មន្ត្រីនគរបាលម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា បុរសពីរនាក់ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើប្លន់ប្រដាប់អាវុធជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឲ្យភ្ញៀវទេសចរជនជាតិអាមេរិកម្នាក់ និងជនជាតិជប៉ុនម្នាក់រងរបួសដោយគ្រាប់កាំភ្លើងនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីមានការបាញ់តដៃជាមួយកម្លាំងនគរបាល។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ឈ្មោះ សារ៉ាក់ វ៉ាត អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនមុខក្រសួងមហាផ្ទៃ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅម៉ោងប្រហែល៩យប់ថ្ងៃច័ន្ទ ហើយឈ្មោះ ជា សុវណ្ណ អាយុ៣២ឆ្នាំត្រូវបានចាប់ខ្លួនបន្តិចក្រោយមកនៅក្បែរស្ពានអាកាសក្បាលថ្នល់។
ឧត្តមសេនីយ៍ត្រី ជួន ណារិន បានឲ្យដឹងថា នៅពេល ជា សុវណ្ណ ប្រឈមមុខជាមួយនគរបាល ជននេះបានដកកាំភ្លើងបាញ់ ហើយនគរបាលក៏បានបាញ់តបវិញ ដោយបាញ់ត្រូវជននេះចំនួនបួនគ្រាប់មុនពេលចាប់ខ្លួនបាន។
ជា សុវណ្ណ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីវះកាត់យកក្បាលគ្រាប់ចំនួនពីរដែលបៀមជាប់នឹងខ្លួនចេញ។ លោកបានបន្ថែមថា ក្រៅពីការបាញ់ស្ត្រីជនជាតិជប៉ុន និងបុរសជនជាតិអាមេរិកឲ្យរងរបួសកាលពីចុងខែមុននោះ ជនទាំងពីរនេះក៏ជាប់ពាក់ព័ន្ធនឹងអំពើប្លន់ចំនួនប្រាំមួយករណីផ្សេងទៀត ក្នុងនោះរួមមានទាំងការប្លន់ប្រដាប់អាវុធមួយលើកទៀតផងដែរ ហើយលោកបានឲ្យដឹងថា នគរបាលបានតាមដានជនទាំងពីរនេះកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីកំណត់អត្តសញ្ញាណបានថា ពួកគេជាជនសង្ស័យប្រព្រឹត្តបទឧក្រិដ្ឋទាំងនោះរួចមក។
ឧត្តមសេនីយ៍ត្រី ជួន ណារិន បានមានប្រសាសន៍ថា “សារ៉ាក់ វ៉ាត បានសារភាពថា ពួកគេបានប្រព្រឹត្តអំពើប្លន់ចំនួនប្រាំបីលើកនៅរាជធានី ហើយបានបាញ់ជនរងគ្រោះចំនួនបីនាក់ ក្នុងនោះរួមមានស្ត្រីជនជាតិជប៉ុនម្នាក់ បុរសជនជាតិអាមេរិកម្នាក់ និងស្ត្រីខ្មែរម្នាក់”។ លោកបានបន្ថែមថា “ពួកគេបានប្រើប្រាស់កាំភ្លើងខ្លីដែលផលិតនៅប្រទេសចិនដើម្បីប្លន់ជនបរទេសទាំងពីរនាក់នោះ ប៉ុន្តែ មានតែ [ជា សុវណ្ណ] ម្នាក់ប៉ុណ្ណោះដែលបានបាញ់ជនរងគ្រោះ”។
ឧត្តមសេនីយ៍ត្រី ជួន ណារិន បានបន្តថា ជនជាប់ចោទរូបនេះ បានប្រើប្រាស់កាំភ្លើងខ្លីម៉ាក K-54 និង K-59 បាញ់ជនបរទេសទាំងពីរនាក់នោះ ហើយថា នគរបាលបានដកហូតកាំភ្លើងខ្លីទាំងពីរដើមរួមជាមួយនឹងគ្រាប់ចំនួន១៦គ្រាប់។
លោក ម៉ូរីស ឡ (Maurice Law) អាយុ៥៧ឆ្នាំ ជាអ្នកពិគ្រោះយោបល់ផ្នែកសំណង់ជនជាតិអាមេរិក ត្រូវបានបាញ់ចំក្រលៀន កាលពីថ្ងៃទី២៧ ខែកញ្ញា បន្ទាប់ពីរូបគាត់និងប្រពន្ធរបស់ខ្លួនត្រូវជនទាំងពីរនាក់នេះជិះម៉ូតូមួយគ្រឿងស្ទាក់ប្លន់ ខណៈពួកគាត់ដើរសំដៅទៅផ្ទះរបស់ខ្លួនក្នុងខណ្ឌចំការមន។
អ្នកស្រី សាគិកូ តាកាយ៉ាណាគី (Sakiko Takayanagi) ជាភ្ញៀវទេសចរជនជាតិជប៉ុន ត្រូវបានបាញ់ចំជើងនៅយប់ថ្ងៃបន្ទាប់ខណៈរូបគាត់ព្យាយាមតដៃជាមួយចោរប្លន់ទាំងពីរនាក់នេះ ដែលជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពនោះ នៅជិតផ្សាររាត្រី ក្នុងខណ្ឌដូនពេញ។
លោក ឡ ដែលគិតត្រឹមថ្ងៃម្សិលមិញនៅមិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយនោះ និយាយថា នគរបាលមិនបានទាក់ទងរូបគាត់ និងប្រពន្ធរបស់គាត់ពាក់ព័ន្ធនឹងការចាប់ខ្លួននេះទេ ប៉ុន្តែ និយាយថា វាជា “ដំណឹងល្អ”។ លោកបានបន្ថែមថា ដោយសារការភ័យរន្ធត់ចំពោះហេតុការណ៍ប្លន់ប្រដាប់អាវុធនៅថ្ងៃកើតហេតុនោះ ប្តីប្រពន្ធទាំងពីររូបនេះទំនងជាមិនអាចកំណត់អត្តសញ្ញាណចោរប្លន់ដែលត្រូវបានចាប់ខ្លួនទាំងពីរនាក់នេះ ឬអាវុធដែលពួកគេបានប្រើឡើយ ប្រសិនបើត្រូវនគរបាលហៅឲ្យទៅកំណត់អត្តសញ្ញាណជនសង្ស័យនោះ។
ជា សុវណ្ណ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេកាលពីល្ងាចថ្ងៃម្សិលមិញ ហើយ សារ៉ាក់ វ៉ាត នឹងបង្ហាញខ្លួននៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ៕
ប្រែសម្រួលដោយ សោម សារុន