28.4 C
Phnom Penh

លោក ហ៊ុន សែន នឹង​លើក​ឡើង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​សាលាក្តី​ខ្មែរ​ក្រហមពេល​ជួប​​លោក បាន គីមូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គ្រោង​នឹង​​​​​​​​​​ជួប​ពិភាក្សា​ជាមួយ​លោក បាន​ គីមូន អគ្គ​​​លេខាធិការ​អង្គការ​សហប្រជា​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ស្នើ​សុំ​ជំនួយ​សម្រាប់​សាលា​​​​​​ក្តីខ្មែរ​ក្រហម ដែល​កំពុង​តែ​ជួប​វិបត្តិ​ហិរញ្ញ​​​វត្ថុ​។ សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ស្ថិត​នៅ​ដំណាក់​​​កាល​ចុង​ក្រោយ​នៃ​សំណុំ​រឿង​ដ៏​សំខាន់​មួយ ហើយ​​​​​​​គ្មាន​ថវិកា​ដើម្បី​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គ​លិក​​ភាគី​​​​​​ជាតិ​​នោះ​ឡើយ​។

យោង​តាម​លោក​ ស្រី ថាមរង្គ ទី​ប្រឹក្សា​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន និង​លោក​  បាន គីមូន សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ប្រទេសព្រុយ​ណេ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៣។ លោក ថាមរង្គ បាន​មាន​ប្រសាសន៍​ថា  “សម្តេច នឹង​ជួប​ពិភាក្សា​ជាមួយ​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ពិភាក្សា​​​គ្នា​ស្តី​ពី​​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​ និង​អង្គការ​សហ​ប្រជាជាតិ​ ព្រម​ទាំង​បញ្ហា​ហិរញ្ញវត្ថុ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ផង​ដែរ ដើម្បី​ធានា​ឲ្យ​បាន​ថា សាលា​ក្តី​អាច​នឹង​បញ្ចប់​ការងារ​របស់​ខ្លួន​ដោយ​ជោគ​ជ័យ​”។

ក៏​ប៉ុន្តែ លោក ហ៊ុន សែន មិន​បាន​លាក់​​​បាំង​​​​​​​​​​ការ​ពិតដែល​ថា លោកមិន​ចង់​ឃើញ​​សាលាក្តី​​​​​​​កូន​កាត់កម្ពុជា-​អង្គការ​សហ​ប្រជាជាតិ​ បញ្ចប់​​​​​​​​​​សំណុំ​រឿង​ទាំងអស់​របស់​ខ្លួន​ឡើយ​ ហើយ​​​សូម្បីតែ​មកដល់ពេលនេះ​ លោក​ក៏នៅតែ​ចង់​ប្រាប់​លោក បាន​ គីមូន ពី​បញ្ហា​នេះដោយ​ផ្ទាល់​​​​​​​​​​ដែរ​។ សាលាក្តី​ខ្មែរ​ក្រហម​​បាន​បញ្ចប់​សំណុំ​​រឿង​បានតែមួយគត់​​ ហើយ​សព្វ​ថ្ងៃ​កំពុង​តែ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​សំណុំ​រឿង​ទី​២ ក្នុង​​​​​​​​​​ចំណោម​សំណុំ​រឿង​ទាំង​បួន​របស់ខ្លួន​។

កាលពី​ខែ​តុលា ឆ្នាំ​២០១០ នៅ​ពេល​​លោក​ បាន​ គីមូន មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា លោក ហ៊ុន សែន ​បាន​ជម្រាប​ប្រាប់​លោក ថា សំណុំ​រឿង​០០២ នឹង​ជា​សំណុំ​រឿង​ចុង​ក្រោយ​​​​​​​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដោយ​លោក​បាន​លើក​ឡើង​ថា អស្ថិរ​​ភាព​នឹង​កើត​មាន​ ប្រសិន​បើ​សំណុំ​រឿង​០០៣ និង​០០៤ នៅ​តែ​ត្រូវ​បាន​​​​​​​​​​យក​មក​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​នោះ។ ទោះ​បី​ជា​មាន​បញ្ហា​យ៉ាង​នេះ​​ក្តី​ ហើយ​ទោះ​បី​ជាការពិតរដ្ឋាភិបាល​កម្ពុជា ​គឺ​ជា​អ្នក​បើក​ប្រាក់​ខែ​ឲ្យបុគ្គលិក​ភាគីខ្មែរ​​ក៏​ដោយ​ ក៏​លោក បាន​ គីមូន ធ្លាប់​បាន​ស្នើ​ចំនួន​ពីរ​លើក​រួម​មក​ហើយ​ឲ្យ​ប្រទេស​សមាជិក​អង្គការ​សហ​ប្រជា​​​​​​​​​ជាតិ​បន្តការ​គាំទ្រ ​និង​ជួយ​ផ្តល់​មូលនិធិបន្ថែម​ បន្ទាប់​ពី​បុគ្គលិក​ដែល​មិន​ទាន់​បើក​ប្រាក់​ខែ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ជា​លើក​​ទី​២ក្នុង​ឆ្នាំ​នេះ ។

លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលា​​​ក្តី​ខ្មែរ​​​​​​ក្រហម បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​បញ្ហា​ដែល​ថា លោក ហ៊ុន សែន មិន​ចង់​ឃើញ​សាលាក្តី​ខ្មែរ​ក្រហម​បញ្ចប់​សំណុំ​រឿង​របស់​ខ្លួននោះ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​​​​​​​​​​កិច្ច​ពិភាក្សា​រវាង​លោកនាយក​រដ្ឋមន្ត្រី​ និង​លោក បាន​ គីមូន។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ខ្វះ​ខាត​ថវិកា​គឺ​មាន​ចំនួន​១.៨លាន​ដុល្លារ​ចាប់​ពី​ខែ​កញ្ញារហូតដល់​ខែ​ធ្នូ។ ប្រាក់​ខែ​សម្រាប់​បុគ្គលិក​​​​​​​​​​ខាងភាគីជាតិ​ត្រូវ​បាន​បើក​សម្រាប់​បី​ខែ គឺ​ចាប់​ពី​ខែ​មិថុនារហូត​ដល់​ខែ​សីហា ប៉ុន្តែ​ យើង​នៅ​មិន​ទាន់​បើក​ប្រាក់​ខែ​សម្រាប់​ខែ​​​កញ្ញានៅ​ឡើយ​ទេ​។ យើង​សង្ឃឹម​ថា គេ​នឹង​អាច​ស្វែង​រក​ដំណោះ​ស្រាយ​បាន​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស