ខួបមួយឆ្នាំនៃការយាងចូលទិវង្គតរបស់សម្ដេចឪ នរោត្តម សីហនុ ត្រូវបានប្រារព្ធឡើងកាលពីម្សិលមិញ ដោយមានការការពារសន្ដិសុខយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងរាជធានីភ្នំពេញ ខណៈដែលព្រះបរមរូបថ្មីមួយតំណាងឲ្យសម្ដេចឪនៅលើសួនច្បារជិតវិមានឯករាជ្យ ត្រូវបានបិទមិនឲ្យសាធារណជនចូលទៅជិតអស់រយៈពេលជាច្រើនម៉ោងកាលពីម្សិលមិញ។

(ស៊ីវ ចាន់ណា)
ដោយមានការការពារសន្តិសុខពីមន្ត្រីកងរាជអាវុធហត្ថនិងអង្គរក្សរាប់រយនាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា ជាច្រើនរូប បានគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪនៅឯវិមានបុស្បុកព្រះបរមរូបនៅពេលព្រឹក ខណៈដែលព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែ នរោត្តម មុនីនាថ និងរាជវង្សានុវង្សផ្សេងៗទៀតប្រារព្ធព្រះរាជពិធីតូចតាចដាច់ដោយឡែកមួយនៅព្រះបរមរាជវាំង។
សមាជិកគណបក្សសង្គ្រោះជាតិក៏មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះដែរ ហើយប្រជាពលរដ្ឋសាមញ្ញទូទៅត្រូវបាននគរបាលឃាត់មិនឲ្យចូលទៅទីនោះឡើយក្នុងចម្ងាយផ្លូវពីរបីប្លុកពីព្រះបរមរូបរហូតដល់ពេលរសៀល។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលធ្លាប់បានបម្រើការងារនៅក្នុងខុទ្ទកាល័យរបស់សម្ដេចឪ មុនពេលក្លាយជាសមាជិកនៃគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ បានមានបន្ទូលថា កាលពីថ្ងៃសៅរ៍ សម្ដេចម៉ែបានអញ្ជើញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំមួយរូបឲ្យចូលរួមក្នុងព្រះរាជពិធីនៅក្នុងព្រះបរមរាជវាំង ប៉ុន្តែបានមានបន្ទូលថា ក្រសួងព្រះបរមរាជវាំងមិនបានអញ្ជើញគណៈប្រតិភូបក្សប្រឆាំងជាផ្លូវការទេ ដោយគ្រាន់តែផ្ញើកម្មវិធីបុណ្យទៅការិយាល័យគណបក្សសង្គ្រោះជាតិប៉ុណ្ណោះកាលពីរសៀលថ្ងៃច័ន្ទ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានចូលរួមក្នុងព្រះរាជពិធីនៅព្រះបរមរាជវាំងក្នុងឋានៈជាសមាជិករាជវង្សានុវង្ស បានមានបន្ទូលថា “សម្ដេចម៉ែពិតជាមានព្រះទ័យក្រៀមក្រំយ៉ាងខ្លាំងនៅព្រឹកនេះដែលទ្រង់មិនបានឃើញគណៈប្រតិភូ [គណបក្សសង្គ្រោះជាតិ…]។ សម្ដេចម៉ែបានចំណាយពេលត្រៀមរៀបចំអ្វីៗគ្រប់យ៉ាង។ ទ្រង់បានបន្ទោសខ្ញុំជាសាធារណៈ នៅចំពោះមុខអ្នកគ្រប់គ្នានៅពេលចប់ព្រះរាជពិធី។ ខ្ញុំបានព្យាយាមពន្យល់ទ្រង់កាលពីយប់មិញថា ឯកឧត្តម កឹម សុខា [អនុប្រធានគណបក្សសង្គ្រោះជាតិ] កំពុងរង់ចាំសេចក្ដីសម្រេចផ្លូវការពី [ក្រសួងព្រះបរមរាជវាំង] នៅឡើយ”។ ក្រសួងព្រះបរមរាជវាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
ទោះជាយ៉ាងណា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រួយបារម្ភខ្លាំងចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលរារាំងសាធារណជនមិនឲ្យចូលទៅគោរព្ធព្រះបរមរូបសម្ដេចឪសង់ពីស្ពាន់តម្លៃ១,២លានដុល្លារ កាលពីព្រឹកម្សិលមិញ ដែលព្រះអង្គបានមានបន្ទូលថា គួរឲ្យសោកស្ដាយ។ សម្ដេចឪ នរោត្តម សីហនុ បានយាងចូលទិវង្គតក្នុងជន្មាយុ៩០ព្រះវស្សា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំមុន ធ្វើឲ្យប្រជារាស្ត្រកើតទុក្ខក្រៀមក្រំទូទាំងប្រទេស។
ព្រះអង្គម្ចាស់បានមានបន្ទូលទៀតថា “និមិត្តរូបនៅសេសសល់តែមួយគត់នៃការឯកភាពជាតិគឺសម្ដេចឪ ដូច្នេះការធ្វើពិធី ដើម្បីរំព្ញកចងចាំព្រះអង្គគួរតែជាពិធីបុណ្យជាតិដែលប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមបាន មិនថាពួកគេមកពីគណបក្សនយោបាយណា មកពីអង្គការសង្គមស៊ីវិលណា មកពីកន្លែងណាឡើយ”។
មានការការពារសន្ដិសុខកាន់តែច្រើនឡើងនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញចាប់តាំងពីការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដាមក ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះជាផ្លូវការ និងដែលគណបក្សប្រឆាំងនិយាយថា មានការលួចបន្លំជាទូទៅ។ គណបក្សសង្គ្រោះជាតិបានធ្វើការជួបជុំ និងមហាបាតុកម្មប៉ុន្មានលើករួចមកហើយ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត ហើយបានបដិសេធមិនទទួលយកអាសនៈសភារបស់ខ្លួនឡើយ។
ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលថា ការយាមកាមសន្ដិសុខ ដែលមានកម្លាំងនគរបាលប្រដាប់ដោយកំាភ្លើងវែង AK47 នៅតាមមាត់ទន្លេមុខព្រះបរមរាជវាំង និងការបិទផ្លូវមិនឲ្យមានអ្នកចេញចូលចំណុចទីតាំងព្រះបរមរូប គឺជាសញ្ញាបង្ហាញពីការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច។
ព្រះអង្គបានមានបន្ទូលទៀតថា “វាជាគំរូបង្ហាញថា គណបក្សប្រជាជនកម្ពុជា ភ័យខ្លាចប៉ុណ្ណានៅពេលនេះ…។ ពួកគេភ័យខ្លាចប្រជាពលរដ្ឋកម្ពុជា”។
ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា នរគបាលប្រដាប់អាវុធបានឈរជើងនៅតាមចំណុចផ្លូវកាច់ជ្រុង នគរបាលចរាចរដែលយាមកាមចំណុចផ្លូវបិទជិតវិមានឯករាជ្យ ហើយអង្គរក្សដើរល្បាតជុំវិញបរិវេណព្រះបរមរូប គឺជារឿងចំាបាច់ ដោយសារតែមានឥស្សរជនសំខាន់ៗជាច្រើនរូបចូលរួម។
លោកបានមានប្រសាសន៍បកស្រាយពាក់ព័ន្ធនឹងវត្តមានកងកម្លាំងសន្ដិសុខយ៉ាងច្រើននេះថា “ដោយសារតែមេដឹកនាំទាំងអស់ជួបជុំគ្នា និងចូលរួមក្នុងពិធី [នៅព្រះបរមរូប] យើងត្រូវតែយកចិត្តទុកដាក់”។ លោកបានមានប្រសាសន៍ទៀតថា អ្នកណា ដែលមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះ រួមទាំងគណបក្សសង្គ្រោះជាតិផង ត្រូវបានរារាំងមិនឲ្យមកជិតព្រះបរមរូបឡើយ។ លោកមានប្រសាសន៍ទៀតថា “ប្រសិនបើពួកគេទទួលបានការអញ្ជើញ យើងនឹងអនុញ្ញាត ប៉ុន្តែបើពួកគេមិនទទួលបានការអញ្ជើញទេ យើងមិនអនុញ្ញាតឡើយ”។
លោក ជាម យៀប អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា “នគរបាលជាតិ និងកងរាជអាវុធហត្ថបានបិទផ្លូវមួយចំនួនដោយសារតែពួកគេចាំបាច់ត្រូវឆែកឆេរអាវុធជាតិផ្ទុះ ដើម្បីធានាសុវត្ថិភាព និងការពារសន្ដិសុខរបស់មន្ត្រីរដ្ឋាភិបាល”។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បដិសេធមិនធ្វើអត្ថាធិប្បាយអំពីភាពចាំបាច់នៃការការពារសន្ដិសុខបែបនេះឡើយ។ គណបក្សសង្គ្រោះជាតិបានលើកឡើងថា ខ្លួនបានផ្ញើលិខិតមួយច្បាប់ទៅគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិកាលពីថ្ងៃសុក្រ ដើម្បីស្នើសុំធ្វើពិធីរបស់ខ្លួននៅព្រះបរមរូបសម្ដេចឪកាលពីថ្ងៃច័ន្ទ។
យោងតាមគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា គណៈកម្មាធិការនេះបានប្រាប់ឲ្យខ្លួនរង់ចាំរហូតដល់ក្រោយពិធីខួបផ្លូវការកាលពីម្សិលមិញ។ នគរបាលក៏ត្រូវបានដាក់ឲ្យឈរជើងយាមកាមនៅជុំវិញសួនច្បារផងដែរកាលពីថ្ងៃច័ន្ទនៅពេលគណបក្សសង្គ្រោះ ជាតិមុននេះគ្រោងធ្វើដំណើរទៅកាន់ព្រះបរមរូបសម្តេចឪ។
លោក ឈិន កេតានា អគ្គលេខាធិការនៃ គណៈកម្មាធិការរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងពិធីកាលពីម្សិលមិញ និងដែលតំណាងមកពីក្រសួង និងសាប័ននានារបស់រដ្ឋាភិបាលបានផ្លាស់វេនគ្នាចូលគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចឪនៅឯព្រះបរមរូបអមដោយកងកិត្តិយស បានលើកឡើងថា ការសម្រេចចិត្តរបស់គណបក្សសង្គោះជាតិមិនចូលក្នុងពិធីនេះ គឺជាការមិនគោរពដល់សម្តេចឪ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល បានមានប្រសាសន៍ថា “ពួកគេមិនអាចអះអាងថា ខ្លួនមិនត្រូវបានអញ្ជើញឡើយ។ ព្រះមហាក្សត្រគឺជាមហាក្សត្ររបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូច្នេះយ៉ាងហោចណាស់ក៏យើងត្រូវគោរពព្រះអង្គជាលើកចុងក្រោយដែរ ហើយអ្នកដែលមិនមក ពិតជាបង្ហាញថា ពួកគេមិនមែនជាប្រជាពលរដ្ឋកម្ពុជាឡើយ”។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា “ប្រហែលជាគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិគិតថា ពួកគេមានអំណាចត្រឹមតែអញ្ជើញក្រសួង និងស្ថាប័នរដ្ឋហើយមើលទៅ ប៉ុន្តែសម្រាប់គណបក្សនយោបាយវិញ វាអាស្រ័យលើពួកគេទេ ពីព្រោះអស់លោកអាចមើលឃើញស្រាប់ហើយថា គណបក្សប្រជាជនកម្ពុជា ពួកគេនៅទីនេះទាំងអស់”។
លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការសម្រេចចិត្តរបស់គណបក្សមិនចូលរួមក្នុងពិធីដែលរដ្ឋាភិបាលរៀបចំឡើង អមជាមួយគណបក្សប្រជាជនកម្ពុជា មួយផ្នែកដើម្បីជំទាស់តវ៉ានឹងភាពផ្ដាច់មុខនៃព្រឹត្តិការណ៍នេះ។ កាលពីថ្ងៃច័ន្ទ គណបក្សសង្គ្រោះជាតិបានធ្វើពិធីតាមប្រពៃណីព្រះពុទ្ធសាសនាជាលក្ខណៈឯកជនមួយ ដើម្បីរំឭកព្រះវិញ្ញាណក្ខន្ធសម្ដេចឪនៅទីស្នាក់ការខណ្ឌទួលគោករបស់គណបក្សសង្គ្រោះជាតិ។
លោកស្រី មូរ សុខហួរ បានចោទសួរថា “[ហេតុអ្វី] យើងត្រូវចូលរួម [ជាមួយគណបក្សប្រជាជន]?ចូលរួមជាមួយដើម្បីអ្វី? ប្រសិនបើ [ពិធីនេះ] មានសុទ្ធតែនគរបាល? តើប្រជាពលរដ្ឋទូទៅអាចចូលរួមពិធីនេះបានទេ?” ប៉ុន្តែប្រជាពលរដ្ឋដែលបាននាំគ្នាទៅកាន់ព្រះបរមរូបនៅពេលផ្លូវបិទត្រូវបានបើកឡើងវិញកាលពីម្សិលមិញមិនសូវព្រួយបារម្ភរឿងរង់ចាំទេ អ្វីដែលសំខាន់គឺបានចូលទៅគោរពព្រះបរមរូបសម្ដេចឪដែលពួកគាត់ចាត់ទុក “ជាម្លប់ដ៏ត្រជាក់” របស់ប្រទេសជាតិ។
អ្នកស្រី លី ម៉ារី អាយុ៥៤ឆ្នាំដែលធ្វើដំណើរពីខេត្តកំពង់ឆ្នាំងមកកាន់រាជធានីភ្នំពេញដើម្បីមើលព្រះបរមរូបនិយាយថា “ខ្ញុំស្រឡាញ់ព្រះអង្គខ្លាំងណាស់ពីព្រោះព្រះអង្គជាវីរក្សត្ររបស់ប្រទេសកម្ពុជា។ ខ្ញុំសុខចិត្តកាត់បន្ថយអាយុរបស់ខ្ញុំពាក់កណ្ដាលឲ្យតែសម្ដេចឪរស់់ឡើងវិញ”។
អ្នកស្រី ឈា ស៊ុយលាភ អាយុ៦២ឆ្នាំបាននិយាយថា សម្ដេចឪ នរោត្តម សីហនុ មិនដូចមេដឹកនាំកម្ពុជា ដែលមានជីវិតរស់រាននាពេលបច្ចុប្បន្នឡើយ។ អ្នកស្រីនិយាយទៀតថា “ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់រូបនឹងបន្តស្រឡាញ់ និងគោរពសម្ដេចឪឲ្យដូចព្រះអង្គនៅមានជីវិត ពីព្រោះគ្មាននរណាម្នាក់ដូចព្រះអង្គឡើយ”៕
ប្រែសម្រួលដោយ តែម សុខុម