26 C
Phnom Penh

​កម្ពុជា​និង​វៀតណាមរិះគន់​ប្រទេស​ឡាវ​ចំពោះ​ការ​សាងសង់ទំនប់វារីអគ្គិសនី​ ដន សាហុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ​មន្ត្រី​កម្ពុជា និង​វៀត​ណាម​​​​​​​​​​បាន​រិះ​គន់​ប្រទេស​ឡាវ​ចំពោះ​ការ​ខ្វះ​តម្លា​ភាព​ និង​ការ​ពិគ្រោះ​យោ​បល់​ឲ្យ​បាន​គ្រប់​គ្រាន់​អំពី​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី ដន សាហុង ដ៏​ចម្រូង​ចម្រាស​ ដែល​អ្នក​បរិស្ថាន​​លើក​ឡើង​​​​ថា នឹង​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​មច្ឆជាតិ​​ និង​ប្រភេទ​​​សត្វ​អភិរក្សផ្សេងៗ​​​​ទៀត។

កាល​ពី​ដើម​ខែ​នេះ ប្រទេស​ឡាវ​បាន​ជូន​ដំណឹ​ង​គណៈ​កម្មកា​រទន្លេ​មេគង្គ​ជា​ស្ថាប័ន​អន្តរ​រដ្ឋា​ភិបាល​ដែល​បាន​បង្កើត​ឡើង​ដោយ​ប្រទេស​ឡាវ  ថៃ កម្ពុជា និង​វៀត​ណាម​ឲ្យ​​​ទទួល​​​​ខុស​ត្រូវ​ចំពោះ​ការ​គ្រប់​គ្រង​អាង​ទន្លេ​មេគង្គ​​​​ក្រោម​ ​ហើយ​​ការ​សាងសង់​​ទំនប់​ ដ ន សាហុង ដែល​មាន​កម្លាំង​២៤០​មេហ្គាវ៉ាត់នឹង​ចាប់​ផ្តើមនៅ​ខែ​ក្រោយ​នេះ និង​​គ្រោង​​បញ្ចប់​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ដោយ​ស្ថិត​នៅ​ចម្ងាយ​មិន​ដល់​មួយ​គីឡូ​ម៉ែត្រ​ផង​ ពី​ព្រំ​ដែន​កម្ពុជា​ ឡាវ ទំនប់​នេះ​អាច​​​​បណ្តាលឲ្យ​​​ផុត​​ពូជ​​ត្រី​ផ្សោត​ និង​ត្រី​រាជនៅ​ទន្លេ​មេ​គង្គ ព្រម​ទាំង​រារាំង​ដល់​ការ​​​​ផ្លាស់​ទី​របស់​មច្ឆជាតិ​ដ៏​សម្បូរបែប​នៅ​ទន្លេ​នេះ។

លោក តែ ណាវុធ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​​​ជាតិ​ទន្លេ​មេគង្គ​​កម្ពុជាបាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ទទួល​​បាន​ឯក​សារ​ពាក់​ព័ន្ធ​ទាំង​អស់​ទាក់​ទង​នឹង​ទំនប់​ ដន​​ សាហុង នេះ​កាល​ពី​ថ្ងៃ​ពុធ។ លោក​បាន​មាន​ប្រសាសន៍​ថា “ឯក​សារ​ទាំង​នេះ​រួម​មាន​​របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន និង​របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​សង្គម ឯកសារ​ពាក់​ព័ន្ធ​ការ​សាង​សង់​ របាយការណ៍​​​ប្លង់ និង​របាយ​ការណ៍​ស្តីពីផល​ប៉ះ​ពាល់​ដល់​មច្ឆ​ជាតិ”។

លោក​បាន​បន្ថែម​ថា គណៈ​កម្មា​ធិការ​​ជាតិទន្លេ​​​​មេគង្គ​កម្ពុជានឹង​ផ្ញើ​ឯកសារ​ថត​ចម្លង​ទៅ​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​ និង​ក្រសួង​ធន​ធាន​ទឹក។
លោក តែ ណាវុធ បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​តែ​ពិនិត្យ​មើល​ឯក​សារ​ទាំង​អស់ ហើយ​យើង​នឹង​ស្នើ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ទាំង​នេះ​ផ្តល់​យោបល់ និង​លើកឡើង​នូវ​កង្វល់​ពាក់ព័ន្ធ​ការ​សាង​សង់​ទំនប់​នេះ​”។

លោក ម៉ុក ម៉ារ៉េត អតីត​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ដែល​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​​​គណៈ​​​កម្មការ​រដ្ឋ​សភា​ទទួល​បន្ទុក​បរិស្ថាន និង​ធន​ធាន​ទឹក​បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​ព្រួយ​​​​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខ្វះ​តម្លា​ភាព​ដែល​​​​ប្រទេស​ឡាវ​បាន​បង្ហាញ​ក្នុង​ការ​ដោះ​ស្រាយ​​​​​​​បញ្ហា​ស្តីពី​ការ​សាង​សង់​ទំនប់ ដន សាហុង និង​ទំនប់​សាយាប៊ូរី ដែល​មាន​កម្លាំង​១.២៨៥​មេ​​​ហ្គាវ៉ាត់ ដែល​បាន​ចាប់​ផ្តើម​សាង​សង់​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន បើ​ទោះ​ជា​មាន​ការ​រិះ​គន់​ពី​ប្រទេស​ជិត​ខាង​ក៏​ដោយ។

លោក ម៉ុក ម៉ារ៉េត បាន​លើក​ឡើង​តាម​សារ​​ជា​អក្សរ​ថា “ ការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​​​​បរិស្ថាន​ និង​ផល​ប៉ះ​ពាល់​សង្គម ហើយ​​តម្លា​ភាព​គឺជា​កង្វល់​ដ៏​ធំ​របស់​យើង​ទាំង​អស់​គ្នា”។ លោក​បាន​បន្ថែម​ថា ការ​ស្នើឲ្យ​​ប្រទេស​ឡាវ​បញ្ជូន​ឯក​សារ​ពាក់​ព័ន្ធ​នឹង​ការ​សាង​សង់​ទំនប់​ ដន សាហុង​ នេះកាល​ពី​លើក​មុន​នោះ​​​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ទេ។

លោក​បាន​មានប្រសាសន៍​ថា “[ក្រសួង​បរិស្ថាន​] មិន​ដែល​ទទួល​បាន​របាយ​ការណ៍​ទាំង​នោះ​ទេ នោះ​ជា​មូល​ហេតុ​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​”។
ដោយ​គាំទ្រ​ប្រសាសន៍​របស់​លោក ម៉ុក ម៉ារ៉េត លោក​ ត្រាន វានថុង អ្នក​នាំ​ពាក្យ​ស្ថាន​​​​ទូត​វៀត​ណាម​ប្រចាំ​រាជ​ធានី​ភ្នំ​ពេញ​បាន​មាន​​​​ប្រសាសន៍​ថា ប្រទេស​ឡាវគួរ​ផ្តល់​ឯកសារ​ពាក់​ព័ន្ធការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​មុន​ពេល​ប្រកាស​អំពី​ដំណើរ​ការ​សាង​សង់​ទំនប់​នេះ​។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​អំពី​តម្រូវ​ការ​ឲ្យ​មាន​កិច្ច​​ប្រជុំ​បន្ទាន់រវាង​ប្រទេស​ជា​​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទាំង​អស់។ លោក​ វ៉ានថុង បាន​មាន​ប្រសាសន៍​ថា “វា​​​ជា​បញ្ហា​បន្ទាន់​បំផុត​ ដែល​ត្រូវ​ធ្វើ​ការ​ពិភាក្សា​ជាមួយ​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទាំង​​​​អស់ ដើម្បី​សម្រេចបាន​កិច្ច​ព្រម​ព្រៀង​ឲ្យ​បាន​​​​មុន​ការ​បើក​ការដ្ឋាន​សាង​សង់​ទំនប់​នេះ”។

លោកស្រី អាមេ ទ្រែនឌឹម នាយិកា​កម្ម​វិធី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​​ទន្លេ​អន្តរ​ជាតិ​​​​បាន​មាន​ប្រសាសន៍​ថា ទំនប់​សាយ៉ាប៊ូរីគឺ “ជា​ដើមចម​ដ៏​គ្រោះ​ថ្នាក់​” ចំពោះ​គម្រោង​សាង​សង់​ទំនប់​កាត់​ទន្លេ​មេគង្គនេះ។ លោក​ស្រី ទ្រែនឌឹម បាន​មាន​ប្រសាសន៍​ថា “ដោយ​សារ​ទំនប់​ ដន សាហុង ​ទំនង​ជា​​​​ដើរ​​​​តាម​លំអាន​ស្រដៀង​គ្នា​នេះ គណៈ​​​​កម្មការ​​​​ទន្លេ​មេគង្គ​ពិតជា​មាន​​បញ្ហា​ទៀត​ហើយ​​​។​លុះ​ត្រា​​តែ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ដោះ​ស្រាយ​បញ្ហា​ដែល​បាន​កើត​ឡើង​ពាក់​ព័ន្ធ​ទំនប់​សាយ៉ា​ប៊ូរី និង​ទំនប់​ ដន សាហុង ជា​បន្ទាន់​ បើ​មិន​ដូច្នោះ​ទេ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ទំនុក​ចិត្ត​ជា​មិន​ខាន”៕

ប្រែ​សម្រួល​ដោយ សោម សារុន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស