27 C
Phnom Penh

​អ្នក​​ធ្វើ​​ញត្តិ​​​ប្រឆាំង​ការ​បណ្ដេញ​ចេញ​​ប៉ះទង្គិច​​ជាមួយ​កង​សន្ដិសុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តវ៉ា​ដែលរួម​​មាន​​ទាំង​ព្រះ​សង្ឃ​ពោ​ពេញ​​ដោយ​កំហឹង​ ​​បាន​ប៉ះទង្គិច​ជាមួយ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​​ និង​នគរបាល​​បង្ក្រាប​កុប​កម្ម​​កាល​ពី​ម្សិលមិញ​នៅ​ក្នុង​រាជធានី​ ខណៈ​ពេល​អាជ្ញា​ធរ​​ព្យាយាម​​រារាំង​​អង្គការ​​សិទ្ធិ​លំនៅដ្ឋាន​​​ក្នុង​ស្រុកមួយ​​​មិន​ឲ្យ​​ហែ​ក្បួន​ប្រឆាំង​​​ការ​បណ្ដេញ​ចេញ​​ដោយ​បង្ខំ​។

ព្រះ​សង្ឃ​​និង​អ្នក​​តវ៉ា​ប៉ះទង្គិច​គ្នា​​ជាមួយ​​នគរបាល​​បង្ក្រាប​កុបកម្ម​​ ដែល​ត្រូវ​បាន​​ដាក់​ពង្រាយ​នៅ​ម្ដុំ​វត្តភ្នំ​ខណ្ឌ​ដូន​ពេញ​ដើម្បី​រារាំង​​អ្នក​តវ៉ា​​ប្រឆាំង​ការ​បណ្ដេញ​ចេញ​​កុំ​ឲ្យ​ហែ​ក្បួន​​ ដើម្បី​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​។ (ស៊ីវ ចាន់ណា)
ព្រះ​សង្ឃ​​និង​អ្នក​​តវ៉ា​ប៉ះទង្គិច​គ្នា​​ជាមួយ​​នគរបាល​​បង្ក្រាប​កុបកម្ម​​ ដែល​ត្រូវ​បាន​​ដាក់​ពង្រាយ​នៅ​ម្ដុំ​វត្តភ្នំ​ខណ្ឌ​ដូន​ពេញ​ដើម្បី​រារាំង​​អ្នក​តវ៉ា​​ប្រឆាំង​ការ​បណ្ដេញ​ចេញ​​កុំ​ឲ្យ​ហែ​ក្បួន​​ ដើម្បី​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​។ (ស៊ីវ ចាន់ណា)

ក្រុម​ការ​ងារ​សិទ្ធិ​លំនៅ​ដ្ឋាន​ ដែល​ជា​សម្ពន្ធ​​អង្គ​ការ​​​សិទ្ធិ​មនុស្ស​​ក្នុង​ស្រុក​ចំនួន​ប្រាំ​ បាន​ប្រកាស​​​ផែនការ​​ ហែ​​ក្បួន​​ពី​វត្ត​ភ្នំ​ទៅ​កាន់​​​សាលា​​រាជធានី​ក្បែរ​នោះ​ ដែល​ស្ថិត​នៅ​តាម​​បណ្ដាយ​​មហាវិថី​មុនីវង្ស ដើម្បី​ដាក់​ញត្តិ​​ប្រឆាំង​ការ​បណ្ដេ​ញ​ចេញ​​ដោយ​បង្ខំ​ ប៉ុន្តែ​​ត្រូវ​​សាលា​រាជធានី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ធ្វើ​ឡើយ​។

ដោយ​ចាប់​ផ្ដើម​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ អ្នក​​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​មួយ​ក្រុម​​ធំ​​មក​ពី​​សហគមន៍​ចំនួន​៥០​​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ និង​ដែលអ្នក​​​ខ្លះ​មក​​​​តាំង​ពី​ខេត្ត​ឧត្តរ​មានជ័យ​នោះ​ បាន​ជួប​ជុំ​គ្នា​នៅ​​ទីធ្លា​​ខាង​មុខ​​វត្ត​ភ្នំ​ ដើម្បី​ប្រារព្ធ​ទិវា​​លំនៅ​ដ្ឋាន​​ពិភព​លោក​ និង​ដើម្បី​អំពាវនាវ​​ឲ្យ​មាន​​ដំណោះ​ស្រាយ​សម្រាប់​ជន​រងគ្រោះ​ ដែល​ទទួល​រង​ការ​បណ្ដេញ​ចេញ​​ដោយ​បង្ខំ​។

អ្នក​ស្រី​ ស៊ា ណារ៉េត​​ អាយុ​៥៦​ឆ្នាំ​ ជា​អ្នក​​ដែល​ត្រូវ​​គេ​​បណ្ដេញ​ចេញ​ពី​​សហគមន៍​បឹង​កក់​ក្នុង​រាជធានី​ភ្នំពេញ​ បាន​​និយាយ​ទៅ​កាន់​​អ្នក​​តវ៉ា​​ជាង​​៦០០​នាក់​​តាម​ឧគ្ឃោសនស័ព្ទ​ថា “សាលា​រាជធានី​បាន​​បណ្ដេញ​យើង​​ និង​បង្ខំ​យើង​​ឲ្យ​រស់​នៅ​​ក្រៅ​​រាជធានី​ភ្នំពេញ​ យើង​បាន​បាត់​បង់​មុខ​របប​ និង​សាលា​រៀន​របស់​​យើង​ ហើយ​ថ្ងៃ​នេះ​យើង​នៅ​តែ​រង​​ទុក​្ខវេទ​នា​នៅ​ឡើយ​។ តាំង​ពី​មាន​​ផ្ទះ​​ផ្ទាល់​ខ្លួន​រហូត​ដល់​អត់​មាន​អី​សោះ​ នោះ​គឺ​ជា​កិច្ច​ខំ​​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​នេះ​”។

នៅ​ផ្លូវ​ម្ខាង​​នៃ​សួន​ជុំ​វិញ​​វត្ត​ភ្នំ​ នគរ​បាល​បង្ក្រាប​កុបកម្ម​ និង​​កង​សន្ដិសុខប្រហែល​៨០​នាក់​បាន​​ឈរ​មើល​ ខណៈ​ពេល​បុរស​ម្នាក់​​សម្រាក​នៅ​លើ​​រថយន្ត​​នគរបាល​ ​និង​ឧគ្ឃោ​សនសព្ទ​ និង​ដែល​​អះអាង​​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​​ថា ខ្លួន​ជា​ “អាជ្ញាធរ” នោះ​ បាន​ព្យា​យាម​​និយាយ​​ឮៗ ដើម្បី​កុំ​ឲ្យ​អ្នក​នៅ​ទី​នោះ​ស្ដាប់​អ្វី​ផ្សេង​​ឮ។

បុរ​សរូប​​​នោះ​បាន​​និយាយ​​ទាំង​កំហឹង​ទៅ​កាន់​អ្នក​​ចូល​រួម​​ហែ​ក្បួន​​អស់​រយៈ​ពេល​​ជិត​​២​ម៉ោង​ថា “នេះ​មិន​មែន​​ជា​ការ​ប្រារព្ធ​ទិវា​លំនៅ​ស្ថាន​​​ពិភព​​លោក​​ទេ​ វា​កំពុង​តែ​​​ធ្វើ​ឲ្យ​​មាន​ការ​ភាន់​​ច្រឡំ​ និង​បង្ក​បញ្ហា​​ដល់​ប្រជា​ពល​រដ្ឋ​”។ គាត់​បាន​និយាយ​ថា “សាលា​រាជធានី​បាន​​អនុញ្ញាត​​ឲ្យ​អស់​លោក​​​ធ្វើ​ពិធី​នេះ​​នៅ​ការិ​យា​​ល័យ​របស់​អស់​លោក​នៅ​​ក្នុង​ខណ្ឌ​មាន​ជ័យ”។ គាត់​បាន​និយាយ​ទៀត​ថា នគរបាល​​បាន​​បិទ​ផ្លូវ​ជុំវិញ​វត្ត​ភ្នំ​ហើយ​ដើម្បី​ចាត់​វិធាន​ការរារាំង​ការ​ដើរ​ក្បួន​​។

អ្នក​តវ៉ា​មួយ​ក្រុម​ ដែល​ដើរ​ចេញ​ពី​​កណ្ដាល​​​ចំណោម​អ្នក​ហែ​ក្បួន​ ដើម្បី​​ទៅ​​ទិញ​អាហារ​ និង​ភេសជ្ជៈ​​នៅ​តាម​ផ្លូវ​​ជុំ​វិញ​វត្ត​ភ្នំ បាន​ឈប់​ ដើម្បី​ស្រែក​ជេរ​ប្រមាថ​បុរស​រូប​នោះ​ ដោយ​​ពួក​គេ​​ម្នាក់​ៗ​បាន​ហៅ​បុរស​រូប​នេះ​ថា  “ជា​វាគ្មិន​​ដ៏​អន់” មុន​ពេល​បន្ត​ដំណើរ​​របស់​ខ្លួន​។​

នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​​ និង​​បន្ទាប់​ពី​​ការ​​ប្រវាយ​ប្រតប់​​​គ្នា​មួយ​ប្រាវ​​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ស្ត្រី​អ្នក​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស​​​ម្នាក់​​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ក្នុង​​ស្រុក​​មួយ​​ បាន​ចោទ​ប្រកាន់​​មន្ត្រី​នគរបាល​ម្នាក់​​ថា បាន​ព្យាយាម​​ដាល់​បំបែក​​ម៉ាសីុនថត​​របស់​គាត់​ ក្រុម​អ្នក​​រៀប​ចំ​ការ​ហែ​ក្បួនបាន​លើក​ផ្ទះ​ឈើ​មួយ​ប្រវែង​​ពីរ​ម៉ែត្រ​​ដាក់​​លើ​ស្មា ហើយ​​ចាប់​ផ្ដើម​​ហែ​ក្បួន​ ដើម្បី​ប្រគល់​ផ្ទះ​នោះ​ និង​ញត្តិ​របស់​ពួក​​គេ​​ជូន​​​សាលា​រាជ​ធានី​ ដែល​ស្ថិត​នៅ​​តាម​មហាវិថី​មុនីវង្ស​​។

នគរបាល​បង្ក្រាប​កុបកម្ម​​បាន​​ធ្វើ​សកម្ម​ភាព​ការពារ​​ច្រក​​ចូល​​បិទ​របាំង​ពី​វត្ត​ភ្នំ​ទៅ​កាន់​ផ្លូវ​លេខ​​៩៦ ដែល​​ភ្ជាប់​​ទៅ​មហា​វិថី​​មុនីវង្ស។ នគរបាល​ដែលមិន​អាច​​ទ្រាំ​​នឹង​​ព្រះសង្ឃ​១៥​អង្គ​ ដែល​គ្រាន់​តែ​និមន្ត​​ហែ​ក្បួន​​​​បាន ក៏​តម្រង់​ជួរគ្នា​នៅ​ជិត​​ផ្លូវ​កាច់​ជ្រុង​ភាគ​ឦសាន​​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ បន្ទាប់​មក​បាន​​រត់​​ឆ្ពោះ​ទៅ​មហាវិថី​មុនីវង្ស​។

ក្រោយ​មក​អ្នក​តវ៉ា​បាន​គេច​​ចេញ​ពី​កម្លាំង​​​​មន្ត្រី​កង​រាជអាវុធ​ហត្ថ​​ ដែល​ដាក់​ពង្រាយ​នៅ​​ជិត​​ច្រក​ចូល​​​ទៅកាន់​មហា​វិថី​មុនីវង្ស​ ខណៈ​​ពេល​អ្នក​ធ្វើ​ដំណើរ​​ ដែល​​មាន​ការ​ស្រឡាំង​​កាំង​​បានបន្ត​​បើក​បរ​ទៅ​មុខ​កាត់​ទី​នោះ​។

ព្រះ​សង្ឃ​​មួយ​អង្គ​​ក្នុង​ចំណោម​​​ព្រះ​សង្ឃ​ដែល​បាន​​រុញ​ប្រជ្រៀត​​នគរបាល​​បង្ក្រាប​កុប​កម្ម​ទៅ​មុខ​ បាន​​ស្រែក​ដាក់​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ថា “យើង​គ្រាន់​តែ​តវ៉ា ដើម្បី​ទាម​ទារ​សន្ដិភាព​ និង​សេរី​ភាព​ប៉ុណ្ណោះ​ ហេតុ​អ្វី​​​យើង​​មិន​អាច​ធ្វើ​បាន​?”។

១០​នាទី​បន្ទាប់​ពី​​អ្នក​តវ៉ា​​បាន​​ចាក​ចេញ​ពី​​វត្ត​ភ្នំ​ មន្ត្រី​កង​រាជអាវុធ​ហត្ថ​​បាន​​ប៉ះ​ទង្គិច​​គ្នា​ជាមួយ​​ក្រុម​អ្នក​ដឹកនាំ​នៃ​ការ​ហែក្បួន​នេះ​​នៅ​​ខាង​មុខ​សាលា​រាជធានី​ស្ថិត​​​តាម​មហា​វិថី​មុនី​វង្ស ដោយ​​កម្លាំង​សមត្ថកិច្ច​បានចាប់​​​ទាញ​ផ្ទះ​​ឈើ​របស់​​​អ្នក​ដើរ​ក្បួន​បោក​ទៅ​នឹង​ដី​​ ហើយ​​វាយ​ទាត់​ធាក់​​​បែក​បាក់​ខ្ទេច​ខ្ទី​នៅ​កណ្ដាល​​ផ្លូវ​។​

មន្ត្រី​កង​រាជអាវុធ​ហត្ថ​បាន​បិទ​មហា​វិថី​នេះ​នៅ​រយៈ​ពេល​កន្លះ​ម៉ោង​​ក្រោយ​ ដោយ​បង្ខំ​ឲ្យ​អ្នក​តវ៉ា​​នៅ​ខាង​មុខ​សាលា​រាជធានី​​ទៅ​ណា​មិន​រួច​ ខណៈ​ពេល​ដែល​អាជ្ញាធរ​រាជ​ធានី​​ភ្នំពេញ​ចរចា​​ទទួល​យក​ញត្តិ​​របស់​​អ្នក​​ដឹកនាំ​​ការ​ហែ​ក្បួន​ ខណៈ​ដែល​​អ្នក​តវ៉ា​​ផ្សេងៗ​ទៀត​ និង​មន្ត្រី​កង​​រាជអាវុធ​​​បាន​គប់​ដប់​ទឹក​ដាក់​គ្នា​ទៅ​​វិញ​ទៅ​មក​។​

អ្នក​តវ៉ា​​ម្នាក់​បាន​ស្រែក​ដាក់​អាជ្ញាធរ​ថា  “អស់​លោក​​ជា​មន្ត្រី​ ដែល​​មាន​ការ​អប់​រំ​​​ខ្ពស់​ ប៉ុន្តែ​អស់​លោក​ឈ្លើយ​ណាស់” ខណៈ​ពេល​​កម្លាំង​សន្ដិសុខ​បាន​ប្រើ​ដំបង​ និង​ខែល​​គំរាម​បង្ខំ​អ្នកតវ៉ា​ឲ្យ​ចាក​ចេញ​ពី​សាលា​រាជធានី។

នៅ​ម៉ោង​ប្រហែល​១១ព្រឹក មួយ​ម៉ោង​បន្ទាប់​ពី​អ្នក​តវ៉ា​ចាក​ចេញ​ពី​វត្ត​ភ្នំ ​មាន​​អ្នក​ធ្វើ​ញត្តិ​ប្រាំ​មួយ​នាក់​​ចាក​ចេញ​ពី​សាលា​​រាជធានី​មកវិញ បន្ទាប់​ពី​បាន​​ដាក់​ញត្តិ​របស់​ខ្លួន​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​​​សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​ការ​ចាប់​យក​ដី​ ដើម្បី​ទាម​ទារ​ឲ្យ​បញ្ចប់​ការ​ចាប់​យក​ដី​នា​ពេល​អនាគត​ និងដើម្បី​​ទាមទារ​ឲ្យ​មាន​ការ​ដោះ​​លែង​​អ្នក​ស្រី​  យ៉ោម  បុប្ផា សកម្ម​ជនប្រឆាំង​​ការ​បណ្តេញ​​ចេញ​នៅ​សហគមន៍​បឹង​កក់​។

លោក ចាន់ ពុទ្ធិស័ក្ត អ្នក​ធ្វើ​ញត្តិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ធ្វើ​ញត្តិ​ចំនួន​ប្រាំ​មួយ​នាក់​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​រាជធានី​ភ្នំពេញ បាន​និយាយ​ថា លោក  កើត  ឆែ ប្រធាន​​ផ្នែក​រដ្ឋ​បាល​នៅ​សាលា​រាជធានី​បាន​សន្យា​ថា នឹង​បញ្ជូន​​ញត្តិ​ទៅ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស​ អភិ​បាល​រាជធានី​ភ្នំពេញ។
លោក​បាន​លើក​ឡើងថា ”គាត់​បាន​សន្យា​ដោយ​បញ្ជាក់ប្រាប់​​យើង​ថា នៅក្នុង​រយៈ​ពេល​ត្រឹម​មួយ​សប្តាហ៍ប៉ុណ្ណោះ​ ​នឹង​ដឹងថា​ញត្តិ​នេះ​​ទៅដល់ណា​ហើយ​” ។ លោក​បាន​បន្ថែម​​ថា ការ​តវ៉ា​នឹង​អាច​បន្ត​ទៀត ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​នោះ។

លោកបាន​និយាយ​បន្ថែម​ទៀត​ថា ”ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​ នឹង​ផ្លាស់​ប្តូរ​ឥរិយា​បថ​របស់​ខ្លួន​ ហើយចេញ​បទ​​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​យើង​ទាំង​អស់​គ្នា ប៉ុន្តែ​ យើង​នឹង​បន្ត​ធ្វើការ​តវ៉ា​ ប្រសិន​បើ​សាលា​រាជ​ធានីមិន​ស្វែង​រក​យុត្តិធម៌​ឲ្យ​យើង​នោះ​”។
អង្គការសិទ្ធិ​មនុស្ស​​អាដហុក​ ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​​ប្រាំ​ រួម​ជា​មួយ​ក្រុម​ការ​ងារ​សិទ្ធិ​លំនៅ​ដ្ឋាន

និង​ជា​អ្នក​រៀប​ចំ​ការ​តវ៉ា​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ កាលពី​រសៀល​ម្សិលមិញ ដោយ​ថ្កោល​ទោស​ឥរិយាបថរបស់​នគរ​បាល​នៅ​កន្លែង​ជួប​ជុំ​គ្នា​ ហើយ​បាន​លើក​ឡើង​ថា មាន​អ្នក​តវ៉ា​ចំនួន​ប្រាំនាក់​បាន​រង​របួស​ដោយ​សារ​នគរបាល។

លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​ឃ្លាំ​មើល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​មាន​ប្រសាសន៍​ នៅ​ពេល​ការ​ជួប​ជុំ​គ្នា​បាន​បញ្ចប់​ថា ប្រសិន​បើ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ញត្តិ​ ផ្ញើ​ញត្តិ​របស់​ខ្លួន​ទៅ​សាលា​រាជ​ធានី​នោះ​ ​​ការ​ជួប​ជុំ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ពុំសូវមានកំហឹង​ឡើយ​។ លោក​បាន​លើក​ឡើង​ថា “យើង​​ធ្លាប់​បាន​ឃើញ​ហើយ​ថា អាជ្ញាធរ​ហាក់​បី​ដូច​ជាគ្មាន​សមត្ថភាព​​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​បែប​នេះ​​សម្រាប់​អ្នក​តវ៉ា​ឡើយ ហើយ​ខ្ញុំ​គិត​ថា អំពើ​​ហិង្សា​នេះ​នឹង​មិន​កើត​ឡើង​ទេ​នៅ​ថ្ងៃ​នេះ ប្រសិន​បើ​ពួកគេ​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ឲ្យ​មក​ទទួល​ញត្តិ​របស់​យើង​នៅ​ទី​នេះ​”។  លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ខ្ញុំ​យល់​ឃើញ​ថា ការ​ប្រើ​នគរបាល​រាប់​រយ​នាក់​នៅ​ពេល​នេះ គឺ​ដើម្បី​បំបាក់​ស្មារតី​អ្នក​តវ៉ា ប៉ុន្តែ អ្នក​តវ៉ា​មិន​ខ្លាច​នោះ​ទេ ពីព្រោះ​គេ​គិត​ថា នគរបាល​មិន​មាន​ចិត្ត​ចង់​ប្រើ​អំពើ​ហិង្សា​​​នោះ​ឡើយ”៕

(រាយការណ៍​បន្ថែម​ដោយ​ មុិច ដារ៉ា​​​)
ប្រែសម្រួលដោយ តែម សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស