37 C
Phnom Penh

ប្អូនស្រី​របស់​អតីត​រដ្ឋមន្ត្រី​​ក្រសួ​ងសេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ​​​​ទិញ​ដីពី​ជន​ជាតិ​ដើមភាគ​តិ​ចចារ៉ាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិ​​មនុស្សអាដ​ហុក​​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញថា  ជន​ជាតិ​ដើម​ភាគ​តិ​ច​ចារ៉ាយ​ប្រហែល​៥០គ្រួសារ​​ក្នុង​ស្រុក​អូរយ៉ា​ដាវ ​ខេត្ត ​រតនគិរី​បាន​លក់​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​ និង​ផ្នែក ព្រៃ​ឈើ​ដែលជា​វប្បធម៌​របស់​ពួក​គេ​ពឹង​ផ្អែក​លើ​នោះ​ ទៅឲ្យ​ប្អូន​ស្រី​របស់​លោក គាត​ ឈន់​អតីត​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​។​

កាល​ពីឆ្នាំ​មុន​​ ជន​ជាតិ​ភាគ​តិ​ចចារ៉ាយ​នៅ​ក្នុង​ស្រុក​នេះ​ត្រូវ​បាន​ជំរុញ​ឲ្យ​​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ដីឯកជន​ជាជាង​​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សហ​គមន៍ ពីព្រោះ​អាជ្ញាធរ​បាន​ប្រាប់​ពួក​គេ​ថា ការ​ទទួល​បាន​នូវ​ប័ណ្ណ​សហគមន៍​មួយ​នឹង​ប្រើពេល​យូរ​ណាស់​ ហើយប័ណ្ណកម្មសិទ្ធិដី សហគមន៍​ ​ប្រហែលជា​​បាន​ការ​ពារ​ព្រៃ​​អារក្ខ​អារក្ស​អ្នក​​តា​របស់​ខ្លួន​​ និង​ប្រហែល​ជាបាន ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​លក់​ដីធ្លី​។

ឈ្មោះ សាល់​ ជាំង​ អាយុ​២៥​ឆ្នាំជា​​​ប្រជា​​​ជន​នៅឃុំ​ប៉ាកញ៉ៃ បាន​ឲ្យដឹងថា គាត់​បាន​លក់​ដីស្រែ​ចម្ការ​ ៤,៥​ហិកតា​របស់​គាត់​ទៅ​ឲ្យ​​ឈ្មួញ​កណ្តាល​ម្នាក់​ឈ្មោះ ឃិន សុផល​ តម្លៃ​៥.៨៥០​ដុល្លារ​កាល​ពីសប្តាហ៍​មុន​។

លោក សាល់ ជាំង​ បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​បាន​លក់​ដី​របស់​ខ្ញុំ​​ក្នុងតម្លៃ​១.៣០០ដុល្លារ​ក្នុង​មួយ​ហិកតា​ ក៏ប៉ុន្តែ មក​ទល់​ពេល​នេះ​ខ្ញុំ​ទទួល​បាន​​តែ​៣.៥០០ដុល្លារ​តែ​ប៉ុណ្ណោះ ។ លោកបានបន្ថែម​ថា  កិច្ចសន្យាត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សាក្សី​ពីរ​រូប ​មាន​ឈ្មោះ លោក ដក ស អភិបាល​ស្រុក​អូរ​យ៉ាដាវ និង​លោក រ៉ូជុំ លេច ជា​មេឃុំ​។

លោក​​​ សាល់ ជាំង​ បានលើ​កឡើង​ថា គាត់​នឹង​យក​ប្រាក់​នេះទៅសង់ផ្ទះ​ឈើ​មួយ​​ខ្នង​​នៅលើ​ដី​ស្រែ​ចម្ការ​ទំហំមួយ​ហិកតា​ដែល​គាត់​នៅមាន​។
បើ​ទោះ​ជាលោក​ ដក ស អភិបាល​ស្រុក​​បាន​បដិសេធ​ថា លោក​មិន​បាន​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ណាក៏​ដោយ​ ក៏​កាល​ពីម្សិល​មិញ លោក​បាន​លើកឡើងថា ចាប់​តាំង​ពីដើម​ខែ​កញ្ញា​មក​ ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​ជា​ច្រើន​គ្រួសារ​​ក្នុង​ភូមិឡុំ បាន​និង​កំពុង​លក់​ដីស្រែ​ចម្ការ​របស់​ខ្លួន​ ពី​ព្រោះ​ពួក​គេ​ត្រូវ​ការ​ប្រាក់​។

លោក ដក​ ស​ បាន​មានប្រសាសន៍​បន្ថែម​​​ថា “យើង​​​​ មិន​អាច​ឃាត់អ្នក​ស្រុក​​មិន​ឲ្យ​លក់​ដីស្រែ​របស់​ខ្លួន​បាន​ទេ​ ពីព្រោះ​ពួក​គេ​មាន​សិទ្ធិ​​ធ្វើ​ដូច្នេះ​ ដោយ​សារ​តែ​ពួក​គេ​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ស្រប​ច្បាប់​”​។ លោកបានបន្ត​​​​ថា ស្ត្រី​អ្នក​ជំនួញ​ម្នាក់​មក​ពី​រាជធានីភ្នំពេញ​បាន​ទិញ​ដីនេះ ក៏ប៉ុន្តែ លោក​មិន​ស្គាល់​ឈ្មោះ​​​របស់​​​​ស្ត្រី​នោះទេ​។

លោក ឆាយ​ ធី អ្នក​សម្រប​សម្រួល​​របស់​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អាដ​ហុក​​ប្រចាំ​ខេត្ត​រតនគិរី​​​ បាន​​លើកឡើងថា​ អ្នក​ស្រី គាត​ កុលណី​  គឺ​​​ជាប្អូនស្រី​របស់​លោក គាត ឈន់ អតី​ត​រដ្ឋមន្ត្រី​ក្រសួ​ងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ​ និង​ជា​ភរិយា​របស់​លោក ច័ន្ទ សាផន រដ្ឋលេ​​​ខា​​​ធិការ​ក្រសួងរៀបចំ​​ដែន​ដី នគរូបនីយកម្ម​ និងសំណង់ បាន​ទិញ​ដីរបស់​អ្នក​ភូម​ិ​ចារ៉ាយ​​តាម​រយៈ​​ឈ្មួញ​កណ្តាល​ម្នាក់​។

លោក ឆាយ​ ធី បាន​មានប្រសាសន៍ថា “អ្នក​​​​ស្រី គាត​ កុលណី​ បាន​ទិញដី ​[ចារ៉ាយ] ១៥០​ហិកតា​” ដោយ​​លោក​ចោទ​ថា​ អាជ្ញាធរ​​បាន​សម​​​​គំនិត​ជាមួ​យ​អ្នក​ស្រី កុលណី នៅ​ពេល​ដែល​ពួក​គេ​ជំរុញ​ឲ្យ​ប្រជាជនទាំង​នេះ​ជ្រើ​ស​​​រើស​យក​​ប័ណ្ណ​កម្ម​សិទ្ធិ​ឯកជន​កាល​ពីឆ្នាំមុន​។ ជនជាតិ​ភាគ​តិច​ចារ៉ាយ​នៅក្នុងភូមិ​គងយុ​និង​ភូមិ​គង​ធំ​ ដែល​នៅក្បែរ​ខាង​បានជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​មួយ​ជាមួយ​​អ្នក​ស្រី កុលណី​ អស់រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ ហើយ​ពួក​គេ​​​​បានចោទ​អ្នកស្រី កុលណី ថា បាន​កេង​បន្លំយកព្រៃ​ និង​ដីស្រែ​ចម្ការ​រាប់​រយ​ហិកតា​ ដោយយកលេស​ថា ដីនេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​រដ្ឋាភិបាល​។ បើ​ទោះ​ជា​ អ្នក​ភូមិ​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​​ ដើម្បីប្តឹង​អ្នក​ស្រី កុលណី​ តាម​រយៈ​តុលាការ​​ក៏ដោយ​ ក៏​តុលាការ​ខេត្ត​រតនគិរី​នៅតែ​មិន​ចាត់​ការ​រឿង​ក្តី​របស់​ពួក​គេ​ដែរ។

លោក ឆាយ​ ធី បាន​បន្ត​ថា “ខ្ញុំ​យល់​ឃើញ​​​​ថា អាជ្ញាធរ​មូលដ្ឋាន​បង្ខំ​អ្នក​ភូមិ​ឲ្យ​ចុះ​បញ្ជី​​​ប័ណ្ណកម្មសិទ្ធិ​ដី​ឯកជន​របស់​ខ្លួន​ ពីព្រោះ​វា​ងាយ​​​​ស្រួ​ល​សម្រាប់​ [អាជ្ញាធរ] ដើម្បី​ទិញ​ដី​ពី​អ្នក​ភូមិ​”។ លោក ឆាយ​ ធី  បាន​ថ្លែង​ថា  ព្រៃ​ដែល​​ប្រពៃ​ណី​ និង​ជីវភាព​របស់​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​ពឹង​ផ្អែក​នោះ កំពុង​ត្រូវ​រានរួច​ទៅ​​ហើយ​។ លោក​បាន​បន្ត​ថា “ យើង​បារម្ភ​ ពី​ព្រោះ​ [អ្នក​ស្រី  កុលណី​]​  កំពុង​តែ​ប្រើ​កម្ម​ករ​២០នាក់​កាប់​ដើមឈើ​នៅក្នុង​ព្រៃ​សហ​គមន៍​នេះ​ដោយ​ប្រើរណារ​។ ព្រៃនោះនៅក្បែរ​ដីស្រែ​ចម្ការ​ដែល​អ្នក​ភូមិ​បានលក់​ ហើយ​បន្ទាប់​ទៀត ពួក​គេ​នឹង​ប្រើ​គ្រឿង​ចក្រ ដើម្បី​រាន​ដីនោះ​”។

លោក ឈិត​ សំអាត នាយក​ប្រតិបត្តិ​​វេទិកា​​​​អង្គការ​មិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា​ (NGO Forum)​បាន​លើកឡើងថា លោក​បារម្ភថា វប្បធម៌​របស់​ជន​ជាតិ​ភាគតិច​ចារ៉ាយ​នឹង​ត្រូវ​បាត់​បង់​ទាំង​ស្រុង​នៅ​ក្នុង​ស្រុក​អូរ​យ៉ាដាវ​។ លោក ឈិត​​ សំអាត​ បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួក​គេ​មាន​ប័ណ្ណកម្មសិទ្ធិ​ដី​សហគមន៍​​ ពួក​គេ​នឹង​មិន​អាច​លក់​ដីនេះ​បាន​ឡើយ​​។ ពេល​នេះ​ដីដែល​ពួក​គេ​ពឹង​ផ្អែក​នោះ​ នឹង​ត្រូ​វបាត់​បង់​”។

លោក ប៉ាវ​ ហមផាន អភិបាល​ខេត្ត​រតន​គិរី បានលើកឡើងថា លោក​មិន​ដឹង​ថា ​អ្នក​​​ស្រី កុលណី​ បានទិញដី​របស់​ជ​នជាតិ​ភាគ​តិច​នៅក្នុង​ខេត្ត​នេះ​ទេ​។
លោក​បាន​មានប្រសាសន៍ថា “ ខ្ញុំមិន​ដឹង​ថា អ្នកស្រី​ គាត​ កុលណី ជាអ្នក​ទិញ​នោះ​ទេ​ ក៏​ប៉ុន្តែ គ្មាន​អ្វី​ខុស​ទេ ​ប្រសិនបើ​ជាអ្នក​​​ស្រី​​​ទិញដីក្នុង​តម្លៃ​សមរម្យ​នោះ​”។ លោក ប៉ាវ​ ហមផាន បាន​មានប្រសាសន៍​បន្ត​ថា “ បើ​ពួក​គេ​លក់​ដី​របស់​ខ្លួន​ មាន​ន័យ​ថា ពួកគេ​កំពុង​តែ​សម្លាប់​ខ្លួន​ឯង​ហើយ​ ក៏​ប៉ុន្តែ ខ្ញុំមិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​សម្រាប់ពួក​គេទេ ពី​​​ព្រោះ​ពួកគេ​ត្រូវការ​ប្រាក់​”៕

(រាយការណ៍​បន្ថែម​ដោយ​ Denise Hruby)
ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស