34 C
Phnom Penh

ក្រុមចោរ​ប្លន់​​​ដែល​​​បាញ់​​​ជន​​​បរទេស​​​ត្រូវបានចាប់​ខ្លួន​​​​​​​ក្រោយ​​​​​​ការ​​​បាញ់​តដៃ​ជាមួយ​នគ​រ​បាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​​នគរបាល​​​ម្នាក់​បានឲ្យ​​​ដឹង​​​​កាល​ពី​ម្សិល​មិញ​ថា បុរស​ពី​រនាក់​ដែល​​​ត្រូវបាន​ចោទប្រកាន់​ថា​​​ បាន​​​​​​ប្រព្រឹត្ត​​​អំពើ​​​ប្លន់​ប្រដាប់​អាវុធ​​​​ជា​​​បន្ត​​​បន្ទាប់​​​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ដែល​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​អាមេរិក​ម្នាក់ និង​ជន​ជាតិ​ជប៉ុន​ម្នាក់​រង​របួស​ដោយ​គ្រាប់​កាំ​ភ្លើង​​​​នោះ ត្រូវ​សមត្ថកិច្ច​​​ចាប់​ខ្លួន​​​បាន​​​​​​​ហើយ​​​កាលពីយប់​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​​​​មាន​​​ការ​​​បាញ់​តដៃ​ជាមួយ​កម្លាំង​​​នគរ​បាល។

លោក ជួន​ ណារិន ស្នង​ការ​រង​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ បាន​ឲ្យ​ដឹង​ថា ឈ្មោះ​​​ សារ៉ាក់ វ៉ាត អាយុ​២៥​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​​មុខ​ក្រសួង​មហាផ្ទៃ​​​​ នៅ​​​តាម​​​បណ្តោយ​​​មហាវិថី​ព្រះ​នរោត្តម​​ នៅ​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ច័ន្ទ ហើយឈ្មោះ​​​ ជា សុវណ្ណ អាយុ​៣២​ឆ្នាំត្រូវ​បាន​ចាប់​ខ្លួន​បន្តិច​ក្រោយ​មក​នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់​។

ឧត្តម​សេនីយ៍ត្រី ជួន ណារិន បាន​ឲ្យ​​​ដឹង​​​​ថា នៅពេល​ ជា សុវណ្ណ​ ប្រឈម​មុខ​ជាមួយ​នគរ​​បាល ​ជន​នេះ​បាន​ដក​កាំភ្លើង​បាញ់​ ហើយ​​នគរ​​បាល​ក៏​​​បាន​បាញ់​តប​​​វិញ​ ដោយ​បាញ់​​​ត្រូវ​ជន​នេះ​ចំនួន​បួន​គ្រាប់​មុន​ពេល​ចាប់​ខ្លួន​បាន​។

ជា សុវណ្ណ ត្រូវ​បានបញ្ជូនទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ដើម្បី​វះ​កាត់​យក​​ក្បាល​គ្រាប់​ចំនួន​ពីរ​ដែល​បៀម​ជាប់​នឹង​​ខ្លួន​ចេញ។ លោក​បាន​បន្ថែម​ថា ក្រៅ​ពី​ការ​បាញ់​​ស្ត្រី​ជន​ជាតិ​ជប៉ុន និង​បុរស​ជន​ជាតិ​អាមេរិក​​​ឲ្យ​​​រង​​​របួស​​​កាល​ពី​ចុង​ខែ​មុននោះ ជន​​​​ទាំង​ពីរ​នេះ​ក៏​ជាប់​ពាក់​ព័ន្ធ​​​នឹង​អំពើ​ប្លន់​​​​ចំនួន​​​ប្រាំ​មួយ​ករណី​ផ្សេង​ទៀត ក្នុង​​​នោះ​​​រួម​មាន​​​ទាំង​​​​ការ​ប្លន់​​ប្រដាប់​អាវុធ​មួយ​លើក​ទៀត​​​ផង​​​ដែរ​​​ ហើយ​លោក​បាន​ឲ្យ​​​ដឹង​​​ថា នគរ​បាល​បាន​តាមដាន​​​​​ជន​ទាំងពីរ​នេះកាល​ពីយប់​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​កំណត់​​​អត្ត​​​សញ្ញាណ​​​​បាន​​​ថា​​​ ពួក​គេ​ជា​ជន​សង្ស័យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​​​ទាំង​​​នោះ​​​រួច​មក។

ឧត្តម​សេនីយ៍​​​ត្រី​​​ ជួន ណារិន បាន​មាន​ប្រសាសន៍​ថា “សារ៉ាក់ វ៉ាត បាន​សារភាព​ថា ពួក​គេ​បាន​ប្រព្រឹត្ត​​​អំពើ​​​ប្លន់​ចំនួន​ប្រាំបី​លើក​នៅ​រាជ​ធានី ហើយ​បាន​​​បាញ់​ជន​រង​គ្រោះ​​ចំនួន​​បី​នាក់ ក្នុងនោះ​​​រួម​​មាន​​​ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់ បុរស​ជនជាតិ​អាមេរិកម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់”។ លោក​បានបន្ថែម​ថា “ពួក​គេ​បាន​ប្រើ​ប្រាស់​កាំភ្លើង​ខ្លីដែល​ផលិត​នៅ​ប្រទេស​ចិន​​​​ដើម្បី​​​ប្លន់​ជន​បរទេស​ទាំង​ពីរ​នាក់​នោះ​​​ ប៉ុន្តែ មាន​តែ​ [ជា សុវណ្ណ] ម្នាក់​ប៉ុណ្ណោះ​ដែល​​​បាន​បាញ់​ជន​រងគ្រោះ​”។

ឧត្តម​សេនីយ៍​ត្រី ជួន ណារិន បាន​បន្ត​​​​ថា ជន​ជាប់​ចោទ​រូប​នេះ បាន​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី​ម៉ាក K-54 និង K-59 បាញ់​ជន​បរទេស​ទាំង​ពីរ​នាក់​​​នោះ​​​ ហើយ​ថា នគរ​បាល​បាន​ដក​ហូត​កាំភ្លើង​ខ្លីទាំង​ពីរ​ដើម​រួមជាមួយ​នឹង​គ្រាប់​ចំនួន១៦​គ្រាប់​។

លោក ម៉ូរីស ឡ (Maurice Law) អាយុ​៥៧​ឆ្នាំ ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សំណង់​ជន​ជាតិ​អាមេរិក​​ ត្រូវ​បាន​បាញ់​ចំក្រលៀន​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា បន្ទាប់​ពី​រូប​​​គាត់​និង​ប្រពន្ធ​​របស់ខ្លួន​​​​ត្រូវ​ជន​ទាំង​ពីរ​នាក់​នេះ​​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្ទាក់​ប្លន់​ ខណៈ​​ពួក​គាត់​ដើរ​សំដៅ​​​ទៅ​​​ផ្ទះ​របស់​ខ្លួន​​​​ក្នុង​ខណ្ឌ​ចំការ​មន​។

អ្នក​ស្រី សាគិកូ តាកាយ៉ាណាគី (Sakiko Takayanagi) ជា​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ជប៉ុន​​ ត្រូវ​បាន​បាញ់​ចំជើង​នៅ​យប់​ថ្ងៃ​​​បន្ទាប់​ខណៈ​រូប​​​គាត់​ព្យា​យាម​តដៃ​ជាមួយ​ចោរ​ប្លន់​ទាំង​ពីរ​នាក់​នេះ ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​​​សកម្ម​ភាពនោះ​​​ នៅ​ជិត​ផ្សារ​រាត្រី ​ក្នុង​ខណ្ឌ​ដូន​ពេញ។

លោក ឡ ដែល​គិត​​​ត្រឹម​​​ថ្ងៃ​​​ម្សិលមិញ​​​នៅ​​​មិន​​​ទាន់​​​​​ជា​សះ​ស្បើយ​​​​ទាំង​​​ស្រុង​​​នៅ​​​ឡើយ​​​​នោះ ​និយាយ​ថា នគរ​បាល​មិន​បាន​ទាក់​ទង​រូប​​គាត់​ និង​ប្រពន្ធ​របស់​គាត់​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​នេះទេ​ ប៉ុន្តែ ​និយាយ​ថា វា​ជា​ “ដំណឹង​ល្អ”។ លោក​បាន​បន្ថែម​ថា ដោយ​សារ​ការ​ភ័យ​រន្ធត់​ចំពោះ​​​​ហេតុ​ការណ៍​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​នៅ​​​​ថ្ងៃ​​​កើតហេតុ​​​​​​នោះ​ ប្តី​​​ប្រពន្ធ​ទាំង​ពីរ​រូប​​​​នេះ​ទំនង​ជា​មិន​អាច​កំណត់​អត្តសញ្ញាណ​​​ចោរប្លន់​​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​​ទាំង​ពីរ​​​នាក់​​​​​​នេះ ឬអាវុធ​ដែល​ពួក​គេ​បាន​ប្រើ​ឡើយ ប្រសិន​បើ​ត្រូវ​នគរបាល​​​ហៅ​ឲ្យ​​​ទៅ​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​នោះ​។

ជា សុវណ្ណ កំពុង​សម្រាក​ព្យា​បាល​នៅមន្ទីរ​​ពេទ្យ​នៅ​ឡើយទេ​​​​កាល​ពី​ល្ងាចថ្ងៃ​​​​ម្សិល​មិញ​ ហើយ​ សារ៉ាក់ វ៉ាត នឹង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​​សាលា​ដំបូងរាជ​ធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​នេះ៕

ប្រែ​សម្រួល​ដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស