32.9 C
Phnom Penh

ទឹក​ជំនន់​​​រាល​ដាល​​ដល់​ខេត្ត​ស្វាយ​រៀង​ ខណៈ​ខេត្ត​ចំនួន​១៧​បាន​រង​​ផល​​​ប៉ះពាល់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​លើក​ឡើង​ថា ខេត្ត​ស្វាយ​រៀង​​​ជា​ខេត្ត​​ចុង​ក្រោយ​​​គេ​​​ដែល​ត្រូវ​​​ប្រកាស​​​អាសន្ន​​ពី​​កម្រិត​​ទឹក​ជំនន់​ ខណៈ​ព្យុះ​​បាន​បន្ត​បក់បោក​​​ទៅ​លើ​​​​​តំបន់​ភាគ​​ខាង​លិច​​នៃ​ប្រទេស​​កម្ពុជា​ ដោយ​​ធ្វើ​ឲ្យ​​ទឹក​ជំនន់​​នៅ​ទូទាំង​​ប្រទេស​​ ដែល​បាន​បណ្ដាល​​ឲ្យ​មនុស្ស​យ៉ាង​តិច​​ណាស់​៨៣​នាក់​​បាន​ស្លាប់​​ និង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​​​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​​ កាល​ពី​ខែ​មុន​​នៅ​តែ​បន្ត​។​

លោក​ កែវ វី នាយក​​ខុទ្ទ​កាល័យ​​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​​បាន​​លើក​ឡើង​​ថា ខេត្ត​​សរុប​​ចំនួន​១៧​ ឥឡូវ​នេះ​​​បាន​រង​​ផល​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់។ លោក​​​បាន​​មាន​ប្រសាសន៍​ថា “ខេត្ត​​បាត់​​ដំបង​ ប៉ៃលិន​ សៀមរាប និង​ខេត្ត​ពោធិ៍សាត់​សុទ្ធ​តែ​​រង​​ការ​​វាយ​ប្រហារ​​ដោយ​​សារ​ទឹក​ជំនន់​​កាល​ពី​សប្ដាហ៍​មុ​ន​ ហើយ​​ខេត្ត​​ស្វាយ​រៀង​​ គឺ​ជា​ខេត្ត​ចុង​ក្រោយ​​បំផុត​​ ដែល​​រង​​ផល​​ប៉ះពាល់​​​​​ធ្ងន់​ដោយ​សារ​ទឹក​ជំនន់​​នៅ​ក្នុង​សប្ដាហ៍​នេះ​”។

លោក​ រស់ ផារិទ្ធ ប្រធាន​​រដ្ឋ​បាល​​សាលា​ខេត្ត​ស្វាយ​រៀង​​បាន​​លើ​ក​ឡើង​ថា ទឹក​ទន្លេ​វ៉ៃកូ​​បានហក់​​​ឡើង​​លើស​​កម្រិត​​ប្រកាស​​អាសន្ន​​​​ ដែល​មាន​​កម្រិត​​២,៩០​ម៉ែត្រ​កាល​ពី​ម្សិល​មិញ​ ពោល​គឺ​​​បាន​ឡើង​​ដល់​កម្រិត​​​២,៩១​ម៉ែត្រ​ ដែល​បាន​​បង្ក​ឲ្យ​មាន​​ទឹក​​ជំនន់​​ជា​ច្រើន​​កន្លែង​ និង​ធ្វើឲ្យ​ផ្ទះ​រាប់​រយ​​ខ្នង​​ត្រូវ​ជន់​លិច​​​។ លោក​បាន​មានប្រសាសន៍​ថា “មក​ទល់​ពេល​​នេះ​ ប្រជាពលរដ្ឋ​ចំនួន​១៧៤​គ្រួសារ​​​ត្រូវ​បាន​​ជម្លៀស​​ទៅ​​​កាន់​ទីទួល​​មាន​​សុវត្ថិភាព​​​នៅ​​ទូទាំង​ស្រុក​​ចំនួន​បួន​ ដោយ​សារតែ​​មាន​​ភ្លៀង​ធ្លាក់​ខ្លាំង​​ និង​​​ទឹក​ជំនន់​​កំពុង​​កើនឡើង​​ចាប់​​តាំង​​ពី​ថ្ងៃ​ច័ន្ទ​មក​​ ហើយ​​អាជ្ញាធរ​​កំពុង​​តែ​​​​រៀប​ចំ​​បា​​វ​​ខ្សាច់​​​ត្រៀ​ម​សម្រាប់​​​ការពារ​​ក្រុង​ស្វាយ​រៀង​​កុំ​ឲ្យ​ទឹក​ហូរ​​ចូល​​”។ លោក​បាន​​បន្ថែម​​ថា ​ក្មេង​ប្រុស​អាយុ​​៤ឆ្នាំ​ម្នាក់​​បាន​លង់​ទឹក​​ស្លាប់​​នៅ​វាល​ស្រែ​​​ក្នុង​ឃុំ​​ត្រស់ ស្រុក​រមាស​​ហែក​ កាល​ពី​​ថ្ងៃ​សុក្រ​។

យោង​តាម​ លោក​ ហុង ថាត មន្ត្រី​មក​ពី​​មន្ទីរ​​សេដ្ឋកិច្ច​ និង​សង្គម​កិច្ច​ខេត្ត​បាត់​ដំបង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងខេត្ត​​បាត់​ដំបង អាជ្ញាធរ​​​កំពុង​តែ​បន្ត​​ជម្លៀស​​ប្រជាពលរដ្ឋ​ ហើយ​​បានចែក​​​អង្ករ​ និង​ទឹក​​ស្អាត​ឲ្យ​ប្រជា​ពល​រដ្ឋ​ចំនួន​១.០០០​គ្រួសារ​​នៅ​ទីទួល​​សុវត្ថិភាព​ ខណៈ​​ផ្លូវ​នានា​ក្នុង​ក្រុង​បាត់​ដំបង​​កំពុង​​នៅ​​ជន់​​លិច​​នៅ​ឡើយ​។

លោក​បាន​​មានប្រសាសន៍​ថា “គ្រប់​​ស្រុក​​​ទាំង​អស់​​នៅ​ក្នុង​ខេត្ត​នេះ​ ឥឡូវ​នេះ​​កំពុង​តែ​រង​​ផល​ប៉ះពាល់​​ដោយ​សារ​ទឹក​​ជំនន់​ ហើយ​អាជ្ញាធរ​​បាន​​សម្រេច​​ថា វា​ចាំ​បាច់​​ត្រូវ​តែ​បើក​​​ទ្វារ​ទឹក​អាង​​​កំពីង​ពួយ​ [អាង​ទឹក​ដែល​​បង្កើត​ឡើង​​ដោយ​មនុស្ស​​នៅ​សម័យ​ខ្មែរ​ក្រហម​] ដើម្បី​កុំ​ឲ្យ​ទឹក​​ហូរ​បាក់​ទំនប់​។ នៅ​ពេល​​អាង​ទឹក​នេះ​បើក​​ ប្រជា​ពល​​រដ្ឋ​​ដែល​​រស់​នៅ​​ក្រោម​​​អាង​ទឹក​នេះ​ នឹង​​ត្រូវ​​រង​​ផល​ប៉ះ​ពាល់​​ដោយ​សារ​ទឹក​ជំនន់​បន្ថែម​​ទៀត​”។

លោក​ គង់​ ដួង​ ដែល​ធ្វើ​ការ​​នៅ​មន្ទីរ​ព័ត៌មាន​​ខេត្ត​​ប៉ៃលិន​​បាន​​មាន​ប្រសាសន៍​ថា នៅ​ម៉ោង​ប្រហែល​​២រំលង​អធ្រាត្រ​​កាល​ពី​ម្សិលមិញ​ក្នុង​ខេត្ត​ប៉ៃលិន​ ខេត្ត​ដែល​​ប្រជា​ពល​រដ្ឋ​ជាង​១.០០០​គ្រួសារ​​​ត្រូវ​បាន​​ជម្លៀស​​ក្នុង​ពេល​ថ្មី​ៗ​នេះ​​ផង​ដែរ​​នោះ អាជ្ញាធរ​​បាន​ជួយ​សង្គ្រោះ​​ក្មេង​ៗ​ចំនួន​បួន​នាក់​ ខណៈ​ពួក​គេ​​កំពុង​តោង​​ដើម​ឈើ​ ស្ថិត​នៅ​​ចំ​កណ្ដាល​​ទឹក​​ជំនន់​ ដែល​កំពុង​តែ​ហូរ​យ៉ាង​ខ្លាំង​​នៅ​ក្នុង​​ឃុំ​ស្ទឹង​ត្រង់​​ ស្រុក​​សាលា​ ក្រៅ​។

លោក​ អឹុម​ សុខ​រិទ្ធី​ ប្រធាន​មន្ទីរ​ព័ត៌​មាន​​នៅ​អាជ្ញាធរ​អប្សរា ដែល​គ្រប់​គ្រង​​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ និង​​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​អង្គរ​វត្ត​បាន​មាន​ប្រសាសន៍​ថា រីឯ​នៅ​ក្នុងខេត្ត​សៀម​រាប​​វិញ​ ទាហាន​​មួយ​ក្រុម​​មាន​គ្នា​​ប្រមាណ​​២០០​នាក់​បាន​ជួស​ជុល​​ផ្លូវ​ដែល​រង​ការ​​ខូច​ខាត​មួយ​ជាប់​​​គូ​ទឹក​​សម័យ​​អង្គរ​​​ក្បែរ​ប្រាសាទ​អង្គរ​ធំ​ ដែល​បាន​​​ហូរ​ចូល​ទៅ​ក្នុង​​​ភូមិ​មួយ​ចំនួន​​ក្បែរ​ៗ​នោះ​។

លោក​បានថ្លែង​ថា ស្ថានភាព​​កម្រិត​​ទឹក​​បាន​​ថយ​ចុះ​​វិញ​ហើយ​ ហើយ​​លោក​ ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​បាន​​ចុះ​ទៅ​​ត្រួត​ពិនិត្យ​នៅ​​ចំណុច​ផ្លូវ​​​ដែល​រង​​ការ​​​ខូច​ខាត​​ជាមួយ​នឹង​​​ទាហាន​​​មួយ​ក្រុម​ កង​​រាជ​អាវុធ​ហត្ថ​​ និង​មន្ត្រី​នគរបាល​ជាតិ​ ដើម្បី​​ជួយ​ជួស​ជុល​​ផ្លូវ​ដែលខូច​ខាត​​ [ប្រវែង​២០​ម៉ែត្រ​]។ ឥឡូវ​នេះ​យើង​​អា​ច​គ្រប់​គ្រង​ស្ថានភាព​នេះ​បាន​​ហើយ​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស