27.5 C
Phnom Penh

កម្ពុជា​​​ប្រាប់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ថា នៅ​​​មាន​​​កត្តា​​​​​​ប្រឈម​​​ក្នុងការ​​​ទទួល​​​បាន​​​សមភាព​​​យេនឌ័រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​​​ក្រសួង​​​កិច្ច​​​ការ​​​នារី​​​​​​ បាន​​​ថ្លែង​​​ការ​​​ពារ​​​គោល​​​នយោបាយ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​ការ​​​​​​​​​លើកកម្ពស់​​​សមភាព​​​យេនឌ័រ និង​​​ទប់​​​ស្កាត់​​​ការ​​​រើស​​​អើង​​​លើ​ស្ត្រី​​​ភេទ​​​ ក៏​​​ប៉ុន្តែ​​​បាន​​​ទទួល​​​ស្គាល់​​​ថា រដ្ឋាភិបាល​​​នៅ​​​ជួប​​​កត្តា​​​​​​ប្រឈម​​​​​​ក្នុង​​​ការ​​​សម្រេច​​​បាន​​​តាម​​​គោល​​​ការណ៍ដែល​​​មាន​​​ចែង​​​ក្នុង​​​អនុសញ្ញា​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ស្ដី​​​ពីការ​​​បញ្ឈប់​​​ការ​​​រើស​​​អើង​​​ស្ត្រី​​​ភេទ​​​។

ថ្លែង​​​​​​ក្នុង​​​ទី​​​ក្រុ​​​ង​​​ហ្សឺណែវ នៅ​​​ចំពោះ​​​មុខ​​​គណៈកម្មាធិការ​​​​​​នៃ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​លុប​​​បំបាត់​​​ការ​​​រើស​​​អើង​​​លើ​​​ស្ត្រី​​​ ​​​លោកស្រី អ៊ឹង កន្ថាផាវី បាន​​​ធ្វើ​​​បទ​​​បង្ហាញ​​​​​​ពី​​​សេចក្ដី​​​លម្អិត​​​នៃ​​​អ្វី​​​ដែល​​​រដ្ឋាភិបាល​​​សម្រេច​​​បាននៅ​​​​​​ក្នុង​​​រយៈ​​​ពេល​​​១០​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ​​​ ដើម្បី​​​បន្ត​​​បោះ​​​ជំហាន​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​សម្រេច​​​គោល​​​ដៅ​​​ដែល​​​មាន​​​ចែង​​​ក្នុង​​​អនុ​​​សញ្ញា​​​នេះ​​​​​។

លោកស្រី អ៊ឹង​​​ កន្ថាផាវី ​​​មាន​​​ប្រសាសន៍​​​សំដៅ​​​លើ​​​គោល​​​នយោបាយ​​​ដ៏​​​ទូលំទូលាយ​​​របស់​​​រដ្ឋាភិបាល​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិធី​​​សាស្ត្រ​​​លើក​​​កម្ពស់​​​សមភាពយេនឌ័រ​​​​​​​​​​​​ ឱកាស​​​ការ​​​ងារ​​​ និង​​​កំណើន​​​សេដ្ឋកិច្ច​​​ថា “យុទ្ធសាស្ត្រ​​​ចតុកោណ​​​មាន​​​ការ​​​បញ្ជាក់​​​ច្បាស់​​​ថា ស្ត្រី​​​គឺ​​​ជា​​​ឆ្អឹង​​​ខ្នង​​​នៃ​​​ប្រទេស​​​ជាតិ​​​”។​ លោកស្រី​​​​​​លើក​​​ឡើង​​​ថា គោល​​​នយោ​​​បាយ​​​​​​ដែល​​​មាន​​​ការ​​​កែ​​​សម្រួលជា​​​​​​ថ្មី​​​​​​​​​ គឺ​​​រួម​​​បញ្ចូល​​​ទាំង​​​បទ​​​ប្បញ្ញត្តិ​​​ដើម្បី​​​លុ​​​បបំបាត់​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​ស្ត្រី​​​ ដោយ​​​មាន​​​ការ​​​ផ្ដោត​​​ជា​​​ពិសេស​​​លើ​​​កម្មករ​​​ កម្មការិនី​​​រោ​​​ង​​​ចក្រ​​​កាត់​​​ដេរ​​​ ស្ត្រី ដែល​​​មាន​​​ពិការ​​​ភាព​​​ អ្នក​​​មាន​​​ផ្ទុក​​​មេរោគ ហ៊ីវ អេដស៍​​​ និង​​​អ្នក​​​ទាំង​​​ឡាយ​​​ណា​​​ដែល​​​រង​​​គ្រោះ​​​ដោយសារ​​​អំពើ​​​ហិង្សា​​​ផងដែរ​​​​​​ ដោយ​​​បាន​​​បន្ថែ​​​ម​​​ថា ​​​គោល​​​នយោបាយ​​​ដែល​​​មាន​​​ការ​​​កែ​​​សម្រួល​​​ថ្មីនេះ “ គឺ​​​ផ្អែក​​​លើ​​​មេរៀន​​​ដែល​​​​​​ទទួល​​​បាន​​​​​​​​​ពីគោល​​​នយោបាយ​​ចាស់​​​”។

លោកស្រី​​​​​​ អ៊ឹង កន្ថាផាវី ​​​មាន​​​ប្រសាសន៍​​​ថា “ ក្រសួង​​​កិច្ច​​​ការ​​​នារី និង​​​ក្រុម​​​ប្រឹក្សាជាតិ​​​ដើម្បី​​​ស្ត្រី​​​ បាន​​​និង​​​កំពុង​​​ដឹក​​​នាំ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​លើក​​​កម្ពស់​​​សមភាព​​​យេន​​​ឌ័រ ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ក្រុម​​​លើ​​​ក​​​កម្ពស់​​​យេនឌ័រ ​​​ត្រូ​​​វ​​​បាន​​​បង្កើត​​​ឡើង​​​នៅ​​​តាម​​​ក្រសួង​​​នានា​​​ដើម្បី​​​តាម​​​ដាន​​​ និង​​​សម្រប​​​សម្រួល​​​ការ​​​ងារ​​​នេះ​​​”។ លោកស្រី​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ច្បាប់​​​​ឯក​​​ពន្ធភាព ​​​ និង​​​ខ​​​ដែល​​​មាន​​​ចែង​​​ក្នុ​​​ង​​​ក្រម​​​ព្រហ្ម​​​ទណ្ឌ​​​ និង​​​ក្រម​​​រដ្ឋប្បវេណី​​​ គឺ​​​សុទ្ធ​​​តែ​​​​​​​​​សម្រាប់​​​ការ​​​ពារ​​​​​​សិទ្ធិ​​​ស្ត្រី​​​។ ប៉ុន្តែលោក​ស្រី​​​បាន​​​ថ្លែង​​​ការ​​​ពារ​​​ការ​​​បដិសេធ​​​របស់​​​រដ្ឋា​​​ភិបាល​​​​ក្នុង​​​ការ​​​តាក់​​​តែ​​​ង​​​ច្បាប់​​​​​​​​ ដែល​​​ផ្ដោត​​​ជា​​​ពិសេស​​​លើ​​​ការ​​​រើស​​​អើង​​​ ដោយ​​​បាន​​​ទទូច​​​ថា មាត្រា​​​ដែល​​​មាន​​​ចែង​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​ស្ដីពី​​​សិទ្ធិ​​​របស់​​​ពល​​​​​​រដ្ឋ​​​ គឺ​​​គ្រប់​​​គ្រាន់ណាស់​​​ទៅ​​​ហើយ​​​។

លោកស្រី​​​បាន​​​បន្ត​​​ថា  មាន​​​ស្ត្រី​​​ចំនួន​​​​​​៤៩​​​,២​​​ភាគ​​​រយ​​​ក្នុង​​​វិស័យ​​​កសិកម្ម​​​ ៤៧,៦​​​ភាគរយក្នុង​​​វិស័យ​​​ឧស្សាហកម្ម​​​  និង​​​៤៧​​​,៥​​​ភាគ​​​រយនៅ​​​​​​ក្នុង​​​​​​វិស័យ​​​សេវាកម្ម​​​  ក៏​​​ប៉ុន្តែ​​​ខណៈ ​​​“​​​គម្លាត​​​យេនឌ័រ​​​កំពុង​​​មាន​​​ភាព​​​ប្រសើ​​​រ​​​ឡើង​​​​​​នោះ​​​ចាំបាច់​​​ត្រូវ​​​​​​មាន​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​​​ទៅ​​​លើ​​​​​វិស័យ​​​សេវា​​​កម្ម​​​ ដែល​​​​​​​​​ប្រាក់​​​ឈ្នួលគឺ​​​​​​នៅ​​​​​​មាន​​​កម្រិត​​​ទាប​​​នៅ​​​ឡើយ​​​”។

លោកស្រី​​​បាន​​​ថ្លែង​​​ថា “អនក្ខរកម្ម និង​​​ការ​​​អប់​​​រំដែល​​​នៅ​​​មាន​​​​​​កម្រិត​​​ទាប​​​​​​​​ គឺនៅ​​​តែ​​​ជា​​​កត្តា​​​ប្រឈម​​​ដ៏ធំមួយ​​​សម្រាប់​​​ស្ត្រី​​​ ហើយ​​​ការ​​​ទទួល​​​បាន​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​វិជ្ជាជីវៈ​​​​​​គឺ​​​នៅ​​​មាន​​​កម្រិត​​​នៅ​​​ឡើយ​​​” ដោយ​​​បន្ថែម​​​ថា ស្ត្រី​​​​​​ដែល​​​ងាយ​​​រង​​​គ្រោះ​​​ដោយសារ​​​ការ​​​ជួញ​​​ដូរ​​​​​​ ឬការ​​​ធ្វើការ​​​​​​នៅ​​​ក្នុង​​​វិស័យ​​​សេវាកម្សាន្ត​​​ គឺ​​​ “ មិន​​​​​​អាច​​​ត្រូវ​​​គេ​​​ព្រ​​​ងើយ​​​កន្តើយ​​​បាន​​​ទេ”។

លោកស្រី​​​បាន​​​បន្ត​​​ថា ​​​កត្តា​​​ប្រឈមក៏​​​បន្ត​​​កើត​​​មាន​​​​​​​​​​​​ផង​​​ដែរ​​​​​​​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​ស្ត្រី​​​ដែល​​​ព្យា​​​យាម​​​ទទួល​​​បាន​​​សេវា​​​សុខ​​​ភាព​​​។ ស្ត្រី​​​៧០​​​ភាគ​​​រយ​​​និយាយ​​​ថា ខ្លួន​​​មាន​​​បញ្ហា​​​​​​នៅ​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​សេវា​​​សុខ​​​ភាព ដោយ​​​សារ​​​តែ​​​ខ្លួន​​​ពុំ​​​មាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​បង់​​​ថ្លៃ​​​ព្យា​​​បាល​​​ ខណៈ​​​ស្ត្រី​​​ចំនួន​​​មួយ​​​ភាគ​​​បី​​​មិន​​​អាច​​​ទទួល​​​បាន​​​សេវា​​​សុខភាព​​​តែ​​​ម្ដង​​​ ដោយ​​​សារ​​​ខ្លួន​​​រស់​​​នៅ​​​ឆ្ងាយ​​​ពី​​​មណ្ឌល​​​សុខភាព​​​ពេក​​​។

លោកស្រី អ៊ឹង កន្ថាផាវី​​​ ក៏​​​​​​មាន​​​ប្រសាសន៍​​​​​​សំដៅ​​​លើ​​​អ្វី​​​ដែល​​​គេហៅ​​​ថា ប័ណ្ណ​​​បញ្ជាក់​​ពី​​​​ភាព​​​ក្រីក្រ​​​ ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​អាច​​​ទទួល​​​បាន​​​ពេល​​​​​​មាន​​​ការ​​​បញ្ជាក់​​​​​​ពី​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ និង​​​ដែល​​​ពួក​​​គាត់​​​ប្រើ​​​សម្រាប់​​​ទទួល​​​បាន​​​សេវា​​​សុខភាព​​​ដោយ​​​មិនគិត​​​ថ្លៃ​​​​​​ផងដែរ​​​។ លោកស្រី​​​បាន​​​លើក​​​ឡើង​​​ថា មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​ មាន​​​ការ​​​ផ្ដន្ទាទោស​​​កាន់​​​តែ​​​ច្រើន​​​ក្នុងក​​​រណី​​​រំលោភ​​​សេព​​​សន្ថវៈ​​​ និង​​​ករណី​​​ប្រើ​​​អំពើ​​​ហិង្សា​​​ផ្លូវ​​​ភេទ និង​​​​​​ថា នៅ​​​ក្នុង​​​ចំណោម​​​បទ​​​ល្មើសចំនួន​​​​​​៤៥៦​​​ករណី​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ ​​​មាន​​​ការ​​​ផ្ដន្ទា​​​ទោស​​​ចំនួន​​​៣៣០​​​ករណី​​​​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ របាយការណ៍​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​បទ​​​បង្ហាញ​​​កាលពី​​​ម្សិលមិញ​​​នេះ​​​មានការ​​​បញ្ជាក់​​​ថា  នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២​​​ ការ​​​ផ្តន្ទាទោស​​​ក្នុង​​​ករណី​​​រំលោភ​​​សេព​​​សន្ថវៈ​​​ និង​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​បាន​​​ធ្លាក់​​​ចុះ​​​មក​​​ត្រឹម​​​១៩១​​​ករណី​​​​​​ប៉ុណ្ណោះ​​​។

ក្នុង​​​ចំណោម​​​កត្តា​​​ប្រឈម​​​ដែល​​​នៅ​​​មាន​​​នៅ​​​ឡើយ​​​ លោកស្រី​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋា​​​ភិបាល​​​ចាំ​​​បាច់​​​ត្រូវ​​​មាន​​​ “​​​ ទិន្នន័យ​​​គួរ​​​ឲ្យ​​​ទុក​​​ចិត្ត​​​ជាង​​​មុន​​​” ស្ដីពី​​​តួលេខ​​​នៃ​​​ស្ត្រី​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​រំលោភ​​​ ឬ​​​ជួញដូរ​​​។ ក្រោយ​​​ការ​​​ថ្លែង​​​នៅ​​​ចំពោះ​​​មុខ​​​គណៈ​​​កម្មា​​​ធិការ​​​នេះ​​​​​​​​ ​តំណាង​​​មក​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​ជា​​​ហត្ថលេខី​​​នៃ​​​អនុ​​​សញ្ញានេះ​​​ត្រូវ​​​បាន​​​ផ្ដល់​​​ឱកាស​​​ឲ្យ​​​លើ​​​ក​​​ជា​​​សំណួរ​​​ទៅ​​​កាន់​​​គណៈ​​​ប្រតិភូ​​​កម្ពុជា​​​។

តំណាង​​​នៃ​​​ប្រទេស​​​ទាំង​​​នោះចង់​​​ដឹងអំពី​​​មូល​​​ហតុ​​​​​​ដែល​​​ពុំ​​​មាន​​​​​​ការ​​​កត់​​​ត្រា​​​ទុកនូវ​​​​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​តុលាការ​​​ប្រឆាំង​​​នឹង​​​ការ​​​រើស​​​អើង​​​លើ​​​ស្ត្រី​​​​​​ បើ​​​ទោះ​​​បី​​​​​​ជាមាន​​​ភ័ស្តុតាង​​​បង្ហាញ​​​ថា ស្ត្រី​​​ត្រូវ​​​បាន​​​គេ​​​រើស​​​អើង​​​មែន​​​។ ពួកគេ​​​ក៏​​​បាន​​​ចោទ​​​សួរ​​​ផង​​​ដែរ​​​ថា តើ​​​រដ្ឋាភិបាល​​​អាច​​​ចាត់​​​វិធានការ​​​អ្វី​​​ខ្លះ​​​ដើម្បី​​​ធានា​​​ថា  ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​ផ្លូវ​​​ភេទ​​​នៅ​​​ក្រោម​​​របប​​​ខ្មែរ​​​ក្រហម​​​ទទួល​​​បាន​​​យុត្តិធម៌ និង​​​សំណង​​​សម្រាប់​​​ការ​​​ឈឺ​​​ចាប់​​​របស់​​​ខ្លួន​​​៕

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស