ពិធីជួបជុំគ្នាដ៏តូចមួយដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ បានធ្លាក់ចូលភាពចលាចលមួយសន្ទុះ កាលពីម្សិលមិញនៅពេលដែលក្រុមអ្នកចូលរួមបានចាប់យកកាំភ្លើងខ្លីពីបុរសម្នាក់ដែលធ្វើការឲ្យក្រសួងព័ត៌មាន បន្ទាប់ពីជននេះបានសម្រុកចូលទៅមុខក្រុមមនុស្សទាំងនោះ។

វាជាការប្រឆាំងនឹងបទបញ្ជារបស់សាលារាជធានីកាលពីសប្តាហ៍មុន ដែលបានហាមឃាត់មិនឲ្យមានការជួបជុំគ្នានេះ ព្រឹត្តិការណ៍នេះបានបើកនៅម៉ោងប្រហែល៨ និង៣០នាទីព្រឹក ដោយមានតំណាងមកពីសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងចូលទៅឈរនៅលើកៅអីឈើតូចមួយនៅកណ្តាលសួននេះ ដើម្បីអំពាវនាវឲ្យមានការដំឡើងប្រាក់ខែឲ្យគ្រូបង្រៀនឲ្យបានមួយលានរៀលក្នុងមួយខែ។
តំណាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានប្រាប់អ្នកចូលរួមប្រហែល១៥០នាក់ មុនពេលប្រកាសជំទាស់នឹងសេចក្តីសម្រេចហាមឃាត់មិនឲ្យមានការជួបជុំគ្នានេះថា “យើងសូមសើ្នឲ្យរដ្ឋាភិបាលថ្មីដំឡើងប្រាក់ខែរបស់យើងយ៉ាងហោចណាស់សម្រាប់គ្រូបឋមសិក្សា និងសូមកុំរើសអ៊ើងចំពោះសមាជិកសហជីពរបស់យើង”។ លោកបានមានប្រសាសន៍ថា “សាលារាជធានីមិនអនុញ្ញាតឲ្យយើងជួបជុំគ្នាទេ ប៉ុន្តែយើងបានជំទាស់យ៉ាងដាច់ខាតចំពោះរឿងនេះ។ វាជាសិទ្ធិរបស់សិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋ ក្នុងការសំដែងមតិនៅក្នុងទីលានប្រជាធិបតេយ្យ”។
នៅផ្នែកខាងក្រោយ គេឃើញមានរថយន្តធំៗដឹកមន្ត្រីកងរាជអាវុធហត្ថដែលកាន់ ខែល ដំបងឆក់ និងពាក់ប្រដាប់ការពារដើរតាមផ្លូវលេខ១១០នៅក្បែរនោះអស់រយៈពេលប្រហែលកន្លះម៉ោង និងបានដាក់កងកម្លាំងឲ្យឈរជាជួរនៅចុងខាងកើតនៃទីលានប្រជាធិបតេយ្យ។
នៅម៉ោងប្រហែល៩ និង២៥នាទីព្រឹក នៅពេលដែលតំណាងសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាប្រចាំខេត្តកំពង់ស្ពឺ ចាប់ផ្តើមឡើងនិយាយ ជម្លោះមួយបានកើតឡើងនៅខាងមុខក្រុមមនុស្សទាំងនោះ ដោយអ្នកចូលរួមបានចាប់បុរសម្នាក់ដែលមានពាក់ប័ណ្ណសារព័ត៌មានដែលបានថតរូបព្រះសង្ឃប្រហែល២០អង្គ គង់នៅពីក្រោយអ្នករៀបចំពិធីជួបជុំ ហើយបានដកហូតយកកាំភ្លើងខ្លីមួយដើមពីជននេះ។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិដែលកំពុងឈរនៅជួរមុខនៅកន្លែងជួបជុំគ្នាដ៏តូចនេះដែរនោះបានមានប្រសាសន៍ថា លោកស្រីបានជួបនឹងបុរសនេះដែលមានពាក់មួកកាតឹប វ៉ែនតាខ្មៅ និងកាសពាក់ត្រចៀក បន្ទាប់ពីបុគ្គលិករបស់លោកស្រីមួយចំនួនបានប្រកាសប្រាប់លោកស្រីថា ជននេះមានកាំភ្លើងខ្លីលាក់ទុកនៅក្នុងចង្កេះខោ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា “ក្រុមរបស់យើងបានចាប់ផ្តើមពិនិត្យមើលគាត់ គាត់ចេញមកពីកន្លែងណាមួយ ហើយយើងស្តាប់ឮការសន្ទនាមួយចំនួនថា គាត់មកជាមួយមនុស្សផ្សេងទៀត ហើយគាត់សំដៅមករកព្រះសង្ឃតែម្តង”។ លោកស្រីបានបន្ថែមថា បុរសនេះបានមកជាមួយមនុស្សប្រាំនាក់ទៀត។ លោកស្រីបានពន្យល់ប្រាប់ថា “ខ្ញុំបានទៅជិតគាត់ និងបានដឹងយ៉ាងច្បាស់ថា គាត់មានកាំភ្លើងខ្លីមួយដើម។ គាត់បានប្រាប់ខ្ញុំថា ‘ខ្ញុំមិនមានកាំភ្លើងទេ’ ហើយខ្ញុំបាននិយាយថា តើអ្វីនៅក្នុងអាវរបស់លោក? ហើយគាត់បានចាប់ផ្តើមដើរចេញតែម្តង”។
ដោយមានភាពចលាចលស្របពេលនឹងមានសម្រែកស្រែកថា មានជនប្រដាប់អាវុធម្នាក់ស្ថិតនៅក្នុងចំណោមអ្នកចូលរួមនៅជិតលោកស្រី មូរ សុខហួរ នោះ អ្នកស្រី យ៉ាង សុភ័ណ អាយុ៣៣ឆ្នាំ ជាអ្នកចូលរួមនៅក្នុងការជួបជុំគ្នានេះ បានចាប់ទាញយកកាំភ្លើងពីបុរសនេះ។
អ្នកស្រី សុភ័ណ បាននិយាយថា “ពួកគេបានរុញគាត់ទៅខាងមុខ ហើយយើងបានឃើញប័ណ្ណសារព័ត៌មានរបស់គាត់ និងឃើញកាំភ្លើងខ្លីនៅដៃរបស់គាត់។ យើងបានចាប់យកប័ណ្ណនោះ ហើយបន្ទាប់មកយើងបានចាប់យកកាំភ្លើងនោះតែម្តង”។អ្នកស្រីបានបន្ថែមថា ក្រុមអ្នកចូលរួមជឿថា បុរសនេះមានផែនការសម្លាប់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ អ្នកស្រីបានពន្យល់ប្រាប់អំពីប្រធានសមាគមគ្រូបង្រៀនដែលនិយាយឥតសំចៃមាត់ និងជាអ្នកគាំទ្រគណបក្សប្រឆាំងដោយចំហនេះថា “ពួកគេរៀបចំផែនការសម្លាប់ លោក រ៉ុង ឈុន”។ អ្នកស្រី សុភ័ណ បាននិយាយថា ក្រោយមកអ្នកស្រីបានប្រគល់កាំភ្លើង K54 ផលិតនៅប្រទេសចិន ដែលមានស្តង់ដារសម្រាប់មន្ត្រីនគរបាលប្រើប្រាស់ ព្រមទាំងប័ណ្ណសារព័ត៌មាន និងកាតមួយទៀតរបស់បុរសនេះ ទៅឲ្យលោកស្រី មូរ សុខហួរ និងលោក សុន ឆ័យ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ។
បន្ទាប់ពីក្រុមអ្នកចូលរួមបានចាប់ទាញបុរសនេះទៅខាងកើតទីលានប្រជាធិបតេយ្យ ដោយអ្នកខ្លះហៅជននេះថា ជាជនក្បត់នោះ អ្នកផ្សេងទៀតស្រែកថា “ចាប់ខ្លួនវា សម្លាប់វាចោលទៅ” ហើយបុរសម្នាក់បានរត់ទៅវាយគាត់នឹងកណ្តាប់ដៃចំក្បាល ហើយកងរាជអាវុធហត្ថបានចាប់គាត់ ហើយអូសគាត់ទៅពីក្រោយជួរនគរបាល ហើយមិនអនុញ្ញាតឲ្យអ្នកផ្សេងឆ្លងកាត់ឡើយ។
អ្នកចូលរួមមួយចំនួនបាននិយាយថា ពួកគេបានឃើញគេដឹកបុរសនេះចេញតាមម៉ូតូ ដោយមិនដាក់ខ្នោះដៃជាមួយបុរសពីរនាក់ទៀត ហើយលោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៅអង្គការលីកាដូ បានមានប្រសាសន៍នៅពេលក្រោយមកថា បុរសនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងស្នាមរបួសបន្តិចបន្តួច។
បន្ទាប់ពីនោះមក មានការពិភាក្សាគ្នាដ៏តានតឹង រវាងលោក សុន ឆ័យ លោកស្រី មូរ សុខហួរ និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ហើយនៅពេលនោះតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិបានប្រគល់កាំភ្លើងខ្លី និងកាតរបស់បុរសនេះទៅឲ្យព្រះរាជអាជ្ញារូបនេះ ប៉ុន្តែ មិនបានប្រាប់ឈ្មោះអ្នកស្រី សុភ័ណ ដែលជាអ្នកចាប់ទាញកាំភ្លើងពីបុរសនេះទេ ដោយសារមានកង្វល់អំពីសុវត្ថិភាពរបស់អ្នកស្រី។
មុនពេលលើកដៃចង្អុលទៅ លោក សុន ឆ័យ និងចោទគាត់ថា មិនគោរពស្ថាប័នរដ្ឋចំពោះការមិនប្រគល់អ្នកស្រី សុភ័ណ នោះ លោក ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍ថា “យើងត្រូវការមនុស្សដែលបានយកកាំភ្លើងពីជននេះ ពីព្រោះយើងត្រូវការស៊ើបអង្កេត”។
បន្ទាប់មក លោកស្រី មូរ សុខហួរ បានប្រគល់ប័ណ្ណសារព័ត៌មានថតចម្លងរបស់ជនប្រដាប់អាវុធនេះដែលមានឈ្មោះថា ភឿង ឈឿន អ្នកយកព័ត៌មានរបស់គេហទំព័រព័ត៌មាន “ Mid.P.P” របស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ។
កាលពីម្សិលមិញគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានីបង្ហាញសារមួយថា “កំពុងដំណើរការបង្កើតឡើង” ប៉ុន្តែ ឯកសារចុះឈ្មោះរបស់គេហទំព័រព័ត៌មាននេះបង្ហាញថា គេហទំព័រនេះជាកម្មសិទិ្ធរបស់លោក ឃុត សំខាន់ ប្រធានមន្ទីរព័ត៌មានរាជធានី។
លោក សំខាន់ បានបញ្ជាក់តាមទូរស័ព្ទថា លោក ឈឿន គឺជាបុគ្គលិករបស់មន្ទីរព័ត៌មានរាជធានី ដែលជាសាខានៅរាជធានីភ្នំពេញរបស់ក្រសួងព័ត៌មាន ហើយបានមានប្រសាសន៍ថា លោកកំពុងធ្វើដំណើរមកពីខេត្តចូលរាជធានីដើម្បីដោះស្រាយបញ្ហារបស់លោក ភឿង ឈឿន។
លោក សំខាន់ បានមានប្រសាសន៍ថា “ភឿង ឈឿន បានធ្វើការឲ្យមន្ទីររបស់យើងតាំងពីឆ្នាំ២០១២ ហើយគាត់ទទួលបន្ទុកផ្នែកគេហទំព័រ។ ខ្ញុំមិនដឹងថា គាត់បានកាំភ្លើងពី ណាទេ”។ លោកបានមានប្រសាសន៍ថា “គាត់ជាមនុស្សស្លូតបូត ហើយគាត់យកព័ត៌មានឲ្យយើងដូចជា ព័ត៌មានសង្គម និងវិស័យផ្សេងៗទៀត។ គាត់ជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដូច្នេះខ្ញុំបានចាត់តាំងឲ្យគាត់ធ្វើការផ្នែកគេហទំព័ររបស់មន្ទីរនេះ” ។
ប៉ុន្តែលោកមិននិយាយលម្អិតអំពីប្រភេទព័ត៌មានដែលមន្ទីរព័ត៌មានរាជធានីផលិតសម្រាប់គេហទំព័រដែលមិនទាន់មានរបស់ខ្លួននោះទេ។ ទំព័រហ្វេសប៊ុកដែលប្រហែលជាមិនទាន់មានរបស់មន្ទីរព័ត៌មានរាជធានី ដែលមានរូបសញ្ញារបស់ក្រសួងព័ត៌មាន ជារូបធំៗពីររបស់ខ្លួន បង្ហាញពីព័ត៌មានមួយចំនួនតាំងពីខែកក្កដា និងខែមករា ឆ្នាំ២០១២ ដូចជាអត្ថបទនិយាយអំពីក្រសួងព័ត៌មានហាមឃាត់សារព័ត៌មានមិនឲ្យចុះផ្សាយរូបភាពហិង្សាសា។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបដិសេធថា ក្រសួងព័ត៌មានមិនបានបំពាក់អាវុធឲ្យបុគ្គលិករបស់ខ្លួន ឬបញ្ជូនមនុស្សឲ្យទៅយកការណ៍អំពីការជួបជុំពាក់ព័ន្ធនឹងគណបក្សប្រឆាំងទេ។ លោកបានមានប្រសាសន៍ថា “យើងមិនមាននរណាម្នាក់មានកាំភ្លើង ឬធ្វើជាចារកម្មទេ។ យើងបញ្ជូនតែអ្នកថតវីដេអូឲ្យទៅថតតែវីដេអូប៉ុណ្ណោះ ដូច្នេះប៉ុណ្ណឹងវាហួសពីគ្រប់គ្រាន់ទៅហើយ”។
នៅពេលសួរចំៗអំពីករណីលោក ភឿង ឈឿន លោក ខៀវ កាញារីទ្ធ បានមាន ប្រសាសន៍ថា “យើងអាចធានាអះអាងចំពោះលោកថា យើងគ្មានបុគ្គលិកណាម្នាក់ដែលមានកាំភ្លើងនោះទេ”។ កាតមួយទៀតរបស់ ភឿង ឈឿន ដែលស្ថិតនៅក្នុងកាបូបជាមួយប័ណ្ណសារព័ត៌មានរបស់គាត់នោះមានឈ្មោះថា ភឿង ឈឿន ជាតំណាងផ្នែកលក់របស់ក្រុមហ៊ុនមង្គលរិទ្ធ អាហរណនីហរណ។
ទោះជាយ៉ាងណា មនុស្សម្នាក់ដែលត្រូវបានទាក់ទងតាមលេខទូរស័ព្ទរបស់ក្រុមហ៊ុននេះបានបដិសេធថា មិនបានជួល ឬធ្លាប់ស្គាល់ ភឿង ឈឿន ទេ។ ការរកឃើញជនប្រដាប់អាវុធនៅកន្លែងជួបជុំ ដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងនេះ កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្សបានលើកឡើងពីការស្លាប់របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដោយសារធ្លាក់យន្តហោះ។ លោក ជាម យៀប បានមានប្រសាសន៍ថា ការលើកឡើងរបស់លោកមិនមែនជាការគំរាមកំហែងទេ គ្រាន់តែជាការសង្កេតប៉ុណ្ណោះ។
នៅពេលបញ្ចប់ការជួបជុំគ្នាកាលពីម្សិលមិញនេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្កោលទោសចំពោះវត្តមានរបស់ជនប្រដាប់អាវុធរូបនេះនៅកន្លែងជួបជុំគ្នា ដោយលោកប្រាប់ថា គម្រោងហែរក្បួនរបស់គ្រូបង្រៀន សិស្ស និងព្រះសង្ឃ ដើម្បីយកសំណើរបស់ខ្លួនទៅជូនក្រសួងអប់រំ នឹងត្រូវពន្យារពេលដោយសារស្ថានភាពមិនល្អនៅព្រឹកនោះ។
លោក រ៉ុង ឈុន បានប្រាប់អ្នកចូលរួមដោយចង្អុលទៅមន្ត្រីកងរាជអាវុធហត្ថជាច្រើន ដែលនៅតែមានវត្តមាននៅភាគខាងកើតនៃទីលានប្រជាធិបតេយ្យថា “ យើងជាគ្រូបង្រៀនទាំងអស់គ្នាមានអារម្មណ៍មិនល្អទេ”។លោកមានប្រសាសន៍ថា “មើលទៅកងរាជអាវុធហត្ថនៅទីនោះ។ យើងគ្រាន់តែគ្រូបង្រៀនប៉ុណ្ណោះ ហើយពួកគេបានដាក់ពង្រាយកងរាជអាវុធហត្ថទូទាំងរាជធានី”។
លោកបានសួរនៅពេលបិទការជួបជុំនៅមុនម៉ោង១០ និង៣០នាទីព្រឹកបន្តិចថា “មើលទៅកងរាជអាវុធទាំងអស់នោះ ហើយសួរថា មូលហេតុអី? មូលហេតុអី? ពីព្រោះពួកគេខ្លាចគ្រូបង្រៀន!”។ លោក ណៃ វ៉ាន់ដា អនុប្រធានផ្នែកអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ភ័ស្តុតាងដែលព្រះរាជអាជ្ញាបានទទួលពីលោកស្រី មូរ សុខហួរ និងលោក សុន ឆ័យ ត្រូវបានប្រគល់ទៅឲ្យនគរបាលសង្កាត់វត្តភ្នំ ដែលនៅជិតទីលានប្រជាធិបតេយ្យដើម្បីចាត់ការ។
លោក វ៉ាន់ដា មានប្រសាសន៍ថា “យើងសូមឲ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងព្រះរាជអាជ្ញាចោទប្រកាន់ជនសង្ស័យរូបនេះ។ មនុស្សគ្រប់គ្នានៅទីនេះមើលឃើញថា បុរសនេះស្លៀកពាក់ស៊ីវិល ប៉ុន្តែ មានកាំភ្លើង ហើយរឿងនេះត្រូវតែស៊ើបអង្កេត”។
លោកឧត្តមសេនីយ៍ឯក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថមិនអាចទាក់ទងសុំការអត្ថាធិប្បាយអំពីជោគវាសនារបស់ ភឿង ឈឿន បានទេ៕
ប្រែសម្រួលដោយ មូល គឹមហឿន