31 C
Phnom Penh

អាជ្ញាធរ​រារាំង​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​មិនឲ្យ​ប្រមូលយក​ស្នាម​មេដៃ​​​​​ពី​អ្នក​គាំ​ទ្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​ អាជ្ញា​ធរ​បាន​ចាប់​ផ្តើម​អនុវត្ត​សេក្តីណែ​នាំ​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ ឲ្យ​រារាំង​សកម្ម​ជន​គណបក្ស​ប្រឆាំង​មិនឲ្យ​ប្រមូល​ស្នាម​មេដៃ​ជាសាធារណៈ សម្រាប់​ធ្វើ​ញត្តិ​ប្រឆាំង​រដ្ឋា​ភិបាល។

អ្នក​ដើរប្រមូល​ស្នាម​មេដៃ​របស់​គណ​បក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​សង្កាត់​ចំនួន​ប្រាំពីរ​ បាន​រាយការណ៍ថា បាន​ប្រឈម​នឹង​អាជ្ញាធរ​មូល​ដ្ឋាន​ដែល​បាន​ទាម​ទារ​ឲ្យ​ពួក​គេ​ឈប់​ប្រមូល​ស្នាម​​មេដៃ​នៅ​ខាង​ក្រៅ​​ទី​ស្នាក់​ការ​​​គណ​បក្ស​សង្គ្រោះ​ជាតិ។

យោង​តាម​ លោក ម៉ន ផល្លា ប្រធាន​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​នៃ​គណ​បក្ស​សង្គ្រោះ​​​ជាតិ​ប្រចាំ​រាជ​ធានី​ភ្នំ​ពេញ​បានឲ្យ​ដឹង​ថា ញត្តិ​ជា​ច្រើន​ត្រូវ​បាន​ដក​ហូត​ ហើយ​សកម្ម​ជន​គណ​​​​បក្ស​សង្គ្រោះជាតិ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​​រយៈ​ពេល​ខ្លី នៅ​ក្នុង​ការិយា​ល័យ​សង្កាត់​​​មួយ​ មុន​ពេល​​ប្រគល់​ស្នាម​មេដៃ​ដែល​គាត់​ប្រមូល​​បាន​ទៅ​ឲ្យ​អាជ្ញាធរ​។

ទង្វើ​របស់​អាជ្ញាធរនេះ​កើត​មាន​ឡើង​បន្ទាប់​ពី លោក ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​គណ​បក្ស​សង្គ្រោះជាតិ​កាល​ពីដើម​សប្តាហ៍​នេះ ស្នើ​ឲ្យ​ពួក​គេ​ឈប់​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​ទីផ្សារ​ តាម​ផ្ទះ​ប្រជា​ពល​រដ្ឋ និង​នៅ​កន្លែង​​​​សាធារណៈ​ផ្សេងៗ​ទៀត ដោយ​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​រំខាន​ ​ហើយ​អ្នក​ជំនាញ​ច្បាប់​ និង​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា បទ​បញ្ជា​នេះ​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញទេ។
​  ណគបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន​បី​លាន​​ដើម្បី​ធ្វើ​​ញត្តិ​​ជូន​​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា​​​ រួម​ជាមួយ​នឹង​ការ​ធ្វើ​មហា​បាតុកម្ម​។ ការ​ធ្វើ​ញត្តិ​នេះ​គឺ​ដើម្បី​បដិសេធ​​ភាព​ស្រប​ច្បាប់​របស់​​​​រដ្ឋា​ភិបាល​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​​តែង​តាំង​ដោយ​រដ្ឋ​សភា​ដែល​មាន​គណ​បក្ស​ប្រជា​​​​ជន​កម្ពុជា​តែ​មួយ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា បន្ទាប់​​​​ពី​មានការ​តវ៉ានឹង​លទ្ធ​ផល​បោះឆ្នោត​។

លោក ម៉ន ផល្លា បាន​មាន​ប្រសាសន៍​ថា “អាជ្ញាធរ​បាន​ឃាត់​ខ្លួន​សកម្ម​ជន​របស់​ខ្ញុំ [នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ​] និង​បាន​សាក​សួរ​គាត់​ប្រហែលពី​១០ ទៅ​២០​នាទី ហើយ​បាន​ប្រាប់​សកម្ម​ជន​ថា ពួក​គេ​អាច​ប្រមូល​ស្នាម​មេដៃ​បាន​តែ​នៅ​​ទី​ស្នាក់​​ការ​​​គណ​បក្ស​សង្គ្រោះជាតិ​ប៉ុណ្ណោះ”។ លោក​បាន​បន្ថែម​ថា អ្នក​ដើរ​ប្រមូល​ស្នាម​មេដៃរូប​នោះ​​​​​បាន​ប្រគល់​ស្នាម​មេដៃ​ប្រហែល​៤០ ដែល​ពួក​គេ​ប្រមូល​បាន​នៅ​ថ្ងៃ​នោះ។

លោក ផល្លា បានបន្ថែម​ថា អាជ្ញាធរ​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​សំរោង​ និង​សង្កាត់​ទឹកថ្លា ក្នុង​ខណ្ឌ​សែន​សុខ​ និង​អាជ្ញាធរ​​សង្កាត់​ទួល​សង្កែ​ សង្កាត់​ឫស្សីកែវ​ សង្កាត់​ច្រាំង​ចំរេះ២ និង​សង្កាត់​កោះ​ដាច់ ក្នុង​ខណ្ឌ​ឫស្សីកែវ​ បាន​ទាម​ទារឲ្យ​អ្នក​ប្រមូល​ស្នាម​មេដៃ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ផ្លាស់​ទៅ​ប្រមូល​ស្នាម​មេដៃ​នៅ​​តាម​ទីស្នាក់​ការ​របស់​ខ្លួន​ ដោយ​លើក​ឡើង​ពី​លិខិត​របស់​អភិបាល​រាជ​ធានី​។

លោក ផល្លា បាន​មានប្រសាសន៍​ថា មន្ត្រី​សង្កាត់ទួល​សង្កែ បានប្រាប់​អាជីវករ​ម្នាក់​ និង​ជា​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ផ្សារ​ទួល​សង្កែ​ថា អ្នក​ស្រី​នឹងត្រូវ​ហាម​ឃាត់​មិន​ឲ្យ​លក់​ដូរ​ទំនិញ​​ ប្រសិន​បើ​អ្នក​ស្រី​មិន​ឈប់​ប្រមូល​ស្នាម​មេដៃ​នៅ​ទីនោះទេ។ លោក​​​​​​​បាន​បន្ថែម​ថា ញត្តិ​ជា​ច្រើន ​ក៏​ត្រូវ​បាន​អាជ្ញាធរ​រឹប​អូស​​ដែរ​នៅ​ផ្សារ​នោះ។ លោក​បានមាន​ប្រសាសន៍​ថា “ទង្វើ​នេះ​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​ និងវា​​កំពុងលុប​បំបាត់​សិទ្ធិ​​មនុស្ស​”។ លោក​បាន​បន្ថែម​ទៀត​ថា សកម្ម​ជន​គណ​បក្ស​សង្គ្រោះជាតិ​នឹង​បន្ត​ប្រមូល​ស្នាម​មេដៃ​​នៅ​ទូទាំង​រាជ​ធានី រយៈ​ពេល​ពីរ​សប្តាហ៍​ទៀត។

លោក សយ កុសល ចៅ​សង្កាត់​ទួល​សង្កែ បាន​មាន​ប្រសាសន៍​ថា លោក​គ្រាន់​តែ​ធ្វើ​តាម​បទ​បញ្ជា​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ ក្នុង​ការ​ដាក់​មន្ត្រី​មូល​ដ្ឋាន​ឲ្យ​រារាំង​គណបក្ស​សង្គ្រោះជាតិ​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​ទីផ្សារ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ [សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ] ធ្វើ​បែប​នេះ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​បង្ក​ភាព​អនាធិប​តេយ្យ​នៅ​តាម​ទី​សាធារណៈ​។ គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ពួក​​គេ​ប្រមូល​ស្នាម​មេដៃ​ជា​សាធារណៈ​ទេ”។

តាម​ពិត ​​មិន​មាន​មាត្រា​ណា​មួយ​នៅ​ក្នុង​ច្បាប់​កម្ពុជា​ដែល​​​ចែង​ពី​ការ​​រារាំង​ប្រជាពល​រដ្ឋ​មិន​ឲ្យ​​បញ្ចុះ​បញ្ចូល​រក​ការ​គាំទ្រ​ដោយ​សន្តិ​​​​វិធី​​សម្រាប់​បុព្វ​ហេតុ​នយោ​​បាយ​នៅ​តាម​ទី​សាធារណៈ​នោះទេ។

លោក តាន់ ណារិន ចៅ​សង្កាត់​ទឹក​ថ្លា បាន​​​​បដិសេធ​ថា មិន​បាន​ឃាត់​ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះជាតិ​ទេ​ ហើយ​លោក​ពន្យល់​ប្រាប់​ថា លោក​គ្រាន់​តែ​នាំ​អ្នក​ដើរ​ប្រមូល​ស្នាម​មេដៃ​នោះទៅ​និយាយ​គ្នា​នៅ​ការិយា​​​ល័យ​​​​សង្កាត់​ប៉ុណ្ណោះ​។ លោក តាន់ ណារិន បាន​មាន​ប្រសាសន៍​​​​ថា “យើង​បាន​យក​​ស្នាម​មេដៃ​ដែល​ពួក​គេ​ប្រមូល​​​​បាន​ចំនួន​៣៥​មក​រក្សា​ទុក​ ប៉ុន្តែ យើង​មិន​បានឃាត់​ខ្លួន​សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ​ទេ​ យើង​បាន​និយាយ​ជាមួ​យ​ពួក​គេ ហើយ​យើង​បាន​ព្រម​ព្រៀង​គ្នា​ថា គាត់​ត្រូវ​ត្រឡប់​ទៅ​ប្រមូលស្នាម​មេដៃ​នៅ​តាម​ទី​​​ស្នាក់​ការ​របស់​ខ្លួន​វិញ​”។ លោកបាន​បន្ថែម​ថា “ប្រសិន​បើ​ពួក​គេ​ទៅ​ប្រមូល​ស្នាម​មេដៃ​តាម​ទី​សាធារណៈ សកម្ម​ភាព​របស់ពួក​គេ​អាចធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ភ្ញាក់​ផ្អើល និង​បង្កភាព​ចលាចល​”។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​មក​កាសែត​ ខេមបូឌា ដេលី កាលពីម្សិល​មិញ​ ក្រសួង​មហា​ផ្ទៃ​បាន​​​បដិសេធ​​ចំពោះ​​​ពាក្យ​សម្តី​របស់​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រឆាំង ​ដែល​​​បាន​លើក​ឡើង​ថា សេចក្តី​ណែ​​​​នាំ​របស់​សាលា​រាជ​ធានី​ខុស​ពី​រដ្ឋ​ធម្ម​នុញ្ញ ដោយ​អះ​អាង​ថា តាម​រយៈការ​ប្រមូល​ស្នាម​​មេដៃ​ជា​សាធារណៈ​ដើម្បី​គាំទ្រ​គណបក្ស​នយោ​បាយ​បែប​នេះ គណបក្ស​សង្គ្រោះ​ជាតិ​​​​ពិតជា​កំពុង​បំពាន​ច្បាប់​ដែល​ធានា​​ពី​ការ​បោះ​ឆ្នោត​​ដោយ​សម្ងាត់​​ប្រាកដ​មែន​។
លិខិត​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​​នេះ​មាន​ខ្លឹមសា​រថា “តំណាង​រាស្ត្រ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​តាម​រយៈ​ការ​បោះ​ឆ្នោត​​​ដោយ​សម្ងាត់​។ ផ្អែក​តាម​​ន័យ​​នេះ សកម្ម​ភាព​​របស់​គណ​បក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តាម​ទី​សា​​​ធារណៈគឺ​​ផ្ទុយ​ពី​ស្មារតី​ និង​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​”។

លិខិត​នោះលើក​ឡើង​ទៀត​ថា “ខ្ញុំ​គិត​ថា សកម្ម​ភាព​ប្រមូល​ស្នាម​មេដៃ​តាម​ទី​សា​ធារណៈ​ដោយ​គណបក្ស​សង្គ្រោះជាតិ​នេះ ដូចជា​ការ​លេង​សើច​ និង​ធ្វើ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​​ហើយ​ថា ​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​យន្តការ​បញ្ជាក់​ថា​ ស្នាម​មេដៃ​នីមួយៗ​​​​​​​​ជា​ស្នាម​មេដៃ​​ពិសេស​​នោះទេ”៕

ប្រែ​សម្រួល​ដោយ មូល គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស