កាលពីថ្ងៃច័ន្ទ បណ្តាញនៅកម្ពុជារបស់ក្រុមវាយប្រហារគេហទំព័រអន្តរជាតិ គឺក្រុម អេណូនីមើស (Anonymous) បានប្រកាសទទួលខុសត្រូវ លើការធ្វើឲ្យគេហទំព័ររបស់ក្រសួងការបរទេសកម្ពុជាលែងដំណើរការអស់ប្រាំមួយម៉ោង។ គេហទំព័រដែលមានពាក្យសុំទិដា្ឋការទេសចរអេឡិចត្រូនិកពីរដ្ឋាភិបាល ត្រូវបានធ្វើឲ្យអត់ដំណើរការនៅម៉ោងប្រហែល៨និង៣០នាទីព្រឹក ហើយត្រូវបានជួសជុលឲ្យដំណើរការវិញនៅម៉ោង ប្រហែល២និង៣០នាទីរសៀល។
គណនីបណ្តាញសង្គម ធ្វីតធើ (Twitter) ដែលធ្វើប្រតិបត្តិការដោយក្រុមវាយប្រហារគេហទំព័រ អេណូនីមើស ខេមបូឌា បានអះអាង ថា ករណីវាយប្រហារនេះជាផ្នែកមួយនៃយុទ្ធនាការ “ សេរីភាពប្រតិបត្តិការកម្ពុជា” ដែលកំពុងដំណើរការរបស់ខ្លួន។ សំឡេងបង្ហោះតាមបណ្តាញសង្គម ធ្វីតធើ ដោយក្រុមវាយប្រហារគេហទំព័រនេះ មានខ្លឹមសារថា “ #តាំងហ្គោដោន (#TangoDown)” ។
ក្រុមវាយប្រហារគេហទំព័រនេះ បានលើកឡើងបន្ថែមនៅក្នុងសំឡេងបង្ហោះមួយផ្សេងទៀត នៅវេលាម៉ោងជាង៩ព្រឹកថា “គេហទំព័រ mfaic.gov.kh មិនអាចដំណើរការឡើងវិញ ក្នុងរយៈពេល៣០នាទីក្រោយ។ តើវាអាចដំណើរការគោលនយោបាយការបរទេសដោយរបៀបណា?” ។ សេចក្តីប្រកាសព័ត៌មានដែលក្រុមវាយប្រហារគេហទំព័រនេះ បានភ្ជាប់ទៅនឹងសំឡេងបង្ហោះនោះ នឹងត្រូវបានចុះហត្ថលេខាដោយសមាជិកទាំង១០របស់ខ្លួនបង្ហាញថា ករណីវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹង “សំណើសុំឲ្យមានជំនួយបន្ទាន់” ពីសាធារណជនកម្ពុជា។
ក្រុមនេះបានលើកឡើងថា “គួរឲ្យកត់សម្គាល់ថា បងប្អូនប្រុសស្រីនៅកម្ពុជាកំពុងត្រូវបានធ្វើទុក្ខបុកម្នេញ និងរងការឈឺចាប់ដោយសារ[មន្ត្រីរដ្ឋាភិបាលដែលកំពុងរំពឹងថា នឹងបានឃើញ] ថា ខ្លួននឹងមិនទទួលផលប៉ះពាល់ដោយផ្ទាល់ទេ” ៕
ប្រែសម្រួលដោយ កង សុធា