កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា អ្នកស្រី ទេព វន្នី អ្នកទទួលបានពានរង្វាន់ប្រឆាំងការបណ្ដេញចេញ បានតតាំងនឹងកងសន្តិសុខជាច្រើននាក់ ដែលកំពុងបិទច្រកចូលសាលាខណ្ឌដូនពេញ ខណៈអ្នកតវ៉ាផ្សេងទៀតកំពុងទាញរបាំងបន្លាលួសចេញនៅក្បែរនោះ។ ថ្ងៃបន្ទាប់ អ្នកស្រីបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយតំណាងធនាគារពិភពលោក និងតំណាងក្រសួងការបរទេសសហរដ្ឋអាមេរិក។

សម្រាប់អ្នកស្រី ទេព វន្នី អាយុ៣២ឆ្នាំ ជាប្រពន្ធ និងម្ដាយ ដែលមានកូនតូចៗចំនួនពីរនាក់ ការតស៊ូសម្រាប់យុត្តិធម៌ គឺជាជម្រើសតែមួយគត់របស់អ្នកស្រីតាំងពីយូរមកហើយ។ អ្នកស្រី ទេព វន្នី បានលើកឡើងនៅក្នុងផ្ទះរបស់អ្នកស្រី ដែលបានយកបដា និងវត្ថុនានាបានមកពីបាតុកម្មលើកមុនៗមកតុបតែងផ្ទះនៅតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញថា “នៅពេលខ្ញុំអាយុប្រហែល៨ ឬ៩ឆ្នាំ ខ្ញុំបានចាប់ផ្ដើមស្អប់អំពើអយុត្តិធម៌ ការគាបសង្កត់ និងការរើសអើង។ ខ្ញុំមិនចូលចិត្តអំពើទាំងនេះនៅពេលគេព្យាយាមបំភិតបំភ័យខ្ញុំ ឬក៏នរណាផ្សេងទៀត”។
អ្នកស្រី ទេព វន្នី បានតស៊ូចាប់តាំងពីអ្នកស្រីបានមកដល់រាជធានីភ្នំពេញ កាលពីឆ្នាំ១៩៩៨ បន្ទាប់ពីចាកចេញពីខេត្តកំពតកន្លែងដែលអ្នកស្រីបានធំដឹងក្ដីនៅក្នុងគ្រួសារក្រីក្រមួយ។ សព្វថ្ងៃអ្នកស្រីគឺជាបុគ្គលមានស្មារតីមួយរូប ដែលតែងតែមានវត្តមាននៅក្នុងការតវ៉ាប្រឆាំងនឹងការបណ្ដេញចេញដោយបង្ខំក្នុងរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ ២០០៩មក ហើយបានក្លាយទៅជាអ្នកនាំពាក្យមិនផ្លូវការសម្រាប់សហគមន៍បឹងកក់ និងសម្រាប់បុព្វហេតុសិទ្ធិមនុស្ស។
អ្នកស្រីធ្លាប់ត្រូវបានគេអញ្ជើញឲ្យទៅធ្វើជាវាគ្មិននៅសហរដ្ឋអាមេរិកចំនួនបីលើករួចមកហើយ ក៏ដូចជានៅប្រទេសបារាំង ប្រេស៊ីល ហូឡង់ សិង្ហបុរី និងប្រទេសថៃផងដែរ។ កាលពីខែមីនា អ្នកស្រីបានទទួលពានរង្វាន់ Vital Voices Global Leadership Award នៅក្នុងពិធីមួយក្រោមអធិបតីភាពរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។
អំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងពេលថ្មីៗនេះចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា អ្នកស្រី ទេព វន្នី បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយចំនួន ដែលគណៈកម្មការត្រួតពិនិត្យរបស់ធនាគារពិភពលោក ក្រសួងការបរទេសសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិប្រជាធិបតេយ្យ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការ Freedom House បានរៀបចំ។
អ្នកស្រីបានលើកឡើងថា “យើងចង់ឲ្យពួកគេធ្វើអន្តរាគមន៍ ដើម្បីស្នើឲ្យរដ្ឋាភិបាលបញ្ចប់អំពើហិង្សាក្នុងប្រទេសកម្ពុជា”។ អ្នកស្រីបានបន្ថែមថា នៅពេលតំណាងនៃស្ថាប័នទាំងនេះមិនបានធ្វើការសន្យានោះ សាររបស់អ្នកស្រីមានគេដឹងឮយ៉ាងច្រើន។ កាលពីខែធ្នូ ឆ្នាំ២០១០ ធនាគារពិភពលោកបានផ្អាកការផ្ដល់ប្រាក់កម្ចីថ្មីទៅឲ្យប្រទេសកម្ពុជា បន្ទាប់ពីគណៈកម្មការត្រួតពិនិត្យបានរកឃើញថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់រដ្ឋាភិបាល ដែលឧបត្ថម្ភដោយធនាគារពិភពលោក បានធ្វើឲ្យអ្នកភូមិសហគមន៍បឹងកក់ជាច្រើនគ្រួសារគ្មានសិទ្ធិកាន់កាប់អចលនទ្រព្យរបស់ខ្លួន។ កាលពីឆ្នាំ២០០៧ សាលារាជធានីភ្នំពេញបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុនស៊ូកាគូអ៊ិន ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយលោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា កាន់កាប់តំបន់សហគមន៍បឹងកក់ក្នុងរយៈពេល៩៩ឆ្នាំ។ ចាប់តាំងពីពេលនោះមក សាលារាជធានីភ្នំពេញគឺជាអ្នកមើលការខុសត្រូវចំពោះការបណ្ដេញប្រជាពលរដ្ឋប្រហែល៣.០០០គ្រួសារចេញពីផ្ទះសំបែងរបស់ខ្លួន។
អ្នកស្រី ទេព វន្នី បាននិយាយកាលពីម្សិលមិញថា តួនាទីទាំងពីររបស់អ្នកស្រី មួយជាអ្នកតវ៉ាថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងមួយទៀតជានិមិត្តរូបនៃសកម្មជនក្រៅប្រទេសគឺសុទ្ធតែមានសារៈសំខាន់ដូចគ្នានៅក្នុងការធ្វើឲ្យមានការផ្លាស់ប្ដូរវិជ្ជមាន។ អ្នកស្រីបានលើកឡើងបន្ថែមទៀតថា “នៅក្នុងប្រទេសកម្ពុជាយើងគឺជាជនរងគ្រោះ យើងប្រយុទ្ធប្រឆាំងនឹងការបណ្ដេញចេញដោយខុសច្បាប់ ទោះបីជារដ្ឋាភិបាលព្យាយាមធ្វើឲ្យយើងឈឺចាប់ និងបំបាក់ទឹកចិត្តរបស់យើង”។ អ្នកស្រីបន្ថែមថា “ប៉ុន្តែនៅក្រៅប្រទេសខ្ញុំគឺជាតំណាងពលរដ្ឋខ្មែរ។ យើងចង់ឲ្យគេដឹងថា យើងជានរណា ចង់ឲ្យគេផ្ដោតអារម្មណ៍មកលើយើង យកចិត្តទុកដាក់មកលើយើង និងមានមោទនភាពចំពោះយើង”។
លោក ស៊ាន ម៉ាកគិនតុស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក កាលពីម្សិលមិញបានបដិសេធមិនធ្វើអត្ថាធិប្បាយពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រី ទេព វន្នី ដើម្បីស្នើសុំការគាំទ្រពីសហរដ្ឋអាមេរិក សម្រាប់បុព្វហេតុសិទ្ធិមនុស្សឡើយ ប៉ុន្តែលោកបានលើកឡើងនៅក្នុងអ៊ីម៉េលមួយថា “យើង [ស្ថានទូតសហរដ្ឋអាមេរិក] ធ្លាប់បានលើកឡើងរួចមកហើយ អំពីក្ដីព្រួយបារម្ភពាក់ព័ន្ធសិទ្ធិមនុស្ស ហើយនឹងនៅតែលើកឡើងបន្តទៀតនៅថ្នាក់កំពូលនៃរដ្ឋាភិបាលកម្ពុជា”។
បន្ទាប់ពីការវាយប្រហារដ៏សាហាវមួយពីសំណាក់នគរបាល និងបុរសពាក់ម៉ាស់ទៅលើអ្នកតវ៉ាមកពីសហគមន៍បឹងកក់ ដែលបានធ្វើកូដកម្មអត់អាហារដោយសន្ដិវិធីនៅវត្តភ្នំកាលពីថ្ងៃទី២២ ខែកញ្ញា អ្នកស្រី ទេព វន្នី និងអ្នកតវ៉ាមួយក្រុមផ្សេងទៀតនៅក្បែរភូមិអ្នកស្រី ដែលស្ថិតក្នុងសម្លៀកបំពាក់ពណ៌សបានសំពះបួងសួងសុំឲ្យមានការការពារពីការប្រើអំពើហិង្សានាពេលអនាគតនៅចំពោះមុខព្រះសង្ឃប្រមាណ១០០អង្គកាលពីព្រឹកម្សិលមិញ។
តើអ្វីទៅជារបៀបវារៈដ៏មមាញឹកសម្រាប់ពេលលើកក្រោយទៀតរបស់អ្នកស្រី?។ អ្នកស្រីបានធ្វើដំណើរទៅកាន់ទីក្រុងឌុយប្លាំង ជាមួយលោក ម៉ម សូណង់ដូ ដើម្បីធ្វើជាតំណាងប្រទេសកម្ពុជានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាស្ដីពីសិទ្ធិមនុស្សឈ្មោះថា Front Line Defenders នៅប្រទេសអៀរឡង់កាលពីថ្ងៃពុធ។
អ្នកស្រីបាននិយាយកាលពីម្សិលមិញថា “យើងមិនដែលបោះបង់ចោលក្ដីសង្ឃឹមរបស់យើងឡើយ យើងដឹងថា យើងនឹងទទួលរងការវាយដំ ការចាប់ខ្លួន ការចោទប្រកាន់ ព្រមទាំងការសម្លាប់ផងដែរ ប៉ុន្តែយើងនៅតែស្វែងរកមធ្យោបាយសម្រាប់សិទ្ធិរបស់យើង ហើយយើងសង្ឃឹមថា ថ្ងៃណាមួយយើងនឹងទទួលបានយុត្តិធម៌”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង