បើគិតចាប់តាំងពីខែសីហាមក កាកបាទក្រហមកម្ពុជា ហៅកាត់ថា CRC បានផ្តល់ជំនួយឲ្យប្រជាពលរដ្ឋជិត១១.០០០គ្រួសាររងប៉ះពាល់ដោយសារទឹកជំនន់ដែលបានញាំញីតំបន់ជាច្រើននៃប្រទេសកម្ពុជា។
សេចក្តីប្រកាសជាភាសាអង់គ្លេស និងចេញផ្សាយកាលពីថ្ងៃពុធ មានខ្លឹមសារថា “គិតរហូតមកដល់ថ្ងៃទី៨ខែតុលា ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា មន្ត្រី សាខា បុគ្គលិក និងអ្នកស្ម័គ្រចិត្ត កំពុងតែមមាញឹកនឹងសកម្មភាពយកជំនួយមនុស្សធម៌ ដល់ប្រជាជន និងជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាព ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន”។
សេចក្តីប្រកាសនេះមានខ្លឹមសារបន្តថា “កាកបាទក្រហមកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនសរុបទាំងអស់១០.៩៩៩គ្រួសារដែលរស់នៅក្នុងតំបន់សុវត្ថិភាព ក្នុងនោះប្រជាជន៥.៧៩៦គ្រួសារទទួលជំនួយមនុស្សធម៌ពីសាខាកាកបាទក្រហម និង៥.២០៣គ្រួសារផ្សេងទៀតទទួលពីទីស្នាក់ការកណ្តាលរបស់កាកបាទក្រហមកម្ពុជា”។
សេចក្តីប្រកាសដដែលបានបង្ហាញបន្ថែមទៀតថា ប្រជាពលរដ្ឋសរុបចំនួន២១.៧៦៩គ្រួសារត្រូវបានជម្លៀសចេញចាប់តាំងពីទឹកជំនន់បានចាប់ផ្តើមឡើង។
ទោះជាយ៉ាងនេះក្តី សេចក្តីប្រកាសនេះមិនបានបញ្ជាក់ថា តើប្រជាជនទាំងនេះបានភៀសចេញដោយខ្លួនឯង ឬពួកគេបានទទួលជំនួយពីកាកបាទក្រហមកម្ពុជា ឬយ៉ាងណានោះទេ។ ផ្អែកទៅលើធនធាននៃសាខានីមួយៗ គ្រួសារនីមួយៗទទួលបានអង្ករ២៥គីឡូក្រាម មី ត្រីខ១០កំប៉ុង ត្រី និងទឹកស៊ីអ៊ី ព្រមទាំងមុង ភួយមួយ សារុងមួយ ក្រមា ថ្នាំក្លូរីន និងតង់កៅស៊ូ ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី