34 C
Phnom Penh

ពន្ធនាគារ​​ខេត្ត​បន្ទាយ​មានជ័យ​ជម្លៀស​​អ្នក​ទោស​រាប់​រយ​នាក់​​​ចេញ​នៅ​ពេល​​ទឹក​ជំនន់​​បុក​ចូល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ទោស​រាប់​រយ​នាក់​ត្រូ​វ​បាន​ជម្លៀស​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​រសៀល​ម្សិលមិញ​ បន្ទាប់ពី​ទឹក​ជំនន់​បាន​បុក​បំបាក់​​ជញ្ជាំង​​ពន្ធនាគារ​មួយ​កង់​ប្រវែង​​២០​ម៉ែត្រ​ ហើយ​​បាន​ហូរ​ចូល​​យ៉ាង​ខ្លាំង​​ទៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ ដោយ​ធ្វើ​ឲ្យ​​​បន្ទប់​​ពន្ធ​នាគារ​ជា​​ច្រើន​ត្រូវ​ជន់​លិច​។

យោង​តាម​លោក​ ស៊ុម ចាន់​គា អ្នក​សម្រប​​សម្រួល​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​អង្គ​ការ​​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​ឲ្យ​ដឹង​ថា សន្ដិ​សុខ​​ពន្ធ​នាគារ​​បាន​​យក​ឈើ​​ទល់​​ជញ្ជាំង​​ថ្ម​ ដែល​​ទ្រុឌ​ទ្រោម​​​កាល​ពី​យប់​ថ្ងៃ​ពុធ​ ដើម្បី​ទប់​ទល់​​ទឹក​​ជំនន់​ ដែល​ចេះ​តែ​កើនឡើង​។​ ទឹក​ជំនន់​​បាន​បណ្ដាល​​ឲ្យ​​មនុស្ស​យ៉ាង​តិច​១០៤​​នាក់​​បាត់​បង់​ជីវិត​ និង​​បាន​ធ្វើ​ឲ្យ​ខេត្ត​ចំនួន​១៩​​និង​តំបន់​ខ្លះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​ត្រូវ​​ជន់​លិច​ កាល​ពី​ប៉ុន្មាន​សប្ដាហ៍មុន​។ ហើយ​ជញ្ជាំង​ពន្ធ​នា​គារ​បាន​បាក់​​ក្រោយ​ម៉ោង​​១​រសៀល​​បន្តិច​។

លោក​​ ចាន់គា  បាន​លើក​ឡើង​​ថា “អ្នក​ទោស​ប្រហែល​៥០០​នាក់​​កំពុង​តែ​ត្រូវ​បាន​ជម្លៀស​​ទៅ​កាន់​​ពន្ធ​នាគារ​ខេត្ត​សៀម​រាប​ ហើយ​អ្នក​ទោស​​៣៤៤​នាក់​ផ្សេង​ទៀត​​ ត្រូវ​បាន​​ដឹក​ទៅ​កាន់​​ពន្ធនាគារ​ខេត្ត​បាត់​​ដំបង​”។ លោក​បាន​បន្ថែម​ថា យោធា​ និង​​​នគរ​បាល​​ខេត្ត​​​បាន​​ចាប់​ផ្ដើម​​បញ្ជូន​អ្នក​ទោស​​ឡើង​លើ​រថយន្ត​នៅ​ម៉ោង​ប្រហែល​​៣​រសៀល​​។

លោក​ស្រី​ ជា សុធា អ្នក​ស្រាវជ្រាវ​​ពី​ពន្ធ​នា​គារ​នៅ​ខេត្ត​​បន្ទាយ​មាន​ជ័យ ដែល​​​​មក​ពី​អង្គ​ការ​​សិទ្ធិមនុស្ស​​លីកាដូ​បាន​លើក​ឡើង​ថា សន្ដិសុខ​​ពន្ធនាគារ​​បាន​​យាម​អ្នក​ទោស​​ជាប់​​ជា​និច្ច​ ខណៈ​​មន្ត្រី​ពន្ធនាគារ​​ជម្លៀស​អ្នក​ទោស​​​​ដែល​មាន​​អាយុ​ច្រើន​ និង​​អ្នក​ទោស​​ជា​ស្ត្រី​ ដែល​មាន​កូន​​ជាប់​​ជាមួយ​។ លោក​ស្រី​បាន​ថ្លែង​​ថា នៅ​ពេល​​​រថយន្ត​ទី​១​មក​ដល់​ មន្ត្រី​​ពន្ធនាគារ​ត្រូវ​តែ​​យាម​​​​នៅ​​កន្លែង​ជញ្ជាំង​​ដែល​បាក់​ ខណៈ​នគរ​បាល​​បញ្ជូន​​អ្នក​ទោស​​ជា​ស្ត្រី​​ និង​កូន​ៗ​របស់​ពួក​គេ​​ឡើង​​លើ​​រថយន្ត​”។ លោក​ស្រី​​បាន​បន្ថែម​​ថា គ្មាន​​​អ្នក​ទោស​​ណា​ម្នាក់​ប៉ុន​ប៉ង​​គេចខ្លួន​​​នោះ​ឡើយ​​។ លោកស្រី​បាន​​ថ្លែង​​បន្ត​ទៀត​ថា “ជញ្ជាំង​​មួយ​កង់​ប្រវែង​ប្រហែល​២០​ម៉ែត្រ​​​បាន​បាក់​ ហេតុដូច្នេះ​ហើយ​វា​មាន​ប្រឡោះ​​ប្រហោង​​ធំ​ណាស់​”។ លោក​ស្រី​បាន​បន្ត​ទៀត​ថា ទឹក​ជំនន់​​​កាល​ពី​ឆ្នាំ​២០០៩ ក៏​បាន​​​ធ្វើ​ឲ្យ​ជញ្ជាំង​ពន្ធគារ​រង​ការ​​ខូច​ខាត​ដែរ។

របាយការណ៍​ថ្មីៗ​នេះ​របស់​​អង្គការ​សិទ្ធិ​មនុស្ស​​អាដហុក​​ បាន​បង្ហាញ​ថា កាល​ពី​​ខែ​ឧសភា​ ​ឆ្នាំ​មុន ​​ពន្ធនាគារ​​ខេត្ត​បាត់​ដំបង ដែល​​​អាច​ផ្ទុក​​អ្នក​ទោស​​​បាន​​ត្រឹម​តែ​៦៥០​នាក់​​នោះ​​ បាន​​ដាក់​​អ្នក​ទោសរហូត​ដល់​ទៅ​​១.២០៧​នាក់​ រី​ឯ​​ពន្ធនាគារ​​ខេត្ត​សៀម​រាប​វិញ​​ ដែល​ផ្ទុកអ្នក​ទោស​​បាន​ត្រឹម​តែ​១.០០០​នាក់​នោះ​ ក៏​បាន​​ដាក់​អ្នក​ទោស​​លើស​​ទៅ​ដល់​១.២៣៦​នាក់​ដែរ​។

កាល​ពី​រសៀល​ម្សិលមិញ​ លោក​ រ៉ន វ៉ាន់​ឆន​ អ្នក​ស្រាវជ្រាវ​ពីពន្ធនាគារ​​នៅ​ខេត្ត​បាត់​ដំបង​​ដែល​មក​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា​ អ្នក​ទោស​៣០០​នាក់​​រួម​ទាំង​អ្នក​ទោស​​ជា​ស្ត្រី​១២៥​នាក់​ផង ​​ត្រូវ​បាន​ដឹក​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​​បាត់​ដំបង​​។​ លោក​​បាន​​លើក​ឡើង​ថា “យើង​​មាន​អ្នក​ទោស​ច្រើន​ពេក​រួច​​ទៅ​ហើយ​​នៅ​ទី​នេះ​ ប្រសិន​បើ​​យើង​​ដាក់​​អ្នក​ទោស​បន្ថែម​ទៀត​ វា​អាច​នឹង​​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​ពួក​គេ​​។​ ខេត្ត​ផ្សេងៗ​គួរ​តែ​​សហការហើយ​ជួយ​​យក​អ្នក​ទោស​​ខ្លះ​​”។

លោក​ ញឹម​ វណ្ណដា អនុ​ប្រធាន​ទី​១ នៃ​​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​​គ្រោះ​មហន្ត​រាយ​​បាន​មាន​ប្រសាសន៍​ថា ​ទឹក​ជំនន់​​បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​១,៥​លាន​នាក់​ ដោយ​​ធ្វើ​ឲ្យ​ផ្ទះ​សំបែង​១២០.០០០​ខ្នង​ត្រូវ​ជន់​លិច​ ប្រជាពល​រដ្ឋ​​២៥.០០០គ្រួសារ​ត្រូវ​ជម្លៀស​ និងដំណាំ​ស្រូវ​​ប្រមាណ​២៥០​.០០០​ហិកតា​នៅ​ទូទាំង​ប្រទេសក៏​ត្រូ​វ​ជន់​លិច​ដែរ។​

ក្នុង​រាជធានីភ្នំពេញ​ទឹក​ជំនន់​ ដែល​បាន​​កើនឡើង​​​ដោយ​សារ​ភ្លៀង​​​ធ្លាក់​ខ្លាំង​កាល​ពី​​ដើម​សប្ដាហ៍ ឥឡូវ​នេះ​បាន​ស្រក​ចុះ​​ទៅ​វិញ​ហើយ​ ប៉ុន្តែ​​ប្រជាពលរដ្ឋ​​​រាប់​រយ​គ្រួសារ​នៅ​ក្នុង​ខណ្ឌ​សែនសុខ​ ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ពោធិ៍សែន​ជ័យ​​ កំពុង​ទន្ទឹង​រង់​ចាំ​ទឹក​ស្រក​ចុះ​ទៅ​វិញ​​កាល​ពី​ម្សិលមិញ​។

លោក ដួង​ ចាន់​សារ័ត្ន​ ប្រធាន​អង្គភាព​​លូ​ទឹក​​នៅ​ក្រសួង​​សាធារណការ​​និង​ដឹក​ជញ្ជូន​ បាន​​ទទួល​ស្គាល់​ថា ប្រព័ន្ធ​លូ​នៅ​ក្នុង​រាជធានី​​គឺ​ត្រូវ​ការ​​​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចាំ​បាច់​។ លោក​បាន​មាន​ប្រសាសន៍​ថា “ជា​ការពិត​ណាស់​​យើង​​ត្រូវ​ការ​លូប​ន្ថែម​ ហើយ​​ចំា​បាច់​ត្រូវ​តែ​ស្ដារ​លូ​ដែល​មាន​ស្រាប់​។ សាលា​​រាជ​ធានី​​មាន​ផែនការ​ធ្វើ​ដូច្នោះ​រួច​ហើយ​”។

ជា​ការ​ឆ្លើយ​តប​​នឹង​ទឹក​​ជំនន់​​ទូទាំង​ប្រទេស​​ រដ្ឋសភា​​បាន​ចេញ​​សេចក្ដី​ថ្លែង​ការ​​ណ៍​មួយ​អំពាវនាវ​ឲ្យ​សប្បុរស​ជន​​​ទាំង​​ក្នុង​ស្រុក​ និង​​ក្រៅ​ស្រុក​​​ជួយ​​ប្រជាពល​រដ្ឋ​​ខ្មែរ​​​​រង​គ្រោះ​​​ដោយ​ទឹក​ជំនន់​ជាង​​៨០​.០០០​នាក់​ ពីព្រោះ​ពួក​​គេ​កំពុង​ជួប​​ការ​លំបាក​ ហើយ​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ និង​​ផល​ដំណាំ​ស្ទើ​រគ្មាន​​សល់​៕

(រាយការណ៍​បន្ថែម​ដោយ Matt Blomberg​ )
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស