27.5 C
Phnom Penh

លោក​ កឹម សុខា ​ច្រាន​ចោល​ការ​អះអាង​ដែល​​ថា គណបក្ស​​សង្គ្រោះ​ជាតិ​​កំពុងបែក​បាក់​ផ្ទៃ​ក្នុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពីម្សិលមិញ​លោក​ កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រាន​ចោល​ការ​អះអាង​ដោយ​ប្រធាន​ខុទ្ទកា​ល័យ​របស់​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដែល​ថាគណបក្ស​សង្គ្រោះជាតិ​​កំពុង​ខ្វែង​គំនិត​គ្នា​នៅក្នុង​ការ​​ទាម​ទារ​​​លក្ខ​ខណ្ឌ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​។

គណបក្ស​ទាំងពីរនេះ បាន​ជាប់គាំង​​ផ្នែក​នយោ​បាយ​ចាប់​តាំង​​​ពី​ការ​បោះឆ្នោត​ជាតិ​​​​កាល​ពី​ខែ​កក្កដា​មក​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​​ចោទ​ប្រកាន់​ថា មាន​កា​រ​លួច​​បន្លំ​​ក្នុង​ការ​បោះឆ្នោត​ និង​មិនព្រម​ទទួល​យក​​អាសនៈ​សភា​របស់​ខ្លួន​ បន្ទាប់​ពី​​ការ​ចរចា​បរាជ័យ​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាល​ពី​​ថ្ងៃ​សៅរ៍​ ឧត្តម​សេនីយ៍​ឯក​ ខៀវ​ សុភ័គ ប្រធាន​​ខុទ្ទកាល័យ​របស់​លោក​ ស ខេង បាន​មានប្រសាសន៍​ថា លោក​ សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​បាន​​ទូរស័ព្ទ​ប្រាប់​លោក​ ស ខេង​ ថា លោក​លែង​​ចង់​បាន​​តំណែង​​ប្រធាន​រដ្ឋសភា​ទៀត​​ហើយ​ ប៉ុន្តែ​លើក​ឡើង​ថា លោក​ កឹម សុខា ​ដែលជា​អនុ​ប្រ​ធាន​និង​​ លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ នៅ​តែ​ចង់​បាន​មុខ​តំណែង​​នេះ។

​​ក្រោយ​ពី​ពិធី​តា​ម​ប្រពៃ​ណី​​ព្រះ​ពុទ្ធ​សាស​នា​​​មួយ​នៅ​ទី​ស្នាក់​ការ​ខណ្ឌ​ទួល​គោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​​សម្ដេច​ឪ ​នរោត្តម​ សីហនុ ដែល​បាន​យាង​ចូល​​ទិវង្គត​​កាលពី​​មួយ​ឆ្នាំ​មុន​ លោក កឹម សុខា បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា “យើង​​មិន​ដែល​និយាយ​ថា​យើង​ចង់​បាន​មុខ​​តំណែង​អ្វី​ [នៅ​ក្នុង​រដ្ឋ​សភា] ​​នោះ​ទេ​ យើង​តែង​តែ​​និយាយ​ថា​ យើង​​គ្រាន់​តែ​​ចង់​បាន​យុត្តិ​ធម៌​ប៉ុណ្ណោះ​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៅ​​ក្នុង​ការ​បោះឆ្នោត​ជាតិ​”។

អំឡុង​ព្រឹត្តិការណ៍​មួ​យ​កាល​ពី​សប្ដាហ៍​មុន​ ដើម្បី​​អប​អរ​សាទរ​កង​កម្លាំង​សន្ដិសុខ​ចំពោះ​ការ​​ខំ​ប្រឹង​ប្រែង​​បំពេញ​​ការ​ងារ​​​ក្នុង​ពេល​​បោះឆ្នោ​ត​ និង​បាតុកម្ម​​ក្រោយ​ៗ​ទៀត​ដោយ​​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ លោក​ ស ខេង​ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​យល់​ព្រម​​ប្រគល់​​តំណែង​ប្រធាន​គណៈកម្មាធិការ​​ចំនួន​បួន និង​តំណែង​​អនុប្រធាន​រដ្ឋ​សភា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​សំណើ​មួយ​​ដែល​គណបក្ស​​ប្រឆាំង​បាន​ច្រាន​ចោល​ម្ដង​ហើយ​ម្ដង​ទៀត​​។​

គណបក្សសង្គ្រោះជាតិ​ត្រូវ​ការ​​​តំណែង​ប្រធាន​គណៈកម្មការ​ចំនួន​ប្រាំមួយ​ ដើម្បី​ឲ្យ​មាន​តុល្យភាព​​អំណាច​ជាមួយ​នឹង​​គណបក្ស​​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​​ជា​អ្នក​កំណត់​របៀប​វារៈសភា និង​ដែល​មាន​សមាសភាព​​​​ប្រធាន​​រដ្ឋសភា អនុប្រធាន​ពីរ​រូប​ និង​សមា​ជិក​គណៈកម្មាធិការ​ប្រាំបួន​រូប​។​

លោក​ កឹម សុខា បាន​មានប្រសាសន៍​ថា “ខ្ញុំ​មិន​ដែល​​ទទួល​បាន​ភ័ស្ដុតាង​​បញ្ជាក់​ [ពី​ការ​អះអាង​របស់​​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ ] ទេ ហើយ​​យើង​ក៏​មិន​ដែល​​បាន​ជួប​ចរចា​​គ្នា​​ជា​ផ្លូវ​ការ​ [ជាមួយ​​គណបក្ស​ប្រជា​ជន​កម្ពុជា​អំពី​​មុខ​តំណែង​​គណៈកម្មាធិការ​អចិន្ត្រៃយ៍]  ដែរ”។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ទៀត​​ថា លោក​ ស ខេង​ និង​ឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ គ្រាន់​តែ​ប៉ុនប៉ង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​​មើល​ទៅ​ហាក់​ដូច​ជា​បែក​បាក់​​សាមគ្គី​ផ្ទៃ​ក្នុង​ប៉ុណ្ណោះ​។ “ក្នុង​ពេល​កន្លង​មក​​ពួក​គេ​ [គណបក្ស​ប្រជាជន​​កម្ពុជា] មាន​សមត្ថភាព​ប្រើប្រាស់​គោល​​នយោបាយ​ [ប្រឆាំង​គ្នា​] របស់​យើង​ ដើម្បី​បំបែក​បំបាក់​​ពួក​​យើង​ ប៉ុន្តែ​ពួក​គេ​​បានបរាជ័យ ហើយ​ពេល​នេះ​ ពួក​​គេ​មិន​អាច​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡើយ​”។

បច្ចុប្បន្ន​លោក​ សម រង្ស៊ី កំពុង​នៅ​បរទេស​​ព្យាយាម​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិ​ឲ្យ​ដក​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា គណបក្ស​​សង្គ្រោះ​ជាតិ​គ្រាន់​តែ​ចង់​បាន​ “តុល្យភាព​អំណាច​” នៅ​ក្នុង​រដ្ឋ​សភា​ប៉ុណ្ណោះ​។

លោក​បាន​មានប្រសាសន៍​ថា “យើង​មិន​ចង់​ចរចា​រឿង​​មុខ​តំណែង​​ [គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​] ទេ ប៉ុន្តែ​យើង​ចង់​ចរចា​អំពី​តុល្យ​ភាព​អំណាច​ ដើម្បី​ធ្វើ​កំណែទម្រង់​​ស៊ី​ជម្រៅ​លើ​ស្ថាប័ន​ជាតិ​មួយ​ចំនួន​”។ លោក​បាន​លើក​​ឡើង​ទៀត​ថា អំឡុង​ថ្ងៃ​ទី​២​នៃ​ការ​ចរចា​រវាង​​គណបក្ស​សង្គ្រោះ​ជាតិ​ និង​​គណ​បក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា គណបក្ស​កាន់​អំណាច​មិន​ព្រម​ឲ្យ​គណ​បក្ស​ប្រឆាំង​មាន​អាសនៈ​នៅ​ក្នុង​គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​ឡើយ គឺ​ផ្ទុយ​ពី​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ ស ខេង​ កាល​ពី​សប្ដាហ៍​មុន​៕

ប្រែសម្រួលដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស