សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញបានបើកសវនាការសម្រាប់ករណីកម្មករកំពង់ផែពីរនាក់ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានលួចសម្លៀកបំពាក់ជាង៨.០០០កំប្លេ ពីកុងតឺណ័រដាក់ទំនិញ ក្នុងពេលដែលកុងតឺណ័រនេះកំពុងត្រូវបានដឹកទៅកាន់កំពង់ផែស្វយ័តក្រុងភ្នំពេញ ក្នុងរាជធានីភ្នំពេញ។
ជនសង្ស័យទាំងបីនាក់ ម្នាក់ឈ្មោះ សន និវត្ត អាយុ២៥ឆ្នាំ ម្នាក់ទៀតឈ្មោះ លៀច គឹមស្រ៊ុន អាយុ២៩ឆ្នាំ និងចុងក្រោយឈ្មោះ អ៊ា ណាត អាយុ៤៩ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ ត្រូវបានចោទប្រកាន់ ពីបទលួចទ្រង់ទ្រាយធំ ដោយសារតែតាមការចោទប្រកាន់ជនសង្ស័យទាំងនេះ បានជាប់ពាក់ព័ន្ធក្នុងករណីលួចកុងតឺណ័រសម្លៀកបំពាក់កាលពីខែធ្នូឆ្នាំមុន។ បុរសពីរនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅពេលនោះផងដែរ ក៏ប៉ុន្តែត្រូវបានដោះលែងឲ្យរួចខ្លួនវិញ បន្ទាប់ពីត្រូវបានសាកសួររួចរាល់។
ជនសង្ស័យឈ្មោះ និវត្ត បានគ្រោងដឹកកុងតឺណ័រដាក់ទំនិញនេះពីរោងចក្រ ម៉ាស្ទិចអ៊ិនឃែម (ខេមបូឌា) ខូ អិលធីឌី (Mastex Incam (Cambodia) Co.,Ltd.) នៅខណ្ឌពោធិ៍សែនជ័យ ទៅកាន់កំពង់ផែស្វយ័តក្រុងភ្នំពេញ។
ជាធម្មតា ការដឹកជញ្ជូននេះប្រើពេលប្រហែលកន្លះម៉ោង ក៏ប៉ុន្តែ នៅតាមផ្លូវ ជនសង្ស័យបានឈប់ជាច្រើនលើកនៅខណ្ឌឫស្សីកែវ ដើម្បីយកសម្លៀកបំពាក់ប្រហែល៩០០ប្រអប់ ចេញពីកុងតឺណ័រ។ ជនសង្ស័យឈ្មោះនិវត្ត បាននិយាយថា “ខ្ញុំបានដឹកកុងតឺណ័រ ដែលមានសម្លៀកបំពាក់ពេញ ហើយបានឈប់ក្នុងដីមួយកន្លែង ហើយបុរសបួននាក់បានបើក[យកសម្លៀកបំពាក់ចេញ]។ ខ្ញុំបានធ្វើបែបនេះដោយសារតែគេសន្យាឲ្យលុយខ្ញុំ៥០០ដុល្លារ”។
ជនសង្ស័យឈ្មោះ ណាត បានអះអាងថា ខ្លួនគ្រាន់តែធ្វើជាបុគ្គលិកសន្តិសុខ យាមដីនោះប៉ុណ្ណោះ និងមិនពាក់ព័ន្ធក្នុងរឿងលួចសម្លៀកបំពាក់នេះទេ។
ជនសង្ស័យឈ្មោះ ណាត បាននិយាយថា “ នៅពេលសម្លៀកបំពាក់បានយកចេញ ខ្ញុំមិនបាននៅទីនោះទេ។ ខ្ញុំនៅក្រៅដី”។
ជនសង្ស័យឈ្មោះ គឹមស្រ៊ុន បានបដិសេធ ថា ខ្លួនមិនបានដឹងអំពីរឿងលួចនេះទេ ដោយបាននិយាយថា ខ្លួនគ្រាន់តែជួយជនសង្ស័យឈ្មោះ និវត្ត ប៉ុណ្ណោះ។ ជនសង្ស័យឈ្មោះណាត បាននិយាយថា “ ខ្ញុំគ្រាន់តែត្រូវបានគេហៅឲ្យជួយយកសម្លៀកបំពាក់ទាំងនោះចេញពីកុងតឺណ័រនោះប៉ុណ្ណោះ ហើយនៅពេលខ្ញុំទៅជួយ ខ្ញុំបានឃើញថា មានមនុស្សបួននាក់រួចទៅហើយ ដែលកំពុងជួយ”។
ករណីចោទប្រកាន់ជនសង្ស័យឈ្មោះ គឹមស្រ៊ុន ថា បានពាក់ព័ន្ធនឹងករណីលួចទ្រង់ទ្រាយធំនេះ នឹងត្រូវបានពិនិត្យឡើងវិញ ដើម្បីឆ្លុះបញ្ជាក់ឲ្យច្បាស់ថា ជនសង្ស័យរូបនេះពិតជាបានចូលដៃចូលជើង ក្នុងករណីនេះមែន នេះបើយោងតាមលោកព្រះរាជអាជ្ញារង សឿ វណ្ណី។
លោក លឹម ឆាយ តំណាងកំពង់ផែក្រុងភ្នំពេញ និងជាដើមបណ្តឹងក្នុងករណីនេះ បានលើកឡើងថា ជនសង្ស័យឈ្មោះ និវត្ត និងឈ្មោះ គឹមស្រ៊ុន សុទ្ធតែជាបុគ្គលិកកំពង់ផែនេះ។ លោកមានប្រសាសន៍ថា “យើងសង្ស័យថា សម្លៀកបំពាក់ទាំងនោះត្រូវបានគេលួច ពីព្រោះ[លោក និវត្ត] បានប្រើពេលបីម៉ោងសម្រាប់ការដឹកជញ្ជូនមកដល់កំពង់ផែ ហើយនៅពេលយើងពិនិត្យមើលកុងតឺណ័រ យើងរកឃើញថា ពាក់កណ្តាលនៃបរិមាណសម្លៀកបំពាក់សរុបត្រូវបានគេលួច”។ លោកបានឲ្យដឹងបន្ថែមទៀតថា កំពង់ផែលោក កំពុងទាមទារប្រាក់សំណង១៥.០០០ដុល្លារ។ ចៅក្រុមប្រធានក្រុមប្រឹក្សាជំនុំជម្រះ សួស សំអាត បានឲ្យដឹងថា សាលក្រម នឹងត្រូវប្រកាសនៅថ្ងៃទី២៨ ខែនេះ៕
ប្រែសម្រួលដោយ កង សុធា