27 C
Phnom Penh

អង្គភាព​ប្រឆាំ​ងអំពើ​ពុក​រលួយ​ប្រាប់​ប្រទេស​ម្ចាស់​ជំនួយកុំ​ឲ្យ​លូក​​​ដៃ​​​ក្នុងការ​​​ងារ​​​ស្ថាប័ន​​​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គ​ភាព​ប្រឆាំ​ងអំពើ​ពុក​រលួយ​បាន​ប្រាប់ប្រទេស​ម្ចាស់​ជំ​នួយ​កុំ​ឲ្យ​លូកដៃ​ក្នុង​​ការ​ងារ​របស់​ស្ថាប័ន​នេះ​ ហើយ​ទន្ទឹម​នឹង​នោះ​ដែរ​ លោក​បាន​និយាយ​ជា​សាធារ​ណៈ​​​ថា លោក​មិន​មាន​អំណាច​ក្នុ​ងការ​រារាំង​តុលាការ​មិន​ឲ្យ​ចាត់​ការ​រឿងក្តី​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ​ឡើយ។

នៅក្នុង​សុន្ទរ​កថាបើក​សិក្ខា​សាលា​ដែល​រៀប​ចំឡើង​ដោយ​អង្គការ​តម្លា​ភាព​អន្ត​រ​​​ជាតិ​​​​នៅ​កម្ពុជា​ស្តីពី​កិច្ច​ប្រឹង​ប្រែង​ឃ្លាំ​មើល​ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​នោះ លោក ឱម យ៉ិន​ទៀង​ បាន​និយាយ​ការ​ពារ​ការ​ចាប់​ខ្លួន​ពីរ​បី​ករ​ណី​ដែល​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើ​ចាប់​តាំង​ពី​អង្គភាព​នេះ​បាន​ដំណើរ​ការ​កាល​ពី​ឆ្នាំ​២០១០មក។

លោក​បាន​មាន​ប្រសាសន៍ថា “មិន​មែន​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ពុក​រលួយ​នោះ​ទេ ដូច្នេះ​​​​ហើយ យើង​មិន​មែន​ចេះ​តែ​ចាប់​ខ្លួន​រហូត​នោះ​ទេ”។ លោក​ ឱម យ៉ិន​ទៀង​ បាន​មាន​ប្រសា​​​សន៍​​​ថា “ ហើយ​អ្វីដែលយើង​ធ្វើ​នោះ យើង​​មិន​អាច​ផ្ត​ន្ទាទោស​បាន​ទេ។ [ព្រះ​រាជអាជ្ញា] មាន​តួនាទី​នេះ។ យើង​ត្រូវ​ធ្វើ​តាម​ច្បាប់ វា​មិន​មែន​មាន​ន័យ​ថា យើង​ចាំ​បាច់​ត្រូវ​ធ្វើ​តាម​​​​ប្រទេស​ម្ចាស់​ជំនួយ​នោះ​ទេ”។

លោក ឱម យ៉ិន​ទៀង ក៏​បាន​មាន​ប្រសាស​ន៍​​​បន្ថែម​​​ទៀត​ផង​​​ដែរថា លោក​កាន់តែធុញ​ទ្រាន់​នឹង​ការ​ចោទ​សួរ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយថា តើ​មាន​ការ​ចាត់​ការ​បាន​ប៉ុន្មាន​​​ករណី​​​​​​ហើយ​ ​​​ហើយ​​​​លោក​បានធ្វើ​​​ការ​ពន្យល់​ថា បើ​ទោះ​ណា​ជា​អង្គ​ភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​ផ្តល់​ភ័ស្តុតាង​ដល់​តុលា​ការ​ក៏​ដោយ ក៏​តុលាការ​មិន​មែន​សុទ្ធ​តែ​ទទួល​យក​ទេ មាន​ន័យ​ថា រឿង​ក្តី​មួយ​ចំនួន​នឹង​មិន​ត្រូវ​បាន​ចាត់​ការ​ឡើយ។ “ប្រព័ន្ធ​ផ្សព្វផ្សាយ​​សួរថា តើ​មាន​ប៉ុន្មាន​ករណី​ហើយ?។ ប៉ុន្តែ​យើង​មិន​និយាយ​អំពី​បរិមាណ​នោះ​ទេ។ ជួន​កាល​​មិន​មាន​រឿងក្តី​សោះក្នុង​មួយ​ឆ្នាំ​ក៏ថាបាន ប៉ុន្តែ​បើ​ក្រឡេក​មើលពី​​ផលិត​ផល​សរុប​ក្នុង​ស្រុក​​​វិញ ​វា​បង្ហាញ​ថា មាន​ការ​អភិវឌ្ឍ”។

