34 C
Phnom Penh

សាលាឧទ្ធរណ៍នឹង​បើក​សវនាការ​រឿង​ក្តី​លោក ឈូក បណ្ឌិត​ អតីតអភិបាល​​​ក្រុង​​​បាវិតនៅ​ចុង​ខែ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​ម្នាក់​​និយាយ​កាល​ពី​ម្សិល​​​មិញ​ថា នៅ​ចុង​ខែ​នេះ​សាលា​ឧទ្ធរណ៍​នឹង​បើក​​​​សវ​នាការ​រឿង​ក្តី​លោក ឈូក បណ្ឌិត អតីត​​​​អភិបាល​ក្រុង​បាវិត ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​​​​ពី​បទ​បាញ់​កម្មករ​រោង​ចក្រ​កាត់​ដេរ​បី​នាក់​ឲ្យ​រង​របួស ប៉ុន្តែ កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​។

បើ​ទោះ​ណា​ជា សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​​​​បាន​ផ្តន្ទា​ទោស​អតីត​អភិបាល​ក្រុង​រូប​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ​កាល​ពី​ខែ​មិថុនា និង​បាន​បង្គាប់​ឲ្យ​ចាប់​ខ្លួន​​គាត់​ភ្លាមៗ​ក៏​ដោយ ក៏​អាជ្ញាធរ​មិន​បាន​ចាប់​ខ្លួន​​គាត់​ដែរ ហើយ​បច្ចុប្បន្ន​នេះ​គេ​មិន​ដឹង​ពី​កន្លែង​លាក់​ខ្លួន​របស់​គាត់​ឡើយ។ សាលា​ដំបូង​ខេត្ត​បាន​រក​ឃើញ​ថា លោក ឈូក​ បណ្ឌិត មាន​ពិរុទ្ធភាព​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បង្គាប់​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​រឿង​​​​ក្តី​នេះ​ឡើង​វិញ​កាល​ពី​ដើម​ឆ្នាំ​នេះ។ បន្ទាប់​ពី​ប្រកាស​សាលក្រម​ មេធាវី​របស់់​​​លោក ឈូក​ បណ្ឌិត​ មិន​បាន​ប្តឹង​ឧទ្ធរណ៍​ទេ​កាល​ពី​ខែ​កក្កដា។

លោក តាំង ស៊ុនឡាយ ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មាន​ប្រសា​សន៍​ថា “យើង​មាន​គម្រោង​បើក​សវ​នាការ​រឿង​ក្តី​នេះ នៅ​ចុង​ខែ​នេះ”។ បើ​ទោះ​ណា​ជា​មាន​ដីកា​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត​ ហើយ​ក៏​ដោយ ក៏​កាល​ពី​សប្តាហ៍​​​​មុន លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​នគរ​បាល​ជាតិ​ បញ្ជា​​​​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ចាប់​ខ្លួន​អតី​ត​អភិ​​​បាល​ក្រុង​រូប​នេះ ដែល​​ត្រូវ​​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា នៅ​ពេល​ដែល​គាត់​បាន​បាញ់​ទៅ​លើ​ក្រុម​កម្មករ​ អំឡុង​ការ​តវ៉ា​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១២។

ថ្លែង​នៅ​ឯ​ពិធី​ផ្តល់​ប័ណ្ណ​សរសើ​រដល់​មន្ត្រី​នគរ​បាល​បង្ក្រាប​កុបកម្ម និង​មន្ត្រី​នគរ​បាល​ចរាចរ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​សន្តិ​សុខ​អំឡុង​ពេល​បោះ​ឆ្នោត​នោះ លោក ស ខេង បាន​មាន​ប្រសា​សន៍​កាល​ពី​ម្សិល​មិញ​ថា នគរ​បាល​មិន​ដឹង​ពី​កន្លែង​លាក់​ខ្លួន​របស់​ឧក្រិដ្ឋ​ជន​រូប​នេះ​ទេ។

លោក ស ខេង មាន​ប្រសាសន៍​ថា “ យើង​​​​មិន​ដឹង​ថា លោក ឈូក​ បណ្ឌិត​ នៅ​ឯ​​​ណា​ទេ។​​​ ប្រសិន​បើ​យើង​ដឹង​ យើង​នឹង​ចាប់​ខ្លួន​គាត់​”។ ប៉ុន្តែ សមាជិក​សហជីព និង​បុគ្គលិក​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា រដ្ឋា​ភិបាល​មិន​បាន​ប្រឹង​ប្រែង​អស់​ពី​លទ្ធ​ភាព​ដើម្បី​ចាប់​ខ្លួន​លោក ​​​ឈូក បណ្ឌិត​ ឡើយ។

លោក ដេវ វេល នាយក​ប្រចាំ​ប្រទេស​នៃ​​​​មជ្ឈ​មណ្ឌល​សាមគ្គី​ភាព ជា​អង្គការ​សិទ្ធិ​ការ​​​​ងារ​​​​អន្តរ​ជាតិ​បាន​មាន​ប្រសាសន៍​ថា “​រដ្ឋាភិ​បាល​បាន​បង្ហាញ​យា៉ង​ច្បាស់​ថា ​ខ្លួនមិន​មាន​​ឆន្ទៈ​ចាត់​​​​ការ​រឿង​​ក្តី​​​​​​នេះទេ​ នៅ​ពេល​ដែល​ក្រសួង​មហា​​​​​​ផ្ទៃ​​​​គិត​​​​ថា ពួក​គេ​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​នៅ​ពេល​​​នេះ”។

លោក អាត់ ធន់ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​បាន​អះ​អាង​ថា នៅ​ពេល​នេះលោក ស ខេង គ្រាន់​តែ​ជំរុញ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជា​សាធារណៈ​តែ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ការ​បាត់​បង់​សន្លឹក​ឆ្នោត​ដ៏​ច្រើន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ លោក អាត់ ធន់ បានថ្លែង​ថា “ការ​ធ្វើ​ដូច្នេះ​​គឺ​ដើម្បី​​បង្ហាញ​ថា រដ្ឋា​ភិបាល​​គិត​​អំពី​កំណែ​ទម្រង់។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពីពេល​ថ្មីៗ​នេះ​រួច​មក… គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រហែល​ជា​ប្រឹង​ប្រែង​អស់​ពី​លទ្ធ​ភាព​ ដើម្បី​ចាត់​ការ​រឿង​ក្តី​នេះ”។

លោក មឿន តុលា ប្រធាន​កម្ម​វិធី​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​​​គមន៍​​​​ដែល​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​រង​គ្រោះ​ទាំង​បី​នាក់បាន​មាន​ប្រសាសន៍​ថា ការ​ប្រកាស​​​​របស់​លោក ស ខេង ក៏​បង្ហាញ​អំពី​អប្រសិទ្ធ​ភាព​របស់​ប្រព័ន្ធ​តុលាការ​ផង​ដែរ។ លោក មឿន តុលា បាន​មាន​ប្រសា​សន៍​ថា “[សាល​ក្រម​របស់​តុលាការ] វា​គ្រប់​គ្រាន់​ហើយ​សម្រាប់​នគរ​បាល​ក្នុង​ការ​ចាប់​ខ្លួន​គាត់ ពី​ព្រោះ​មាន​ដី​កា​ចាប់​ខ្លួន​រួច​ទៅ​ហើយ​។ វា​ច្បាស់​ណាស់​ថា [ការ​ប្រកាស​របស់​លោក ស ខេង] គឺ​សម្រាប់​តែ​ការ​ឃោសនា​រឿង​នយោ​​​​បាយ​របស់​ខ្លួន​ ហើយ​យើង​ចាំ​មើល​ថា តើ​នឹង​​​​មាន​ការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិតឬ​​​អត់”៕

ប្រែ​សម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស