យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការ Freedom House ដែលមានមូលដ្ឋាននៅបុរីញូវយ៉ក បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលមានលទ្ធភាពប្រើអ៊ីនធើណិត មានចំនួនកើនឡើងច្រើនដោយសារតែមានទូរស័ព្ទស្មាតហ្វូន និងថេបប៊្លែតផ្ទាល់ខ្លួន និងដោយសារតែមានការពង្រីកសេវាកម្មអ៊ីនធើណិតគ្មានខ្សែទៅកាន់តំបន់ជនបទ ប៉ុន្តែការប្រើបាននេះពុំមានន័យស្មើនឹងសេរីភាពរួចផុតពីការដាក់កម្រិតលើអ្វីដែលអ្នកប្រើអ៊ីនធើណិតអាចមើលបាននោះទេ។
នៅក្នុងរបាយការណ៍នេះ ដែលមានចំណងជើងថា “សិទ្ធិសេរីភាពនៃការចូលទៅកាន់ប្រព័ន្ធអ៊ីនធើណិតឆ្នាំ២០១៣” និងចេញកាលពីសប្ដាហ៍មុន ប្រទេសកម្ពុជាស្ថិតនៅលេខរៀងទី៣៤ ក្នុងចំណោមប្រទេសចំនួន៦០ ដែលត្រូវបានយកមក ដើម្បីធ្វើការស្ទង់មតិស្ដីពីសិទ្ធិសេរីភាពនៃការប្រើ អ៊ីនធើណិត។ប្រទេសនីមួយៗត្រូវបានវាយតម្លៃដោយផ្អែកលើឧបសគ្គនៅក្នុងការប្រើអីុនធើណិត លើការដាក់កម្រិតលើអ្វីដែលអ្នកប្រើអ៊ីនធើណិតអាចមើលបាន និងលើការរំលោភសិទ្ធិរបស់អ្នកប្រើប្រាស់។
ប្រទេសអ៊ីស្លង់ បានស្ថិតនៅលេខរៀងទី១ រីឯប្រទេសអ៊ីរ៉ង់វិញស្ថិតនៅលេខរៀងចុងក្រោយគេ។ របាយការណ៍នេះបានលើកឡើងថា “ទោះបីជាលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីផ្សេងៗទៀតបានអះអាងជាសាធារណៈថា នឹងគាំទ្រសិទ្ធិសេរីភាពនៃការបញ្ចេញមតិក៏ដោយ ក៏មន្ត្រីមួយចំនួននៅតែចាត់វិធានការដើម្បីចូលជ្រៀតជ្រែកទៅក្នុងសកម្មភាពនៃការប្រើអីុនធើណិតដដែល”។ របាយករណ៍នេះបានលើកឡើងដូច្នេះដោយសំដៅទៅលើគេហទំព័រចំនួនបីដែលត្រូវបានគេបិទមិនឲ្យប្រើបានមានដូចជា គេហទំព័រ Khmeri-zation គេហទំព័រ Ki-Meda និង គេហទំព័រ Sacrava ដោយសារតែគេហទំព័រទំាងនេះបានរិះគន់រដ្ឋាភិបាល។
អង្គការ Freedom House បានលើកឡើងថា “កាលពីដើមឆ្នាំ២០១០ រដ្ឋាភិបាលមានគម្រោងបង្កើតក្រុមហ៊ុនរដ្ឋមួយ ដើម្បីត្រួតពិនិត្យក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណិតក្នុងស្រុកទាំងអស់ក្នុងគោលបំណងពង្រឹងសន្ដិសុខអ៊ីនធើណិត ដើម្បីប្រឆាំងទៅនឹងអំពើអាសអាភាស ការលួចនិងការប្រព្រឹត្តបទឧក្រិដ្ឋនានាតាមអ៊ីនធើណិត។ តែទោះជាយ៉ាងណា គម្រោងនេះត្រូវបានផ្អាកទៅវិញដោយសារតែមានការជំទាស់ជាច្រើន ហើយសូម្បីតែក្នុងជួររដ្ឋាភិបាលក៏មានការជំទាស់ដែរ”។
របាយការណ៍នេះបានលើកឡើងបន្តថា “បទបញ្ជាមួយ ដែលបញ្ជាឲ្យអ៊ីនធើណិតកាហ្វេ និងក្រុមហ៊ុនផ្ដល់សេវាកម្មទូរគមនាគមន៍នានារក្សាទុកទិន្នន័យអ្នកប្រើប្រាស់ រួចផ្ដល់ទិន្នន័យទាំងនេះទៅឲ្យនគរបាលដើម្បីស៊ើបអង្កេតពីការគំរាមកំហែងដល់សន្ដិសុខជាតិ ដោយគ្មានការឆ្លងកាត់ការត្រួតពិនិត្យពីតុលាការនោះ ត្រូវបានចេញតាំងពីខែកុម្ភៈ ឆ្នាំ២០១២ មកម៉្លេះ ប៉ុន្តែត្រូវបានយកមកអនុវត្តនៅខែសីហា ឆ្នាំ២០១២”។
អង្គការ Freedom House បានលើកឡើងបន្តថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមានដូចជា ប្លក់ បណ្ដាញទំនាក់ទំនងសង្គម និងគេហទំព័រផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធើណិតនានា គឺមិនត្រូវបានរឹតបណ្ដឹងឡើយនៅក្នុងប្រទេសកម្ពុជា។ គណបក្សសង្គ្រោះជាតិ បានផ្ដោតយ៉ាងសំខាន់ទៅលើយុវជន ដែលមានចំនួនកើនឡើងនៅក្នុងប្រទេសកម្ពុជា និងដែលបានប្រើបណ្ដាញទំនាក់ទំនងសង្គមដ៏គួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនមុនការបោះឆ្នោតជាតិ កាលពីខែកក្កដា។ យុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិដែលផ្ដោតលើយុវជននេះ បានធ្វើឲ្យសំឡេងឆ្នោតរបស់ខ្លួនមានការកើនឡើងយ៉ាងច្រើន៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង