នាយកខុទ្ទកាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីគណបក្សប្រជាជនកម្ពុជា បានបន្ទោសគណបក្សសង្គ្រោះជាតិចំពោះការជាប់គាំងនៅក្នុងការចរចា ដែលអាចទម្លាយភាពទាល់ច្រកផ្នែកនយោបាយនាពេលបច្ចុប្បន្ន ដែលបណ្តាលឲ្យសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូលប្រជុំសភានោះ។
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានផ្អាកការចរចាកម្រិតកំពូល តែប៉ុន្មានថ្ងៃមុនពេលគណបក្សប្រជាជនកម្ពុជាបើកសម័យប្រជុំសភាដំបូងដោយគ្មានវត្តមានរបស់សមាជិកសភាមកគណបក្សប្រឆាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ហើយមិនបានបន្តការចរចាផ្លូវការណាមួយតាំងពីពេលនោះមក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យរបស់លោក ស ខេង ហើយក៏ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃផងដែរនោះបានបន្ទោសគណបក្សប្រឆាំងចំពោះការជាប់គាំងនៅក្នុងការចរចា ពីព្រោះមេដឹកនាំគណបក្សប្រឆាំងធ្វើការទាមទារខុសគ្នា។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះថា “ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានទូរស័ព្ទទាក់ទងជាមួយឯកឧត្តម ស ខេង និងបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិឈប់ទាមទារតំណែងប្រធានសភា ប៉ុន្តែ ចង់ឲ្យមានការបែងចែកតំណែងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង១២នៅក្នុងរដ្ឋសភាស្មើគ្នា”។ គណៈកម្មាធិការអចិន្ត្រៃយ៍មានសមាសសភាពប្រធានមកពីគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងប្រាំបួនរបស់រដ្ឋសភា ប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភាពីររូប។
សេចក្តីប្រកាសព័ត៌មានរបស់លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបន្ថែមថា “ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងឯកឧត្តម យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរទាមទារតំណែងប្រធានរដ្ឋសភាដដែល”។
សេចក្តីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់ពីពេលវេលាដែលមន្ត្រីគណបក្សប្រឆាំងទាំងនេះធ្វើការទាមទារខុសគ្នានោះទេ។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានទទូចឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិធ្វើការពិភាក្សាឯកភាពគ្នាក្នុងផ្ទៃក្នុងរបស់ខ្លួនជាមុនសិន មុននឹងអាចបន្តការចរចាដែលសម្រេចបានលទ្ធផលជា “ផ្លែផ្កា” ជាមួយគណបក្សប្រជាជនកម្ពុជា។
នៅពេលទាក់ទងកាលពីម្សិលមិញលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ក៏មិនបានឯកភាពគ្នាជុំវិញការបែងចែកតំណែងស្មើគ្នានៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នេះដែរ ប៉ុន្តែបានបន្ថែមថា ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជានៅតែមិនយល់ព្រមចំពោះសំណើនេះ ពីព្រោះវានឹងធ្វើឲ្យមានការជាប់គាំង។
លោកបានមានប្រសាសន៍ថា “ឧទាហរណ៍ ប្រសិនបើរដ្ឋសភាគ្រោងបើកសម័យប្រជុំមួយ ហើយសមាជិកគណៈកម្មាធិការមកពីគណបក្សសង្គ្រោះជាតិមិនយល់ព្រមនោះ សម័យប្រជុំនេះនឹងជាប់គាំង” ដោយលោកបានពន្យល់ថា គណៈកម្មាធិការដែលមានសមាជិក១២រូបត្រូវតែមានសមាជិកប្រាំពីររូបមកពីគណបក្សប្រជាជនកម្ពុជា និងប្រាំរូបមកគណបក្សសង្គ្រោះជាតិ ពីព្រោះការបែងចែកតំណែងសមាជិកប្រាំមួយរូបស្មើគ្នាអាចបណ្តាលឲ្យមានភាពជាប់គាំង ដោយសារគ្មានគណបក្សណាមួយ នឹងមានសំឡេងភាគច្រើននោះទេ។
លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស ហើយភ្លាមៗនេះមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ចំណែកលោក កឹម សុខា ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។ ទោះជាយ៉ាងណា លោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិបានបដិសេធការអះអាងនេះ។ លោកបានមានប្រសាសន៍អំពីសេចក្តីប្រកាសព័ត៌មានរបស់លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ថា “រឿងនេះមិនពិតទេ។ ពួកគេកំពុងព្យាយាមនិយាយអ្វីដែលមិនពិត”។
នៅពេលសួរថា តើបច្ចុប្បន្នគណបក្សប្រឆាំងនៅតែទាមទារតំណែងប្រធានសភាឬយ៉ាងណានោះ លោក សុន ឆ័យ បានឆ្លើយថា “ចំណុចនេះអាចនឹងត្រូវពិភាក្សា” ។ លោកបានមានប្រសាសន៍ថា អ្វីដែលគណបក្សសង្គ្រោះជាតិចង់បានបំផុតនោះ គឺការបែងចែកតំណែងក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ “ដើម្បីធានាថា គណបក្សប្រឆាំងមានតួនាទីពិតប្រាកដដែលត្រូវបំពេញ”។
លោក សុន ឆ័យ បានចោទប្រកាន់តបទៅវិញថា គណបក្សប្រជាជនកម្ពុជាព្យាយាមបំបែកគណបក្សប្រឆាំងដោយអះអាងថា មានការខ្វែងគំនិតគ្នា។ លោកបានមានប្រសាសន៍ថា “វាជាល្បិចកលចាស់គំរឹលដើម្បីធ្វើឲ្យសាធារណជនគិតថា យើងមានបញ្ហានៅក្នុងគណបក្ស”។ លោកបានបន្ថែមថា ដោយសារតែកលល្បិចស្រដៀងគ្នានេះមិនអាចទាក់ទាញសមាជិកសភាឲ្យចាកចេញពីគណបក្សសង្គ្រោះជាតិបាននោះ “ឥឡូវនេះ ពួកគេព្យាយាមបំបែកមេដឹកនាំរបស់យើងវិញម្តង”៕
(រាយការណ៍បន្ថែមដោយ Zsombor Peter)
ប្រែសម្រួលដោយ អ៊ូច សូនី