សម្រាប់អាណត្តិទី៥ ក្នុងរយៈពេល២០ឆ្នាំមកនេះ លោក ជា ស៊ីម បានថ្លែងទៅកាន់មហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមីនា ក្នុងនាមជាប្រធានគណបក្ស ជាតំណែងដែលលោកបានកាន់តាំងពីគណបក្សនេះបានប្តូរឈ្មោះទៅជាគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ១៩៩១មក។
នៅក្នុងសុន្ទរកថារបស់លោក លោក ជា ស៊ីម អាយុ៨០ឆ្នាំ បានអះអាងប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន២.០០០នាក់នៅមហាសន្និបាតនោះថា គណបក្សកាន់អំណាចរបស់ខ្លួននឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីម្តងទៀតនៅខែកក្កដា ហើយនឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០១៨។
លោក ជា ស៊ីម បានប្រាប់មហាសន្និបាតនោះថា “ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានបន្តពង្រីក និងពង្រឹងស្នាដៃរបស់ខ្លួននៅក្នុងនយោបាយ នៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ និងនៅក្នុងការគ្រប់គ្រងប្រទេស។ ប៉ុន្តែស្ថានភាពប្រែប្រួលវិញដោយសារថា ការជឿជាក់របស់លោក ជា ស៊ីម ទៅលើប្រជាប្រិយភាពរបស់គណបក្សលោកបានបាត់បង់។ គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតជាផ្លូវការមែន ប៉ុន្តែ គណបក្សនេះបាត់បង់អាសនៈរដ្ឋសភាចំនួន២២ទៅលើគណបក្សសង្គ្រោះជាតិដែលទើបបង្កើតឡើង។
ថ្វីបើមានការទាមទារឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោតកាលពីខែកក្កដា នេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានៅតែបង្កើតរដ្ឋាភិបាលដែលត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិករដ្ឋសភាជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាតែ៦៨រូបប៉ុណ្ណោះ។ សមាជិកសភាជាប់ឆ្នោត៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានធ្វើពហិការសម័យប្រជុំសភាលើកដំបូង និងកំពុងប្រមូលការគាំទ្រទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស ចំពោះទស្សនរបស់ខ្លួនដែលថា រដ្ឋាភិបាលថ្មីនេះមិនស្របតាមរដ្ឋធម្មនុញ្ញ។
ថ្វីបើលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាមានវ័យចំណាស់ និងមានជំងឺជាញឹកញាប់ក៏ដោយ ក៏គ្មាននរណាម្នាក់អាចបន្ទោសលោកចំពោះលទ្ធផលមិនល្អនៃការបោះឆ្នោតនេះដែរចាប់តាំងពីឆ្នាំ១៩៩៨ មក។ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាស្ថិតនៅក្នុងកណ្តាប់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងស្រុង ហើយអំណាចនយោបាយ និងអំណាចផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន គឺជាអ្នកកំណត់រចនាសម្ព័ន្ធនៃគណបក្សនេះ ដោយមិនគិតពីអ្នកដែលមានតួនាទីខ្ពស់ជាងនោះទេ។
រួមជាមួយនឹងប៉ាណូឃោសនាដែលមានរូបមេដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងបីរូបគឺ លោក ហ៊ុន សែន លោក ជា ស៊ីម និងលោក ហេង សំរិន ប្រធានរដ្ឋសភានោះ មានប៉ាណូថ្មីៗរាប់ពាន់ដែលបង្ហាញពីរូបលោក ហ៊ុន សែន ម្នាក់ឯងត្រូវបានដាក់នៅទូទាំងប្រទេសអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
ពាក្យស្លោករបស់គណបក្សកាន់អំណាចមុនការបោះឆ្នោត ក៏ផ្តោតលើនាយករដ្ឋមន្ត្រីដែរ នោះគឺពាក្យស្លោកដែលគេស្រែកថា “ប្រសិនបើបងប្អូនស្រឡាញ់ ហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា”។ ឥឡូវនេះ ថ្វីបើនាយករដ្ឋមន្ត្រីធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលមិនល្អក្នុងការបោះឆ្នោតនេះក៏ដោយ ក៏តួនាទីរបស់លោក ហ៊ុន សែន នៅក្នុងគណបក្សកាន់អំណាចគ្រោងនឹងដំឡើងផងដែរ នៅពេលដែលប្រធានថ្មីរបស់គណបក្សប្រជាជនកម្ពុជាមានបញ្ហា។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា “សម្តេច ហ៊ុន សែន គឺជាអនាគតប្រធានគណបក្សប្រជាជនកម្ពុជា ប្រសិនបើសម្តេច ជា ស៊ីម លាលែងពីតំណែង ឬឈប់ពីតំណែងរបស់សម្តេចដោយសារហេតុផលណាមួយ”។
ខណៈដែល លោក ជា ស៊ីម នៅតែរឹងមាំអាចដឹកនាំគណបក្សបាន ទោះលោកមានជំងឺម្តងម្កាលក៏ដោយ ក៏លោក ជាម យៀប បានមានប្រសាសន៍ថា លោក ហ៊ុន សែន ក៏ត្រៀមខ្លួនរួចហើយដែរ ដើម្បីធ្វើជាប្រធានគណបក្ស និងបានទទួលការគាំទ្រពីគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលមានសមាជិក៣៤រូបរបស់គណបក្សប្រជាជនកម្ពុជា ហើយនៅ ក្នុងនោះ លោក ជាម យៀប ក៏ជាសមាជិកម្នាក់ដែរ។
លោក ជាម យៀប បានមានប្រសាសន៍ថា “សម្តេច ហ៊ុន សែន ជាអនុប្រធានគណបក្សស្រាប់ ហើយគ្មានអ្នកផ្សេងនៅក្នុងគណបក្សអាចប្រៀបធៀបជាមួយសមត្ថភាព និងបទពិសោធរបស់សម្តេចនៅក្នុងការដឹកនាំគណបក្សនេះបានទេ”។
លោក ងួន ញ៉ិល សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១រដ្ឋសភាបានមានប្រសាសន៍ថា ដរាបណាលោក ជា ស៊ីម នៅតែជាប្រធានគណបក្សនោះ មិនត្រូវមានសេចក្តីសម្រេចជាផ្លូវការ ដើម្បីតែងតាំងអ្នកស្នងលោកទេ។ លោកបានមានប្រសាសន៍ថា “សម្តេច ជា ស៊ីម នៅមានព្រះជន្មនៅឡើយ ដូច្នេះវាមិនត្រឹមត្រូវទេក្នុងការបង្ហាញពីអ្នកដែលត្រូវឡើងធ្វើជាប្រធានថ្មីរបស់គណបក្សនេះ។ ប៉ុន្តែ គណបក្សបានត្រៀមអ្នកឡើងធ្វើជាប្រធានថ្មីរួចហើយ”។
លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា ព្រមទាំងលោក ផៃ ស៊ីផាន រដ្ឋលេខាធិការមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនដឹងពីផែនការនៅពេលអនាគត សម្រាប់តំណែងប្រធានគណបក្សប្រជាជនកម្ពុជាទេ ហើយលោក យឹម លាង អនុប្រធានខុទ្ទកាល័យរបស់លោក ជា ស៊ីម បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក ឈាង វុន បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងអំពីរឿងនេះទេ ពីព្រោះវាជាកិច្ចការផ្ទៃក្នុងរបស់គណបក្ស។ ប្រសិនបើលោកជាម យៀប បាននិយាយដូច្នេះ គាត់ប្រហែលជាដឹងហើយ”។
លោក ប៊ូ ថង សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ស្រដៀងគ្នានេះថា អ្នកស្នងលោក ជា ស៊ីម គឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្ស។ លោកបានមានប្រសាសន៍មុនពេលបិទការហៅទូរស័ព្ទពីអ្នកយកព័ត៌មានថា “ ហេតុអ្វីបានជាអ្នកចង់ដឹង?”។
ខណៈដែលលោក ហ៊ុន សែន ប្រហែលជាដឹងថា មានសម្ពាធបន្ទាប់ពីការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែកក្កដានោះ បទពិសោធដឹកនាំរបស់លោកនៅតែខ្លាំង។ ចាប់តាំងពីលោកបានធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ លោកគឺជាអ្នកត្រួតពិនិត្យលើការបង្កើតយន្តការនយោបាយ ដែលគ្រប់គ្រងគ្រប់ស្ថាប័នរដ្ឋទាំងអស់ និងរក្សាបាននូវភាពស្មោះត្រង់របស់មេឃំុ និងចៅសង្កាត់ជាង៩៥ភាគរយ ក្នុងចំណោមមេឃុំនិងចៅសង្កាត់ចំនួន១.៦៣៣នៅទូទាំងប្រទេស។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា “បើនិយាយពីប្រសិទ្ធភាព និងស្នាដៃសម្រាប់គណបក្ស ហ៊ុន សែន ល្អជាង ជា ស៊ីម”។ លោកបានមានប្រសាសន៍ថា “ហើយរហូតមកទល់ពេលនេះ ខ្ញុំមិនឃើញមានអ្នកជំនួសគួរឲ្យទុកចិត្តទេ”។ លោកបានបន្ថែមថា នាយករដ្ឋមន្ត្រីក៏បានទទួលជោគជ័យចំពោះការឆ្លើយតបនឹងតម្រូវការរបស់បណ្តាញអ្នកគាំទ្រជាច្រើនផងដែរ ព្រោះលោកបានពង្រឹងអំណាចរបស់លោក។ លោកបានមានប្រសាសន៍ថា “រហូតមកទល់ពេលនេះគណបក្សប្រជាជនកម្ពុជាអាចទទួលយកអ្នកគាំទ្ររបស់ខ្លួនទាំងអស់នៅពេលកាន់អំណាច។ គណបក្សនេះអាចបង្កើតតំណែងសម្រាប់ពួកគេ ហើយពួកគេត្រូវបានធ្វើឲ្យសប្បាយចិត្ត ប្រសិនបើពួកគេមិនសប្បាយចិត្ត”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា “និន្នាការនៅក្នុងគណបក្សប្រជាជនកម្ពុជាគឺ ថានាយករដ្ឋមន្ត្រីមានឥទ្ធិពលខ្លាំងណាស់”។ លោកបានបន្ថែមថា សមាជិកភាគច្រើននៃគណៈកម្មាធិការអចិន្ត្រៃុយ៍នេះបានទទួលតួនាទីរបស់ខ្លួនតាមរយៈការបង្ហាញភាពស្មោះត្រង់ចំពោះ លោក ហ៊ុន សែន។
លោក ព្រាប កុល បានបន្ថែមទៀតថា “ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីពិតជាបានធ្លាក់ចុះមែន ប៉ុន្តែ លោកនៅតែមានអំណាចរឹងមាំនៅក្នុងគណបក្សនេះ ដោយសារលោកមានទំនាក់ទំនងជាមួយយោធា និងកងកម្លាំងនគរបាល។ លោកមានទំនាក់ទំនងគ្រួសារមួយចំនួនតាមរយៈអាពាហ៍ពិពាហ៍ និងតាមរយៈការបង្កើតមិត្តភាពទាំងអស់នោះ ដូច្នេះអំណាចរបស់លោកនៅតែរឹងមាំ”។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា ឯកភាពរបស់គណបក្សប្រជាជនកម្ពុជានៅពីក្រោយលោក ហ៊ុន សែន អាចធ្វើឲ្យគណបក្សនេះខ្លាំងក្នុងរយៈពេលខ្លី ប៉ុន្តែ ការប្រមូលផ្តុំអំណាចនៅលើមនុស្សម្នាក់ធ្វើឲ្យប្រទេសជាតិជួបហានិភ័យ។ ហើយទោះបីជាលោក ហ៊ុន សែន អាចរក្សាភាពស្មោះត្រង់របស់អ្នកមានអំណាចនៅក្នុងគណបក្សនេះក៏ដោយ ក៏ការបោះឆ្នោតនៅឆ្នាំនេះបង្ហាញថា សមាជិកថ្នាក់ក្រោមជាច្រើនរបស់គណបក្សនេះមិនបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទេ។