លោក ឱម យ៉ិន​ទៀង​ បាន​និយាយ​​អំពី​ការ​ចាប់​ខ្លួន​ក្រឡា​បញ្ជី​ម្នាក់​កាល​ពី​សប្តាហ៍​មុន​នៅ​សា​លា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ និង​ស៊ី​សំណូក​ ប៉ុន្តែ​មិន​បាន​ឆ្លើយ​តប​នឹង​​ការ​ចោទ​សួរ​របស់​អ្នក​យក​ព័ត៌មានទេ ​នៅពេល​​សួរ​ថា តើ​អង្គភាព​ប្រឆាំ​ង​អំពើពុក​រលួយ​នឹង​តាម​​ដាន​​​មន្ត្រី​ជាន់​ខ្ពស់​​តុលាការ​ឬអត់។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​​ថា ខ្ញុំ​មិន​គួរ​ឆ្លើយតប​​​ទៅ​​​នឹង​សំណួរ​របស់​អស់​លោក​ទេ ពី​​​ព្រោះ​​​នេះ​គឺ​ជា​តួនាទី​របស់​ត​ុលា​​​ការ​។ ខ្ញុំ​ជឿថា​ តុលាការ​នឹង​ពិនិត្យ​មើល​រឿង​នោះ ហើយ​ខ្ញុំ​មិន​ដឹង​ថា តើ​តុលាការ​នឹង​​​​ធ្វើ​​​ការស៊ើប​អង្កេត​​​​អំពីអ្នក​ផ្សេង​ទៀត​ឬ​​​យ៉ាង​​​​ណា​ឡើយ”។ លោក​បាន​មាន​ប្រសាសន៍​ថា អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ត្រូវ​មាន​ការ​បង្គាប់​ពី​តុលាការ​ក្នុង​ការ​ស្វែង​រក​ភ័ស្តុតាង​ឲ្យ​បាន​ស៊ី​ជម្រៅ​​នៅ​ក្នុង​រឿង​ក្តី​នេះ​។

ទោះ​ជាយ៉ាងណា នៅក្នុង​សុន្ទរ​កថា​ដំបូង​របស់​លោក លោក ឱម យ៉ិន​ទៀង បាន​និយាយ​​​​ពី​អំណាច​ដែល​លោក​ទទួល​បាន​តាម​ច្បាប់ ដោយ​លើក​ឡើង​ថា អង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រលួយ​អាច​ស៊ើប​អង្កេត​ពី​នរណា​ម្នាក់​ និង​ពី​រឿង​អ្វីមួយ​បាន​ដោយ​មិន​ចាំបាច់មាន​​ការ​អនុញ្ញាត​ពី​ព្រះ​រាជ​អា​ជ្ញា ឬ​ដីការបស់​តុលាការ​​​​ឡើយ។ លោក​ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា លោក​សង្ឃឹម​ថា ​មេ​រៀន​ស្តីពី​ការ​ប្រឆាំង​អំពើ​​ពុក​រលួយ​អាច​បញ្ចូល​​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​នៅ​ទូ​ទាំង​ប្រទេស​ ដូច្នេះ​​ “​​មនុស្ស​​​​​នឹង​ស្អប់​ខ្ពើម​អំពើ​ពុក​រលួយ ហើយ​យល់​ដឹង​ពី​អំពើ​ពុក​រលួយ”៕

ប្រែសម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស