40.6 C
Phnom Penh

បារាំង​​​និង​​​អូស្ត្រាលី​​​អបអរ​​​សាទរ​​​លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​​​បារាំង​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​អប​​​អរ​​​សាទរ​​​លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ជា​​​ផ្លូវការ​​​ឲ្យ​​​ធ្វើ​​​ជា​​​នាយក​​​រដ្ឋមន្ត្រីបន្ត​​​ទៀត​​​ បន្ទាប់ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ប្រទាញ​​​ប្រទង់​​​គ្នា​​​កាលពី​​​ខែ​​​កក្កដា ហើយ​​​​​ប្រទេស​​​ទាំង​​​នេះ​​​ក៏​​​បាន​​​បង្ហាញ​​​ការ​​​គាំទ្រ​​​របស់​​​ខ្លួន​​​ផង​​​ដែរ​​​ ខណៈ​​​ដែល​​​​​​លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ កំពុង​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​​​​តំបន់​​​អឺរ៉ុប ដោយ​​​ជំរុញ​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​នានា​​​ផ្អាក​​​ទំនាក់​​​ទំនង​​​ជាមួយ​​​រដ្ឋាភិបាល​​​ថ្មី​​​បច្ចុប្បន្ន​​​។

ខណៈ​​​ដែល​​​ប្រទេស​​​ផ្សេង​​​ៗ​​​ជា​​​ច្រើន​​​ទៀត​​​ ជា​​​ពិសេស​​​ប្រទេស​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ី​​​​​​​​​អប​​​អរ​​​សាទរ​​​លោក​​​ ហ៊ុន សែន និងគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​របស់​​​លោក​​​យ៉ាង​​​ឆាប់​​​រហ័ស​​​នោះ ​​​ប្រទេស​​​អូស្ត្រាលី និង​​​សហគមន៍​​​​​​អឺរ៉ុប (EU) ស្ថិត​​​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ និង​​​តំបន់​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​បង្ហាញ​​​​​​ក្ដី​​​បារម្ភ​​​​​​អំពី​​​លទ្ធផល​​​ផ្លូវការ​​​​​​ហើយ​​​​​​ដូច​​​គ្នា​​​នឹង​​​សហ​​​រដ្ឋអាមេរិក​​​ដែរ ប្រទេស​​​ក្នុង​​​តំបន់​​​ទាំង​​​នោះ បាន​​​លើក​​​ឡើង​​​ស្រប​​​គ្នា​​​នឹង​​​សេចក្ដី​​​អំពាវ​​​នាវ​​​របស់​គណបក្ស​សង្គ្រោះ​​​ជាតិ​​​ ដែល​​​សុំ​​​ឲ្យ​​​​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឯក​​​រាជ្យ​​​ចំពោះ​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។ បច្ចុប្បន្ន​​​​ ទាំង​​​ប្រទេស​​​បារំាង​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​ បាន​បង្ហាញ​​​ការ​​​អប​​​អរ​​​សាទរ​​​ដ៏យឺត​​​យ៉ាវ​​​ដូច​​​គ្នា​​​។

លោក​​​ ហ្សង់​​​ ម៉ាក អេរ៉ូល (Jean-Marc Ayrault) នាយក​​​រដ្ឋមន្ត្រី​​​នៃ​​​ប្រទេស​​​បារំាង​​​ បាន​​​ប្រាប់​​​លោក​​​ ហ៊ុន សែន តាម​​​រយៈ​​​លិខិត​​​មួយ​​​ច្បាប់ចុះ​​​ថ្ងៃ​​​ទី​​​៤ ខែ​​​តុលា និង​​​ចេញ​​​ផ្សាយ​​​ដោយ​​​ទីស្ដី​​​ការ​​​គណៈរដ្ឋមន្ត្រី​​​កាលពី​​​ថ្ងៃ​​​សៅរ៍ថា “ក្នុង​​​ឱកាស​​​ដែល​​​លោក​​​ត្រូវ​​​​​​បាន​​​ជ្រើស​​​តាំង​​​ឲ្យ​​​ធ្វើ​​​ជា​​​​​​ប្រមុខ​​​រាជរដ្ឋាភិបាល​​​កម្ពុជា​​​ ខ្ញុំ​​​សូម​​​សម្ដែង​​​នូវការ​​​អប​​​អរ​​​សាទរ​​​ចំពោះ​​​លោក​​​”។

គណបក្ស​​​សង្គ្រោះ​​​ជាតិ របស់​​​លោក​​​ សម រង្ស៊ី កំពុង​​​តែ​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​៥៥​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​ ដើម្បី​​​តវ៉ា​​​ចំពោះ​​​អ្វី​​​​​​ដែល​​​ខ្លួន​​​ជឿថា ជា​​​ការ​​​បោះ​​​​​​ឆ្នោត​​​​​​ត្រូវ​​​បាន​​​​​​លួច​​​ប​​​ន្លំ​​​ និង​​​កំពុង​​​តែ​​​ហៅ​​​សភា​​​ថ្មី​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​ឡើង​ដោយ​​​មាន​​​វត្តមាន​​​តំណាង​​​រាស្ត្រ​​​៦៨​​​រូប​​របស់លោក​​​ ហ៊ុន សែន នេះថា ជា​​​សភា​​​មិន​​​ស្រប​​​នឹង​​​រដ្ឋធម្មនុញ្ញ និង​​​ខុស​​​ច្បាប់​​​។​​​លោក​​​កំពុង​​​តែ​​​ជំរុញ​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​សំខាន់​​​ៗ​​​​​​មួយ​​​ចំនួន​​​របស់​​​ប្រទេស​​​កម្ពុជា ដូចជា​​​សហ​​​ភាព​​​​​​​​​អឺរ៉ុប​​​ជាដើម​​​ ព្យួរកិច្ច​​​ព្រម​​​ព្រៀង​​​បច្ចុប្បន្ន​​​ទំាង​​​អស់​​​ដែល​​​ធ្វើ​​​ឡើង​​​ជា​​​មួយ​​​ប្រទេស​​​កម្ពុជា និង​​​ផ្អាក​​​ការ​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​សន្យា​​​ថ្មីៗ​​​ រហូត​​​​​​​​​ទាល់​​​តែ​​​ភាព​​​ទាល់​​​ច្រក​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​។

ដោយ​​​និយាយ​​​សំដៅ​​​លើ​​​ការ​​​ធ្វើ​​​ពហិ​​​ការ​​​​​​សភា​​​ពី​​​សំណាក់​​​​​​គណ​​​បក្ស​​​ប្រឆាំង​​​ លោក អេរ៉ូល ​​​​​​លើកឡើង​​​បន្ថែម​​​ទៀត​​​ថា “ការ​​​ដែល​​​​​​​​​តួអង្គ​​​នយោបាយ​​​ទាំង​​​អស់​​​របស់​​​ប្រទេស​​​កម្ពុជា​​​ចាប់​​​ផ្ដើម​​​​​​ធ្វើការ​​​ជា​​​មួយ​​​គ្នា​​​​​​ដើម្បី​​​ជា​​​ប្រយោជន៍​​​ស្ថាប័ន​​​ប្រជា​​​ធិបតេយ្យ​​​ដ៏ចាំបាច់​​​ និង​​​ដើម្បី​​​ការអភិវឌ្ឍ​​​ប្រទេស​​​ គឺ​​​ជា​​​​​​រឿង​​​សំខាន់​​​”។

លោក​​​ ថូនី អ៊ែបបុត (Tony Abbott) នាយក​​​រដ្ឋមន្ត្រី​​​ទើប​​​ជ្រើស​​​តាំង​​​ថ្មី​​​នៃ​​​ប្រទេស​​​អូស្ត្រា​​​លី បាន​ថ្លែង​​​​អំណរ​​​គុណ​​​លោក ហ៊ុន សែន ដែល​​​បាន​​​សរសេរ​​​លិខិត​​​​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក ដើម្បី​​​អប​​​អរ​​​សាទរ​​​​​​ជ័យ​​​ជម្នះ​​​របស់​​​នាយក​​​រដ្ឋមន្ត្រី​​​ថ្មី​​​នៃ​​​ប្រទេស​​​អូស្ត្រាលី​​​ ហើយ​​​លោក​​​ក៏​​​បាន​​​អប​​​អរ​​​សាទរ​​​លោក ហ៊ុន សែន​​​ វិញ​​​ដែរ​​។ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​អូស្ត្រាលីបាន​​​ថ្លែង​​​អំណរ​​​គុណ​​​លោក​​​ ហ៊ុន សែន ដូច​​​នេះ​​​​​​នៅ​​​ក្នុង​​​លិខិត​​​របស់​​​លោក​​​ចុះថ្ងៃ​​​ទី​​​៦ខែ​​​តុលា និង​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាយ​​​កាលពី​​​ថ្ងៃ​​​សុក្រ។

បន្ទាប់ពី​​​ថ្លែង​​​អំណរ​​​គុណ​​​លោក ហ៊ុន សែន ដែល​​​បាន​​​អប​​​អរ​​​សាទរ​​​លោក​​​​​​ លោក អ៊ែបបុត បាន​​​​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា “ខ្ញុំ​​​ក៏សូម​​​យក​​​ឱកាស​​​នេះ​​​ដើម្បី​​​អប​​​អរ​​​សាទរ​​​លោក​​​ដែល​​​ទទួល​​​បាន​​​ការ​​​តែង​​​តាំង​​​ជា​​​នាយក​​​រដ្ឋមន្ត្រី​​​នៃ​​​​​​ព្រះរាជាណាចក្រ​​​កម្ពុជាផង​​​ដែរ​​​”។ លោក​​​បន្ត​​​ថា “ខ្ញុំ​​​រង់​​​ចាំ​​​ដំណើរ​​​ការ​​​សម្រប​​​សម្រួល​​​រវាង​​​គណបក្ស​​​ទាំង​​​អស់​​​ដើម្បី​​​រក្សា​​​សន្តិភាព​​​ និង​​​សន្តិសុខ​​​ ដែល​​​ជា​​​មូល​​​ដ្ឋាន​​​នៃ​​​អនាគត​​​របស់​​​ប្រទេស​​​កម្ពុជា​​​”។

កាលពី​ដំណាច់​​​ខែ​​​សីហា ស្ថាន​​​ទូត​​​អូស្ត្រា​​​លី​​​ប្រចាំ​​​រាជធានីភ្នំពេញ​​​បាន​​​អំពាវ​​​នាវ​​​​​​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ប្រកប​​​ដោយ​​​តម្លាភាព​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​ដែល​​​តាម​​​សេចក្ដី​​​រាយការណ៍​​​​​​ថា បានកើតឡើង​​​យ៉ាង​​​ទូលំទូលាយ​​​ក្នុង​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ ក៏ប៉ុន្តែ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​ច្រាន​ចោល​​​ដដែល​​​ៗ​​​ និង​​​ទប់​​​ស្កាត់​​​យ៉ាង​​​មាន​​​​​​ប្រសិទ្ធភាពមិន​​​ឲ្យ​​​​​​ជម្រើស​​​នេះ​​​កើត​​​ឡើង​​​​​​។

ក្នុង​​​ថ្ងៃ​​​​​តំណាង​​​រាស្ត្រ​​​៦៨​​​រូប​​​ ដែល​​​គណ​​​​​​​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​បាន​​​ជ្រើស​​​តាំង​​​ជា​​​ផ្លូវ​​​ការ​​​​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ដោយ​​​មិន​​​មាន​​​តំណាង​​​រាស្ត្រ​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​​​​ប្រឆាំង​​​គឺ​​​នៅ​​​ថ្ងៃទី​​​២៣ ខែកញ្ញា សហភាព​​​អឺរ៉ុប​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​​​​ដែល​​​លើក​​​​​​ឡើង​​​ថា ​​​សភា​​​ “ មិន​​​អាច​​​បម្រើ​​​​​​គោល​​​បំណង​​​របស់​​​ខ្លួន​​​​​​” ដោយ​​​មិន​​​មាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទេ”។

លោក សុន ឆ័យ ប្រធាន​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​ថា លិខិត​​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បារាំង​​​ និង​​​អូស្ត្រាលី​​​​​​​​​​​​នាំឲ្យ​​​ “មាន​​​ភាព​​​ខក​​​ចិត្ត​​​បន្តិច​​​” ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គាំទ្រ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​អូស្ត្រាលីពិចារណា​​​លើ​​​ការ​​​សម្រេច​​​ចិត្ត​​​នេះ​​​ឲ្យ​​​បាន​​​ស៊ីជម្រៅ​​​ជាង​​​នេះ​​​ ពីព្រោះ​​​ប្រទេស​​​អូស្ត្រាលី​​​ មាន​​​តួនាទី​​​សំខាន់​​​ក្នុង​​​ការ​​​គាំទ្រ​​​ដំណើរ​​​ការ​​​សន្តិភាព​​​កាលពី​​​ចុង​​​ទស​​​វត្សរ៍​​​ឆ្នាំ​​​១៩៨០​​​”។

ក៏ប៉ុន្តែ​​​លោក សុន ឆ័យ បាន​​​លើក​​​ឡើ​​​ង​​​បន្ថែម​​​ទៀត​​​​​​ថា លោក​​​នៅ​​​តែ​​​មាន​​​ក្ដី​​​សង្ឃឹម​​​ថា ម្ចាស់​​​ជំនួយ​​​មួយ​​​ចំនួន​​​របស់​​​ប្រទេស​​​កម្ពុជា​​​នឹង​​​ទទួល​​​យក​​​សេចក្ដី​​​អំពាវ​​​នាវ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​ដែល​​​សុំ​​​ឲ្យ​​​​​​ព្យួរ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្ដល់​​​ជំនួយ​​​ និង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ពាណិជ្ជកម្ម​​​នានា​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​បាន​​ព្យាយាម​​​​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ ក៏ប៉ុន្តែ​​​នៅ​​​ពេល​​​នេះ​​​មាន​​​ភាពខុ​​​ស​​​ប្លែក​​​គ្នា​​​បន្តិច​​​ ពីព្រោះ​​​ការ​​​លួច​​​បន្លំ​​​ក្នុ​​​ង​​​ការ​​​បោះ​​​ឆ្នោត​​​កើត​​​ឡើង​​​យ៉ា​​​ង​​​​​​ជាក់​​​ស្ដែង​​​ខ្លាំង​​​ណាស់​​​ ហើយ​​​ច្បាស់​​​ណាស់​​​​​​គណបក្ស​​​ប្រឆាំង​​​ទទួល​​​ជ័យ​​​ជម្នះ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​”។

​​​កាលពី​​​ម្សិលមិញ អ្នក​​​នាំពាក្យ​​​ស្ថានទូត​​​អូស្ត្រាលី មិន​​​បាន​​​និយាយ​​​ថា​​​ តើ​​​លិខិត​​​របស់​​​លោក​​​ អ៊ែបបុត មាន​​​ន័យ​​​សមមូល​​​ទៅ​​​នឹង​​​ការ​​​​​​​​​គាំទ្រ​​​លទ្ធផល​​​បោះឆ្នោត​​​ដ៏ចម្រូង​​​ចម្រាស​​​ដែរ​​​ ឬយ៉ាងណា​​​ទេ​​​ ក៏ប៉ុន្តែ​​​អ្នក​​​នាំពាក្យ​​​រូប​​​នេះ​​​​​​​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ប្រទេស​​​អូស្ត្រាលី មាន​​​គោល​​​នយោបាយ​​​ទទួល​​​ស្គាល់​​​រដ្ឋ​​​ មិន​​​មែន​​​​​​​​​រដ្ឋាភិបាល​​​ទេ​​​។

អ្នក​​​នាំពាក្យ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ស្ថាន​​​ទូត​​​អូស្ត្រាលី​​​សង្ឃឹម​​​ថា កិច្ច​​​ចរចា​​​នឹង​​​នៅ​​​តែ​​​បន្ត​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​ រួមទាំង​​​កិច្ច​​​ពិភាក្សា​​​អំពី​​​ការ​​​ស៊ើប​​​អង្កេត​​​ប្រកប​​​ដោយ​​​តម្លាភាព​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ផង​​​ដែរ​​​ ហើយ​​​សង្ឃឹម​​​ថា វា​​​នឹង​​​ទុក​​​ឲ្យ​​​បើក​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទទួល​​​យក​​​អាសនៈ​​​​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​”។

ស្ថាន​​​ទូត​​​បារាំង​​​មិន​​​បាន​​​ឆ្លើយ​​​តបទៅ​​​នឹង​​​សំណើសុំ​​​ធ្វើ​​​សេចក្ដី​​​អត្ថាធិប្បាយ​​​ទេ​​​៕

ប្រែសម្រួល​​​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស