28 C
Phnom Penh

លោក ស ខេង រិះ​គន់​​លោក សម ​រង្ស៊ី ចំពោះ​ការ​​ធ្វើ​ដំណើរ​​ទៅ​​រក​ការ​គាំទ្រនៅក្រៅ​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​រិះ​គន់​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​ប្រឆាំង​ចំពោះ​ការ​ចាក​ចេញ​ទៅ​​បរទេស​នៅ​សប្តាហ៍​នេះ​ ដើម្បី​​ធ្វើ​ឲ្យ​គេ​​​​លែង​មាន​ជំនឿ​លើ​​រដ្ឋា​ភិបាល​ដែល​​ដឹក​នាំ​​​​ដោយ​​គណ​បក្ស​តែ​មួយ​របស់​​លោក​នាយក​​​​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ដោយ​​​បាន​​​លើក​ឡើង​ថា លោក​​​ សម រង្ស៊ី គួរ​តែ​ស្ថិត​នៅ​​​​ក្នុង​ប្រទេស​ដើម្បី​ចរចា​រក​វិធី​ដោះ​ស្រាយ​ការ​ជាប់​គាំ​ង​ផ្នែក​នយោ​បាយ​នា​ពេល​បច្ចុ​ប្បន្ន​នេះ។

ក្រុម​ប៉ូ​លី​ស​​បង្រាប​កូត​កម្ម​ និង​ប៉ូលី​ស​ច​រា​ចរ​ចូល​រួម​ក្នុង​ពិ​ធី​អ​ប​អរ​សាទរ​​ចំពោះ​ការ​ជួយ​ការ​ពារ​សន្តិ​សុខ​អំឡុង​ពេល​​ការ​បោះ​​ឆ្នោត​​កាលពី​ខែ​កក្កដា ​នៅ​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ម្សិ​ស​មិញ។​ (ស៊ីវ​ ចា​ន់​ណា)
ក្រុម​ប៉ូ​លី​ស​​បង្រាប​កូត​កម្ម​ និង​ប៉ូលី​ស​ច​រា​ចរ​ចូល​រួម​ក្នុង​ពិ​ធី​អ​ប​អរ​សាទរ​​ចំពោះ​ការ​ជួយ​ការ​ពារ​សន្តិ​សុខ​អំឡុង​ពេល​​ការ​បោះ​​ឆ្នោត​​កាលពី​ខែ​កក្កដា ​នៅ​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ម្សិ​ស​មិញ។​ (ស៊ីវ​ ចា​ន់​ណា)

ថ្លែង​នៅ​ឯ​ពិធី​នៅ​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​អប​អរ​សាទរ​កង​កម្លាំង​សន្តិ​សុខ​ចំពោះ​ការ​ជួយ​សម្រួល​ដល់​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​រយៈ​ពេល​មួយ​ខែ​កាលពី​ខែ​កក្កដា និង​ជួយ​ដោះ​ស្រាយ​ការ​តវ៉ា​ជា​បន្តបន្ទាប់​​រយៈ​ពេល​ពី​រ​ខែ​របស់​គ​បក្ស​ប្រឆាំង​នោះ លោក ស ខេង​ លើក​ឡើង​ថា ការ​ចាក​ចេញ​​​​ក្រៅ​ប្រទេស​របស់​ប្រធាន​គណ​បក្ស​សង្គ្រោះ​​​​ជាតិ​នេះ​ មិន​បង្ហាញ​ពី​​ឆន្ទៈ​​ស្មោះ​​ត្រង់​​​​​​​ចង់​បាន​​​​​កិច្ច​ព្រម​ព្រៀង​លើ​ភាព​ទាល់​ច្រក​​​​ផ្នែក​នយោ​បាយ​​នេះទេ។

លោក ស ខេង បាន​ប្រាប់​នគរ​បាល​ដែល​មក​ជួប​ជុំគ្នា​ចំនួន​៣.០០០​នាក់​ថា “ យើង​មិន​អាច​ហាម​ឃាត់​គាត់​បាន​ទេ​ ហើយ​វា​ជា​សិទ្ធិ​សេរី​ភាព​របស់​គាត់ ប៉ុន្តែ ខ្ញុំ​ជឿ​ថា វិធី​ល្អ​បំផុត​នោះ​គឺ​មិន​ត្រូវ​ចេញ​ទៅ​ស្រែក​នៅក្រៅ​ប្រទេស​​​​​​ទេ ប៉ុន្តែ គួរ​តែ​អង្គុយ​នៅ​តុ​ចរ​ចា​ជា​មួយ​​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ និង​ទទួល​​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ​”។

កាល​ពី​យប់​ថ្ងៃ​ច័ន្ទ លោក សម រង្ស៊ី បាន​ចេញ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍ ដើម្បី​បញ្ចុះ​បញ្ចូល​​​​រដ្ឋា​ភិបាល​បរទេស​ឲ្យ​បញ្ឈប់​ទំនាក់​ទំនង​ជាមួយ​រដ្ឋា​ភិបាល​របស់​លោក ហ៊ុន សែន​​​​ រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​រវាង​គណ​បក្ស​ប្រជា​ជនកម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​។ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​កិច្ច​ប្រជុំរដ្ឋ​សភា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដើម្បី​តវ៉ា​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​​​ជាតិ​ កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

លោក ស ខេង បាន​មាន​ប្រសាសន៍​ថា នៅ​​​​ពេល​ថ្មីៗ​នេះ លោក​បាន​​ព្យាយាម​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​លោក សម រង្ស៊ី បន្ទាប់​ពី​លោក​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពីមេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ​​​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​​ប្រជុំ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី បាន​ស្នើ​ថា ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​ស្គាល់​ថា គណបក្ស​ទាំង​ពីរ​ឈ្នះ​ឆ្នោត​ គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​រួម​កិច្ច​ប្រជុំ​សភា​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ផ្តល់​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា​ឲ្យ​លោក សម រង្ស៊ី និង​ផ្តល់​តំណែង​ជា​ប្រធាន​គណៈ​កម្មការ​ចំនួន​បួន និង​អនុ​ប្រ​ធាន​គណៈ​កម្មការ​ចំនួន​ប្រាំ”។ លោក​បាន​បន្ថែម​ថា មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ​បាន​និយាយ​ថា ​ការ​ផ្តល់​ឲ្យ​ប៉ុណ្ណឹង​មិន​​គ្រប់​គ្រាន់​ទេ។ យោង​តាម​លោក ស ខេង បាន​ឲ្យ​ដឹង​ថា ផ្ទុយ​ទៅវិញ​លោក សម រង្ស៊ី បាន​មាន​ប្រសា​សន៍​ថា លោក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​រយៈ​ពេល​១០​ថ្ងៃ​ ហើយ​​ឲ្យ​មេដឹក​នាំគណ​បក្ស​​​​ប្រជា​ជន​កម្ពុជា​ទាក់​ទង​ទៅ​លោក កឹម សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​ពួក​គេ​ចង់​សម្រប​សម្រួល​ ឬ​បន្ត​ការ​ចរចា​ថែមទៀត​នោះ​។

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ច្រាន​ចោល​ម្តង​ហើយ​ម្តង​ទៀត​នូវ​ការ​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យល់​ព្រម​​ផ្តល់តំណែង​ជា​​ប្រធាន​គណៈ​កម្មការ​ចំនួន​បួន និង​​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា ហើយ​បាន​ទាម​ទារ​គ្រប់​គ្រង​រដ្ឋ​សភា​ជា​ច្រើន​ទៀត​ មុន​ពេល​ពួក​គេ​យល់​​ព្រម​​ទទួល​យក​អាសនៈរបស់​ខ្លួន។ បើគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ប្រធាន​គណៈ​កម្មការចំនួន​ប្រាំមួយ​ គណបក្ស​សង្គ្រោះ​ជាតិ​មាន​អំណាច​ធ្វើ​ឲ្យ​ជាប់​គាំង​ដល់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ដែល​មាន​សមាសភាព​ប្រធាន​រដ្ឋ​សភា​ អនុ​ប្រធាន​រដ្ឋ​សភា​ទាំង​ពីរ​រូប និង​ប្រធាន​គណៈ​កម្មការ​រដ្ឋ​សភា​ទាំង​ប្រាំបួន​។

គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ និង​គណៈ​កម្មការ​ផ្សេង​ទៀត ដែល​ជា​អ្នក​កំណត់​របៀប​វារៈ​របស់​រដ្ឋ​សភា​ បាន​ដក​តំណែង​សមា​ជិក​សភា​និង​អភ័យ​ឯក​សិទ្ធិ​​របស់​គណ​បក្ស​ប្រឆាំង​ចំនួន​២៩​រូប​ ​ពី​រខែ​មុន​​ការ​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា។ មន្ត្រី​គណ​បក្ស​ប្រឆាំង​បាន​និយាយ​ថា ពួក​គេ​មិន​ចង់​ចូល​រួម​រដ្ឋ​សភា ​ព្រោះ​ពួក​គេ​គ្មាន​សិទ្ធិ​​ជំទាស់​នឹង​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​កាន់​អំណាច​ជា​យូរ​មក​ហើយ​នេះ​​ទេ​។

លោក សុន ឆ័យ ប្រធាន​ក្រុមតំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោក សម រង្ស៊ី ត្រូវ​ស្វែង​រក​ការ​គាំទ្រ​គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ពី​ព្រោះ​លោក ហ៊ុន សែន បាន​​​​បង្ហាញ​​​​យ៉ាង​ច្បាស់​ថា គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា នឹង​មិន​ចរចា​ទៀត​ឡើយ​។ លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “លោក ហ៊ុន សែន បាន​ប្រកាស​តាម​ទូរទស្សន៍​​រដ្ឋ​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​សមាជិក​សភា​ មុន​ពេល​យើ់ង​ចរចា ហើយ​ថា លោក​នឹង​មិន​ផ្តល់​អ្វីថ្មី​ទៅ​ឲ្យ​គណ​បក្ស​ប្រឆាំង​ទេ ហើយ​រឿង​នេះ​មិន​អាច​ទទួល​យក​បាន​ឡើយ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ដោយ​សារ​តែ​លក្ខខណ្ឌ​ទាំង​នេះ មិន​មាន​ឱកាស​ល្អ​សម្រាប់​ការ​ចរ​ចា​នៅ​ពេល​អនាគត​ទេ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រធាន​គណ​បក្ស​របស់​យើង​​ទៅ​ស្វែង​រក​ការ​គាំទ្រ​ពី​កៅ​ប្រទេស”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះជាតិបាន​មាន​ប្រសាសន៍​ថា លោក ស្វាគមន៍​គណ​បក្ស​កាន់​អំណាច​ បើ​ចង់​ចាប់​ផ្តើម​ការ​ចរ​ចា​ឡើង​វិញ​ ដោយ​លោក​​​​លើក​ឡើង​ថា ​មិន​ចាំ​បាច់​ត្រូវ​ការ​វត្ត​មាន​របស់​​​​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ប្រទេស​​​​សម្រាប់​​គណបក្ស​ប្រជាជន​កម្ពុជា​ ចាប់​ផ្តើម​ចរចាឡើង​វិញ​នោះទេ​។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​មាន​ក្រុម​ការ​ងារ​របស់​យើង​នៅ​ក្នុង​ប្រទេស ដើម្បី​រង់​ចាំ​ការ​ឆ្លើយ​តប​ពី គណបក្ស​ប្រជា​ជន​កម្ពុជា ដូច្នេះ​ប្រសិន​បើ​ពួក​គេ​ចង់​ចរចា​ពួក​គេ​អាច​ចរចា​បាន​”។ លោក​បាន​បន្ថែម​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​ស្នើ​សុំ​ឲ្យមាន​ការ​ ចរ​ចា​ជា​សាធារណៈ​ផង​ដែរ​ពេល​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ចរ​ចា​ជា​សាធារណៈឲ្យ​ប្រជា​ជន​អាច​​​​​​​​ឃើញ ដើម្បី​កុំ​ឲ្យ​​​បន្ទោស​​ទៅ​លើ​នរណា​ម្នាក់​​​។​ បទ​ពិសោធ​របស់​ខ្ញុំ​ពីមុន គឺថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មិន​ចង់​​ធ្វើ​អ្វី​ជា​សាធា​រណៈ​ទេ ប៉ុន្តែ នេះ​គឺ​ជា​វប្បធម៌​ថ្មី​ដែល​យើង​ចង់​ឃើញ​​​​​​​​​​​​​​​​​​​​​​​”។

លោកស្រី ជា វណ្ណាត អ្នក​វិភាគ​នយោ​បាយ​​ឯក​រាជ្យ​បាន​ឲ្យ​ដឹង​ថា “ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ជឿ​ជាក់​លើ​ការ​គាំទ្រ​ពី​ប្រជា​ជន​នោះ​ គណបក្ស​នេះ​គួរ​តែ​ពិចារណា​ទទួល​យក​​ភាព​ជា​ដៃ​គូណា​មួយ​​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​ធ្វើ​ឲ្យ​​ការ​ដឹក​នាំ​ប្រទេស​​​​មាន​គណបក្ស​ចម្រុះ​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ គ្រាន់​តែ​​ព្រម​ព្រៀង ហើយ​ចាប់​ផ្តើម​ពី​ពេល​នោះ​ទៅ​។​ គណ​បក្ស​ប្រឆាំង​គួរ​តែ​ងាក​ទៅរក​ស្ថាប័ន​ក្នុង​ស្រុក​ដែល​មាន​ស្រាប់​ ដើម្បី​ពង្រឹង​ស្ថាប័ន​ទាំង​នោះ​ ​ហើយ​ត្រូវ​តែ​ប្រើ​ប្រាស់​ស្ថាប័ន​មួយ​ដើម្បី​ពង្រឹង​ស្ថាប័ន​នោះ​។ ​ដើម្បី​ធ្វើ​ឲ្យ​​មាន​​អភិបាល​កិច្ច​​ ប្រជា​ធិប​តេយ្យ​ត្រូវ​ចំណាយ​ពេល​យូរ​ វា​មិន​អាច​ធ្វើ​បាន​ក្នុង​រយៈ​ពេល​មួយ​យប់​នោះទេ​ យើង​ត្រូវ​ការ​ការ​តស៊ូ​ ការ​អត់ធ្មត់​ និង​​ការ​​ប្រុង​ប្រយ័ត្ន​​ជា​ច្រើន​ទៀត ​ដើម្បី​កសាង​លទ្ធិ​ប្រជា​​​​ធិបតេយ្យ​”។

នៅ​ឯពិធី​កាល​ពី​ម្សិលមិញ​នេះ​ លោក ស ខេង​ ក៏​បាន​ចែក​ប័ណ្ណសរសើ​រ​ រួម​ជាមួយ​នឹង​ថវិកា​ចំនួន​១០០.០០០​រៀល​​ទៅ​ឲ្យ​មន្ត្រី​នគរ​បាល​ចំនួន៣.០០០​នាក់​ ចំពោះ​ការ​ងារ​របស់​ពួក​គេ​ក្នុង​ពេល​បោះ​ឆ្នោត​ ហើយ​បាន​ប្រកាស​ថា នគរ​បាល​នឹង​ចាប់​ផ្តើម​បើក​ប្រាក់​ខែ​របស់​ខ្លួន​ដោយ​​ផ្ទាល់​ពី​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​។
លោក​បាន​មាន​ប្រសាសន៍​ថា ការ​បើក​ប្រាក់​ខែ​​ដោយ​ផ្ទាល់​ឲ្យ​មន្ត្រី​នគរ​បាល​ ជំនួស​ឲ្យ​ការ​បើក​សរុប​រួម​គ្នា​ទៅ​ឲ្យ​មេៗ​នគរ​បាល​នោះ​​ អាច​រារាំង​មិន​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​កាត់​យក​ប្រាក់​ខែ​របស់​មន្ត្រី​ក្រោម​ឱវាទ សម្រាប់​​ប្រើ​ប្រាស់​​ផ្ទាល់ខ្លួន។

លោក ស ខេង បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​យើង​បើក​ប្រាក់​ខែ​សរុប​ទាំង​អស់​ ខ្ញុំ​ជឿ​ថា មាន​ការ​លួច​បន្លំ​ទាំង​ប្រាក់​ខែ​តិច  និង​ប្រាក់​ខែ​ច្រើន​ ដូច្នេះ​នេះ​គឺ​ជា​ការ​កែ​ទម្រង់​ដ៏​ធំ​មួយ”។ លោក​បាន​បន្ថែម​ថា ក្រសួង​មហាផ្ទៃ​កំពុង​ចរ​ចា​ជាមួយ​ធនាគារ​ អេអិនហ្សិត រ៉ូយ៉ាល់​ ដើម្បី​ដាក់​ម៉ាស៊ីន​ អេធីអិម នៅមុខ​អធិការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ក្រុង​ទាំង​អស់​ជួយ​សម្រួល​ដល់​ការ​បើក​ប្រាក់​ខែដើម្បី​​​កុំ​​​ឲ្យ​​​មានការ​កាត់​យក​ដោយ​​​គ្មានការ​អនុញ្ញាត​ពី​មេៗ​ឡើយ៕

ប្រែ​សម្រួល​ដោយ មូល គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស