33 C
Phnom Penh

បណ្តាញ​សហគមន៍ព្រៃឡង់​ទទួលបាន​រង្វាន់​ផ្នែក​បរិស្ថាន​​​ពី​​​មូល​​​និធិ Alexander Soros

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា ​សហគមន​ព្រៃ ឡង់​ ជា​សម្ព័ន្ធ​សកម្ម​ជន​​មូល​ដ្ឋាន​ដែល​បាន​ប្តេជ្ញា​ការ​ពារ​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា​​ ទទួល​​បាន​រង្វាន់​ផ្នែកបរិស្ថាន និង​សិទ្ធិ​មនុស្ស​ពីមូលនិធិ Alexander Soros ដែល​មាន​មូល​ដ្ឋាន​ក្នុង​បុរី​ញូវយ៉ក ចំពោះ​ការ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​​​​ប្រឆាំង​ការ​កាប់​ឈើ​ខុស​ច្បាប់។

បណ្តាញនេះបាន​ប្រកាស​អំឡុង​សន្និ​សីទ​សារ​ព័ត៌មាន​នៅ​​​មជ្ឈមណ្ឌល​ Meta House ក្នុង​រាជ​ធានី​ភ្នំ​ពេញកាល​ពី​ម្សិល​មិញថា រង្វាន់​ប្រចាំ​ឆ្នាំ​ ដែល​​​​ក៏​បាន​ទទួល​ស្គាល់​ស្នាដៃ​របស់​លោក ឈុត វុទ្ធី សកម្ម​ជន​​​ការ​ពារ​បរិស្ថាន​ដែល​ត្រូវ​គេ​សម្លាប់​នោះ ​​​ត្រូវ​បាន​ទទួល​ដោយ​​​​លោក​ Megan Mclnnis អ្នក​ធ្វើ​យុទ្ធនាការ​​ជាន់​ខ្ពស់​ពាក់​ព័ន្ធ​ដី​ធ្លី​នៅ​អង្គការ​គ្លូប៊ល វីត​​​ណេស (Global Witness) តាង​នាម​ឲ្យ​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​ កាល​​​​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ក្នុង​ទីក្រុង​ឡុងដ៍​។
រង្វាន់នេះ​ដាក់​ឈ្មោះ​កូន​ប្រុស​របស់​លោក George Soros អ្នក​សប្បុរស​ធម៌​ជន​ជាតិ​អាមេរិក​ ជាមួយ​នឹង​ទឹក​ប្រាក់​២៥.០០០​ដុល្លារ​សម្រាប់​​​​អ្នក​ទទួល​រង្វាន់នេះ។

លោក ហឿន សុភាព សមាជិក​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​មក​ពីខេត្ត​កំពង់​ធំ​បាន​មាន​ប្រសាសន៍​អំឡុង​សន្និសីទ​សារព័ត៌​មាន​នេះ​​ថា “ការ​​​​គាំទ្រ​ស្នា​ដៃ​របស់​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​​​​​បង្ហាញ​ពី​​វិធី​​ដ៏​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​ស្នា​​​ដៃ​​​​របស់​លោក ឈុត វុទ្ធី នៅ​តែ​បន្តមាន ហើយ​យើង​រីក​រាយ​ណាស់​ដែល​កេរ​ដំណែល​​របស់​លោក​ត្រូវ​បាន​គេ​គោរព”។ លោក​បន្ថែម​​​ថា “ ខ្ញុំ​គិត​ថា មូល​និធិ​ Alexander Soros បាន​ផ្តល់​រង្វាន់​នេះ​ដល់​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​ ដោយ​សារ​​​យើង​​​​គាំទ្រតែ​ការតវ៉ា​ដោយ​សន្តិ​វិធី​ និង​អហិង្សា​​ប៉ុណ្ណោះ​ នៅ​ក្នុង​ការ​ប្រឹង​​​​ប្រែង​របស់​យើង​ដើម្បី​ការ​ពារ​ព្រៃ​ឈើ មិន​​​​ឲ្យ​មាន​ការ​កាប់​ដោយ​ខុស​ច្បាប់​”។

លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅក្នុង​កៅអី​ខាង​មុខ​ក្នុង​រថយន្ត​របស់​លោក​ ខណៈ​ដែល​លោក​ចុះ​ទៅ​ល្បាត​រក​មើល​ការ​កាប់​ឈើ​ខុស​ច្បាប់​​ក្នុង​ខេត្ត​កោះកុង ជាមួយ​​​​អ្នក​យក​ព័ត៌​មាន​របស់​កាសែត ខេម​​​បូឌា ដេលី ពីរ​នាក់​។

លោក ភោគ ហុង សមាជិក​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​មក​ពី​ខេត្ត​ព្រះ​វិហារ​បាន​មាន​ប្រសាសន៍​សំដៅ​ដល់​មនុស្ស​ជា​ច្រើនដែល​ធ្វើ​ការ​ការ​ពារ​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា​មិន​ឲ្យ​មាន​ការ​កាប់​ដោយ​ខុស​ច្បាប់ថា “លោក ​​​ឈុត វុទ្ធី បាន​ស្លាប់​ទៅ​មែន ប៉ុន្តែ មាន​ ឈុត​​​ វុទ្ធី​ ជា​ច្រើន​នាក់​ទៀត”។

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ គឺ​ជា​ឈ្មោះ​ព្រៃ​ឡង់​ដែល​មាន​ទំហំ​៣.៦០០​គីឡូ​ម៉ែត្រ​ក្រឡា លាត​សន្ធឹងកាត់​បួន​ខេត្ត​ គឺ​ខេត្ត​ព្រះ​វិហារ កំពង់​ធំ ស្ទឹង​ត្រែង និង​ក្រចេះ និង​ជា​ព្រៃ​ធម្ម​ជាតិស្ថិត​ក្នុង​តំបន់​ទំនាប​​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​៕

(រាយការណ៍​បន្ថែម​ដោយ Ben Woods)
ប្រែ​សម្រួល​ដោយ សោម សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស