31 C
Phnom Penh

គណបក្ស​ប្រជាជន​បោះឆ្នោត​ជ្រើ​សតាំង​សមាជិក​គណៈកម្មាធិការ​ថ្មី​ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​គ្រាន់​តែ​មាន​​ចំ​នួន​​សមា​​​ជិ​ក​​គ្រប់​គ្រាន់​សម្រាប់​បង្កើត​​កូ​​រុំ​​​ក្នុង​រដ្ឋ​សភា អំ​ឡុង​ពេល​​​គ​ណ​បក្ស​ប្រ​ឆំា​​ង​​នៅ​តែ​​បន្តធ្វើ​​​ពហិការតំ​ណា​​ង​​រាស្ត្រមក​ពី​គ​ណ​​បក្ស​ប្រជាជន​កម្ពុជា​​កាល​ពីម្សិលមិញ បាន​បោះឆ្នោត​ដោយ​​ឯកច្ឆន្ទ ដោយ​​ខ្លួន​ឯង​​​​នៅ​ក្នុង​ចំណោម​សមាជិក​ដែលនៅ​សល់​ក្នុងគណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​ប្រាំបួន​នៃ​រដ្ឋ​សភា។

គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ជាផ្លូវការ​ទទួល​បាន​អាសនៈ​៥៥នៅ​ក្នុ​ងសភា ក្នុង​ចំណោម​អាសនៈ​ទាំង​១២៣​ ក្នុងការ​បោះ​ឆ្នោត​ជាតិ​កាល​ពីខែ​កក្កដា​ នៅ​តែ​បដិសេធ​មិនទទួល​យក​អាសនៈ​របស់ខ្លួន​ ហើយនៅតែបន្តការតវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​មានការ​លួច​បន្លំ និង​ប្លន់​យក​​ជ័យ​ជម្នះ​របស់​ខ្លួន​។

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំ​ងនេះ​ បច្ចុប្បន្ន​កំពុង​ធ្វើ​ដំណើ​រ​នៅ​កាន់​បណ្តាប្រទេស​លោកខាង​លិច​​ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ទាំង​នោះ​កាត់​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ដែល​លោក​​តែ​ហៅ​ថា ជារដ្ឋាភិបាល​មិន​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ និង​មិន​ស្រប​ច្បាប់​​​។​

ដោយ​មិន​មាន​បញ្ហា​រំខាន​ សភា​ដែល​មាន​​គណបក្ស​តែ​មួយ​នេះ​បាន​ចាប់​ផ្តើ​ម​ធ្វើ​ការ​ងាររបស់ខ្លួន​កាល​ពីម្សិលមិញ។ នៅ​ក្នុង​សាល​ប្រជុំសភា​ ដែលមាន​កៅអី​ទំនេរ​ជិត​ពាក់​កណ្តាល​ សមាជិក​សភា​ដែល​មាន​វត្ត​មាន​ចំនួន​៦៥នាក់​មក​ពីគណបក្ស​ប្រជា​ជន​កម្ពុជា​បាន​រៀប​ចំ​ និ​ង​ដំណើ​រការ​កម្ម​វិធីបោះឆ្នោត​ជ្រើ​សតាំង​សមាជិក​គណៈ​កម្មាធិការ​​ទាំងប្រាំបួននេះ។

សំឡេង​គាំទ្រ​ជាប់​ៗ​គ្នា​ចំនួ​ន​៦៥សំឡេង​ត្រូវ​បាន​ប្រកាស​ បន្ទាប់​ពី​បោះឆ្នោត​រួច​ ហើយ​ត្រូវ​បាន​សរសេរ​នៅ​លើ​ក្តា​រខៀន​ស ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​នៅក្នុង​​កម្មវិធីបោះឆ្នោត​នេះ​។ បន្ទាប់​ពី​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​សង្ស័យ​នេះបាន​បញ្ចប់​ លោក​ ហេង សំរិន ប្រធាន​រដ្ឋ​សភា ​បាន​អប​អរ​សាទ​រ​គណៈកម្មា​ធិការថ្មី​នីមួយ​ៗ​ និ​ងបាន​ជំរុញ​ឲ្យ​ពួកគេ​ចាប់​​ផ្តើម​ធ្វើ​ការ​របស់​ខ្លួន​។

លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​សូម​ស្នើ​ឲ្យ​ឯកឧត្តម​ និ​ងលោក​ជំទាវ​ដែល​ជា​ប្រធា​ន​ និ​ងអនុប្រធាន​​ ព្រម​ទាំង​សមាជិក​…គណៈ​កម្មា​ធិការ​ទាំង​ប្រាំបួន​ចាប់​ផ្តើម​រៀបចំកិច្ច​ប្រជុំ​ដើម្បី​តែង​តាំង​លេខា​របស់​ខ្លួន​។ សូម​ធ្វើ​របាយការណ៍​លទ្ធផល​នៃការ​បោះឆ្នោត​នេះ​ដាក់​ជូន​រដ្ឋ​សភា”។

សមាជិក​សភា​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​អនុម័ត​ជ្រើស​តាំង​សមាជិក​បី​រូប​ក្នុង​ចំណោម​សមាជិក​របស់​ខ្លួន​ គឺលោក ស្រី កែ​ ច័ន្ទមុនី លោក ឡោក  ហួរ និង​លោក សៀង​ ណាំ​  ឲ្យ​ធ្វើ​ជា​លេខា​សភា​។ នៅក្នុង​កម្មវិធី​បោះ​ឆ្នោត​កាល​ពីម្សិលមិញ​នេះ មិន​មាន​វត្ត​មាន​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន លោក​ ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន និង​លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ និង​​សហ​ប្រតិបត្តិការ​អន្តរជាតិ​នោះទេ​។

លោក​ ហ៊ុន សែន​ និ​ងលោក ហោ ណាំហុង​ សុទ្ធ​តែ​ជាប់​រវល់​ក្នុងការ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ក្រៅ​ប្រទេស​។ នៅពេល​ចាក​ចេញ​ពីកិច្ច​ប្រជុំ​កាល​ពី​ម្សិល​មិញ លោក ហេង​ សំរិន បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​តែ​មាន​ឆន្ទៈ​ចរចាជាមួយ​គណបក្ស​ប្រឆាំង​ ដើម្បីដោះ​ស្រាយ​វិវាទ​បោះឆ្នោត​នេះ​។
លោក​បាន​ថ្លែង​ទៅកាន់ក្រុម​អ្នក​សារ​ព័ត៌​មាន​ថា “ស្មារតី​នយោបាយ​នឹង​កើត​ឡើង​ ប្រសិន​បើ​ពួក​គេ​មក​ចរចា​ដើម្បី​ឯកភាព​គ្នា​។​យើង​នឹង​ទទួល​យក​នូវ​អ្វី​ដែល​យើង​បាន​ផ្តល់​ឲ្យ​ពួក​គេ​”។

អ្វី​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ទាំង​នោះ​រួមមាន​ តំណែង​ជា​ប្រធាន​​គណៈកម្មាធិការ​បួន​ក្នុង​ចំណោម​គណៈកម្មាធិការ​ទាំង​ប្រាំបួន​នៃ​រដ្ឋ​សភា​ និង​តំណែង​ជា​អនុប្រធាន​សភា​។ គណ​បក្ស​សង្គ្រោះ​ជាតិ​​នៅ​តែ​ទាម​ទារ​យក​តំណែង​ជា​ប្រធាន​សភា​ និង​តំណែង​ជា​ប្រធាន​​គណៈ​កម្មាធិការ​ប្រាំមួយ​ក្នុង​ចំណោម​គណៈកម្មា​​ធិការ​ទាំង​ប្រាំបួន​នេះ​ ដែល​កា​រទាម​ទារ​ទាំង​នេះ​ផ្តល់​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​បិទ​ផ្លូវ​​គម្រោង​ផ្តួច​ផ្តើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​។

បន្ទាប់​ពី​កិច្ច​ប្រជុំ​បោះឆ្នោត​កាល​ពីម្សិល​មិញ​នេះផង​ដែរ លោក ជាម យៀប សមា​ជិក​សភា​ និង​ជាអ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជា​ជន​​កម្ពុជា​​បាន​​អះអាង​ថា គ្មាន​អ្វី​ខុស​ច្បាប់​ ឬក៏​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ទេ​ ទាក់​ទង​ទៅ​នឹង​សភា​ថ្មី​នេះ​ ហើយ​លោក​ក៏បាន​ធ្វើ​ការ​កត់​សម្គាល់​ផង​ដែរ​ថា លោក សម រង្ស៊ី ខ្លួន​ឯង​កាល​ពីឆ្នាំ​២០០៣​ បាន​គាំទ្រ​​​សំណើ​ឲ្យមានការ​កាត់​បន្ថយ​កូរុំ​ចាំបាច់​ ពី​២ភាគ៣​មក​​៥០បូក​១​​។ លោក​បានមាន​ប្រសាសន៍ថា “ភាគច្រើន​ដាច់​ខាត​​គឺជា​កា​របែង​ចែក​សំឡេង​ទាំង​មូល​ក្នុង​រដ្ឋ​សភា​ចេញ​ជា​ពីរ​​​ ពោល​គឺ​៥០ភាគរយ​ និង​បូក​១​”។

លោក​បានមាន​ប្រសាសន៍​ថែម​ទៀត​ថា “យើង​គឺជាគណបក្ស​ឈ្នះ​ឆ្នោត​​ ដូច្នេះ​យើង​មិន​អាច​អនុញាតឲ្យគណបក្ស​ផ្សេង​មក​ប្រមាថ​យើង​ ដោយ​និយាយថា យើង​កំពុង​ជិះសេះលែង​ដៃ និង​មិន​គោរពច្បាប់​នោះ​ទេ​។ លោក សម រង្ស៊ី និង [អនុប្រធានគណ​បក្ស​សង្គ្រោះជាតិ]  លោក កឹម​ សុខា គឺជាអ្នក​ដែល​មិន​គោរព​រដ្ឋ​ធម្មនុញ្ញ ដោយ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ”។

លោក​ ជាម​ យៀប​ ក៏​បាន​​លើកឡើង​សារ​ជាថ្មី​អំពី​ការ​គំរាម​ក្រោយ​ពេល​បោះឆ្នោត​​ពី​សំណាក់លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ផង​ដែរ​ថាគណៈកម្មា​ធិការជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប) នឹង​ប្រគល់​អាសនៈរបស់​​គណបក្ស​ប្រឆាំង​ឲ្យ​ទៅគណបក្ស​ផ្សេង​​។​ លោក​ ជាម​ យៀប បាន​បន្តថា  គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​រង់ចាំ​រយៈពេល​ពីរខែ​គិត​ចាប់​ពីថ្ងៃ​បើក​សភា​ គឺថ្ងៃទី​២៣ ​ខែកញ្ញា​​ មុន​ពេល​​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​ប្រគល់​អាសនៈ​របស់​គណ​បក្ស​​​

សង្គ្រោះ​ជាតិ​​ឲ្យ​ទៅ​គណបក្ស​ផ្សេង​ ក្រោយ​ពី​​រយៈពេល​មួយ​ខែ​ទៀត​កន្លង​ផុត​ ប្រសិន​បើ​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​។
លោក​​បានមាន​ប្រសាសន៍ថា “យើង​នឹង​ជូ​នដំណឹង​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ នៅ​មុន​រយៈពេល​ពីរខែ​កន្លង​ផុត​​ ពីព្រោះ​ពួក​គេ​មាន​សិទ្ធិ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​។ យើង​មាន​ច្បាប់​ស្តីពីគណបក្ស​នយោ​បាយ​ ហើយ​យើង​មាន​ច្បាប់​បោះឆ្នោត​​ ដូច្នេះ​យើង​មាន​មាត្រាមួយ​ចំនួន​​ចែង​នៅ​ក្នុង​ច្បាប់​ទាំង​នេះ​”។

ច្បាប់​ទាំង​ពីរ​ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​អាច​ប្រគល់​អាសនៈ​របស់​គណបក្ស​ណាមួយ​ឲ្យ​ទៅ​គណ​បក្ស​ផ្សេង ក៏​ប៉ុន្តែ លុះត្រាតែ​គណបក្ស​នោះ “ប្រកាស​បោះបង់​ចោល​” អាសនៈទាំង​នោះ​។ លោក ជាម យៀប  លើកឡើង​ថា អវត្ត​ មាន​ដ៏យូរ​ និង​មាន​ន័យ​ជាស្វ័យប្រវតិ្ត​ថា​​ គណ​បក្ស​ប្រឆាំង​បោះបង់​អាសនៈ​របស់​ខ្លួន​។​

លោក ទេព​ នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត​​កាល​ពី​ម្សិល​មិញ បាន​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​អំពីចំណុច​នេះ​ ក៏​ប៉ុន្តែ កាល​ពីខែ​មុន​លោក​បាន​លើកឡើង​ថា  ការ​បោះ​បង់​អាសនៈ​ និង​ការ​​ធ្វើ​ពហិការ​សភា​ គឺជារឿង​មិន​ដូចគ្នា​​ទេ​។

កាល​ពីម្សិល​មិញ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាង​ជាថ្មី​ម្តង​ទៀត​ថា គណបក្ស​នេះ​មិន​បោះ​បង់​អាសនៈ​របស់​ខ្លួន​ទេ​។
លោក​ បាន​មាន​​ប្រសាសន៍​​​ថា “ យើង​មិន​បោះ​បង់​ទេ​ យើង​ធ្វើ​ពហិការ​។ លោក​បាន​​​បន្តថា ប្រសិនបើ​គណ​​​បក្សប្រជា​​​ជន​​​ព្យាយាម​​​​យក​អាសនៈ​​របស់​គណ​​​បក្ស​ប្រឆាំង​ទៅ​ប្រគល់​ឲ្យ​គណបក្ស​ផ្សេង “ប្រជា​​​ជន​​​ដែល​​​​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ចាត់វិធាន​ការ​ចាំបាច់​ដើម្បី​​​ការ​ពារ​តំណាង​របស់​ពួក​គាត់​… ចំណាត់​ការ​ណា​ក៏ដោយ​ គឺជា​ចំណាត់​ការ​ស្រប​ច្បាប់​ និង​សន្តិវិធី​”។

លោក​បាន​លើកឡើង​បន្តទៀត​ថា គិត​ត្រឹម​ថ្ងៃ​បោះឆ្នោតនៅ​​សភា​កាល​ពីម្សិល​មិញ​ ​វាគឺជារឿង​ខុស​ពី​​រដ្ឋ​ធម្មនុញ្ញ​​ដែល​សម័យ​ប្រជុំ​លើកដំបូង​នៃរដ្ឋ​សភា​បាន​ដំណើរ​ការ​កាល​ពីថ្ងៃ​ទី​២៣​ ខែកញ្ញា​។ លោក​បានមាន​ប្រសាសន៍ថា “ តាំង​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ រដ្ឋា​ភិបាល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ខុស​ច្បាប់​​ ហើយ​នោះ​គឺជាមូលហេតុ​ដែល​យើង​​មិន​​ទទួល​ស្គាល់​រដ្ឋ​សភា​។ ដូច្នេះ​យើង​មិន​ចាប់​​អារម្មណ៍ទៅនឹង​រឿង​នេះទេ​”។

លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​លិខិត​​ជូន​ម្ចាស់​ជំនួយ​អន្តរជាតិ​មួយចំនួន​​ដែល​បាន​ផ្តល់​ជំនួយ​ដល់ប្រទេស​កម្ពុជា​ ដូចជា សហភាព​អឺរ៉ុប(European Union)  និង​ធនាគារ​ពិភពលោក​ (World Bank)  ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ព្យួរ​កិច្ច​ព្រម​ព្រៀង​ទាំង​អស់​ដែល​ធ្វើ​ឡើង​ជាមួ​យ​រដ្ឋាភិបាលថ្មី​នេះ​ ហើយ​លោក​កំពុង​តែធ្វើ​ដំណើរទៅកាន់​​ប្រទេស​នានា​នៅលោក​ខាង​លិច​ ដើម្បី​ស្វែង​រក​ការគាំទ្រ​គំនិត​នេះ​។

លោក សម រង្ស៊ី ត្រូវ​បាន​រំពឹង​ថា នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទាន់​ពេល​វេលា​ដែល​គណបក្ស​ប្រឆាំង​គ្រោង​រៀបចំ​មហាបាតុកម្ម​​បន្ទាប់​របស់​ខ្លួន​ក្នុង​រាជធានីភ្នំ​ពេញ​ នៅ​ថ្ងៃ​ទី ២៣​ ខែ​តុលា ខាង​មុខ​ ដើម្បី​​បដិសេធ​លទ្ធផលនៃ​ការ​​​បោះឆ្នោត​​​៕

ប្រែ​​​សម្រួល​​​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស