35 C
Phnom Penh

​គណបក្ស​ប្រជាជន​ត្រៀម​បោះឆ្នោត​​ជ្រើស​តាំង​​គណៈកម្មាធិការ​​សភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​ជាន់ខ្ពស់​​​​របស់​​គណបក្ស​ប្រជា​ជន​កម្ពុជា ​បាន​​​​បោះ​ឆ្នោត​ជ្រើសរើស​​បេក្ខ​ជន​សម្រាប់​​​ទទួល​មុខ​តំណែងនៅ​​​​ក្នុង​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​ទាំង​ប្រាំបួន​​របស់​​រដ្ឋ​សភា​ ដោយ​បិ​ទ​ទ្វា​រ​កាល​ពី​ម្សិលមិញ​ ខណៈ​​​ពេល​​គណបក្ស​សង្គ្រោះ​​​ជាតិ​ដែល​បាន​បន្ត​​​ធ្វើ​ពហិការ​​មិន​ចូល​សភា​​ ដោយ​សារ​តែ​​ការ​​បោះឆ្នោត​​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ខែ​កក្កដា​ បាន​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​បរទេស​មួយ​ចំនួន​របស់​​​​កម្ពុជា ​​​កាត់​ផ្ដាច់​​​ទំនាក់​ទំនង​​ជា​បន្ទាន់​ជាមួយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ តំណា​ង​រាស្ត្រ​៦៨​រូប​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​​​បាន​​អនុម័ត​​​ជ្រើស​តាំង​​ប្រធាន​សភា​ ប្រធាន​គណៈកម្មាធិការ​ទាំង​ប្រាំបួន​របស់​រដ្ឋ​សភា​ និង​ខុទ្ទកាល័យ​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​​ចំណាត់​ការ​មួយ​​ដែល​គណ​បក្ស​ប្រឆាំង​​បាន​​​ចាត់​ទុក​​​ថា ​ខុស​ច្បាប់​ និង​​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ពីព្រោះ​​​តំណាង​​រាស្ត្រ​​៥៥​រូប​របស់​ខ្លួន​​​គ្មាន​វត្ត​មាន​​​នៅ​ក្នុង​សភា​ ដោយ​សារ​តែ​​ការ​ធ្វើ​ពហិការ​​របស់​ពួក​​គេ​​​​​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​នេះ​។

កាល​ពី​ម្សិលមិញ​​ ប្រធាន​គណៈ​កម្មាធិ​ការ​​ទាំង​​ប្រាំបួន​នោះ​​​​​បាន​ជួប​ប្រជុំ​​ និង​បាន​ជ្រើស​តាំង​​សមាជិក​​គណៈ​កម្មា​ធិការ​​ដែល​​​នៅ​សេស​សល់​។ តំណាងរាស្ត្រ​​៦៨​រូប​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​​នា​ពេល​នេះ​​​នឹង​​ត្រូវ​​បោះ​ឆ្នោត​​​អនុម័ត​​បេក្ខ​ភាព​ សមា​ជិក​ភាព​របស់​​គណៈកម្មាធិការ​​​ទាំង​នេះ​​​នៅ​​​ថ្ងៃ​ព្រ​ហស្បតិ៍​។ លោក​ ជាម យៀប​ តំណាង​រាស្ត្រ​គណបក្ស​​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​នេះ​​ ព្រម​ទាំង​ជា​ប្រធាន​​គណៈ​កម្មា​ធិការ​ហិរញ្ញវត្ថុ​ និង​ធនាគារ ​​​បន្ទាប់​ពី​​​ចេញ​ពី​​​កិច្ច​ប្រជុំ​​នា​ពេល​រសៀល​នោះ​​​បាន​មាន​ប្រសា​សន៍​ថា “យើង​បាន​សម្រេច​​បោះ​ឆ្នោត​​នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​។ យើង​បាន​ត្រៀម​​បញ្ជី​ឈ្មោះ​​រួច​ហើយ​”។

តែ​ទោះ​ជា​យ៉ាង​​ណា​ លោក​ ជាម យៀប បាន​មានប្រសាសន៍​ថា គណបក្ស​ប្រជាជន​​កម្ពុជា ​បាន​ត្រៀម​ខ្លួន​ទុក​ឱកាស​សម្រាប់​​តំណាង​​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​យក​មុខ​តំណែង​នៅ​ក្នុង​គណៈកម្មាធិការ​ទាំង​នេះ ​នៅ​ពេល​ពួក​គេ​សម្រេច​ចិត្ត​​​ទទួល​​យក​​អាសនៈ​របស់​ខ្លួន​។  លោក​បាន​មានប្រសាសន៍​ថា “បញ្ហា​នោះ​​​មិនចោទ​ជា​បញ្ហា​ទេ​ ពីព្រោះ​យើង​​អាច​​រុះរើ​ [ការ​​ចាត់​តាំង​​គណៈកម្មាធិការ​] ​ឡើង​វិញ​​បាន​​​តាម​​រយៈ​កា​របោះឆ្នោត​”។

​កាល​ពី​ម្សិលមិញ​ គេហទំព័រ​ខេមបូឌា អ៊ិច​ប្រេស​​ញូស ហៅកាត់​ថា CEN  បាន​ធ្វើ​សេចក្ដី​រាយការណ៍​​​ថា លោក​ ជាម  យៀប​ បាន​លើក​ឡើង​​ជា​ថ្មី​ម្តង​ទៀត​នូវ​ការ​ព្រមាន​ពីសំណាក់​លោក​ ហ៊ុន សែន​ ថា គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) អាច​បែង​ចែក​អាសនៈ​សភា​​ទាំង​៥៥​របស់​​គណបក្ស​សង្គ្រោះជាតិ​​នៅ​ក្នុង​សភា​បាន​​ ប្រសិន​​បើ​ពួក​គេ​​​ធ្វើ​ពហិការ​​។

លោក​ ជាម យៀប​ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​​មាន​​ពេល​បី​ខែ​​សម្រាប់​​ទទួល​យក​​អាសនៈ​​របស់​ខ្លួន​ ប្រសិ​ន​បើ​មិន​ដូច្នោះ ទេ​នឹង​ត្រូវ​ប្រឈម​ការ​បាត់​បង់​​អាសនៈ​​​ទាំង​នោះ​។ លោក​បាន​មានប្រសាសន៍​ថា “ប្រសិន​បើ​តំណាង​រាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ​មិន​មក​​បំពេញ​តួនាទីរបស់​ខ្លួន​នៅ​​រដ្ឋសភា​​ទេ​នោះ​ នីតិវិធី​បន្ទាប់​គឺ​ថា គ.ជ.ប. នឹង​បែង​ចែក​អាសនៈ​​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​ទាំង​អស់​​​ឲ្យ​ទៅ​គណបក្ស​នយោបាយ​​​ចំនួន​ប្រាំ​បី​ ដែល​បាន​​ចូល​រួម​​នៅ​ក្នុង​ការ​បោះឆ្នោត​​ ដោយ​ផ្អែក​លើ​រូប​មន្ត​នៅ​ក្នុង​ច្បាប់​”។

ច្បាប់​ចែង​ថា គ.ជ.ប. អាច​​បែង​ចែក​​អាសនៈ​​សភា​​របស់​គណបក្ស​មួ​យ​បាន​​  ប្រសិន​​បើ​គណបក្ស​នោះ​​ប្រកាស​​បោះបង់​អាសនៈ​ទាំង​នោះ​។​ តែ​ទោះ​ជា​យ៉ាង​ណា​​ចាប់​តាំង​​ពី​លោក​ ទេព​ នីថា អគ្គលេខាធិការ​គ.ជ.ប. និង​លោក​ ប្រាក់​ សុខុន​ រដ្ឋ​លេខាធិការ​​​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ដែល​បាន​​ដើរ​តួ​នាទី​យ៉ាង​សំខាន់​​នៅ​ក្នុង​​ការ​ចរចា​​​ដែល​ទី​បំផុត​គ្មាន​​ផ្លែ​ផ្កា​ ដោយ​កាល​ពី​ខែមុន​ ​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិមិន​បោះបង់​អាសនៈ​របស់​ខ្លួន​​ទេ​ គ្រាន់​តែ​មិន​​បង្ហាញ​មុខ​នៅ​ក្នុង​សភាប៉ុណ្ណោះ​។

ដោយគណបក្ស​ប្រជា​ជន​កម្ពុជា ​កំពុងតែ​បន្ត​​ធ្វើ​ការ​ងារនៅ​រដ្ឋ​សភា​ដោយគ្មាន​ពួកគេ​​នោះ គណ​បក្ស​សង្គ្រោះ​ជាតិ​​​បាន​​បង្កើន​ការ​ខំ​ប្រឹង​ប្រែង​​របស់​ខ្លួន​ ដើម្បី​បង្ខូចកេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល​​ថ្មី​ប្រាប់​ដល់​​បណ្ដា​ម្ចាស់​​ជំនួយ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​ជួយ​ដល់​កម្ពុជា​។

នៅ​ក្នុង​លិខិត​មួយ​ចុះ​កាល​បរិច្ឆេទ​​​ថ្ងៃ​ច័ន្ទ​​ និង​ផ្ញើ​ទៅ​​សហភាព​អឺរ៉ុប​ ធនាគារ​ពិភព​លោក​​ មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ និង​ធនាគារ​អភិ​វឌ្ឍន៍អាស៊ី លោក​ សម រង្ស៊ី​ មេដឹកនាំ​គណ​បក្ស​ប្រឆាំង​​បាន​ជំរុញ​ឲ្យ​ពួក​គេ​​​ផ្អាក​​កិច្ច​ព្រម​ព្រៀង​​ទាំង​អស់​នា​ពេល​បច្ចុប្បន្ន​​ជាមួយ​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​ហៅ​ថា “មិន​គ្រប់ទឹក”។

លោក​បាន​លើក​ឡើង​​នៅ​ក្នុង​លិខិត​មួយ​​​ផ្ញើ​ជូន​លោក​ស្រី​​ ខាធើរីន ​​អាស្តុន​ (Catherine Ashton) ថា “ជា​លទ្ធផល​នៃ​រដ្ឋ​ប្រហារ​​ធម្ម​នុញ្ញ​ និង​ការ​ជាប់​គាំង​​​ផ្នែក​នយោបាយ​ ដែល​កំពុង​បន្ត​​កើត​មាន​ឡើង​​ សហភាព​អឺរ៉ុប​គួរ​តែ​ផ្អាក​កិច្ច​ព្រម​ព្រៀង​​​​ជា​មួយ​​រដ្ឋាភិបាល​បច្ចុប្បន្ន​ ដែល​​​ដឹកនាំ​ដោយ​​លោក​ ហ៊ុន សែ​ន”។

លោក​បាន​លើក​ឡើង​​​ទៀត​ថា “សហ​ភាព​អឺរ៉ុប​​ក៏​គួរ​តែ​​កុំ​ចុះកិច្ច​ព្រម​ព្រៀង​ថ្មីៗ​ជាមួយ​រដ្ឋាភិបាល​នេះ​ ដែល​មិន​តំណាង​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា ហើយ​ដូច្នេះ​​វា​មិន​អាច​ធ្វើ​​ការ​ប្ដេជ្ញា​តាម​​ផ្លូវ​ច្បាប់តាងនាម​​ឲ្យ​ប្រទេស​​​កម្ពុជា​​បានឡើយ​”។

ដើម្បី​គាំទ្រ​ករណី​​របស់​លោក​ លោក​ សម រង្ស៊ី លើក​ឡើង​​​ពី​មាត្រា​៧៦​នៃ​រដ្ឋ​ធម្មនុញ្ញ​​ដែល​ចែង​ថា រដ្ឋ​សភា​​ត្រូវ​​មាន​​សមា​ជិក​សភា​​យ៉ាង​ហោច​ណាស់​១២០​រូប​”។ ​ កាល​ពី​ឆ្នាំ​២០០៣ ក្រុម​ប្រឹក្សាធម្មនុញ្ញ​សម្រេច​ថា ​មាន​បេក្ខជន​​តំណាង​រាស្ត្រ​​១២០​រូប​ដែលបានជាប់​​ឆ្នោត​ ទើប​អាច​​បំពេញ​​លក្ខ​ខណ្ឌ​​បាន​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​បដិសេធ​មិន​ទទួល​ស្គាល់​ក្រុម​ប្រឹក្សា​នេះ​ទេ ដោយ​ចាត់​ទុក​វាជា​ជា​ស្ថាប័ន​លម្អៀង​ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​​ការណ៍​ដែល​ខ្លួន​បាន​ចេញ​​នៅ​ថ្ងៃ​ដែល​តំណាង​រាស្ត្រ​៦៨​រូប​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​​ ទទួល​យក​អាសនៈ​សភា​របស់​ខ្លួន​ជា​លើក​ដំបូង​​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ សហភាព​អឺរ៉ុប​​បាន​​លើក​ឡើង​ថា សភា​​ “មិន​យកជាការទេ​” បើ​​គ្មាន​គណបក្ស​​ប្រឆាំង​​ចូល​រួម ហើយ​បាន​លើក​ឡើង​​ម្តង​ទៀត​នូវ​ការ​អំពាវ​នាវ​ជាយូរ​មក​​ហើយ​របស់​ខ្លួន​ឲ្យ​ធ្វើ​កំណែ​ទម្រង់​បោះឆ្នោត។ សហភាព​អឺរ៉ុប​មិន​បាន​គាំទ្រ​​ការ​បោះ​ឆ្នោត​នេះ​ទេ​ ប៉ុន្តែ​​បាន​បន្ត​​សហការ​ជា​មួយ​​រដ្ឋាភិបាល​ថ្មី​នេះ​ដូច​ម្ចាស់​ជំនួយ​ទាំងអស់​ផ្សេង​ទៀត​​អ៊ីច៊ឹង​ដែរ៕

ប្រែសម្រួលដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស