ​បាន​ឲ្យដឹងថា ​នៅ​ក្នុង​វិស័យ​កសិកម្ម ​សកម្មភាព​ដាំ​ស្រូវ​បាន​កើនឡើង​​ក្នុង​រយៈ​ពេល​បួនឆ្នាំ​ចុង​ក្រោយ​នេះ ​ហើ​យ​កាល​ពី​ខែ​មិថុនា​ ​វិស័​យ​សំណង់​បាន​ស្ទុ​ះ​ឡើង​យ៉ាង​គំហុក​ ពោលគឺ​តម្លៃ​គម្រោង​វិ​ន​ិ​យោគ​ដែល​ត្រូវ​បានអនុ​ម័ត​ ​បាន​កើន​ឡើ​ង​ពី​១២​៦​លាន​ដុល្លារ​ កាលពីខែ​មករា ​ដ​ល់​១,៤​ពាន់​លាន​ដុល្លារ​ ជាហេតុ​ជំរុញ​ឲ្យ​តម្លៃ​វិនិយោគសរុប​​ក្នុងវិស័យ​សំណង់​ កើ​ន​ឡើង​ដល់​១,៩៤​ពាន់​លានដុល្លារ​។

​ក៏ប៉ុន្តែ មន្ត្រី​នានា​បាន​ឲ្យដឹងផង​ដែរ​ថា​ ​ផលិត​ផល​ក្នុងស្រុក​សរុប (ជីឌីភី​)​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រប​ស់​ប្រទេស​​កម្ពុជា​ អា​ចនឹង​​ប្រែ​ប្រួល​ ដោ​យសារតែ​ប្រទេស​នេះ​កំពុង​ខិត​ខំប្រឹង​ប្រែ​​ង​ដោះ​ស្រា​យ​​​បញ្ហា​ក្រោយ​ពេលបោះ​ឆ្នោ​ត​ រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ ជា​គណ​បក្ស​កាន់​អំណាច ​​និង​គណបក្ស​សង្គ្រោះ​ជា​តិ ដែល​ជា​គណ​បក្ស​​ប្រឆាំង​ ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ស្ថិត​ក្នុង​ស្ថា​នភាព​មិននឹង​នរ សហរដ្ឋ​អាមេរិក​ស​ម្រេច​​បិទ​ទ្វា​រ​ការិយា​ល័យ​សហ​ព័ន្ធមួយចំ​នួ​ន​ ​ហើយ​កំណើន​សេដ្ឋកិច្ច​របស់​តំបន់​អឺរ៉ុប​បន្តភាព​ខ្សោយ​របស់​វា​។​​​

​លោក ​អិនរីក ​អាល់ដាស ​ខារ៉ូល ​(En​r​i​q​ue Aldaz-Carroll​) សេដ្ឋ​វិទូ​ជាន់​ខ្ពស់​ធ​នា​គារ​ពិភព​លោ​ក​ ប្រ​ចាំ​នៅ​ប្រទេស​កម្ពុ​ជា​​​​​​មា​ន​ប្រ​សាស​ន៍​ថា​ “សេដ្ឋ​កិច្ច​​​របស់​ប្រទេស​​កម្ពុ​ជា​ ​​នៅ​​តែ​មា​ន​​​​កំ​​ណើ​ន​ខ្ពស់ ទោះ​​បី​​ជា​​​​មា​ន​បញ្ហា​ប្រ​ឈម​​​ក៏​​​ដោ​យ”។ លោក​​បា​ន​មា​ន​​ប្រ​សាសន៍​​​បន្ថែម​​ទៀត​ថា “មា​ន​បញ្ហា​​ប្រ​ឈម​កម្រិ​ត​​សាកល​​លោក​ និ​ង​​កម្រិ​ត​ក្នុ​ង​ស្រុក។ ​មា​ន​ភាព​មិ​ន​ប្រា​កដ​​​ប្រជា​​​នៅ​ស​ហ​រដ្ឋ​​អា​មេរិក​ និង​​នៅ​ក្នុ​ង​​ប្រ​ទេស​ ភាព​មិ​ន​ប្រា​កដ​ប្រជា​នៃ​​ផល​​ប៉ះ​​ពាល់​​​ដោ​យ​​សារ​​ទឹ​ក​​​ជ​ំ​នន់ ​​[ទៅលើ​វិស័យ​​​កសិ​កម្ម​] ​​និង​ស្ថា​ន​​​​ភា​ព​​ក្រោ​យ​​​ពេល​​បោះ​ឆ្នោត​។ ត្រង់​ចំ​ណុច​​នេះ ​មិ​ន​ទាន់​ដល់​​ពេល​ត្រឹម​ត្រូ​វ​សម្រាប់​​​ព្យា​​​ករ​​​អំ​ពី​​អ្វីដែល​ស្ថាន​ភាព​​ក្រោយ​ពេល​​​បោះ​​​ឆ្នោត​​​​​មា​ន​ [និងនឹង​​​មា​ន​] ទៅ​លើ​​ផលិត​ផលក្នុ​ង​​​​​​​ស្រុក​សរុប​​របស់​​ប្រទេ​ស​​កម្ពុ​ជា​ទេ​​​”។

ក៏​ប៉ុន្តែ​​​អត្រា​​កំ​ណើ​ន​សេដ្ឋ​​កិច្ច​៧​​ភា​គ​រយ​ ​ដែ​ល​ធនា​​​គារពិ​​​ភ​ព​លោក​បា​ន​ព្យា​ករ​នេះ ​គឺ​​ជា​​អត្រា​​​ទា​ប​​​​ជា​ងមុន​ ពីព្រោះ​​​កា​ល​​ពី​ឆ្នាំ​​​មុន ធនា​គារ​​នេះ​បា​ន​ព្យា​ករ​​ថា ​សេដ្ឋ​កិច្ច​​​របស់​ប្រទេ​ស​កម្ពុជា​កើន​ឡើ​ង​៧,៣​ភាគ​​រយ។ ​ហើយ​អត្រា​ព្យា​ករណ៍​សម្រាប់​ឆ្នាំ​នេះក៏​ទាប​​​​ជា​ង​​​អត្រា​​​ដែលធ​នា​​​គា​រអ​ភិ​វឌ្ឍ​​ន៍​អា​ស៊ី​​​(Asian Development​ Bank ឬ ADB)​​ បា​ន​ព្យា​ករ​​កា​ល​​​ពី​ថ្ងៃ​​ពុ​ធ​សប្តាហ៍​មុ​ន​ផង​ដែរ​។ ធនា​គារ​​​អ​ភិ​​វឌ្ឍ​​​​ន៍​​អា​ស៊ី​​​បា​ន​ព្យា​ករ​​ថា ​អត្រា​កំណើន​ផលិត​ផល​ក្នុង​ស្រុក​ស​រុ​ប​របស់​​ប្រទេ​ស​កម្ពុ​ជា​​​​​​​​​ នឹង​កើន​ឡើង​៧,​២ភាគរយ​សម្រាប់​ឆ្នាំ​នេះ ​និង​៧,៥ភាគរ​យ​សម្រាប់​ឆ្នាំ​២០១៤​។

អំឡុង​ពេល​កំពុ​ង​ថ្លែង​សុន្ទរកថារយៈ​ពេល​ប្រាំមួយ​ម៉ោង​កា​ល​ពីខែ​មុន​ លោក​នាយក​រ​ដ្ឋ​មន្ត្រី ហ៊ុន សែ​ន​ បាន​ព្យាក​រ​ថា ​ប្រទេស​កម្ពុជា​ ​នឹង​សម្រេ​ច​បាន​អត្រា​កំណើន​សេដ្ឋកិច្ច​៧​​​ភាគរយ​ ​​​សម្រាប់​​​ឆ្នាំ​២០១៣​។

លោក ​អាល់​ដាស ខារ៉ូល ​បាន​លើ​ក​ឡើង​បន្ថែម​ទៀត​ថា ​អត្រា​ព្យា​ករ​ណ៍​ផ្សេង​ៗ​គ្នា​អាច​ទទួល​យក​បាន​។ ​លោក​បាន​មាន​ប្រសាសន៍ អំពី​អត្រា​ព្យាករណ៍​របស់​ធនា​គា​រ​ពិភព​លោក​​ថា “វា​ស្ថិត​​ក្នុង​អ​ត្រា​គ​ម្លាត​មួយ​ដែល​អាច​ទទួល​យកបាន​ ដោ​យ​សារ​តែ​ភាព​ប្រា​កដ​ប្រជា​​ក្នុង​ប្រទេ​ស​នេះ​”។

​លោក ​ស្រី ចន្ធី ​ប្រធាន​ស្តីទី​សមាគម​សេដ្ឋ​​​​​​កិច្ច​កម្ពុជា (Camb​odian ​Econ​omic A​s​soc​ia​​​tion​) បាន​លើក​ឡើង​ផងដែរ​ថា ​អ​ត្រា​ព្យាករណ៍​ របស់​ធនាគារ​ពិភព​លោក​​ ប្រហែល​ជា​អាច​សម្រេច​ទៅ​បាន​។ ​លោក​បាន​មាន​​​ប្រសាសន៍​​​​ដូច្នេះថា “ ពេល​នេះ​ ធនាគារ​ពិភព​លោក​ព្យាករ​ល្អជា​ង​ធនាគារ​​អ​ភិវឌ្ឍន៍​អាស៊ី។ ​អត្រា​កំណើន​៧ភាគរយ​ប្រហែល​ជា​អាច​សម្រេច​បាន​ ដោយ​ផ្អែក​លើ​កំណើន​នៃ​វិស័យ​កាត់​ដេរ​ កាលពីពេ​ល​ថ្មី​ៗ​នេះ”។

ទោះ​ជាយ៉ាង​ណា​  លោក​​មាន​ប្រ​សាសន៍​​​​បន្ត​ទៀតថា “ក៏ប៉ុន្តែ ​ពួកគេ​ត្រូវ​គិត​ពិចារណា​អំពី​ស្ថានភាព​នយោបាយ​ និង​​បញ្ហា​ទឹកជំនន់​។ ​ពួកគេ​មាន​សុទិដ្ឋិ​និ​យម​ខ្លាំ​ង​បំផុត​ទៅលើ​​​វិស័យ​កសិកម្ម ​បន្ថែម​លើ​វិ​ស័យ​កាត់​ដេរ​សម្លៀក​បំពាក់​។ ​ហើយ​ក្នុង​ឆ្នាំនេះ វិស័យក​​​សិកម្ម​រង​ផល​ប៉ះ​ពាល់​យ៉ា​ង​ខ្លាំងពី​ទឹក​ជំនន់​”។​

​ទឹក​ជំនន់​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​១០​ខេត្ត​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ ក៏​ប៉ុ​ន្តែ​ ទំហំ​នៃការ​ខូច​ខាត​ក្នុង​វិស័យ​កសិកម្ម​មិ​ន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ​។

​លោក ភីធើ ​ប្រ៊ីម​បល (Peter ​Brimble) ​នាយក​រង​ប្រចាំប្រទេស ​និង​ជា​សេដ្ឋវិ​ទូ​ជាន់​​​ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ​បាន​លើក​ឡើងថា អ​ត្រា​៧,២​ភាគរយ​​​ដែល​ស្ថាប័ន​របស់​​លោក​​បាន​ព្យាករ​ ឆ្លុះ​បញ្ចាំង​​​​ឲ្យ​ឃើញ​ស្ថានភាព​ល្អ​ជាង​មុននៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេ​រិក​ ដែល​ជា​ប្រទេស​មហា​​​​អំណាច​សេដ្ឋកិ​ច្ច​លំដាប់​ទី១នៅ​​លើ​ពិភព​លោក ​និង​តំ​បន់​អឺរ៉ុប​។

សេដ្ឋវិទូជាន់​​​ខ្ពស់​​​រូប​នេះ​ក៏​បាន​លើក​​​ឡើង​ប​ន្ថែម​ទៀត​ថា អត្រា​ព្យាក​រណ៍​នេះ​អាច​​​​មា​ន​ការ​ប្រែ​ប្រួល​បន្តិច​បន្តួច​បំផុត​​។ លោក ប្រ៊ីម​បល ​បាន​មានប្រសាសន៍​ដូច្នេះថា “ យើង​យល់ឃើញថា ​ស្ថានភាព​ល្អ​ប្រសើរ​ជាងមុននៅ​តំបន់​អឺរ៉ុប ​និង​ស​ហ​រដ្ឋ​​អាមេរិក​ ក៏ដូចជា ​ស្ថានភាព​ពាណិជ្ជកម្ម​ឆ្លង​ដែន​ទូទាំង​សាក​ល​លោក​ នឹង​ដើរតួ​យ៉ា​ង​សំខាន់​ ក្នុងការ​រក្សា​អត្រា​កំណើន​៧,៥​ភាគរយ​” សម្រាប់​ឆ្នាំ​២០១៤​។

​សេដ្ឋវិទូ​របស់​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី​​​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា “ក​ម្រិត​ប្រែ​ប្រួល​ជាក់​លាក់​ នៃ​អត្រា​ដែល​អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ៗ​បាន​ព្យា​ករ​​ទាំងនេះ​ ​អាច​នឹង​​​កើត​ឡើង ហើយ​ធ្វើ​ឲ្យ​មាន​សេច​ក្តីសន្និដ្ឋាន​ផ្សេង​​ៗ​គ្នា​អាច​កើត​ឡើង​ផងដែ​រ។ ​​​ហើយ​​​​ គម្លាត​០,​៥ភាគរយ​ ស​ម្រាប់ឆ្នាំ​២០១៤​ មិន​មែន​ជា​គម្លាត​ខុស​ពី​ធម្ម​តា​​​ទេ​”៕

ប្រែសម្រួល​ដោយ ​កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស