33 C
Phnom Penh

អតីតអ្នក​​​គ្រប់​​​គ្រង​​​​​​ធនាគារ​​​​​​កាណាឌីយ៉ា​​​​​​សារភាព​​​ថា បាន​​​លួច​​​ប្រាក់​​២,៣​​​លាន​​​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​ប្រធាន​​​ផ្នែក​​​ឥណទាន​​​របស់​​​ធនាគារ​​​កាណាឌីយ៉ា​​​ បាន​សារភាព​​​ថា ខ្លួន​​​បាន​​​លួច​​​យក​​​ប្រាក់​​​ចំនួន​​​២,៣លានដុល្លារ​​​ពីគណនីនៅ​​​​​​ក្នុង​​​ធនាគារ​​​​​​​​​នេះ​​​ ក្នុង​​​​​​ករណី​​​លួច​​​យក​​​ប្រាក់​​​ធំបំផុត​​​ដែលមិន​​​ធ្លាប់​​​​​​មាន​​​​​​ក្នុង​​​វិស័យ​​​ធនាគារ​​​នៅ​​​​​​ប្រទេស​​​កម្ពុជា​ នេះ​​​បើ​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​មេធាវី​​​​​​របស់​​​ជន​​​សង្ស័យ​​​កាល​​​ពីម្សិល​​​មិញ។

ការ​​​ផ្តល់​​​សក្ខីកម្ម​​​ពី​​​​​​ឈ្មោះ យ៉េត សុភ័ក្ត្រា ​​​អា​​​យុ​​​៣០​ឆ្នាំ​​​ នៅ​​​ចំពោះមុខ​​​ចៅក្រម​​​ស៊ើប​​សួរ​​​លោក សួស សំអាត គឺ​​​ផ្ទុយគ្នា​​​ពី​​​របាយការណ៍​​​របស់​​​នគរបាល​​​  ដែល​​​មាន​​​ការ​​​បញ្ជាក់​​​ថា  ស្ត្រី​​​រូប​​​នេះ​​​បាន​​​ដក​​ប្រាក់​​​ពីគណនី​​​នៅ​​​ធនាគារ​​​​​​ ABA  និង​​​ធនាគារ​​​ SBC មុន​​​ពេល​​​​​​តម្កល់​​​ប្រាក់​​​នៅ​​​ធនាគារ​​​កាណាឌីយ៉ា​​​។ យោង​​​តាម​​​របាយការណ៍​​​របស់​​​នគរបាល​​​ ដដែល​​​នោះ​​​ ឈ្មោះ សុភ័ក្ត្រា​​​ គឺជាមេ​​​គំនិត​​​រៀប​​​ចំ​​​គម្រោង​​​​​​មួយ​​​ដែល​​​ត្រូវ​​​ប្រើ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ ក្នុង​​​នោះ​​​រូប​​​នាង​​​ និង​​​គូកន​​​យ៉ាង​​​តិច​​​បី​​​នាក់​​​ទៀត​​​ត្រូវ​​​ប្រើ​​​ប័ណ្ណឥណទាន​​​ក្លែង​​​ក្លាយ​​​ចំនួន​​​ប្រាំ​​​ ដើម្បីដក​​​ប្រាក់​​​រហូត​​​ដល់​​​១០០.០០០​​​ដុល្លារ​​​​​​សហរដ្ឋ​​​អាមេរិក​​​​​​នៅ​​​ក្នុង​​​មួយ​​​សប្តាហ៍​​​ពី​​​ម៉ាសីុន​​​​​​ដក​​​ប្រាក់​​​ ATM នានា​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​។

លោក នាង​​​ ហៃ ជា​​​មេធាវី​​​របស់​​​ឈ្មោះ សុភ័ក្ត្រា ដែល​​​ត្រូវ​​​បាន​​​សាក​​​សួរកាល​​​ពី​​​សប្តាហ៍​​​​​​មុន​​​​​​​​​ដោយ​​​សាលា​​​ដំបូ​​​ងរាជ​​​ធានី​​​ភ្នំពេញ​​​​​​ដែល​​​ចោទ​​​ប្រកាន់​​​រូប​​​នាង​​​ពីបទ​​​ចោរកម្ម​​​ និ​​​ងជំរិត​​​ទារ​​​ប្រាក់​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍ថា “កូន​​​ក្តី របស់​​​ខ្ញុំ​​​បាន​​​សារភាពថា ​​​នាង​​​បាន​​​ដក​​​ប្រាក់​​​ពី​​​គណនី​​​នៅ​​​ធនាគា​​​រកាណាឌីយ៉ា​​​ គឺ​​​មិនមែន​​​ពី​​​ធនាគារ​​​ ABA  និង​​​ធនាគារ​​​ SBC ឡើយ​​​”។ ត្រង់​​​ថា​​​ តើ​​​មាន​​​ទឹក​​​ប្រាក់​​​ចំនួនប៉ុន្មាន​​​ឲ្យ​​​ប្រាកដ​​​ដែល​​​បាន​​​បាត់​​​ពីធនាគារ​​​កាណាឌីយ៉ា​​​​​​ទាំង​​​ពុំមាន​​​បុគ្គលិក​​​ធនាគារ​​​ ឬ​​​អតិថិជន​​​របស់​​​ខ្លួន​​​ដឹង​​​នោះ​​​ គឺ​​​នៅ​​​មិន​​​ទាន់​​​មាន​​​ការ​​​បំភ្លឺ​​​នៅ​​​ឡើយ​​​ទេ​​​។

កាល​​​ពីថ្ងៃ​​​ម្សិល​​​មិញ លោក ម៉ៃឃើល ឡ (Michael Lor) អគ្គ​​​នាយក​​​ប្រតិបត្តិ​​​ធនាគារ​​​កាណាឌីយ៉ា​​​ បាន​​​បដិ​​​សេធ​​​មិន​ធ្វើ​​​អត្ថាធិប្បាយ​​​​​​​​​ថា តើ​​​ប្រាក់​​​​​​​​​ ២,៣លានដុល្លារ​​​នេះ​​​​​​ត្រូវ​​​បាន​​​លួច​​​​​​មុន​​​ពេល​​​​​​គេ​​​ដឹង​​​ដោយ​​​របៀប​​​ណា​​​ទេ​​​​​​។ របាយការណ៍​​​របស់​​​នគរបាល​​​បញ្ជាក់​​​ថា ដើម​​​បណ្តឹង​​​​​​ក្នុង​​​រឿង​​​ក្តី​​​នេះ​​​គឺមេធាវីឈ្មោះ ចុង​​​ អ៊ាវ​​​ហេង​​​ ។ លោក អ៊ាវ​​​ហេង ក៏​​​បាន​​​បដិ​​​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​រឿង​​​ក្តី​​​នេះ​​​ដែរ​​​ នៅពេល​​​ទាក់​​​ទង​​​បាន​​​កាល​​​ពីម្សិល​​​មិញ​​​។

លោក​ អីហ្គ ហ្ស៊ីម៉ា​​​រ៉េវ (Igor Zimarev) មន្ត្រី​​​ផ្នែក​​​ទីផ្សារ​​​របស់​​​ធនាគារ​​​ ABA  បាន​​​ឲ្យ​​​ដឹង​​​ថា នគរបាល​​​មិន​​​ដែល​​​បាន​​​ជូន​​​ដំណឹង​​​ទៅ​​​នាយក​​​ប្រតិបត្តិ​​​នៅ​​​ធនាគារនេះ​​​​​​អំពីប្រាក់​​​ដែល​​​បាន​​​បាត់​​​ពីគណនីរបស់​​​អតិថិជន​​​ទេ​​​។ លោក​​​បាន​​​បដិសេធ​​​ភ្លាម​​​ៗ​​​ថា សុវត្ថិភាព​​​គណ​​​នី​​​នៅ​​​ធនាគារ ABA ​​​គឺ​​​ពុំមាន​​​ចន្លោះ​​​ប្រហោង​​​សោះឡើយ​​​។

លោក​​​បានមាន​​​ប្រសាសន៍ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា ព័ត៌មាន​​​នេះ​​​បាន​​​មក​​​ពីណា​​​ និ​​​ងថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជាមាន​​​ការ​​​ប្រើ​​​ឈ្មោះ​​​ធនាគារ​​​​​​ABA និង​​​ធនាគារ​​​ SBC ដែល​​​តាម​​​ពិត​​​គឺ​​​ធនាគារ​​​កាណាឌីយ៉ា​​​ទេ​​​”។ ប្រហែល​​​ជា​​​នគរបាល​​​ប្រើ​​​​​​អក្សរ​​​កាត់​​​ច្រឡូក​​​​​​ច្រឡំ​​​ហើយ​​​។ អ្វី​​​ដែល​​​ខ្ញុំអាច​​​និយាយបាន​​​គឺថា ខាង​​​ធនាគារ​​​យើង​​​គឺ​​​គ្មាន​​​បញ្ហាអ្វីឡើយ​​​​​​ ហើយ​​​ព័ត៌មាន​​​ក្នុង​​​របាយ​​​ការណ៍​​​នគរបាល​​​នោះ​​​ គឺខុស​​​ហើយ​​​” ដោយ​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ទាន់​​​បាន​​​ឃើញ​​​របាយ​​​​​​ការណ៍​​​របស់​​​នគរបាល​​​ទេ​​​ ប៉ុន្តែ ថា វា​​​ត្រូវ​​​បាន​​​​​​​​​​​​​​​ធ្វើ​​​សេចក្តីរាយការណ៍​​​យ៉ាង​​​ទូលំទូលាយ​​​ក្នុង​​​​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​។

លោក​​​ តែក សុផល​​​ ជាប្រធាន​​​ផ្នែក​​​ប័ណ្ណ​​​ឥណទាន​​​ និ​​​ងសេវាធនាគារ​​​អេឡិចត្រូនិក​​​​​​នៅ​​​ធនាគារ​​​ SBC ក៏បាន​​​បដិសេធថា គ្មាន​​​ការ​​​លួច​​​ប្រាក់​​​ពីគណនី​​​នៅ​​​ក្នុង​​​ធនាគារ SBC ដែរ​​​ ​​​ដោយលោក​​​​​​បាន​​​បន្ថែមថា ការ​​​ភាន់​​​ច្រឡំនេះ​​​ប្រហែល​​​ជាបណ្តាល​​​មក​​​ពី​​​ការ​​​ពិតដែល​​​ថា មា៉សីុន​​​ដក​​​ប្រាក់​​​ ATM ​​​ រួម​​​ទាំង​​​ម៉ាសីុន​​​​​​ដក​​​ប្រាក់​​​មួយ​​​ចំនួន​​​របស់​​​ធនាគារ​​​ SBC ផង​​​នោះ​​​ត្រូវ​​​បាន​​​ប្រើ​​​ក្នុង​​​គម្រោង​​​ទុច្ចរិតនេះ​​​។

លោក  សុផល​​​ បានមាន​​​ប្រសាសន៍ថា “តាម​​​យើង​​​យល់​​​គឺថា បុគ្គលិក​​​ធនាគារ​​​កាណា​​​ឌី​​​យ៉ា​​​បាន​​​ធ្វើ​​​ឯកសារ​​​ធនាគារ​​​ ហើយ​​​ក៏​​​ស្នើ​​​សុំ​​​ប័ណ្ណ​​​ឥណទាន​​​ពីធនាគារ​​​នេះ​​​ ហើយ​​​ពួក​​​គេ​​​បាន​​​ប្រើ​​​ប័ណ្ណ​​​ឥណទាន​​​​​​ទាំងនោះ​​​នៅ​​​ធនាគារ​​​ផ្សេង​​​។ ដូច្នេះ​​​ប្រាក់​​​នោះគឺត្រូវ​​​បាន​​​ដកពីម៉ាស៊ីុន​​​ដក​​​ប្រាក់​​​ ATM​​​ ផ្សេង…​​​ ដើម្បី​​​ដក​​​យក​​​ប្រាក់​​​ពី​​​គណនីធនាគារ​​​កាណាឌីយ៉ា​​​”។

