27 C
Phnom Penh

​អភិបាល​រាជធានី​​ប្រាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឈប់​ដើរប្រមូល​ស្នាម​មេដៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​​បាន​​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​​ ប្រាប់​ឲ្យ​គណបក្ស​នេះ​​បញ្ឈប់​ការ​ប្រមូល​​ស្នាម​មេដៃ​​នៅ​​តាម​ទី​សាធារណៈ​​សម្រាប់​ធ្វើ​​ញត្តិ​ ជា​សំណើ​មួយ​ដែល​​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​​​ជំនាញ​​ខាង​​ច្បាប់​​និយាយ​ថា រំលោភ​រដ្ឋធម្មនុញ្ញ​។

លោក​ ស ខេង​ រដ្ឋ​​មន្ត្រី​​​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​​ក្រសួង​​មហាផ្ទៃ​កាល​ពី​ម្សិលមិញ​ថា​​ បទ​បញ្ជា​ពី​សាលា​រាជធានី​​ឲ្យ​បញ្ឈប់​​ការ​​ធ្វើ​ញត្តិ​របស់​​គណបក្ស​ប្រឆាំង ដើម្បី​​បដិសេធ​​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល ​​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដានេះ​ ទទួល​បាន​ការ​​អនុញ្ញាត​ពី​រូប​លោក​មុន​នឹង​ចេញ​។

លោក​ ប៉ា សុជាតិវង្ស បាន​លើក​ឡើ​ង​នៅ​ក្នុង​លិខិត​​​ចុះ​កាល​បរិច្ឆេទ​​ថ្ងៃ​អង្គារ​នេះ​ ថា “ខ្ញុំ​សូម​​ជូន​ដំណឹង​​​ទៅ​លោក​ប្រធាន​ [សម រង្ស៊ី] ឲ្យ​បាន​ជ្រាប​ថា ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​​ថ្មីៗ​នេះ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​​ដើរ​ប្រមូល​​ស្នាម​មេដៃ​នៅ​គ្រប់​​ផ្សារ​​ កន្លែង​​សាធារណៈ និង​​តាម​លំនៅ​ដ្ឋាន​របស់​​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​។ ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ការ​​​​​រស់​នៅ​​ និងការ​​រក​ទទួល​ទាន​ប្រចាំ​ថ្ងៃរបស់​ប្រជាពលរដ្ឋ​។ សាលា​រាជធានី​ភ្នំពេញ​សង្ឃឹម​ថា លោក​ប្រធាន​ នឹង​​​សហការ​​​​អនុ​វត្ត​តាម​ខ្លឹម​សារ​នៃ​លិខិត​នេះឲ្យ​មាន​ប្រសិទ្ធភាព​”។

ពេល​សាកសួរ​​ថា តើ​សាលា​រាជធានី​មាន​​គម្រោង​អនុវត្ត​​សេចក្ដី​​ណែនាំ​ឲ្យ​​​បញ្ឈប់​​ការ​​ដើរ​ប្រមូល​ស្នាម​មេដៃ​ធ្វើ​ញត្តិ​នេះ​ដោយ​​របៀប​​ណា​​នោះ​ លោក​ ប៉ា សុជាតិ​វង្ស បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា លោក​​នឹង​ក្រើន​​​រំព្ញក​​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​​ណាស់​​ម្ដង​ទៀត ​​មុន​ពេល “​​ចាត់​វិធាន​ការ​”។
លោក​ថ្លែង​​ថា “ខ្ញុំ​នឹ​ងព្យាយាម​​ណែនាំ​ [គណ​បក្ស​សង្គ្រោះ​ជាតិ​] ពីរ​ឬ​បី​ដង​ ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​នៅ​​តែ​បន្ត​ យើង​នឹង​ចាត់​វិធានការ​ ដើម្បី​​បញ្ឈប់​ពួក​គេ​” ប៉ុន្តែ​​លោក​​បាន​បដិសេធ​​មិន​បញ្ជាក់​​​ថា តើ​​វិធាន​ការ​​​នោះ​​ជា​អ្វី​​ទេ​។ ​អភិបាល​​រាជធានី​រូប​នេះ​បាន​មាន​ប្រសា​សន៍​​អំពី​ញត្តិ​នេះ​ថា “ស្នាម​មេដៃ​គ្មាន​ប្រយោ​ជន៍​​ទេ ហើយ​ពួ​កគេ​​ធ្វើ​នេះ​​ដើម្បី​កេង​ចំណេញ​​​នយោបាយ។ ខ្ញុំ​ក៏​ចង់​​ប្រើ​កម្លាំង​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិន​ប្រើ​​​ យើង​នឹង​​រង់​ចាំ​មើល​​តើ គណបក្ស​សង្គ្រោះ​ជាតិ​​គោរព​តាម​សេចក្ដី​ណែនាំ​របស់​​យើង​ឬ​អត់​”។

លោក យឹម​ សុវណ្ណ អ្នកនាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​មានប្រសាសន៍​ថា គណ​បក្ស​​របស់​លោក​​នឹង​​បន្ត​ការ​​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​ប្រមូល​​ស្នាម​មេដៃ​​ឲ្យ​បាន​៣លាន​ ដើម្បី​ធ្វើ​ញត្តិ​តវ៉ា​ថា រដ្ឋាភិបាល​​ឯក​បក្ស​​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​​លោក​ ហ៊ុន សែន​ គឺ​ខុស​ច្បាប់​ និង​មិន​ស្រប​តាម​​ច្បាប់​​រដ្ឋធម្មនុញ្ញ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​អំពី​​សេចក្ដី​ណែនាំ​​របស់​​អភិបាល​​រាជធានី​​​នេះ​ថា “យើង​​ទទួល​បាន​លិខិត​នេះ​ហើយ​ ហើយ​វា​ផ្ទុយ​នឹង​​រដ្ឋ​ធម្មនុញ្ញ​។ យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ យើង​នឹង​បន្ត​​​អ្វី​ដែល​យើង​កំពុង​តែ​​ធ្វើ​”។ លោក​បាន​ប៉ាន់​ប្រមាណ​ថា សកម្មជន​បក្ស​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ប្រហែល​៤០០​នាក់​កំពុង​ដើរ​ប្រមូល​ស្នាម​មេដៃ​​​​ក្នុង​រាជធានី​ភ្នំពេញ​។

គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​​ដាក់​​ញត្តិ​ ដែល​ប្រមូល​នៅ​​​ទូទាំង​ប្រទេសនេះ​ ​​ទៅ​​អង្គ​ការ​​សហប្រជាជាតិ​​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​ ដើម្បី​ឲ្យ​ស្រប​​នឹង​ថ្ងៃ​​ខួប​លើ​ក​ទី​២២ នៃ​​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ក្រុង​​ប៉ារីស។

លោក​ សុក​ សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​​ការពារ​សិទ្ធិ​កម្ពុជា​ ជា​អង្គការ​​ក្រៅ​រដ្ឋាភិបាលផ្ដល់​​​ជំនួយ​​ផ្នែក​ច្បាប់​ឥត​គិត​ថ្លៃ​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ណែនាំ​​របស់​សាលា​​រាជធានី​​នេះ​​មិន​​បាន​ពន្យល់​ពី​មូល​ហេតុ​ ដែល​​​គណបក្ស​សង្គ្រោះ​ជាតិ​​អាច​នឹង​បង្ក​ការ​គំរាម​កំហែង​​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈដោយ​របៀប​ណា​​​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រជា​ពល​រដ្ឋ​​យល់​ព្រម​​ផ្ដិត​មេដៃ​ [លើ​ញត្តិ​] ដោយ​ស្ម័គ្រ​ចិត្ត​…។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​បង្ខំ​​​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​​បែប​នេះផ្ទុយ​​​ពី​ឆន្ទៈ​របស់​ពួក​គាត់​នោះ​ វា​ប្រហែល​ជា​រំលោភ​​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​”។ លោក​បាន​មាន​ប្រសាសន៍​សំដៅ​​ដល់​​សម័យ​កុម្មុយនិស្ដ​អំឡុង​​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅ​ពេល​ប្រទេស​កម្ពុជា​​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​វៀតណាម​ថា “ខ្ញុំ​គិត​ថា សាលា​រាជធានី​ប្រហែល​ជា​កំពុង​តែ​ប្រើ​ប្រាស់​​​របៀប​ដឹក​នាំ​ចាស់​គំរឹល​ ដូច​មុន​ឆ្នាំ​១៩៩៣”។

លោក ហួន ជុនឌី នាយក​កម្មវិធី​​នៃ​មជ្ឈ​មណ្ឌល​​អប់​រំ​ច្បាប់​​​សម្រាប់​សហគមន៍​​បាន​​យល់​ស្រប​នឹង​ភាព​ខុស​ច្បាប់​នៃ​ការ​គំរាម​ប្រជាពល​រដ្ឋ​ ដើម្បី​ប្រមូ​ល​ឈ្មោះរបស់​ពួក​គាត់​​​ដាក់​នៅ​ក្នុង​ញត្តិ​។​ លោក​បាន​​មា​ន​ប្រសាសន៍​ថា “គ្មាន​ច្បាប់​​ណា​​ហាម​ឃាត់​​មិន​ឲ្យ​​ពល​រដ្ឋ​​​​ព្យាយាម​​ដោយ​​សន្ដិវិធី​ ដើម្បី​សុំ​ការ​គាំទ្រ​​នៅ​តាម​​ទី​សាធា​រណៈ​បែប​នេះ​ឡើយ​ វា​មិនមែន​ជា​ការ​​ប្រមូល​​ផ្ដុំ​គ្នា​ឯណា​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​​ថា “យើង​​អាច​មើល​ឃើញ​​ពាណិជ្ជករ​ភាគ​ច្រើន​​ចែក​ចាយ​​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ផលិត​ផល​របស់​ខ្លួន​​នៅ​​តាម​​​ទី​សាធារណៈ​ ដើម្បី​​ទាក់​ទាញ​​អតិថិជន​។ ពួក​គាត់​ធ្វើ​បាន​ដោយ​គ្មាន​ការ​​ជ្រៀត​ជ្រែក​ពី​នរណាម្នាក់​ឡើយ​ ​រួម​ទាំង​អាជ្ញា​ធរ​ផង​ដែរ​​”។ ខណៈ​ពេល​អភិបាល​រាជធានី​​រូប​នេះ​​និង​លោ​ក ស ខេង​ ​ដែល​សុទ្ធ​តែ​​ជា​សមា​ជិក​គណ​​បក្ស​ប្រជាជន​កម្ពុជា​ កំពុង​តែ​​ជំទាស់​​នឹង​កិច្ច​ខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រឆាំង​ ដើម្បី​​ប្រមូល​​​​ឈ្មោះ​​ដាក់​នៅ​ក្នុង​ញត្តិ​ ជា​យុទ្ធ​នា​ការ​​​​ស្រដៀង​​គ្នា​មួយ​ធ្វើ​ឡើង​​ដោយ​គណ​បក្ស​​ប្រជាជន​​​នៅ​មុន​នេះ​នោះ​​ គ្មាន​​អ្នក​រារាំង​​ច្រើន​​ទេ​​។

កាល​ពីខែ​សីហា​ សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​​​បាន​​ធ្វើ​ញត្តិ​សុំ​ឲ្យ​​ប្រជា​ពល​រដ្ឋ​គាំទ្រ​​ជ័យ​ជម្នះ​​របស់​​គណបក្ស​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក្រោយ​ពី​កា​រ​បោះ​ឆ្នោត​​​​ដ៏ចម្រូង​ចម្រាស​​ ធ្វើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​នានា​​រិះគន់​ថា អាជ្ញាធរ​មូល​ដ្ឋាន​​បាន​បំពានមុខ​តំណែង​​របស់​ខ្លួន​ ដើម្បី​បង្ខំ​ប្រជា​ពល​រដ្ឋ​ឲ្យ​គំាទ្រ​លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត​​ដ៏ចម្រូង​ចម្រាសនេះ​។

នៅ​ទីបំផុត​​លោក ស ខេង​ បាន​អំពាវនាវ​​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ឈប់​ធ្វើ​ញត្តិ​​នោះ​ ដើម្បី​​ធានា​​ឲ្យ​បាន​នូវ​​ “អព្យាក្រឹត​ភាព​របស់​មន្ត្រី​សាធារណៈ​​គ្រប់​​ជាន់​ថ្នាក់​”។

លោក អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា​​​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខុស​គ្នា​​ពី​ការ​ធ្វើ​ញត្តិ​របស់​គណបក្ស​ប្រជាជន​​​ទេ​ ពីព្រោះ​​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​​អំណាច​​លើ​​អ្នកគាំទ្រ​របស់​​ខ្លួន​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា សកម្មភាព​​របស់​សាលា​​រាជធានី​បង្ហាញ​ថា ​គណបក្ស​កាន់​អំណាច​​ខ្វាយ​ខ្វល់​​ចំពោះ​​មតិ​​របស់​សាធារណ​ជន​ ទោះបី​ជា​ខ្លួន​មិន​ព្រម​​ស្ដាប់​​ក៏ដោយ​​។ លោក​បាន​​មាន​ប្រសាសន៍​ថា “ពួក​គេ​ពិត​ជា​ខ្វាយ​ខ្វល់​ ហើយ​ពួក​គេ​គួរ​តែ​ខ្វាយខ្វល់​​ [មតិ​​របស់​សាធារណជន​​​ចំពោះ​រដ្ឋាភិ​បាល​]។ នេះ​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ជា​អ្វី​​ដែល​ពួក​គេ​​គួរ​តែ​ស្ដាប់​”។

អាជីវករ​មួយ​ចំនួន​នៅ​ផ្សារ​ធំ​ថ្មី​​ក្នុង​រាជ​ធានី​ភ្នំពេញ​​បាន​និយាយ​​ថា សកម្មជន​​គណ​បក្ស​សង្គ្រោះ​ជាតិ​​​បាន​​ព្យាយាម​ចូល​ជួប​ពួក​​គាត់​​​កាល​ពី​ម្សិលមិញ​ ដើម្បី​​ស្នើ​​សុំ​ឲ្យ​ពួក​គាត់​​ផ្ដិត​​មេដៃ​លើ​ញត្តិ​។ តែ​ទោះ​ជា​យ៉ាង​ណា​​ប្រធាន​​ផ្សារ​​បាន​លើកឡើង​ថា សន្ដិសុខ​​របស់​គាត់​ប្រហែល​១០០​នាក់​​បាន​​ធ្វើ​សកម្ម​ភាព​យ៉ាង​សកម្ម​ ដើម្បី​រារាំង​​អ្នក​ធ្វើ​ញត្តិ​គណ​បក្ស​ប្រឆាំង​កុំ​ឲ្យ​ចូល​ទៅ​​ក្នុង​​ផ្សារ​​នេះ​។

លោក​ស្រី​ ប៊ុន ដានី ប្រធាន​ផ្សារ​​ធំ​ថ្មី​បានមាន​ប្រសា​សន៍​បន្ទាប់ពី​​សន្ដិសុ​ខ​​អម​អ្នក​កាសែត​ចូល​ទៅក្នុង​ការិយាល័យ​របស់​លោក​ស្រី​ថា “យើង​បាន​​សម្រេច​ថា ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ពួក​គាត់ [អ្នក​ធ្វើ​ញត្តិ​គណ​បក្ស​សង្គ្រោះ​ជាតិ​] ចូល​មក​ខាង​ក្នុង​​ ពួក​គាត់​នឹង​​បង្ក​បញ្ហា​​ដល់​អាជីវករ​នៅ​ទីនេះ​”។ លោក​ស្រី ប៊ុន ដានី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ស្រី​ ដែល​មាន​រូបថត​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​លោក​ស្រី ប៊ុន រ៉ានី ស្លៀកពាក់​ឯក​សណ្ឋាន​​យោធា​ព្យួរ​នៅ​លើ​ជញ្ជាំង​ថា ការ​សម្រេច​​ចិត្ត​របស់​លោក​ស្រី​​មិន​ឲ្យ​អ្នក​​ធ្វើ​ញត្តិចូល​ទៅ​ក្នុង​ផ្សារ​មិន​​មែន​ជា​រឿង​​នយោបាយ​ទេ​​។ លោក​​ស្រី​​បាន​ថ្លែង​​ថា “ខ្ញុំ​គ្រាន់​តែ​ចង់​ជម្រាប​​​អស់​លោក​ថា ​ទីនេះ​​ជា​កន្លែង​រក​ស៊ី មិន​មែន​កន្លែង​សម្រាប់​​បញ្ហា​នយោ​បាយ​​ទេ​”។

អ្នកស្រី នួ ថុល​ ជា​​អាជីវករ​លក់​ចាន​ឆ្នាំង​​នៅ​ផ្សារ​នេះ​​បាន​និយាយ​ថា អ្នក​ស្រី​​បាន​​ផ្ដិត​មេដៃ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​​​នៅ​ព្រឹក​នោះ​។ អ្នកស្រី​និយាយ​ថា “សន្ដិសុខ​មិន​បាន​​​ដេញ​​​សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​ចេញ​ក្រៅ​ទេ​ ប៉ុន្តែ​ពួក​គេ​បាន​ដើរ​តា​ម​​សកម្មជន​ទាំង​នោះ​ ហើយ​ពួក​គេ​​បាន​​ចុច​ឈ្មោះ​គ្រួសារ​​​របស់​​​ខ្ញុំ​ថា ជា​សមាជិក​របស់​​គណបក្ស​ប្រឆាំង​”។ អ្នកស្រី​បាន​លើកឡើង​ទៀត​ថា សន្ដិសុខ​​ក៏​បាន​​ប្រាប់​គាត់​ដែរ​ថា លើក​ក្រោយ​កុំ​ផ្ដិត​មេដៃ​លើ​ញត្តិ​​ដូច​នេះ​ទៀត​។ អ្នកស្រី​​និយាយ​ថា “ខ្ញុំ​ភ័យ​ខ្លាច​​ ពីព្រោះ​ពួក​គេ​ស្អប់​ពួក​យើង​នៅ​ពេល​ពួក​គេ​ដឹង​ថា យើង​គាំទ្រ​គណបក្ស​ប្រឆាំង​។ យើង​គ្រាន់​តែ​ចង់​ផ្លាស់​ប្ដូរ​របប​ចាស់​​ ដើម្បី​ទទួល​បាន​​របប​ថ្មី​មួយ​ប៉ុណ្ណោះ​”៕

ប្រែសម្រួលដោយ តែម សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស