កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះករណីមន្ត្រីកងយោធពលខេមរភូមិន្ទម្នាក់ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលជាប់ចោទពីបទប្លន់ និងប្រើប្រាស់អាវុធខុសច្បាប់។
លោក ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះចេត សុខុម អាយុ៣០ឆ្នាំ ជាមន្ត្រីកងយោធពលខេមរភូមិន្ទ និងឈ្មោះ ចេង សីហា មន្ត្រីកងរាជអាវុធហត្ថ ដែលមិនទាន់ចាប់ខ្លួនបាន ត្រូវបានចោទប្រកាន់ពីបទប្លន់ប្រដាប់អាវុធ នៅហាងអ៊ីនធើណិតមួយ ក្នុងខណ្ឌដូនពេញ។
លោក វិសាល បានឲ្យដឹងថា សុខុម ត្រូវបានចាប់ខ្លួនក្នុងខែមិថុនា ចំណែក សីហា បានរត់គេចខ្លួន។ នៅតុលាការ សុខុម បានបំភ្លឺថា ខ្លួនជាអ្នកឌុបឈ្មោះ សីហា ទៅហាងនោះ។ ជននេះបន្តថា នៅទីនោះ“ ខ្ញុំឈប់ម៉ូតូនៅខាងក្រៅ។ខ្ញុំឃើញ សីហា កាន់កាំភ្លើងមួយដើមដើរចូលទៅក្នុងហាងកាហ្វេនោះ”។
ជននេះបានបន្តទៀតថា ខ្លួនត្រូវបានអ្នកសមគំនិតរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់ផងដែរនោះ ឲ្យប្រាក់ចំនួន១៥០ដុល្លារ ក៏ប៉ុន្តែជននេះបានអះអាងថា ខ្លួនមិនបានដឹងថា ប្រាក់នេះមកពីប្រភពណាទេ។
លោកស្រី ទូច សុធារី មេធាវីរបស់ជននេះបានឲ្យដឹងថា សីហា ប្លន់បានប្រាក់ប្រហែល១.០០០ដុល្លារពីហាងនោះ ប៉ុន្តែ កូនក្តីរបស់លោកស្រីមិនបានដឹងអ្វីទាក់ទងនឹងប្រាក់ប្លន់បាននេះទេ។ លោកស្រីបានបន្តថា “ គាត់ត្រូវសីហា បោកប្រាស់ទេ។ខ្ញុំសូមស្នើលោកចៅក្រមលើក លែងការចោទប្រកាន់ និងដោះលែងឈ្មោះ ចេត សុខុម”។សាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី២៨ខែតុលា៕
ប្រែសម្រួលដោយ ចេវ ប៊ុននី