នៅឯមហាសន្និបាតគណបក្សប្រជាជនកម្ពុជាកាលពីខែមីនានេះ លោក អ៊ុក រ៉ាប៊ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអួតថា គណបក្សប្រជាជនកម្ពុជាមានសមាជិកកាន់កាតគណបក្សចំនួន៥,៩លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតប្រហែល៩លាននាក់។ ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតប្រហែល៣,២លានប៉ុណ្ណោះ កាលពីខែកក្កដា មានន័យថា សមាជិកគណបក្សកាន់អំណាចប្រហែលជាបោះឆ្នោតឲ្យគណបក្សប្រឆាំង។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំគិតថា ការបោះឆ្នោតឆ្នាំ២០១៣នេះ បង្ហាញថា សមាជិកជាច្រើនរបស់គណបក្សប្រជាជនកម្ពុជាមិនសប្បាយចិត្តទេ។ ប្រសិនបើពួកគេមិនតែងតាំងថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី ប្រជាប្រិយភាពរបស់គណបក្សនេះនឹងធ្លាក់ចុះ ហើយពួកគេនឹងប្រឈមបញ្ហាជាច្រើន”។
លោកបានមានប្រសាសន៍ថា “ពួកគេគួរតែរៀនរបៀបធ្វើឲ្យគណបក្សនៅរឹងមាំ និងបង្កើតរចនាសម្ព័ន្ធប្រជាធិបតេយ្យថ្មី ដូចជាការបែងចែកអំណាច ផ្លាស់ប្តូរមេដឹកនាំ។សូម្បីតែគណបក្សកុម្មុយនីស្តនៅចិន និងវៀតណាមក៏ប្តូរមេដឹកនាំដែរ”។ លោក គល់ បញ្ញា បានមានប្រសាសន៍ថា “ ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជាគួរតែព្យាយាមកែប្រែគណបក្សរបស់ខ្លួនឲ្យទំនើប”។ ប៉ុន្តែលោកបានបន្ថែមថា មិនយូរប៉ុន្មានក្រោយពីការបោះឆ្នោត រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបានបន្តឥរិយាបថចាស់ដដែល។
លោក ខាលីល ថេយ័រ អ្នកជំនាញផ្នែកអាស៊ីអាគ្នេយ៍នៅបណ្ឌិត្យយសភាកងទ័ពការពារជាតិអូស្ត្រាលីបានមានប្រសាសន៍ថា ទោះបីជាគណបក្សប្រជាជនកម្ពុជាប្រហែលជាបានសម្រេចថា លោក ហ៊ុន សែន នៅតែជាមនុស្សល្អបំផុតរបស់ពួកគេ ដើម្បីរក្សាអំណាចក៏ដោយ ក៏លោក ហ៊ុន សែន ត្រូវប្តូររបៀបដឹកនាំរបស់លោកដែរ ដើម្បីរក្សាការគាំទ្រក្នុងគណបក្សនេះ។
លោកបានមានប្រសាសន៍ថា “សមាជិកគណបក្សនឹងពិចារណាអំពីការការពារអំណាចរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយ លោក សម រង្ស៊ី និងគណបក្សប្រឆាំង។ ប៉ុន្តែ នៅពេលជាមួយគ្នានោះដែរ សមាជិកគណបក្សត្រូវពិនិត្យមើលលោក ហ៊ុន សែន ឲ្យបានដិតដល់”។ លោកបានបន្ថែមថា “ ប្រសិនបើ ហ៊ុន សែន កាន់តួនាទីថ្មីជាប្រធានគណបក្ស [នៅពេលលោកក្លាយជាប្រធាន] មិនទទួលស្គាល់ការរិះគន់ក្នុងន័យស្ថាបនានៅក្នុងគណបក្សប្រជាជនកម្ពុជា និងមានកង្វល់កាន់តែច្រើនអំពីអនាគតនយោបាយរបស់គណបក្សប្រជាជនកម្ពុជានោះ យើងអាចមើលឃើញភាពរង្គោះរង្គើរផ្ទៃក្នុង។ ប៉ុន្តែ សម្រាប់ពេលនេះ ហ៊ុន សែន ហាក់ដូចជាមានគោលជំហររឹងមាំក្នុងរយៈពេលខ្លី”៕
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)
ប្រែសម្រួលដោយ មូល គឹមហឿន