តំណាងបួននាក់របស់អ្នកភូមិដែលជាប់ផុងក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុន KDC ដែលមានខ្នងក្រាស់ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង បន្ទាប់ពីពួកគាត់រងការគំរាមសម្លាប់។
លោក រាជ សីមា ដែលស្ថិតក្នុងចំណោមអ្នកតំណាងទាំងបួននាក់ ក៏បាននិយាយថា “លិខិតអនាមិកនេះ គឺជាការគំរាមដល់អាយុជីវិតរបស់ពួកយើង”។
លោកបានបន្ថែមថា ខ្លួនបានឃើញលិខិតនេះក្នុងថង់ប្លាស្ទិកមួយជាប់របងផ្ទះរបស់លោកដែលស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ពេលលោកទៅធ្វើស្រែ កាលពីថ្ងៃអាទិត្យ។
លោក រាជ សីមា បានពន្យល់ថា លិខិតដែលគេថតចម្លងតែមួយច្បាប់យកទៅទម្លាក់ចោលនៅក្បែរផ្ទះរបស់លោកនេះ មានការព្រមានយ៉ាងច្បាស់ដល់រូបលោក និងសកម្មជនសិទ្ធិដីធ្លីនិយាយឥតសំចៃចំនួនបីរូបទៀត មិនឲ្យចូលរួមនៅក្នុងការជួបជុំគ្នារឿងនយោបាយ ដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ។
លិខិតដែលផ្ញើទៅលោក រាជ សីមា លោក ពេញ រុំ លោក ស្ងួន យឿន និងប្រពន្ធរបស់លោកឈ្មោះ គង់ សុភី នេះ សរសេរថា “ពួកហ្អែងកុំនាំមនុស្សទៅចូលរួមមហាបាតុកម្មឲ្យសោះ ចាំអញផ្តល់តំណែង [ក្នុងរដ្ឋាភិបាល] ឲ្យ។ ប្រសិនបើពួកហ្អែងហ៊ាននាំមនុស្សទៅ ពួកហ្អែងគ្មានថ្ងៃវិលមកវិញទេ។ កុំចង់សាក បើមិនអ៊ីចឹងទេ ពួកហ្អែងនឹងត្រូវស្លាប់ ហើយកូនរបស់ពួកហ្អែងនឹងត្រូវកំព្រា”។
លិខិតអនាមិកនេះត្រូវគេសរសេរដោយដៃ ហើយមានគូររូបខ្នោះដៃនិងកាំភ្លើងខ្លីទៀតផង។ លោក រាជ សីមា បានឲ្យដឹងថា លិខិតនេះគ្មានន័យអ្វីផ្សេងក្រៅពីការគំរាមសម្លាប់ឡើយ ហើយថា លោកជឿថា អ្នកភូមិទទួលបានលិខិតនេះ ដោយសារតែរឿងវិវាទដីធ្លីអូសបន្លាយជាមួយក្រុមហ៊ុន KDC របស់ភរិយាលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។
គួររំឭកថា អ្នកភូមិចំនួន៦០គ្រួសារនៅក្នុងភូមិឡពាង កំពុងតស៊ូទាមទារដីស្រែជាង១៤៥ហិកតា ដែលក្រុមហ៊ុន KDC របស់អ្នកស្រី ជា ខេង បានបណ្តេញពួកគាត់ចេញកាលពីឆ្នាំ២០០៧។
លោក ជួប ចាន់ធឿន នាយប៉ុស្តិ៍នគរបាលឃុំំតាជេស បានឲ្យដឹងថា លោកនឹងស៊ើបអង្កេតពីការគំរាមសម្លាប់សកម្មជនទាំងបួននាក់នេះ។ លោកបានមានប្រសាសន៍ថា “យើងនឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតបន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ [នៅថ្ងៃនេះ]”។ លោកបានបន្ថែមថា គេមិនទាន់អាចសន្និដ្ឋានបានថា លិខិតអនាមិកនេះពាក់ព័ន្ធរឿងនយោបាយទេ។
លោក សំ ចាន់គា ជាអ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តនេះបានលើកឡើងថា ការគំរាមនេះគួរទទួលបានការយកចិត្តទុកដាក់។ លោកបានមានប្រសាសន៍ថា “វាជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់។ គួរមានការចាប់ខ្លួនជនល្មើសមកផ្តន្ទាទោស”៕
ប្រែសម្រួលដោយ សោម សារុន