លោក​​​ ស្តេហ្វិន ហីកហ្គីន  (Stephen Hig gins)  អតីត​​​អគ្គនាយក​​​ប្រតិបត្តិ​​​​​​របស់​​​ធនាគារ ANZ Royal បាន​​​លើក​​​ឡើង​ថា  គម្រោង​​​​​​លួច ​​​យក​​​ប្រាក់​​​ធនាគារ​​​ខ្លួន​​​ឯង​​​របស់​​​ឈ្មោះ​​​ សុភ័ក្ត្រា  នេះ​​​ គឺជា​​​គម្រោង​​លួច​​​បន្លំ​​​​ធំ​​​បំផុត​​​ ដែល​​​មិន​​​ធ្លាប់​​​កើត​​​មាន​​​ក្នុង​​​វិស័យ​​​ធនាគារ​​​នៅក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ នេះគឺ​​​ជា​​​ករណីលួច​​​បន្លំ​​​ធំបំផុត​​​ដែល​​​ខ្ញុំ​​​មិនធ្លាប់​​​បាន​​​ឮ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ប៉ុន្តែ ធនាគារ​​​ភាគ​​​ច្រើន​​​​​​នៅ​​​ជុំវិញ​​​ពិភពលោកគឺ​​​​​​​​​សុទ្ធ​​​តែ​​​មាន​​​បុគ្គលិក​​​ដែល​​​ធ្វើការ​​​លួច​​​បន្លំ​​​ក្រោម​​​រូប​​​ភាព​​​ផ្សេង​​​គ្នា​​​។​​​វាធ្វើ​​​​​​ឲ្យ​​​ធនាគារ​​​ខាត​​​បង់​​​​​​ ក៏​​​ប៉ុន្តែ ធនាគារ​​​​​​មិន​​​រំពឹង​​​​​​ថា វា​​​​​​ធំដល់​​​ថ្នាក់​​​នេះឡើយ​​​​​​​​​”។

លោក​​​ ហីកហ្គីន បាន​​​បន្ថែមថា វាជារឿង​​​ “មិន​​​ធម្មតា” ទេ​​​ ប្រសិន​​​បើ​​​វា​​​គឺ​​​ជារឿង​​​ពិត​​​ដែល​​​ថា ឈ្មោះ សុភ័ក្ត្រា មាន​​​លទ្ធភាព​​​​​​លួច​​​ប្រាក់​​​ដល់​​​ទៅ​​​២,៣លាន​​​ដុល្លារ​ពីគណនី​​​ចំនួន​​​ប្រាំ​​​ ដោយ​​​ប្រើ​​​ប័ណ្ណ​​​ឥណទាន​​​ មុនពេល​​​ត្រូវ​​​គេ​​​ដឹង​​​។ លោក​​​បានមាន​​​ប្រសាសន៍ថា “ នាង​​​ឆ្លាត​​​ណាស់​​​ដែល​​​គេច​​​ផុត​​​ពីការ​​​ត្រួត​​​ពិនិត្យ​​​ ប៉ុន្តែ ល្ងង់​​​ណាស់​​​ដែល​​​គិតថា ខ្លួន​​​ឯង​​​អាច​​​រួច​​​ផុត​​​ពី​​​ការ​​​ចាប់​​​បាន​​​នៅ​​​ទីបំផុត​​​”។

លោក​​​ ​​​ ហៃ មេធាវី​​​របស់​​​ឈ្មោះ​​​ សុភ័ក្ត្រា បាន​​​បដិសេធ​​​​​​​​​មិន​​​បញ្ជាក់ថា តើ​​​កូន​​​ក្តី​​​របស់​​​ខ្លួន​​​​​​ដែល​​​បាន​​​លា​​​ឈប់​​​ពីការ​​​ងារ​​​នៅ​​​ឯ​​​ធនាគារ​​​កាណាឌីយ៉ា​​​កាល​​​ពីខែ​​​មីនា​​​នេះ​​​ បាន​​​ដក​​​ប្រាក់​​​​​​ពីគណនី​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​​​​ការ​​​លួច​​​បន្លំ​​​ ឬ​​​គណនី​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​ប្រើ​​​ឈ្មោះខ្លួន​​​ឯង​​​ផ្ទាល់​​​ ឬ​​​ក៏​​​ប្រើ​​​ប័ណ្ណ​​​ឥណទាន​​​ទាំង​នោះ​​​​​​ដក​​​ប្រាក់​​​ពីគណនី​​​របស់​​​អតិថិជន​​​ដែល​​​មាន​​​ស្រាប់​​​​​​របស់​​​ធនាគារ​​​​​​កាណាឌីយ៉ា​​​ ឬយ៉ាង​​​ណា​​​ទេ​​​។

នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​ឈ្មោះ​​​ សុភ័ក្ត្រា រួម​​​ជាមួយ​​​នឹង​​​ឈ្មោះ​​​ ស៊ុន សៅនីន អាយុ​​​៣៣​​​ឆ្នាំ​​​ជាមិត្ត​​​ប្រុស​​​របស់​​​នាង​​​ និង​​​ជា​​​អតីត​​​មិត្ត​​​រួមការ​​​ងារ​​​នៅ​​​ធនាគារ​​​កាណាឌីយ៉ា​​​តាម​​​បណ្តោយ​​​​​​មហា​​​វិថីព្រះមុនីវង្ស កាល​​​ពីថ្ងៃទី​​​៣០​​​ ខែ​​​កញ្ញា​​​ បន្ទាប់​​​ពីអ្នក​​​ទាំង​​​ពីរ​​​បាន​​​សារភាព​​​ចំពោះ​​​មុខ​​​មន្ត្រីធនាគារថា ខ្លួន​​​បាន​​​ឃុប​​​ឃិត​​​គ្នា​​​ក្នុង​គម្រោង​​​លួច​​​ប្រាក់​​​ដ៏ច្រើន​​​នេះ​​​។

លោក អេង​​​ សុភា នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌរាជធានី​​​ភ្នំពេញ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ ជន​​​សង្ស័យ​​​ទី​​​៣​​​ ឈ្មោះ ឡេង​​​ ស៊ុនទ្រី​​​ ត្រូវ​​​​​​បាន​​​ចោទប្រកាន់​​​ក្នុង​​​នាម​​​ជាអ្នក​​​រួម​​​គំនិត​​​ក្នុង​​​រឿង​​​ក្តី​​​នេះ​​​។ ម្តាយ​​​របស់​​​ឈ្មោះ សុភ័ក្ត្រា គឺ​​​អ្នក​​​ស្រី​​​  ចក់ ​​​ គឹម​​​ហេង​​​ អាយុ​​​៥៩ឆ្នាំ​​​ ក៏​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​ដែរ​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ​​​ ពីបទ​​​ចូល​​​រួម​​​ក្នុង​​​គម្រោង​​​នេះ​​​។

លោក​​​ សុភា បាន​​​​​​ឲ្យ​​​ដឹង​​​ថា “នគរ​​​បាល​​​បាន​​​​​​ចាប់​​​ខ្លួនអ្នក​​​ស្រី​​​  គឹម​​​ហេង​​​ បន្ទាប់​​​ពី​​​មាន​​​ដីកា​​​ពីតុលាការ ហើយ​​​​​​រូប​​​គាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ទៅ​​​តុលាការ​​​កាល​​​ពីព្រឹកថ្ងៃ​​​អង្គារ​​​។​​​តុលាការ​​​បាន​​​​​​សាក​​​សួរគាត់​​​ ហើយ​​​បាន​​​ឃុំ​​​ខ្លួន​​​គាត់​​​​​​រង់ចាំ​​​ការ​​​កាត់​​​ក្តី​​​​​​” ។​​​ លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​ថា តើ​​​គាត់​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ពីបទ​​​អ្វី​​​ទេ​​​៕

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស