សហគមន៍ខ្មែរកម្ពុជាក្រោយជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលតំណាងឲ្យជនជាតិភាគតិចមួយនេះនៅក្នុងប្រទេសកម្ពុជាបានជូនដំណឹងទៅសាលារាជធានីភ្នំពេញកាលពីម្សិលមិញថា ខ្លួនមានបំណងធ្វើការតវ៉ាមួយ ដែលមានអ្នកចូលរួមប្រមាណ២០០នាក់នៅខាងមុខស្ថានទូតវៀតណាមនៅថ្ងៃអាទិត្យ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមបានមានប្រសាសន៍ថា អ្នកតវ៉ានឹងអំពាវនាវឲ្យដោះលែងអ្នកប្រឆាំងជាខ្មែរកម្ពុជាក្រោមចំនួនប្រាំបួននាក់ រួមទាំងព្រះសង្ឃពីរអង្គផង ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវៀតណាម និងដែលត្រូវរកឃើញជាប់ពិរុទ្ធភាពពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កបញ្ហាក្នុងសង្គមនៅឯសវនាការជំនុំជម្នះពួកគេកាលពីថ្ងៃទី២៧ ខែកញ្ញា។
លោកបានមានប្រសាសន៍ថា “យើងនឹងដាក់ញត្តិទៅស្ថានទូតវៀតណាម ហើយស្នើសុំឲ្យដោះលែងព្រះសង្ឃទាំងពីរអង្គ និងមនុស្សប្រាំពីរនាក់ផ្សេងទៀត”។ លោកបានមានប្រសាសន៍ទៀតថា ក្រសួងការបរទេសកន្លងមកមិនបានឆ្លើយតបនឹងសំណើរសុំឲ្យបញ្ចុះបញ្ចូលប្រទេសវៀតណាមឲ្យដោះលែងអ្នកទោសទាំងនេះទេ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់អះអាងថា ទទួលបានលិខិតនេះហើយ ប៉ុន្តែបានមានប្រសាសន៍ថា លោកចាំបាច់ត្រូវជួបជាមួយមេដឹកនាំការតវ៉ាជាមុនសិន មុនពេលសម្រេចរឿងនេះ។ ខ្មែរក្រោមសំដៅដល់សហគមន៍ខ្មែរជនជាតិភាគតិចនៅក្នុងប្រទេសវៀតណាមភាគខាងត្បូង។ ជាញឹកញាប់សមាជិកនៃសហគមន៍ខ្មែរក្រោមចោទប្រកាន់រដ្ឋាភិបាលវៀតណាមថា រំលោភសិទ្ធិមនុស្ស។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះខ្មែរក្រោមរាប់មឺុននាក់បានភៀសខ្លួនពីប្រទេសវៀតណាមមកប្រទេសកម្ពុជា និងប្រទេសថៃ៕
ប្រែសម្រួលដោយ តែម សុខុម