ក្រុមហ៊ុនក្នុងស្រុកមួយបានចាប់ផ្តើមធ្វើប្រតិបត្តិការរបស់ខ្លួន ដោយសហប្រតិបត្តិការ ជាមួយធនាគារ អេប៊ីអេ (ABA Bank) ដើម្បីបង្កើនវិសាលភាពនៃប្រព័ន្ធទូទាត់ថ្លៃសេវាកម្មផ្សេងៗ ដូចជា វិក្កយបត្រអគ្គិសនី និងទឹកប្រាក់ក្នុងទូរស័ព្ទចល័ត ជាហេតុបណ្តាលឲ្យប្រជាជនមានលទ្ធភាពបង់ប្រាក់តាមគេហទំព័រ ប្រតិបត្តិការទូរស័ព្ទ និងប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទៀត។
ក្រុមហ៊ុន ផេហ្គោ ស៊ី (ខេមបូឌា) ខូ អិលធីឌី (PayGo SEA (Cambodia) Co., Ltd.) ដែលធ្វើប្រតិបត្តិការក្រោមយីហោ ផេអេនហ្គោ នឹងផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ក្នុងការដាក់ប្រាក់កក់សម្រាប់ការទិញទំនិញតាមប្រព័ន្ធអីុនធើណិតដោយប្រើប្រាស់ប័ណ្ណឥណទាន ប្រព័ន្ធទូទាត់ ផេផាល ( PayPal) ឬក៏សាច់ប្រាក់។ ក្រុមហ៊ុននានាដែលប្រើប្រាស់សេវាកម្មនេះ មានដូចជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័ត ម៉ូប៊ីតែល (MobiTel) និងក្រុមហ៊ុនស្មាត (Smart) ព្រមទាំងក្រុមហ៊ុនផ្តល់សេវាកម្មសាធារណៈ ដូចជា អគ្គិសនីកម្ពុជាជាដើម ក៏ដូចជាហាងលក់សម្លៀកបំពាក់ផងដែរ។
លោក អែវហ្គេនី កាហ្គាយ (Evgeniy Kagay) អ្នកគ្រប់គ្រងទូទៅសេវាកម្ម ផេអេនហ្គោ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយ ឡើយកាលពីម្សិលមិញ បើទោះជាមានការអញ្ជើញអ្នកសារព័ត៌មានឲ្យទៅកាន់ការិយាល័យរបស់ក្រុមហ៊ុននេះ ដែលមានទីស្នាក់ការកណ្តាលនៅធនាគារ អេប៊ីអេ នៅមហាវិថីព្រះសីហនុ ក៏ដោយ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនអាចផ្តល់ព័ត៌មានលម្អិតបានទេ” ។
របាយការណ៍ស្តីពីក្រុមហ៊ុន ផេហ្គោ ស៊ី (ខេមបូឌា) ខូ អិលធីឌី ដែលនិពន្ធដោយក្រុមហ៊ុន ឌីអេនប៊ី (D&B) ដែលជាក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងទិន្នន័យមេផ្នែកពាណិជ្ជកម្មនៅទូទាំងសាកលលោក បានបង្ហាញថា នាយករបស់ក្រុមហ៊ុននេះ មានឈ្មោះថា ហ៊្គែរ៉ាត ខាសប៊ីលីន (Gairat Khasbiullin) អតីតប្រធាននាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍មួយនៅប្រទេសអ៊ូសបេគីស្ថាន។
លោក អ៊ីហ្គ័រ ហ្ស៊ីម៉ារ៉េវ (Igor Zimarev) មន្ត្រីទីផ្សារធនាគារ អេប៊ីអេ បានឲ្យដឹងថា ធនាគារ អេប៊ីអេ មិនមានការពាក់ព័ន្ធនឹងសេវាកម្ម ផេអេនហ្គោ ទេ ក៏ប៉ុន្តែ ធនាគារនេះកំពុងតែសហប្រតិបត្តិការជាមួយសេវាកម្មនេះ ដើម្បីស្វែងយល់បន្ថែមអំពីប្រព័ន្ធទូទាត់សាច់ប្រាក់ចូល ដែលត្រូវបានធ្វើឡើងតាមរយៈកន្លែងផ្សេងៗ។
លោកបានមានប្រសាសន៍ថា “មិនមានការពាក់ព័ន្ធជាមួយក្រុមហ៊ុននេះទេ។ ពួកគេបានបង្កើតគំនិតនេះហើយយើងក៏ចាប់អារម្មណ៍គំនិតនេះ ហើយនេះជាមូលហេតុដែលយើងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយពួកគេ។ ពួកគេផ្តល់ឲ្យយើងនូវបច្ចេកវិទ្យា និងសេវាកម្មនេះ ហើយយើងបានដាក់សេវានេះចូលទៅក្នុងប្រព័ន្ធរបស់យើង”។
យោងតាមគេហទំព័រ សេវាកម្ម ផេអេន ហ្គោ សេវាកម្មនេះ ក៏មាននៅក្នុងប្រទេសផ្សេងៗទៀតផងដែរ ដូចជា ប្រទេសស្រីលង្កា និងប្រទេសម៉ាល់ឌីវ ជាដើម។ គេហទំព័រ និងទំព័រហ្វេសប៊ុករបស់សេវាកម្ម ផេ អេន ហ្គោ ក៏បានបង្ហាញផងដែរថា សេវាកម្មនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ និងបានចូលមកដល់ទីផ្សារកម្ពុជាកាលពីឆ្នាំមុន ក៏ប៉ុន្តែ សេវាកម្មនេះមានសកម្មភាពមួយចំនួនប៉ុណ្ណោះសម្រាប់កន្លែងផ្សេងៗ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
កន្លែងផ្សេងៗបានផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់សេវាកម្ម ផេអេនហ្គោ ក៏ដូចជា អតិថិជនរបស់កន្លែងទាំងនោះក្នុងការបង់ប្រាក់ថ្លៃប្រើប្រាស់ទូរស័ព្ទចល័ត និងវិក្កយបត្រផ្សេងៗទៀត ដោយជ្រើសរើសយកសេវាកម្មនេះ និងបញ្ចូលសាច់ប្រាក់។ កាលពីម្សិលមិញ នៅឯម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីន ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងហាងលក់ទំនិញខ្នាតតូចមួយនៅកាច់ជ្រុងផ្លូវ៥១ និងផ្លូវ៣០២ អ្នកគិតលុយដែលធ្វើការនៅក្នុងហាងលក់ទំនិញនោះបានលើកឡើងថា នាងឃើញមនុស្សយ៉ាងតិច៣០នាក់ ក្នុងមួយថ្ងៃ មានទាំងជនបរទេស ទាំងប្រជាជនខ្មែរ ចេញចូលក្នុងហាងនេះ អំឡុងវេនធ្វើការរយៈពេល១២ម៉ោងរបស់នាង។
សេវាកម្មនៅកន្លែងនេះ ក៏ត្រូវបានផ្តល់ឲ្យអតិថិជនដោយប្រើភាសាអង់គ្លេស និងភាសាខ្មែរដែរ។ ក៏ប៉ុន្តែ មិនទាន់ច្បាស់ថា តើសេវាកម្ម ផេអេនហ្គោ នឹងទទួលបានប្រជាប្រិយភាពក្នុងកម្រិតណាទេ សម្រាប់ទីផ្សារប្រទេសកម្ពុជា។ លោក អ៊ិន វិជ្ជា ម្ចាស់ហាងលក់សម្លៀកបំពាក់ឈ្មោះ លីតថល ហ្វេសិន (Little Fashion) បានលើកឡើងថា គ្មាននរណាម្នាក់បង់ប្រាក់នៅក្នុងហាងរបស់លោកដែលលក់ទំនិញតាមប្រព័ន្ធអ៊ីនធើណិត ដោយប្រើសេវាកម្ម ផេអេនហ្គោ ឡើយ បើគិតតាំងពីហាងរបស់លោកបានចាប់ដៃគូជាមួយសេវាកម្មនេះកាលពីខែមិថុនាមក។ លោកបានមានប្រសាសន៍ថា “យើងចង់សាកល្បង” ។
ខណៈដែលប្រធាននាយកប្រតិបត្តិនៅតាមក្រុមហ៊ុនទូរគមនាគមន៍នានា ទទួលស្វាគមន៍សេវាកម្មនេះ ក៏មានមួយចំនួនក្នុងចំណោមពួកគេមិនទាន់មានអ្នកប្រើប្រាស់សេវាកម្មនេះនៅឡើយទេ។ លោក អៀនវ៉ាត់សុន (Ian Watson) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ម៉ូប៊ីតែល បានលើកឡើងថា ចំនួនអ្នកប្រើប្រាស់ដែលបញ្ចូលទឹកប្រាក់នៅក្នុងទូរស័ព្ទរបស់ពួកគេ ដោយប្រើសេវាកម្ម ផេ អេនហ្គោ មាន “តិចណាស់” ៕
ប្រែសម្រួលដោយ កង សុធា